សម្ភាស​ឧត្ដមនាវីឯក​អាមេរិក​បន្ទាប់​ពី​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ដើម្បី​សម្អាត​គ្រាប់​មីន

ដោយ តាំង សារ៉ាដា
2015-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧត្ដមនាវីឯក និង​ជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ទទួល​បន្ទុក​កិច្ចការ​យោធា លោក ស៊ែមម៊ូអែល ប៉េរេស (Samuel Perez) (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បោស​សម្អាត​គ្រាប់​មីន។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៥
ឧត្ដមនាវីឯក និង​ជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ទទួល​បន្ទុក​កិច្ចការ​យោធា លោក ស៊ែមម៊ូអែល ប៉េរេស (Samuel Perez) (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បោស​សម្អាត​គ្រាប់​មីន។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៥
Photo: RFA

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​កិច្ច​សម្ភាសន៍​របស់ លោក តាំង សារ៉ាដា ជាមួយ លោក ស៊ែមម៊ូអែល ប៉េរេស (Samuel Perez) ឧត្ដមនាវីឯក និង​ជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ទទួល​បន្ទុក​កិច្ចការ​យោធា បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បោស​សម្អាត​គ្រាប់​មីន។ លោក ប៉េរេស ថ្លែង​ថា សហរដ្ឋ​អាមេរិក នឹង​បង្កើន​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​ធានា​ថា ពលរដ្ឋ​កម្ពុជា នឹង​រស់នៅ​លែង​មាន​ការ​ភ័យ​ខ្លាច​គ្រាប់​មីន​ត​ទៅ​ទៀត។

លោក តាំង សារ៉ាដា៖ សួស្តី លោក​ឧត្ដមនាវីឯក ប៉េរេស! បន្ទាប់​ពី​បំពេញ​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា ស្ដីពី​បញ្ហា​សម្អាត​គ្រប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ តើ​លោក​មាន​ការ​វាយ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ដែរ?

លោក​ឧត្ដមនាវីឯក ប៉េរេស៖ ការ​វាយ​តម្លៃ​ដំបូង​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ដែល​ឃើញ​ការ​លំបាក និង​ឧបសគ្គ​ទាំង​ឡាយ​របស់​ក្រុម​អ្នក​ដោះ​មីន​នៅ​ប្រទេស​កម្ពុជា។ ទំហំ​គ្រាប់​មីន​ដ៏​ច្រើន​ដែល​បង្កប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅ​ទីនោះ គឺ​នៅ​គរ​ពាសពេញ​ផ្ទៃ​ប្រទេស។ បញ្ហា​មួយ​ទៀត​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​នោះ គឺ​ភូមិសាស្ត្រ​នៅ​ទីនោះ​មាន​លក្ខណៈ​លំបាក​ខ្លាំង​ណាស់។ គេ​ប្រាប់​ខ្ញុំ​ជាច្រើន​លើក​មក​ហើយ​ថា យើង​មាន​សម្ព័ន្ធ​មិត្ត ឬ​ដៃគូ​ដ៏​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​កម្ពុជា អាច​ឲ្យ​ខ្ញុំ​វាយ​តម្លៃ​បាន​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ខិតខំ​ប្រឹងប្រែង​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន ក្នុង​ការ​បង្កើន​ភាព​ជា​ដៃគូ ហើយ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ប្រាកដ​ថា យើង​ធ្វើ​កិច្ចការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​សង្គម។

លោក តាំង សារ៉ាដា៖ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា ចំណាយ​ពេលវេលា​យូរ​ម្ល៉េះ​ក្នុង​ការ​សម្អាត​គ្រាប់​មីន​ឲ្យ​អស់​ពី​ប្រទេស?

លោក​ឧត្ដមនាវីឯក ប៉េរេស៖ កម្ពុជា ជា​ប្រទេស​ដែល​លំបាក​ក្នុង​ការ​កម្ចាត់​មីន ដោយសារ​តែ​ភូមិសាស្ត្រ​មាន​ភាព​ស្មុគស្មាញ។ ទី​ពីរ ដោយសារ​ទី​នោះ​មាន​មីន​ច្រើន​ណាស់ រាប់​លាន​គ្រាប់​ឯណោះ កាល​ពី​សម័យ "ក​៥" មីន​ត្រូវ​បាន​គេ​បង្កប់​ពាស​ពេញ​ដី​តាំង​ពី​ខាង​ជើង​រហូត​ដល់​ត្បូង។ មីន​ខ្លះ​ត្រូវ​បាន​កប់ ហើយ​ដោះ​ពី​កន្លែង​មួយ​ទៅ​ដាក់​កន្លែង​មួយ​ទៀត។ ហេតុ​ដូច្នេះ​ហើយ យើង​ពិបាក​ដឹង​ណាស់​ថា មីន​ទាំង​នោះ​នៅ​ទីណា​ពិត​ប្រាកដ ហើយ​ក៏​គ្មាន​ឯកសារ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថែម​ទៀត។ ដូច្នេះ លក្ខខណ្ឌ​ទៅ​ទីនោះ ដោយសារ​តែ​មាន​មីន​មាន​រហូត​ដល់​ទៅ​រាប់​លាន​គ្រាប់។ ទី​២ គ្មាន​ឯកសារ​បញ្ជាក់​ថា មីន​ទាំង​នោះ​នៅ​ទីណា​ពិត​ប្រាកដ ហើយ​ទី​៣ វា​ជា​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ដ៏​លំបាក។ ដូច្នេះ​វា​ជា​បញ្ហា​មួយ​ដែល​យ៉ាប់​សម្អាត​មីន​ខ្លាំង​ណាស់។

លោក តាំង សារ៉ាដា៖ ចាប់​ពី​ឆ្នាំ​១៩៩៣ មក សហរដ្ឋ​អាមេរិក បាន​ផ្តល់​ថវិកា​ប្រហែល ១០០​លាន​ដុល្លារ​ហើយ​ក្នុង​ការ​សម្អាត​គ្រាប់​មីន តើ​បាន​លទ្ធផល​អ្វី​ខ្លះ​ហើយ?

លោក​ឧត្ដមនាវីឯក ប៉េរេស៖ លទ្ធផល? ជា​លទ្ធផល យើង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​ទូទៅ។ ខ្ញុំ​បាន​ចុះ​ទស្សនកិច្ច​តាម​ភូមិ​ជាច្រើន​នៅ​ទីនោះ ហើយ​ពួក​យើង​បាន​កម្ចាត់​មីន​មួយ​គ្រាប់​ដែល​អាច​ជួយ​យ៉ាង​ហោច​ណាស់​ដល់​អ្នក​ស្រុក​ចំនួន ៨​គ្រួសារ​នៅ​ទីនោះ។ ដូច្នេះ គ្រួសារ​ទាំង​នោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​អ្នក​ដោះ​មីន។ ក្រុម​អ្នក​ដោះ​មីន​ទាំង​នោះ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ខ្ញុំ​មាន​ក្តី​រំភើប​ណាស់​ដែល​បាន​ឃើញ​ការងារ​ដ៏​អស្ចារ្យ​របស់​ពួក​គេ។

លោក តាំង សារ៉ាដា៖ តើ​លោក​រំពឹង​ថា​គ្រាប់​មីន​នៅ​កម្ពុជា នឹង​សម្អាត​ឲ្យ​អស់​នៅ​ពេល​ណា​ដែរ​ទេ?

លោក​ឧត្ដមនាវីឯក ប៉េរេស៖ ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​សំណួរ​ដ៏​ល្អ​នោះ​ទេ។ សំណួរ​ដែល​ល្អ​នោះ គួរ​សួរ​ថា តើ​ពេល​ណា​ដែល​យើង​អាច​ធ្វើ​ឲ្យ​កម្ពុជា មាន​សុវត្ថិភាព​ដោយ​គ្មាន​គ្រាប់​មីន​វិញ? ប្រសិន​បើ​យើង​មើល​ទៅ​ប្រទេស​អឺរ៉ុប​ភាគ​ខាង​លិច​វិញ ទី​នោះ​មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​រាប់​តោន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​១ កាល​ពី ១០០​ឆ្នាំ​មុន ហើយ​ក្រោយ​មក​ក៏​មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទៀត ដែល​សល់​សង្គ្រាម​លោក​លើក​ទី​២ កាល​ពី ៧០​ឆ្នាំ​មុន ដែល​បន្សល់​នៅ​ទីនោះ ហើយ​នៅ​តែ​បង្ក​ភាព​អន្តរាយ។ ប៉ុន្តែ​ប្រទេស​ទាំង​នោះ​មាន​រូបមន្ត​ក្នុង​ការ​ដោះស្រាយ ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ គឺ​យើង​ត្រូវ​សម្អាត​តំបន់​ទាំង​នោះ ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដ៏​អស្ចារ្យ​ក្នុង​ការ​សម្អាត​តំបន់​ដែល​មាន​គ្រាប់​មីន​ជា​អត្ថិភាព បង្កើត​ប្រព័ន្ធ​ទិន្នន័យ និង​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន នៅ​ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​គ្រាប់​មីន។

លោក តាំង សារ៉ាដា៖ គ្រាប់​មីន គ្រាប់​បែក ឬ​គ្រាប់​បែក​ចង្កោម ភាគ​ច្រើន​ត្រូវ​គេ​ដឹង​ថា​ផលិត​នៅ​ប្រទេស​រុស្ស៊ី ចិន និង​សហរដ្ឋ​អាមេរិក តើ​មាន​ការ​ទាមទារ​ណា​មួយ​ដើម្បី​ប្រទេស​ទាំង​នោះ​ទទួល​ខុស​ត្រូវ​ចំពោះ​ផលិតផល​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ប្រជាជន​កម្ពុជា ប្រមាណ ៤​ម៉ឺន​នាក់​របួស ហើយ​រាប់​ពាន់​នាក់​ទៀត​បាត់​បង់​ជីវិត​ដែរ​ទេ?

លោក​ឧត្ដមនាវីឯក ប៉េរេស៖ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​នៅ​ទី​នេះ មិន​មែន​ដើម្បី​រក​មុខ​បន្ទោស​អ្នក​ណា​នោះ​ទេ។ នៅ​ពេល​មាន​សង្គ្រាម មនុស្ស​តែង​រង​ផល​ប៉ះពាល់ ហើយ​ផល​ប៉ះពាល់​នេះ​មាន​រូបភាព​ច្រើន​យ៉ាង​ខុសៗ​គ្នា។ អ្នក​ខ្លះ​បាត់​បង់​ជីវិត អ្នក​ខ្លះ​ដាច់​ជើង អ្នក​ខ្លះ​បាត់​បង់​អនាគត និង​បាត់​បង់​ផ្ទះ​សម្បែង។ ដូច្នេះ​ហើយ យើង​មិន​បាន​ស្វែង​រក​មុខ​ថា អ្នក​ណា​ដែល​ត្រូវ​បន្ទោស​នោះ​ទេ។ អ្វី​ដែល​យើង​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​នេះ គឺ​ជួយ​រដ្ឋាភិបាល​កម្ពុជា ដោះ​មីន​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​កម្ពុជា មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​មនុស្ស​ទូទៅ និង​សម្រាប់​កុមារ​នៅ​ថ្ងៃ​អនាគត​ជាពិសេស។

លោក តាំង សារ៉ាដា៖ មាន​ព័ត៌មាន​ថា មីន​ខ្លះ​ត្រូវ​បាន​គេ​ដោះ​រួច ហើយ​យក​ទៅ​កប់​នៅ​កន្លែង​ផ្សេង​វិញ។ តើ​រឿង​នេះ​ពិត​ដែរ​ឬ​ទេ?

លោក​ឧត្ដមនាវីឯក ប៉េរេស៖ ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា អ្នក​ដែល​ធ្វើ​ការ​ដោះ​មីន​នៅ​កម្ពុជា ពួក​គេ​ពិត​ជា​បាន​កម្ទេច​មីន​ទាំង​នោះ​ចោល។ បន្ទាប់​ពី​ពួក​គេ​គូស​សញ្ញា​កំណត់​ចំណាំ​នៅ​លើ​គ្រាប់​មីន​ដែល​គេ​ដោះ​រួច​នោះ មាន​អង្គការ​ជាច្រើន​ដែល​ធ្វើ​កិច្ចការ​របស់​ខ្លួន​តាម​ស្តង់ដារ​អន្តរជាតិ បាន​នាំ​គ្នា​ឃ្លាំ​មើល​ការ​កម្ទេច​គ្រាប់​មីន ដែល​ពួក​គេ​បាន​រក​ឃើញ។ វា​មាន​គ្រោះ​ថ្នាក់​បំផុត​នៅ​ពេល​គេ​ដោះ​វា​ហើយ រួច​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង។ ការ​កម្ទេច​គ្រាប់​មីន​ទាំង​នោះ​ចោល វា​មាន​សុវត្ថិភាព​ជាង។ នេះ​ហើយ​ជា​រូបមន្ត​ដែល​យើង​ចង់​បាន ហើយ​វា​សមស្រប​ទៅ​ស្តង់ដារ​អន្តរជាតិ​ទៅ​ទៀត ដែល​យើង​ចង់​ឃើញ​មីន​ទាំង​នោះ ត្រូវ​បាន​សម្អាត​ឲ្យ​អស់​ពី​ផែនដី។

លោក តាំង សារ៉ាដា៖ សូម​អគុណ​ច្រើន​លោក​ឧត្ដមនាវីឯក  ប៉េរេស

លោក​ឧត្ដមនាវីឯក ប៉េរេស៖ បាទ​សូម​អគុណ​ណាស់​ដែល​បាន​ផ្តល់​ការ​សម្ភាស​ដល់​ខ្ញុំ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល