សមាគម​ខ្មែរ​ក្រោម​ស្នើ​ឱ្យ​ស៊ើបអង្កេត​ករណី​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​សុគត​ដោយ​មិន​ដឹង​ពី​មូលហេតុ

ដោយ សេក បណ្ឌិត
2020-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែង​ក្នុង​កម្មវិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩។
អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែង​ក្នុង​កម្មវិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩។
Photo Provided

 

សមាគម​ខ្មែរ​ក្រោម​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ​ករណី​ព្រះ​ចៅ​អធិការ​នៅ​ខ្មែរ​ក្រោម​មួយ​អង្គ​សុគត​ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់។

 

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​០៩ ខែ​មេសា ថា ព័ត៌មាន​ដំបូង​ដែល​លោក​ទទួល​បាន​ពេលនេះ​អាជ្ញាធរ​វៀតណាម​កំពុង​ធ្វើ​កោសល្យវិច័យ​ព្រះ​សព​ព្រះតេជព្រះគុណ តាង៉ុក កោ ព្រះចៅអធិការ​វត្ត​ដំបង​ពាក់ ខេត្ត​ព្រះ​ត្រពាំង​ដែល​បាន​សុគត​កាលពី​ថ្ងៃ​ទី៨ មេសា។ លោក​ឱ្យ​ដឹង​ទៀត​ថា ព្រះចៅ​អធិការ​បាន​សុគត​នៅ​ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ ប៉ុន្តែ លោក​មិនទាន់​ដឹង​តម្រុយ​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការ​សុគត​នេះ​នៅឡើយ​ទេ​។ លោក សឺន ជុំជួន ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​ធ្វើការ​ស្រាវជ្រាវ និង​កោសល្យវិច័យ ករណី​នេះ​បាន​ត្រឹមត្រូវ៖ «យើង​សូម​អំពាវនាវ​ធ្វើការ​កោសល្យវិច័យ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​បាន​ពិតប្រាកដ និង​សូម​ឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ​មើល​តើ​ព្រះអង្គ​សុគត​បណ្ដាល​មក​ពី​មូលហេតុ​អី គឺជា​ប្រឈួន​ដោយសារ​រោគ ឬក៏​ជំងឺ​ស្អំ​មួយ​ដែល​ជាក់ស្ដែង​ពីរ​បងប្អូន​ចំណុះជើងវត្ត​គួរតែ​ស្វែង​យល់​ថា តើ​ព្រះអង្គ​លោក​មាន​ប្រវត្តិ​ទំនាស់​ស្អី​ទេ​មិន​សុគត​ហ្នឹង»

ព្រះ​ចៅ​អធិការ​វត្ត​ដំបងពាក់ ភូមិ​ដំបងពាក់ ឃុំ​ផ្សារឆេះ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះត្រពាំង ព្រះតេជព្រះគុណ តាង៉ុក កោ ព្រះជន្ម ៤២​ព្រះវស្សា​។​

ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់នៅ​វត្ត​មួយ​ក្នុង​ភ្នំពេញ ព្រះតេជព្រះគុណ ហ្វិញ វីឡា ដែល​មាន​ទំនាក់ និង​ព្រះតេជព្រះគុណ តាង៉ុក កោ មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា មុន​ពេល​ព្រះតេជព្រះគុណ តាង៉ុក កោ សុគត ព្រះអង្គ​គ្មាន​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ទេ។ ព្រះតេជព្រះគុណ​ឱ្យ​ដឹង​ទៀត​ថា ព្រះតេជព្រះគុណ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​កម្ពុជា​ដើម្បី​ពិនិត្យ​ករណី​នេះ​ដល់​ទី​កន្លែង​។ ព្រះតេជព្រះគុណ ហ្វិញ វីឡា យល់​ថា ប្រសិន​បើ​មាន​អង្គការ ឬ​សមាគម​ខ្មែរ​ក្រោម​បាន​ចូលរួម​ស៊ើបអង្កេត​ករណី​នេះ ព្រះអង្គ​ជឿ​ថា នឹង​អាច​ដឹង​ការ​ពី​មូលហេតុ​នៃ​ការ​សុគត​នេះ​ឃើញ៖ «មាន​អង្គការ​ណាមួយ​ស៊ើបអង្កេត​រឿង​ហ្នឹង​អាត្មា ក៏​ជួយ​ត្រេកអរ​ដែរ​ព្រោះ​អី​ថា មនុស្ស​កំពុង​មាន​សុខភាព​មាំមួន​បែរ​មក​សុគត​ដោយ​ជំងឺ​ដូច​មិន​អាច​ទៅ​រួច​អ៊ីចឹង​ណា​ប្រហែលជា​មូលហេតុ​អាថ៌កំបាំង​ផ្សេង​ដែល​យើង​មិន​អាច​ដឹង​បាន»

 

សមាគម​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម លើកឡើង​ថា ព្រះតេជព្រះគុណ តាង៉ុក កោ បាន​ចូលរួម​ការងារ​សង្គម​ថែរក្សា​ប្រពៃណី​ខ្មែរ​ក្រោម ចំណាយ​ថវិកា​ជួសជុល​ផ្លូវ​និង​ស្ពាន ក្រៅ​ពី​នេះ ព្រះតេជព្រះគុណ បាន​តែង​និពន្ធ​ទំនុក​ភ្លេង បទ​ចម្រៀង​ទាក់ទង​នឹង​ការ​ថែ​រក្សា​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បង្ហោះ​តាម​បណ្ដាញ​សង្គម​យូធូប​ដោយ​ប្រើ​ឈ្មោះ គឹម ខាយ។ «»

ព្រះតេជព្រះគុណ តាង៉ុក កោ ក៏​គឺជា​អ្នក​ចលនា​ក្នុង​ការ​ថែរក្សា​វប្បធម៌​ប្រពៃណី យ៉ាង​សកម្ម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ជាពិសេស ព្រះអង្គ​តែងតែ​ស្រាវជ្រាវ​នូវ​តំបន់​ភូមិសាស្ត្រ នៃ​ទឹកដី​កម្ពុជា​ក្រោម ដែល​មាន​ឈ្មោះ​ភូមិ ឃុំ ស្រុក ជា​ភាសា​ខ្មែរ ហើយ​និពន្ធ​ទៅជា​បទ​ចម្រៀង ដើម្បី​ថែរក្សា​វប្បធម៌​ខ្មែរ​ក្រោម​ផង និង​រក្សា​ឈ្មោះ​ភូមិសាស្ត្រ​ជា​ភាសា​ខ្មែរ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល