អាជ្ញាធរ​ខេត្ត​កំពត​បិទ​ស្ពាន​ចាស់​សង់​ជំនាន់​បារាំង​មួយ​រយៈ​ដោយសារ​ចាស់​ទ្រុឌទ្រោម

ដោយ វោហារ ជាតិ
2015-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ពាន​សង់​ពី​ថ្ម និង​ដែក​មាន​ក្បាច់​រចនា​បុរាណ​ដែល​គេ​និយម​ហៅ​ថា​ស្ពាន​ឥន្ទធនូ ដែល​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២២ ជំនាន់​បារាំង ត្រួតត្រា​ខ្មែរ នា​ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥
ស្ពាន​សង់​ពី​ថ្ម និង​ដែក​មាន​ក្បាច់​រចនា​បុរាណ​ដែល​គេ​និយម​ហៅ​ថា​ស្ពាន​ឥន្ទធនូ ដែល​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២២ ជំនាន់​បារាំង ត្រួតត្រា​ខ្មែរ នា​ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA/Vohar Cheath

មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពត អះអាង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ថា អាជ្ញាធរ​ខេត្ត​នេះ​បាន​បិទ​ស្ពាន​ចាស់​ក្នុង​ក្រុង​កំពត សង់​តាំង​ពី​ជំនាន់​អាណា​និគម​និយម​បារាំង ជា​បណ្ដោះអាសន្ន​សិន ព្រោះ​ខ្លាច​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

នាយក​ខុទ្ទកាល័យ​សាលា​ខេត្ត​កំពត លោក ស៊ុំ វុទ្ធា បញ្ជាក់​ថា ការ​បិទ​ចរាចរណ៍​លើ​ស្ពាន​ដែល​សង់​តាំង​ពី​ជំនាន់​បារាំង មាន​អាយុកាល​ជិត ១០០​ឆ្នាំ​មក​ហើយ​នោះ គឺ​ជា​ការ​បង្ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឆ្លង​កាត់​ផង និង​ការពារ​កុំ​ឲ្យ​ស្ពាន​នេះ​ទ្រុឌទ្រោម​ថែម​ទៀត ដោយ​រង់ចាំ​ជួសជុល​ឡើង​វិញ។

លោក​ថា ស្ពាន​នេះ​បាន​បិទ​តាំង​ពី​សប្ដាហ៍​មុន​មក ដើម្បី​ការពារ​ចរាចរណ៍​ដ៏​ច្រើន​កុះករ​ឆ្លង​កាត់​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន កន្លង​មក​ផង ដែល​អាច​ឲ្យ​ស្ពាន​ជរា​នេះ​អាច​បាក់​បាន។

ស្ពាន​ខេត្ត​កំពត ដែល​សង់​ពី​ថ្ម និង​ដែក មាន​ក្បាច់​រចនា​បុរាណ​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរ​នានា​មក​ទស្សនា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។ អ្នក​ខេត្ត​កំពត តែង​និយម​ហៅ​ស្ពាន​នេះ​ថា​ស្ពាន​ឥន្ទធនូ នោះ ព្រោះ​មាន​បង្កាន់ដៃ​រាង​កោង​ជា​កង់ៗ​ដូច​ឥន្ទធនូ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពត លោក លឹម សំបូរ បញ្ជាក់​ថា ស្ពាន​នេះ​មាន​ប្រវែង​ជាង ៣០០​ម៉ែត្រ ឆ្លង​កាត់​ព្រែក​ដៃ​សមុទ្រ​ក្នុង​ក្រុង​កំពត។ លោក​ថា ទោះ​ជា​អាជ្ញាធរ​បាន​ចាក់គ្រឹះ​បេតុង និង​ដាក់​រនាំង​ដែក​បិទ​ច្រក​ឡើង​ស្ពាន​ក៏ដោយ ក៏​នៅ​មាន​អ្នក​ធ្វើ​ដំណើរ​ខ្លះ​នៅ​ឆ្លៀត​ធ្វើ​ចរាចរ​ឆ្លង​កាត់​ដោយ​មិន​ដឹង​គ្រោះថ្នាក់​ទៀត។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​ឆ្លង​កាត់​ស្ពាន​នេះ ហើយ​ឆ្លង​ស្ពាន​ថ្មី​វិញ​ទើប​មាន​សុវត្ថិភាព៖ «បើ​មិន​បិទ​គេ​លួច​រត់​ចុះ​រត់​ឡើង​លើ​ហ្នឹង អ៊ីចឹង​ដល់​ពេល​ដួល​នរណា​នេះ​ទៅ អ៊ីចឹង​យើង​បិទ​ស្ថាពរ ប៉ុន្តែ​ដាក់​តែ​កង់​ម៉ូតូ ហើយ​នៅ​ឡាន​រត់​ទៀត​ផង​នៅ​រត់​ម្ដងម្កាល​ផង បាន​សេចក្ដី​ថា ប្រជាពលរដ្ឋ​យើង​ខ្វះ​ការ​ចូលរួម​ហើយ អ៊ីចឹង​យើង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​គាត់​យក​ចិត្ត​ទុក​ដាក់​ពី​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​គាត់»

លោក​ឲ្យ​ដឹង​ថា ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២២ កាល​ពី​ជំនាន់​បារាំង ត្រួតត្រា​ស្រុក​ខ្មែរ តែ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ដាក់​មីន​បំផ្លាញ​អស់​មួយ​ផ្នែក​ធំ ពេល​សង្គ្រាម​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ហើយ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​នៅ​ទសវត្ស​ឆ្នាំ​១៩៨០ ដោយ​ក្រាល​ដែក​បន្ទះ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ ដែក​នោះ​ពុក​ផុយ​ស្ទើរ​អស់​ទៅ​ហើយ។

ទោះ​យ៉ាង​ណា លោក ស៊ុំ វុទ្ធា ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ តែ​នឹង​បើក​ឲ្យ​ប្រើប្រាស់​សម្រាប់​តែ​ថ្មើរ​ជើង និង​អ្នក​ធ្វើ​ដំណើរ​ដោយ​កង់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ស្ពានកំពតគឺមិនអាចបិទទាំងស្រុងទេ អាចអេាយកង់ ម៉ូតូឆ្លងបាន ការបិទនេះគឺជារឿងចំលែក​ សូមវិទ្យុអាសុីសេរី តាមដានរឿងនេះសំរាប់ប្រជាជនក្នុងខេត្តកំពតផង ស្ពានតែ១មិនអាចធ្វើចរាចរដេាយសុវត្តិភាពបានទេ សូមជួយតាមដានរឿងចំលែកៗក្នុងខេត្តកំពតដ៌កំសត់នេះផង

Feb 25, 2015 03:44 AM

គេហទំព័រ​ទាំងមូល