កម្មករ​ស៊ីម៉ងត៍​ចក្រីទីង​ខេត្ត​កំពត​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ពេល​គ្មាន​ដំណោះស្រាយ​ពី​ភាគី​រោងចក្រ

ដោយ វោហារ ជាតិ
2015-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង​ជាង​៣​រយ​នាក់ នៅ​ខេត្ត​កំពត សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ថ្ងៃ​ទី​២៣ មករា ដោយសារ​ថៅកែ​រោងចក្រ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ តាម​សន្យា​ថ្ងៃ​កំណត់។

កម្មករ​រោងចក្រ​ចក្រីទីង គ្រោង​ធ្វើ​បាតុកម្ម​ជាថ្មី​ម្ដងទៀត នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ គោរព​កិច្ច​សន្យា ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ ដែល​មិន​បាន​ឆ្លើយ​តប តាម​ការ​កំណត់ នៅ​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៥ នេះ។

តំណាង​កម្មករ លោក ហេង ចិន រំលឹក​ថា កន្លង​មក​កម្មករ​រោងចក្រ​ចក្រីទីង បាន​ធ្វើបាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៣​ចំណុច ហើយ​ថៅកែ​រោងចក្រ បាន​ទទួលយក​ការ​ទាមទារ​នោះ ទៅ​ពិចារណា ដោយ​សន្យា​ថា នឹង​ជូនដំណឹង​ឲ្យ​កម្មករ​ដឹង​លទ្ធផល​វិញ នៅ​ថ្ងៃ​ទី​២៣ មករា។

តែ​ដល់​ថ្ងៃ​សន្យា​ហើយ បែរ​ជា​ថៅកែ​រោងចក្រ សុំ​ពន្យារ​ពេល​ថែមទៀត ធ្វើ​ឲ្យ​កម្មករ​អស់​ទឹកចិត្ត​រង់​ចាំ៖ «បញ្ហា​រឿង​លុយ​ដំណាច់​ឆ្នាំ ដែល​សន្យា​ថា ជូនដំណឹង​ថ្ងៃ​ទី​២១ (មករា) ឥឡូវ​គាត់​ជូន​ដំណឹង​មក​សុំ​ពន្យារ​ពេល​រហូត​ដល់​ទី​២៦ (មករា) ទើប​បាន​ផ្ដល់​ព័ត៌មាន បើ​អញ្ចឹង​ពួក​ខ្ញុំ​គ្រោង​ថា នឹង​រង់ចាំ​ស្ដាប់​មើល​រហូត​ដល់​ថ្ងៃច័ន្ទ ប្រសិន​បើ​ក្រុមហ៊ុន​អត់មាន​ចម្លើយ​វិជ្ជមាន​ ដំណោះស្រាយ​វិជ្ជមាន​ឲ្យ​ពួក​ខ្ញុំ​ទេ ពួក​ខ្ញុំ​រៀប​ចំ​ធ្វើ​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​ចំណុច​នឹង»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ កម្មករ​រោងចក្រ​ចក្រីទីង បាន​ធ្វើបាតុកម្ម​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន គឺ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ សុំ​បើក​ប្រាក់​ឈ្នួល​ខែ​ទី​១៣ មានន័យថា ថៅកែ​ត្រូវ​បើក​ប្រាក់ខែ​​ឲ្យ​កម្មករ​មួយ​ខែ បន្ថែម​រាង​រាល់​ឆ្នាំ និង​សុំ​ឲ្យ​បុគ្គលិក​ចិន​ដែល​ធ្វើ​ការ ក្នុង​រោង​​ចក្រ​គោរព​សិទ្ធិ​កម្មករ​ខ្មែរ ជាដើម។

បន្ទាប់មក ភាគី​រោងចក្រ​បាន​យល់ព្រម​លើ​ចំណុច​ខ្លះ មាន​ដូច​ជា ព្រម​ដំឡើង​ប្រាក់​ខែ​១០​ដុល្លារ បន្ថែម​ឲ្យ​បុគ្គលិក​សន្តិសុខ​៩​នាក់ យល់ព្រម​ទិញ​ធានា​រ៉ាប់រង​ធានា​អាយុជីវិត​កម្មករ​២៤​ម៉ោង ធានា​ស្ថិរភាព ការងារ​បុគ្គលិក​ជនជាតិ​ខ្មែរ ឲ្យ​ជៀស​ផុត​ពី​ការ​គំរាមកំហែង បញ្ឈប់​ការងារ​របស់​កម្មករ​ពី​សំណាក់​បុគ្គលិក​ជនជាតិ​ចិន។

ក៏ប៉ុន្តែ​លោក ហេង ចិន បញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ ការ​ទាមទារ​របស់​កម្មករ នៅ​តែ​មិន​មាន​ចម្លើយ​វិជ្ជមាន​ណា​មួយ​ឡើយ៖ «ថ្ងៃនេះ​ទី​២៣ ហើយ​គឺ​អ្វី​ដែល​ខាង​ក្រុមហ៊ុន​គាត់​សន្យា ទាំងអស់​នឹង​អត់​មាន​លេចចេញ ជារូបរាង​ជាដុំ​កំភួន អី​ច្បាស់លាស់​ដោយសារ​ប្រធាន​ផ្នែក​ខាង​ជនជាតិ​ចិន​មួយ​ចំនួន គាត់​នៅតែ​គំរាមកំហែង ដក​បុគ្គលិក​ណា​គាត់​ចង់​ចូលរួម​បាតុកម្ម​តវ៉ា មក​ធ្វើការ​យឺត​១​នាទី ២​នាទី​អី​នឹង គាត់​គំរាម​ថា​នឹង​ដក​មិន​ឲ្យ​ធ្វើការ​ទៀត​ទេ»

រីឯ​ភាគី​តំណាង​រោងចក្រ លោក ហែម ភក្ដី ឆ្លើយ​ថា លោក​មិន​អាច​បញ្ជាក់​បានទេ ព្រោះ​ហួស​សមត្ថភាព​របស់​លោក៖ «រឿង​មួយ​ចំនួន​ខ្ញុំ​អត់​ទាន់​បាន​ព័ត៌មាន​មក​ទេ ដោយសារ​អគ្គនាយក​ជាប់​រវល់ អញ្ចឹង​ខ្ញុំ​អត់​អាច​បន្ថែម​ព័ត៌មាន​អី​ទៀត​បាន​ទេ រវល់​រឿង​មួយ​ចំនួន​ខាង​ផ្នែក​គាត់​អញ្ចឹង​គាត់​អត់​បាន​មាន​វត្តមាន​នៅ​កន្លែង​ទេ»

ចំណែក​ភាគី​កម្មករ​បាន​បង្ហើប​ថា ដោយសារ​ថៅកែ​រោងចក្រ មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ ដូច្នេះ​កម្មករ​គ្រោង​នឹង​បង្កើត​សហជីព ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ​ដោយ​ខ្លួន​ឯង​វិញ​ ប្រសើរ​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល