កម្លាំង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ឃ្លាំ​មើល​សកម្មភាព​របស់​ព្រះសង្ឃ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​ព្រំដែន

ដោយ ថា កិត្យា
2015-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) ព្រះតេជព្រះគុណ លី ច័ន្ទនេន ព្រះតេជព្រះគុណ យិន រតនសុធាវី ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ការ​គំរាម​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​ដោយសារ​ផ្ដល់​ជម្រក​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី នា​វត្ត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
(ពី​ឆ្វេង) ព្រះតេជព្រះគុណ លី ច័ន្ទនេន ព្រះតេជព្រះគុណ យិន រតនសុធាវី ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ការ​គំរាម​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​ដោយសារ​ផ្ដល់​ជម្រក​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី នា​វត្ត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ឃ្លាំមើល​ការ​ដង្ហែ​អង្គ​កឋិន​ចេញ​ពី​វត្ត​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ ទៅ​កាន់​វត្ត​ដូង នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ស្ថិត​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នោះ ថា​ជា​ការ​គំរាមកំហែង។

អនុ​ប្រធាន​អង្គការ "ខ្ញុំ​ខ្មែរ" គឺ​ព្រះតេជព្រះគុណ យិន រតនសុធាវី ដែល​ជា​អ្នក​ផ្តើមបុណ្យ គង់​នៅ​វត្ត​ស្ទឹងមានជ័យ មាន​ថេរដីកា​ថា ការ​ធ្វើ​បុណ្យកឋិន​ដង្ហែ​ទៅ​វត្ត​ដូង នៅ​ជិត​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នោះ គឺ​ដើម្បី​បាន​ថវិកា​កសាង​វត្ត​ផង និង​នាំ​យក​គ្រឿង​ឧបភោគ និង​បរិភោគ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ព្រំដែន ដែល​រដ្ឋាភិបាល​មើល​មិន​ឃើញ​ផង។ ប៉ុន្តែ​បែរ​ជា​មាន​កម្លាំង​អាជ្ញាធរ​ប្រមាណ​ជាង ៥០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ហាក់បីដូចជា​ពិធី​បុណ្យ​កឋិន​នោះ បង្កើត​ចលាចល​អ្វី​មួយ ហើយ​ត្រៀម​បង្ក្រាប​ភ្លាមៗ។ យ៉ាង​ណា​ក៏ដោយ ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​ឲ្យ​ពិធី​បុណ្យ​នោះ​ផ្អាក​ដំណើរការ​ឡើយ។

​ព្រះតេជព្រះគុណ យិន រតនសុធាវី៖ «គេ​គំរាម​គំហែង​ដោយសារ​អាត្មា​មិន​សំចៃ​មាត់​ក្នុង​ការ​និយាយ​ពី​សង្គម​ពិតៗ ដែល​ប្រជាពលរដ្ឋ​ខ្វះខាត​តោកយ៉ាក​លំបាក​ប្រាណ អត់​មានផ្ទះ​សម្បែង​ស្នាក់​នៅ​តាម​ព្រំដែន ហើយ​ក៏​អត់​មាន​អ្នក​ណា​ទៅ​កសាង​វត្ត​នៅតាម​បណ្តោយ​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​ដែរ។ សូម្បី​តែ​អាត្មា​ហែរ​ពី​វត្ត​ស្ទឹងមានជ័យ ទៅ​ហ្នឹង ក៏​មាន​អាជ្ញាធរ​នៅ​ខណ្ឌមានជ័យ មក​កត់​លេខ​ឡាន ថត​អាត្មា និង​សួរនាំ​ពី​បច្ច័យ​បាន​ប៉ុន្មាន ដើម្បី​រាយការណ៍​ទៅ​ថ្នាក់លើ​របស់​គេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

កន្លង​មក តំបន់​ព្រំដែ​កម្ពុជា-​វៀតណាម នៅ​ឃុំ​ដូង ស្ថិត​ក្នុង​ស្រុក​រមាសហែក ធ្លាប់​ពើប​ប្រទះ​ស្ថានភាព​តានតឹង​ដោយសារ​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​រក​ឃើញ​ថា វៀតណាម បាន​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ។ ព្រះសង្ឃ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គប្បី​ធ្វើ​ការ​អភិវឌ្ឍ​នូវ​រាល់​ភូមិ​ស្រុក​ទាំង​អស់ ជាពិសេស​វត្ត​អារាម​នៅ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន ទាំង​ព្រំដែន​ថៃ និង​ព្រំដែន​វៀតណាម ដើម្បី​ជា​បង្គោល​ព្រំដែន​ដ៏​រឹង​មាំ​សម្រាប់​ការពារ​បូរណភាព​ទឹក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល