ម្រេច​កំពត​បង្កើន​ប្រាក់​ចំណូល​កសិករ​និង​ល្បី​ឈ្មោះ​លើ​ទីផ្សារ​អន្តរជាតិ

ដោយ យ៉ង ចាន់តារា
2015-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម្រេច​ខ្មៅ​កំពត លក់​ក្នុង​តម្លៃ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម នៅ​ផ្សារ​ក្ដាម ខេត្ត​កែប។ រូបថត​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ឆ្នាំ​២០១៥
ម្រេច​ខ្មៅ​កំពត លក់​ក្នុង​តម្លៃ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម នៅ​ផ្សារ​ក្ដាម ខេត្ត​កែប។ រូបថត​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ឆ្នាំ​២០១៥
RFA/Yang Chandara

ខណៈ​ដែល​ផលិតផល​កសិកម្ម​ជា​ច្រើន​មុខ ដូចជា​ស្រូវ ស្វាយចន្ទី និង​ដំឡូងមី ជាដើម កំពុង​ធ្លាក់​ថ្លៃ ម្រេច​ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​សំខាន់​មួយ​របស់​ខេត្ត​កំពត នៅ​តែ​អាច​រក្សា​តម្លៃ​ខ្ពស់​របស់​ខ្លួន​បាន​ដដែល។ ដំណាំ​ម្រេច​នៅ​ខេត្ត​កំពត កំពុង​ប្រែក្លាយ​ជីវភាព​កសិករ​នៅ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ក្រៅ​ពី​នេះ ម្រេច​កំពត​ក៏​កំពុង​បង្ហាញ​ភាព​លេចធ្លោ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ដែរ។

ម្រេច​គឺ​ជា​គ្រឿងទេស​ដ៏​ចាំបាច់ និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក។ ការ​សិក្សា​បង្ហាញ​ថា តម្រូវការ​ម្រេច​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ប្រហែល ៤០​ម៉ឺន​តោន (៤០០.០០០) ក្នុង​មួយ​ឆ្នាំៗ និង​បន្ត​កើន​ឡើង​ទៅ​មុខ​ទៀត។

ដោយសារ​តម្រូវការ​ដ៏​ច្រើន​បែប​នេះ អ្នក​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិករ​ខ្មែរ​មួយ​ចំនួន​ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍ និង​ដាំ​ដុះ​ដំណាំ​យុទ្ធសាស្ត្រ​មួយ​នេះ។ បច្ចុប្បន្ន ផ្ទៃដី​ដាំ​ម្រេច​នៅ​កម្ពុជា មាន​សឹង​គ្រប់​ខេត្ត​ក្នុង​ប្រទេស ដូចជា​នៅ​ខេត្ត​កំពត កែប តាកែវ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ស្ពឺ កោះកុង និង​ខេត្ត​ព្រះសីហនុ។

ទោះ​បី​ជា​មាន​ការ​ដាំ​ដុះ​ច្រើន​តំបន់​យ៉ាង​នេះ​ក្តី មាន​តែ​ម្រេច​កំពត​មួយ​ប៉ុណ្ណោះ​ដែល​ល្អ​ជាង​គេ និង​ទទួល​បាន​លិខិត​បញ្ជាក់​គុណភាព​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ពី​ក្រសួង​ពាណិជ្ជកម្ម។

សៀវភៅ​បន្ទុក​ម្រេច​កំពត កត់ត្រា​ថា តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន លុះត្រាតែ​ស្ថិតនៅ​ក្នុង​ស្រុក ឬ​ក្រុង​មួយ​ចំនួន​នៃ​ខេត្ត​កំពត និង​ខេត្ត​កែប។ តំបន់​ទាំង​នោះ​រួម​មាន ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត ខេត្ត​កំពត ព្រម​ទាំង​នៅ​ស្រុក​ដំណាក់ចង្អើរ និង​ក្រុង​កែប ខេត្ត​កែប។

កម្មករ​ធ្វើ​ការ​ក្នុង​ចម្ការ លោកស្រី ហឿង មឿន បោច​ស្មៅ​ក្នុង​ចម្ការ​ម្រេច នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara
កម្មករ​ធ្វើ​ការ​ក្នុង​ចម្ការ លោកស្រី ហឿង មឿន បោច​ស្មៅ​ក្នុង​ចម្ការ​ម្រេច នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara

 

ម្រេច​កំពត​ត្រូវ​បាន​សហគមន៍​ចុងភៅ​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប ទទួល​ស្គាល់​ថា ជា​ម្រេច​ដែល​មាន​គុណភាព​ខ្ពស់​ជាង​គេ​លើ​ពិភពលោក។ គុណភាព​លើស​គេ​នេះ គឺ​ដោយសារ​ម្រេច​កំពត ត្រូវ​បាន​ដាំ​ដុះ​តាម​លក្ខណៈ​ធម្មជាតិ នៅ​តំបន់​ជិត​មាត់​សមុទ្រ ជា​កន្លែង​ដែល​មាន​បរិស្ថាន និង​អាកាសធាតុ​អំណោយ​ផល​ល្អ។

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ បាន​បញ្ជាក់​ថា ការ​ដាំ​ដុះ​ម្រេច​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត​នេះ ធ្វើ​ឡើង​តាម​លក្ខណៈ​ប្រពៃណី​សុទ្ធសាធ ដោយ​មិន​ប្រើប្រាស់​ជីគីមី ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​គីមី​ឡើយ៖ «ប្រើ​ឈ្មោះ​ម្រេច​កំពត យើង​អត់​ប្រើ​ថ្នាំ​អ្វី​ដែល​ខុស​ពី​ដូនតា​យើង​បន្សល់​ទុក​ឱ្យ​ធ្វើ​ទេ។ យើង​ប្រើ​តែ​ថ្នាំ​ធម្មជាតិ​ទេ។ ធុង​របស់​ខ្ញុំ​បី​នោះ​សុទ្ធតែ​ថ្នាំ​គ្រាប់​ស្លែង មើម​ប្រង់ មើម​ក្ដួច ជាដើម។ យើង​អត់​ប្រើ​ទេ​ថ្នាំ​គីមី ហើយ​ជី​គីមី​ក៏​យើង​អត់​ប្រើ​ដែរ។ យើង​ប្រើ​តែ​លាមក​គោ លាមក​ប្រចៀវ ឆ្អឹង។ យើង​មាន​ប្រើ​ជី​សរីរាង្គ​មួយ ដែល​ចូល​មន្ទីរ​ពិសោធន៍​នៅ​ជប៉ុន ២ លើក​ហើយ។ ជប៉ុន​គេ​ថា គ្មាន​ពីរ​ទេ​នៅ​លើ​ពិភពលោក​នេះ មាន​តែ​ម្រេច​កំពត​ទេ»

​ម្រេច​កំពត​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ម្រេច​ផ្សេង​ទៀត ដោយ​មាន​រសជាតិ​ហឹរ មិន​រលាក​មាត់ និង​មាន​ក្លិន​ឈ្ងុយ។ ប្រភេទ​ម្រេច​កំពត ដែល​ផលិត​បាន និង​ធ្វើ​អាជីវកម្ម​នៅ​លើ​ទីផ្សារ​រួមមាន ម្រេច​ស ម្រេច​ក្រហម ម្រេច​ខ្មៅ ម្រេច​បៃតង ឬ​ម្រេច​ខ្ចី និង​ម្រេច​ខ្មៅ​ម៉ដ្ឋ។

នៅ​អម​សងខាង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ចម្ការ​របស់​លោក ងួន ឡាយ ស្ថិតនៅ​ភូមិ​អង្គរជ័យ២ ឃុំ​ដំណាក់កន្ទួតខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​សុទ្ធតែ​ចម្ការ​ម្រេច​ដែល​មាន​ប្រក់​ស្លឹក​ដូង ឬ​ស្បៃ​ប្លាស្ទិក មើល​ទៅ​ដូចជា​ខ្ទម​យ៉ាង​ធំ​សម្បើម។ ចម្ការ​នីមួយៗ តែង​មាន​ផ្ទះ​សម្រាប់​កម្មករ​ចាំ​ចម្ការ​ស្នាក់​នៅ។

ម្ចាស់​ចម្ការ​ម្រេច លោក ងួន ឡាយ ផ្ដល់​បទសម្ភាសន៍​នៅ​ចម្ការ​ម្រេច​របស់​លោក​នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara
ម្ចាស់​ចម្ការ​ម្រេច លោក ងួន ឡាយ ផ្ដល់​បទសម្ភាសន៍​នៅ​ចម្ការ​ម្រេច​របស់​លោក​នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara

នៅ​ក្នុង​ចម្ការ​ម្រេច​របស់​លោក ងួន ឡាយ មាន​កម្មករ​ប្រុស​ស្រី​ជាង ១០​នាក់ កំពុង​បោច​ស្មៅ ដោយ​ទឹក​មុខ​ញញឹមញញែម។

កម្មករ​មួយ​រួប គឺ​លោកស្រី ហឿង មឿន វ័យ​ជាង ៥០​ឆ្នាំ កំពុង​ដក​ស្មៅ​ក្បែរ​គុម្ព​ម្រេច និយាយ​ថា ការងារ​នៅ​ចម្ការ​ម្រេច​នេះ អាច​ធ្វើ​ឱ្យ​លោកស្រី និង​ក្រុម​គ្រួសារ​រស់​នៅ​បាន​ដោយ​សមរម្យ ពីព្រោះ​ក្រៅ​តែ​ពី​មាន​ចម្ការ​ម្រេច​ដោយ​ខ្លួន​ឯង លោកស្រី និង​កូនៗ ៣​នាក់​ទៀត ឆ្លៀត​មក​ធ្វើការ​បាន​ប្រាក់​ប្រហែល ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ៖ «ខុស​គ្នា​ពាក់​កណ្ដាល​ហើយ ដូច​ថា​ពី​មុន​យើង​យ៉ាប់​អ៊ីចឹង​ទៅ ដល់​ឥឡូវ​វា​ធូរ​ដែរ»

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ បញ្ជាក់​ថា ម្រេច​កំពត ដែល​ផលិត​តាម​ស្តង់ដារ និង​លក់​ចេញ​ទៅ​ផ្សារ​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន ៥៨​តោន។ ប្រហែល​ជា ៧០​ភាគរយ នៃ​ចំនួន​ម្រេច​នេះ ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រហែល ៣០​ភាគរយ​ទៀត សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ ម្រេចស​មាន​តម្លៃ​ខ្ពស់​ជាង​គេ គឺ ២៨​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម ២៥​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ម្រេច​ខ្មៅ ១៥​ដុល្លារ ក្នុង​មួយ​គីឡូក្រាម និង​ម្រេច​បៃតង ៣​ដុល្លារ ក្នុង​គីឡូក្រាម។

​ទោះ​បី​ជា​ម្រេច​កំពត មាន​តម្លៃ​ថ្លៃ​យ៉ាង​ណា​ក៏ដោយ ក៏​ប្រជា​កសិករ​មិន​ទាន់​អាច​ផលិត​ម្រេច​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​នៅ​ឡើយ ដោយសារ​ផ្ទៃដី​ដាំ​ដុះ​មាន​តិច ហើយ​ការ​ដាំដុះ​ទៀតសោត​ក៏​ធ្វើ​តាម​លក្ខណៈ​ប្រពៃណី។

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ រំពឹង​ថា ផ្ទៃដី​ដាំ​ដុះ​ម្រេច​របស់​សមាគម​នឹង​កើន​ឡើង​ជាង ៤០​ហិកតារ ដែល​អាច​នឹង​ផ្ដល់​ទិន្នផល​ចន្លោះ​ពី ៧០ ទៅ ៨០​តោន នៅ​ឆ្នាំ​២០១៦។

តាម​រយៈ​ការ​វិនិយោគ​បន្ថែម​លើ​ផ្ទៃដី​ដាំ​ដុះ​នេះ លោក ងួន ឡាយ បញ្ជាក់​ថា ប្រជាកសិករ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មាន​លទ្ធផល​រក​ចំណូល​បាន​កាន់​តែ​ច្រើន ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក៖ «កសិករ​នៅ​ទី​នេះ ពី​មុន​យើង​អត់​ការងារ​ធ្វើ​អី​អ៊ីចឹង ប៉ុន្តែ​ពេល​មាន​វិនិយោគ​មក​ច្រើន​អ៊ីចឹង គេ​យក​លុយ​រាប់​សែន​រាប់​ម៉ឺន​ដុល្លារ​មក យើង​ក៏​ចាប់​បាន​ដែរ។ ស្លឹក​ដូង​មួយ​ធាង ៥០០ ទៅ ៦០០។ លក់​បាន​ទាំង​អស់។ លាមក​គោ​ពី​មុន​មួយ​បាវ​មួយ​ពាន់​គេ​មិន​ទិញ​ផង ឥឡូវ​បួន​ប្រាំ​ពាន់​មួយ​បាវ។ អ្នក​លក់​កម្លាំង​ពលកម្ម​ក៏​រក​កម្រៃ​បាន»

របាយការណ៍​របស់​ក្រុមហ៊ុន ណេដស្ប៉ាយ (NEDSPICE) ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ឯកជន​ដ៏​ធំ ធ្វើ​ជំនួញ​លើ​ប្រភេទ​បន្លែ​សម្ងួត និង​គ្រឿងទេស មាន​មូលដ្ឋាន​នៅ​ទីក្រុង​រ៉ូធើដាម (Rotterdam) ប្រទេស​ហុល្លង់ (Netherlands) បង្ហាញ​ថា តម្លៃ​ម្រេច​ខ្មៅ​បាន​កើន​ឡើង​ខ្ពស់​ដល់​ចំណុច​កំពូល​មិន​ធ្លាប់​មាន​កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ គឺ​មាន​តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ ក្នុង​មួយ​តោន (១០.៩០០)។ តម្លៃ​នេះ​កើន​ឡើង ៧​ដង បើ​ធៀប​នឹង​ខែ​កក្កដា ឆ្នាំ​២០០៥ ពេល​ដែល​ម្រេច​មាន​តម្លៃ​ទាប​ត្រឹមតែ ១.៥៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។

ប្រទេស​ដែល​មាន​តម្រូវ​ការ​ម្រេច​ច្រើន​ជាង​គេ គឺ​ចិន និង​ឥណ្ឌា ពីព្រោះ​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ប្រជាជន​ច្រើន។ ប្រទេស​ដែល​នាំ​ចេញ​ម្រេច​ច្រើន​ជាង​គេ​លើ​ពិភពលោក គឺ​វៀតណាម។ កាល​ពី​ឆ្នាំ​២០១៤ វៀតណាម ផ្គត់ផ្គង់​ម្រេច​សម្រាប់​ទីផ្សារ​អន្តរជាតិ​ជាង ១៥​ម៉ឺន​តោន (១៥៥.០០០) ដែល​ស្មើ​នឹង ៣៨,៦​ភាគរយ​នៃ​ផលិតកម្ម​ម្រេច​នៅ​លើ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ឃិន យឿន

ពី ភ្នំពេញ

អរគុណដែលបានផ្សាយពត៌មាននេះ ក្នុងនាមខ្ញុំជាអ្នកសេដ្ឋកិច្ច និងទីផ្សារ ខ្ញុំមានមោទនភាពណាស់ដែលបានដឹងពីពត៌មាននេះ

Dec 04, 2015 08:05 PM

គេហទំព័រ​ទាំងមូល