យុវជន​ជា​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រឈម​បញ្ហា​ច្រើន​ក្នុង​ជីវិត​ការងារ

ដោយ យ៉ង ចាន់តារា
2015-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវតី​សួរ​សំណួរ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ស្ដីពី​ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នា​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (ZAMAN) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥។
យុវតី​សួរ​សំណួរ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ស្ដីពី​ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នា​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (ZAMAN) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yang Chandara

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មិន​ទាន់​មាន​លក្ខណៈ​ល្អ​នៅ​ឡើយ។ យុវជន​ជា​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ការ​រំលោភ​បំពាន​រាង​កាយ និង​ផ្លូវ​ភេទ ការ​រើសអើង​ពី​សំណាក់​និយោជក និង​មិន​មាន​កិច្ចសន្យា​ការងារ។ បញ្ហា​ទាំង​នេះ ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ជា​សាធារណៈ​ដល់​អ្នក​ចូលរួម​ចំនួន ២៧០​អង្គ និង​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (ZAMAN) ក្នុង​ក្រុង​ភ្នំពេញ។

ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ធ្វើ​ឡើង​ជាមួយ​យុវជន​ដែល​កំពុង​ធ្វើ​ការ​ជា​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​ជាង ៤០០​នាក់។ ការ​សិក្សា​ធ្វើ​ឡើង​ជាមួយ​យុវជន​ជា​កម្មករ​ចេញ​ពី​សេវាកម្ម ១០​ប្រភេទ​ផ្សេងៗ​គ្នា ដូចជា អ្នក​រត់​តាក់ស៊ី កម្មករ​សំណង់ អ្នក​ចាក់​សាំង សន្តិសុខ​ក្រុមហ៊ុន អ្នក​បម្រើ​តាម​ហាង អ្នក​លក់​កាហ្វេ​ចល័ត និង​អ្នក​បម្រើ​សេវា​កម្សាន្ត​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា ស្ថានភាព​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ភាព​លំបាក​ជាង​កម្មករ​កាត់​ដេរ និង​បុគ្គលិក​ក្រុមហ៊ុន ព្រោះ​មិន​មាន​កិច្ចសន្យា​ការងារ មិន​មាន​សហជីព​ការពារ​សិទ្ធិ និង​ប្រាក់​ខែ​ទាប​ជាង​កម្មករ​កាត់​ដេរ។ បន្ថែម​ពី​លើ​នេះ ការ​រំលោភ​សិទ្ធិ​ប្រមូល​ផ្តុំ សិទ្ធិ​បញ្ចេញ​មតិ សេរីភាព​សហជីព និង​នយោបាយ​ចំពោះ​កម្មករ​ពិត​ជា​កើត​មាន។ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខ្លះ ពិសេស​កម្មករ​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត ទទួល​រង​នូវ​ការ​រំលោភ​បំពាន​លើ​រាង​កាយ និង​ផ្លូវ​ភេទ​ពី​ម្ចាស់​ហាង និង​ភ្ញៀវ។ ការ​សិក្សា​បាន​បង្ហាញ​ដែរ​ថា យុវជន​ជា​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ចំណេះ​ដឹង​ទាប​បំផុត​អំពី​ច្បាប់​ការងារ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន ហើយ​ច្បាប់​ការងារ​ទៀត​សោត ក៏​មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ចំពោះ​សេវាកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។

ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា អ្នកស្រី សួស រដ្ឋាវី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ការងារ​នៅ​កម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព។

ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម​នេះ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (C-CAWDU) ស្នើ​ឲ្យ​យុវជន​ដែល​ជា​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​ការងារ ឬ​ពី​សហជីព ដើម្បី​មាន​ដំណោះស្រាយ​សមរម្យ៖ «ឲ្យ​តែ​កម្មករ និយោជិត ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ទោះ​បី​ជា​ក្រុមហ៊ុន​ណា​ក៏ដោយ ឲ្យ​តែ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​ខ្មែរ លើក​លែង​តែ​អ្នក​បម្រើ​តាម​យន្តហោះ និង​កប៉ាល់​ទេ ដែល​ច្បាប់​ការងារ​មិន​គ្រប​ដណ្ដប់។ ទោះ​បី​ម្នាក់​ក៏ដោយ បាន​ន័យ​ថា គឺ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ដោយ​ច្បាប់។ អ៊ីចឹង​គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​ក្រសួង​ការងារ ឬ​សហជីព ដើម្បី​ការពារ​ខ្លួន​គាត់​បាន»

ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ភាព​ល្អ​ប្រសើរ លោក​បណ្ឌិត កែម ឡី ទីប្រឹក្សា​ស្រាវជ្រាវ​ឯករាជ្យ បាន​លើក​ឡើង​ជា​អនុសាសន៍​មួយ​ចំនួន​ដល់​ភាគី​ពាក់ព័ន្ធ។ អនុសាសន៍​សំខាន់ៗ​មាន​ជាអាទិ៍ រៀបចំ​ឲ្យ​មាន​កម្មវិធី​មិត្ត​អប់រំ​មិត្ត​ស្ដីពី​សិទ្ធិ​ការងារ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​តាម​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​បង្កើត​គម្រោង​តស៊ូ​មតិ ដែល​មាន​ការ​សហការ​គ្នា​រវាង​សហជីព​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ការងារ​នៅ​ក្នុង​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ការងារ​របស់​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ៖ «យើង​គួរ​តែ​មាន​ការ​សហការ​គ្នា​ដែរ​រវាង​រដ្ឋាភិបាល សមាគម​និយោជក ទាក់ទង​ទៅ​នឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​និង​គណៈកម្មការ​សុវត្ថិភាព​ភូមិ-ឃុំ ឬ​នៅ​ភ្នំពេញ គេ​ហៅ​ថា​គណៈកម្មការ​សុវត្ថិភាព​សង្កាត់។ អ៊ីចឹង​ខ្ញុំ​គិត​ថា គណៈកម្មការ​ហ្នឹង​អាច​ជួយ​អន្តរាគមន៍​ច្រើន ព្រោះ​មាន​ការ​រំលោភ​បំពាន ភាគ​ច្រើន​គាត់​ប្ដឹង​ទៅ​ថៅកែ​ដដែល។ ដល់​ពេល​ថៅកែ​មាន​ការ​រំលោភ​បំពាន​គាត់ គាត់​អត់​ដឹង​ថា​ប្ដឹង​ទៅ​ឯណា​ទេ? អត់​មាន​សហជីព​ទៀត អ៊ីចឹង​បើ​សហការ​ជាមួយ​គណៈកម្មការ​សុវត្ថិភាព​ភូមិ-ឃុំ អាច​ជួយ​អន្តរាគមន៍​មួយ​ចំនួន ប្រសិន​បើ​គាត់​មាន​ការ​ប្តឹងផ្តល់»

របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បង្ហាញ​ថា ប្រាក់​ខែ​សរុប​ជា​មធ្យម​របស់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​ជាង ១៧០​ដុល្លារ (១៧២,៩៨​ដុល្លារ) ក្នុង​មួយ​ខែ តិច​ជាង​កម្មករ​កាត់​ដេរ​ដែល​ទទួល​បាន​ជិត ១៩០​ដុល្លារ (១៨៨​ដុល្លារ) ក្នុង​មួយ​ខែ។ កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តែ​ជិត ៤% (៣,៧%) ប៉ុណ្ណោះ ដែល​មាន​សហជីព ហើយ​ពួក​គេ​តែ​ជិត ៣០% (២៧,៧%) ប៉ុណ្ណោះ ដែល​ទទួល​បាន​កិច្ចសន្យា​ការងារ។ ក្រៅ​ពី​នេះ ចំនួន​ប្រហែល ៤១% (៤០,៩%) នៃ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្វើ​ការ​លើស​ពី ៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​លើស​ពី ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​ការងារ​ទាំង​នោះ​ស្ថិត​ក្នុង​បរិយាកាស​មិន​មាន​សុវត្ថិភាព​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល