បទសម្ភាសន៍៖ តើ​កម្ពុជា​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​សម្រាប់​សហគមន៍​អាស៊ាន? (ភាគ​បញ្ចប់)

ដោយ សាន សែល
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/San Sel

ប្រទេស​កម្ពុជា ជា​កូន​ពៅ​គេ​នៅ​ក្នុង​គ្រួសារ​អាស៊ាន។ កម្ពុជា បាន​ចូល​ជា​សមាជិក​ទី​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន (ASEAN) នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩។ បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន បាន​ព្រមព្រៀង​គ្នា​ហើយ​ថា នឹង​ធ្វើ​សមាហរណកម្ម​ដើម្បី​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ​សម្រាប់​តំបន់​អាស៊ាន នៅ​ចុង​ឆ្នាំ​២០១៥ នេះ។

អតីត​អគ្គលេខាធិការ​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) បាន​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​ផ្ទាល់​ផ្ដាច់​មុខ​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បណ្ឌិត​ស្នាក់នៅ។

នៅ​ក្នុង​បទសម្ភាសន៍​នេះ លោក សុរិន ពិតសុវ៉ាន់ បាន​លើក​ឡើង​ថា កម្ពុជា នៅ​ក្នុង​អាស៊ាន វា​ប្រសើរ​ជាង​កម្ពុជា នៅ​តែ​ឯង។ ចំពោះ​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លោក​បណ្ឌិត សុរិន ពិតសុវ៉ាន់ បាន​លើក​ឡើង​ថា វា​អាស្រ័យ​លើ​ការ​ដឹក​នាំ និង​ប្រជាជន​កម្ពុជា ទេ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​សហគមន៍​នេះ។

លោក សាន សែល៖ ដោយសារ​មាន​វិស័យ​ជាច្រើន​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន តើ​វិស័យ​មួយ​ណា​គួរ​អាស៊ាន​ផ្ដោត​សំខាន់​មុន​គេ?

លោក សុរិន ពិតសុវ៉ាន់៖ មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ឡើយ។ ដោយសារ​អាស៊ាន​មាន​ភាព​ចម្រុះ។ ប្រទេស​សិង្ហបុរី គេ​មិន​មាន​ដី​ចម្ការ​គ្រប់គ្រាន់។ ដូច្នេះ គេ​ផ្ដោត​លើ​វិស័យ​សេវាកម្ម ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ហិរញ្ញវត្ថុ ធនាគារ អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ប្រទេស​ថៃ គេ​ផ្ដោត​លើ​កសិកម្ម​ទេសចរណ៍ និង​យានយន្ត។ ប្រទេស​ម៉ាឡេស៊ី ផ្ដោត​លើ​អេឡិចត្រូនិក។ ប្រទេស​មួយៗ​មាន​វិស័យ​ជា​អាទិភាព​រៀងៗ​ខ្លួន។

ហ្នឹង​ហើយ អាស៊ាន​គួរ​មាន​ជា​ទស្សនវិស័យ​រួម​មួយ។ ចំណុច​ដែល​ថា យើង​គួរ​ផ្ដោត​ទៅ​លើ​កសិកម្ម ឬ​ឧស្សាហកម្ម វា​មិន​មែន​ជា​ចំណុច​សំខាន់​នោះ​ឡើយ។ អ្វី​ដែល​សំខាន់​នោះ គឺ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ រើស​អ្វី​ដោយ​ខ្លួន​ឯង ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ពិភពលោក​បាន។

លោក សាន សែល៖ ឥឡូវ​សូម​ជជែក​ពី​វិស័យ​ធនាគារ​វិញ​ម្ដង។ តាម​ការ​យល់​ឃើញ​របស់​លោក​បណ្ឌិត ថា​តើ​អាស៊ាន គួរ​បង្កើត​ជា​ធនាគារ​កណ្ដាល​អាស៊ាន​មួយ​ដែរ​ឬ​ទេ?

លោក សុរិន ពិតសុវ៉ាន់៖ ខ្ញុំ​យល់​ថា វា​មិន​ទាន់​ជា​ការ​ចាំបាច់​នៅ​ឡើយ​ទេ។ យើង​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឬ​ធនាគារ​ពិភពលោក (World Bank)។ ប្រទេស​អាស៊ាន​នីមួយៗ​បាន​ចូលរួម​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក។ យើង​ក៏​មិន​បាន​គិត​ដល់​ការ​បង្កើត​រូបិយវត្ថុ​អាស៊ាន​រួម ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​តំបន់​នៅ​ឡើយ​ទេ។ វា​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​ទៀត។

លោក សាន សែល៖ លោក​បណ្ឌិត​មិន​យល់​ថា ឆ្នាំ​២០១៥ នេះ វា​ឆាប់​រហ័ស​ពេក​ទេ​សម្រាប់​សមាហរណកម្ម​អាស៊ាន?

លោក សុរិន ពិតសុវ៉ាន់៖ វា​មិន​លឿន ឬ​ក៏​យឺត​ពេក​ទេ។ កាលបរិច្ឆេទ​កំណត់ បាន​កំណត់​រួច​ហើយ។ ប្រសិន​បើ​យើង​មិន​ចាប់​ផ្ដើម​ពី​ឥឡូវ​ទេ យើង​មិន​អាច​ចាំ​ដល់​ពេលវេលា​ល្អ​បំផុត​ដើម្បី​ចាប់​ផ្ដើម​នោះ​ទេ។ យើង​ត្រូវ​ដើរ​ទៅ​មុខ។ យើង​មិន​អាច​ឈរ​នៅ​ស្ងៀម​បាន​ទេ។ គ្មាន​សហគមន៍​ណា​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សូម្បី​តែ​សហគមន៍​អឺរ៉ុប។ អាស៊ាន ជា​សហគមន៍​មួយ​ដែល​ត្រូវ​ដើរ​ទៅ​មុខ។ យើង​ត្រូវ​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។ យ៉ាង​ណា​ក៏ដោយ សហគមន៍​ត្រូវ​បាន​ប្រកាស​បង្កើត​រួច​ហើយ។ ពេលវេលា​ត្រូវ​បាន​កំណត់។ យើង​នឹង​ធ្វើ​ការ​នេះ​រួម​គ្នា ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​នេះ​ប្រសើរ​ឡើង។

លោក សាន សែល៖ តាម​រយៈ​ការងារ​របស់​លោក​ជាមួយ​អាស៊ាន​កន្លង​មក តើ​ប្រទេស​កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ឬ​នៅ សម្រាប់​សមាហរណកម្ម​នេះ?

លោក សុរិន ពិតសុវ៉ាន់៖ កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​រាល់​ដូច​ប្រទេស​ផ្សេង​ទៀត​ចឹង។ គ្មាន​នរណា​មួយ​ដែល​ដើរ​លឿន​ជាង​គេ ឬ​យឺត​ជាង​គេ ដើម្បី​ទទួល​ប្រយោជន៍​ពី​អាស៊ាន​ទេ។ សូម​កុំ​សួរ​ថា តើ​កម្ពុជា បាន​ត្រៀម​ខ្លួន​ហើយ​នៅ? ឬ​ប្រទេស​ថៃ បាន​ត្រៀម​ខ្លួន​ហើយ​នៅ? យើង​មិន​អាច​ប្រៀបធៀប​អ៊ីចឹង​បាន​ទេ ប៉ុន្តែ​ប្រទេស​នីមួយៗ នឹង​បាន​ប្រយោជន៍​ពី​សមាហរណកម្ម​នេះ។

ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ច្រើន​សម្រាប់​ផលិត​អាហារ ប៉ុន្តែ​ទេសចរណ៍​ជា​វិស័យ​មាន​សក្ដានុពល​ជាង​គេ ដើម្បី​ប្រមូល​យក​រូបិយប័ណ្ណ​បរទេស។ ឥឡូវ​នេះ យើង​អាច​និយាយ​បាន​ថា អាស៊ាន​មាន​សន្តិភាព និង​ដើរ​ទៅ​មុខ។ នឹង​មាន​ទេសចរ​ជាច្រើន​ចង់​មក​ទីនេះ ដើម្បី​ទស្សនា​អ្វី​ដែល​កម្ពុជា មាន។ គេ​កោត​សរសើរ និង​ស្ញប់ស្ញែង​ដល់​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា។ ប្រជាជន​កម្ពុជា ភាគ​ច្រើន​នៅ​ក្មេង ដែល​ជា​ធនធាន​ដ៏​សំខាន់។ ពួក​គេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​មាន​ការ​ព្យាយាម​តស៊ូ។

កម្ពុជា នៅ​ក្នុង​អាស៊ាន វា​ប្រសើរ​ជាង​កម្ពុជា នៅ​តែ​ឯង។ វា​អាស្រ័យ​លើ​ការ​ដឹក​នាំ និង​ប្រជាជន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​សហគមន៍​នេះ។

លោក សាន សែល៖ ជា​សំណួរ​ចុង​ក្រោយ តើ​អ្វី​ជា​ការ​ប្រមើល​មើល​របស់​លោក​បណ្ឌិត ចំពោះ​អនាគត​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន?

លោក សុរិន ពិតសុវ៉ាន់៖ សហគមន៍​នេះ​ជា​ការងារ​ដែល​ត្រូវ​បន្ត​ធ្វើ​ជានិច្ច។ សហគមន៍​នេះ ជា​ក្តី​សង្ឃឹម ជា​ទស្សនវិស័យ ដែល​ខ្ញុំ​យល់​ថា នឹង​ជួយ​ឲ្យ​អាស៊ាន​កាន់​តែ​រីក​ចម្រើន។ តែ​អនាគត​នេះ វា​អាស្រ័យ​ទៅ​លើ​ក្មេង​ជំនាន់​ក្រោយ។ ឥឡូវ​នេះ ផ្ទះ​ត្រូវ​បាន​សាងសង់​ហើយ វា​អាស្រ័យ​លើ​ក្មេងៗ ឲ្យ​ដើរ​ចូល​ផ្ទះ​នេះ​រស់នៅ​ឲ្យ​មាន​ផាសុកភាព ហើយ​រចនា​បន្ថែម​ទៅ​លើ​សំណង់​នេះ។

សហគមន៍​នេះ​នៅ​តែ​បន្ត​ទៅ​ជានិច្ច។ វា​មិន​បញ្ចប់​នោះ​ទេ។ ឥឡូវ​វាសនា​អាស៊ាន​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្មេង​ជំនាន់​ក្រោយ​ហើយ។ វា​នឹង​ល្អ​សម្រាប់​តំបន់​ទាំង​មូល​សម្រាប់​ប្រទេស​ជា​សមាជិក សម្រាប់​ប្រជាជន។ ប្រសិន​បើ​យើង​អាច​សម្រេច​បាន​នូវ​គោលដៅ​នេះ​មែន​នោះ តំបន់​អាស៊ាន និង​ពិភពលោក​ទាំង​មូល នឹង​កាន់​តែ​ប្រសើរ​ឡើង៕

ចុច​ត្រង់​នេះ​ដើម្បី​អាន និង​ស្ដាប់​បទសម្ភាន៍​ភាគ​១

ចុច​ត្រង់​នេះ​ដើម្បី​អាន និង​ស្ដាប់​បទសម្ភាន៍​ភាគ​២

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Thailand has a talent of something,Malaysia something,Singapore
something,Vietnam something,Cambodia has corruption talent can we do that ?

Dec 16, 2015 06:21 PM

គេហទំព័រ​ទាំងមូល