ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី​នៅ​តែ​ស្នើសុំ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​កម្ពុជា

ដោយ សុជីវី
2020-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​នៅ​ម៉ាឡេស៊ី នៅតែ​ស្នើសុំ​ដល់​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ពួកគេ​បាន​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ព្រោះ​ការរស់នៅ​ទីនោះ​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា រដ្ឋាភិបាល មាន​កាតព្វកិច្ច គាំពារ និង​ទទួលយក​ពលរដ្ឋ​របស់​ខ្លួន​ដែល​មាន​បំណង​វិល​ចូល​ប្រទេស​កំណើត​វិញ។

ប្រជាពលរដ្ឋ​ខ្មែរ​១៥០​នាក់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាម​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ចូល​កម្ពុជា​នោះ ត្អូញត្អែរ​ថា ពួកគេ​មួយ​ចំនួន កំពុង​ជួប​ការ​លំបាក​ពុំ​មាន​កន្លែង​ស្នាក់នៅ និង​គ្មាន​ថវិកា​ទិញ​អាហារ​ហូបចុក​ជាដើម ហើយ​ពួកគេ នៅ​តែ​មាន​បំណង​ចង់​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​ដដែល។

និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ គឺ​លោក ស្លេះ សាព្រី ប្រាប់​អាស៊ីសេរី​ថា លោក​មាន​ការ​ខកចិត្ត​និយាយ​លែង​ចេញ​នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ភ្លាមៗ មិន​ឱ្យ​យន្តហោះ​ដឹក​ពួក​លោក​ចូល​ទឹកដី​កម្ពុជា ខណៈ​ពួក​លោក​កំពុង​ត្រៀម​ឡើង​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៅ​ហើយ​នោះ​។ លោក​បន្ត​ថា អ្នកដំណើរ​ខ្លះ​ហួសចិត្ត​អង្គុយ​ស្រែកយំ ដោយសារ​ពួកគាត់​ម្នាក់ៗ ខំ​វេច​បង្វេច និង​ចំណាយ​លុយ​អស់​ជាង ២​រយ​ដុល្លារ​សម្រាប់​ថ្លៃ​សំបុត្រ​យន្តហោះ​បូករួម​ទាំង​ថ្លៃ​ធ្វើដំណើរ​ពី​កន្លែង​ស្នាក់​ក្នុង​តំបន់​ឆ្ងាយៗ​ទៅ​វាល​យន្តហោះ​ជាដើម៖ «ក្នុងចំណោម​អ្នកដំណើរ​នោះ​មាន​គ្រប់​ទាំងអស់ មាន​ទាំង​សិស្ស​និស្សិត មាន​ទាំង​ប្រជាជន​ធម្មតា ហើយ​មាន​អ្នក​មក​ទេសចរណ៍ ហើយ​ជិត​អស់ វី​សារ​ដែល​ចង់​ទៅ​វិញ ហើយ​មាន​ទាំង​អ្នក​មក​រក​ស៊ី​ធម្មតា​ចេញចូល​អីចឹង ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​ត្រឡប់​ទៅវិញ​នេះ​ដោយសារ​អត់​មាន​ការងារ​ធ្វើ​ទេ ព្រោះ​ឥឡូវ​គេ​បិទ​អស់ហើយ ដល់​ចឹ​ង​ទៅ គាត់​អត់​មាន​លុយ​មានអី​នៅ​ចាយ​ទេ ដូច្នេះ​គាត់​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខំ​ទិញ​សំបុត្រ​យន្តហោះ ហើយ​អ្នកខ្លះ​ខំ​ជិះ​ឡាន​មក​ព្រលាន​យន្តហោះ​អស់​លុយ​ឡើង​ច្រើន។ និយាយ​ទៅ​ដើម្បី​រត់ការ​បាន​ទៅ​ស្រុក​នេះ​អស់​លុយ​ច្រើន​ណាស់ ព្រោះ​នៅ​នេះ​ក៏​មិន​ដឹង​នៅ​ធ្វើ​អី​ដែរ»

និស្សិត​ខ្មែរ​រូប​នេះ បញ្ជាក់​ថា ទាំង​លោក និង​អ្នកដំណើរ​ផ្សេងទៀត​នៅតែ​ចង់​ទៅ​ប្រទេស​កម្ពុជា​វិញ រហូត​មាន​ពលរដ្ឋ​ជាង​១០​នាក់ មិន​ព្រម​ចាក​ចេញពី​វាយ​យន្តហោះ​តាំង​ពី​ព្រឹក​រហូតដល់ យប់​ថ្ងៃ​ទី​៧ ខែ​មេសា ក្រែង​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ចិត្ត​អនុញ្ញាត​ឱ្យ​យន្ត​យ​ហោះ​ដឹក​ពួកគាត់​ទៅ​កម្ពុជា​វិញ​។ លោក ស្លេះ សាព្រី បន្ត​ថា មូល​ហេតុ​ដែល​អ្នកខ្លះ​ដាច់​ខាត់ ត្រូវតែ​ទៅ​កម្ពុជា​នោះ ព្រោះ​ពួកគាត់​ខ្លះ គ្មាន​ថវិកា​សម្រាប់​ធ្វើដំណើរ​ត្រឡប់​ទៅវិញ និង​គ្មាន​ថវិកា​សម្រាប់​ទិញ​អាហារ​បរិភោគ និង​ជួល​កន្លែង​ស្នាក់នៅ​ថ្មី ក្រោយ​គ្មាន​ការ​ធ្វើ ហើយ​អ្នក​ខ្លះ​ទៀត​ប្រឈម​ផុត​ទិដ្ឋាការ (Visa) ស្នាក់នៅ។ លោក​ឱ្យ​ដឹង​ដែរ​ថា ចំណែក​ស្ថានទូត​កម្ពុជា​វិញ ក៏​មិនបាន​ជួយ​ពួកគាត់​គ្រប់គ្រាន់​នោះ​ដែរ ទោះបីជា​ពួកគាត់​ស្នើសុំ​ជំនួយ​ក្តី​៖ «ខ្ញុំ​បាន​ទាក់ទង​ទៅ​ខ្លួនឯង ហើយ​មិត្តភ័ក្ដិ​ផ្សេង ក៏​គេ​ទាក់ទង​ទៅ​(​ទាក់ទង​ស្ថានទូត​)​ដែរ ប៉ុន្តែ​ដូចជា​អត់​មានអី​ដូច​ថា ម្ហូបអាហារ​អី​អត់​ទាន់​ពេល​ទេ ព្រោះថា យើង​នៅ​តាំង​ពី​ព្រឹក​រហូតដល់​យប់​ទៀត គឺ​គាត់​នៅតែ​អត់បាយ​អ៊ីចឹង ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​យក​លុយ​ខ្លួនឯង​ផ្ទាល់​ទិញ​បាយ​ចែកជូន​ពួកគាត់​ជាង​១០​នាក់»

និស្សិត​ខ្មែរ​ម្នាក់ទៀត គឺ​កញ្ញា រ៉ម៉ាសា វ៉ារីតី អាយុ​២១​ឆ្នាំ និយាយ​ថា នាង​បាន​ត្រឡប់​ទៅ​ស្នាក់​នៅផ្ទះ​ម្តាយ​ធម៌​បណ្ដោះអាសន្ន ប៉ុន្តែ​នាង​នៅតែ​ចង់​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ទោះបីជា​រដ្ឋាភិបាល​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ ក៏ដោយ​។ និស្សិត​ស្រី​រូប​នេះ រំពឹង​ថា រដ្ឋាភិបាល នឹង​ពិចារណា​ឡើងវិញ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ម៉ាឡេស៊ី​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​កម្ពុជា​ក្នុង ពេល​ឆាប់ៗ​បំផុត៖ «នៅ​ម៉ាឡេស៊ី​ឥឡូវ​គឺ​អត់​ឱ្យ​ធ្វើការ​ទេ ហើយ​គេ​ជួយ​តែ​ប្រជាជន​គេ​ទេ ហើយ​យើង​នៅ​ពិបាក​ណាស់​។ សម្រាប់​ខ្ញុំ​ជា​កូនសិស្ស​មិន​អី​ទេ មាន​បាយ​ស៊ី មានអី តែ​អ្នក​មក​ធ្វើការ គឺ​គាត់​ពិបាក​ត្រូវ​ជួល​ផ្ទះ ត្រូវ​អី ហើយ​អ្នកខ្លះ​ធ្វើការ​បាន​ហូប​តែមួយ​ខែៗ ហើយ​ពេល​បាន​ទិញ​សំបុត្រ​យន្ត​ហៅ​ទៅ​ខ្មែរ​នេះ គឺ​និយាយ​រួម​វា​ថ្លៃ​បន្តិច​ដែរ ដូច​ថា គាត់​ខំ​ប្រមូល លុយ​ប្រមូល​អី​ទិញ​សំបុត្រ​យន្តហោះ​សុខចិត្ត​ទៅ​ខ្មែរ​វិញ​អ៊ីចឹង​ហា ទោះ​វា​ថ្លៃ​ម៉េច​ក៏ដោយ​ត្រូវតែ​ទិញ តែ​ដល់​ពេល​លុប​ចោល​ភ្លាមៗ​ចឹ​ង ពិបាក​ដែរ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បដិសេធ​ក្នុង​ការ​ឆ្លើយតប​ជាមួយ​អាស៊ីសេរី​ដែល​សួរនាំ​អំពី​ស្ថានភាព​ល​រដ្ឋ​ខ្មែរ និង​វិធានការ ក្នុង​ការ​ជួយ​អន្តរាគមន៍៖ «សុំទោស​បង​មន្ត្រី​យើង​អត់​ធ្វើការ​ផង ដោយសារ​នៅ​ម៉ាឡេស៊ី​គេ​បិទ​ប្រទេស​ហើយ។ ខ្ញុំ​គ្រាន់តែ​ចាំ​លើក​ទូរស័ព្ទ​ពលរដ្ឋ​ខ្មែរ ដែល​មាន​បញ្ហា ដូច្នេះ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ»

ទោះ​យ៉ាងណា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​៧ ខែ​មេសា មន្ត្រី​ស្ថានទូត​បាន​ចុះទៅ​សម្របសម្រួល​ផ្ទាល់​ដល់​ព្រលាន​យន្តហោះ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់​ចុងក្រោយ​ដែល​មិនបាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ឱ្យ​បាន​វិល​ទៅកាន់​ទីកន្លែង​ដែល​ពួកគាត់​កំពុង​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​រហូតដល់ មានការ​ជូនដំណឹង​ជាថ្មី​ពី​ស្ថានទូត​។ ស្ថានទូត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មានការ​យោគយល់ អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​។​

កាលពី​ទី​៧ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ប្រកាស​ថា កម្ពុជា​តូច​តែ​បេះដូង​ធំ ដោយ​ក្លាហាន​ទទួល​ស្វាគមន៍​អ្នកដំណើរ​បរទេស​ទាំង​កប៉ាល់​ទឹក​និង​កប៉ាល់​អាកាស​ដោយ មិន​ខ្លាច​ជំងឺឆ្លង​នោះ បាន​ប្រកាស​ភ្លាមៗ​ផ្អាក​ជើង​យន្តហោះ​ដឹក​ពលរដ្ឋ​ខ្មែរ​១៥០​នាក់​ពី​ប្រទេស​ម៉ាឡេស៊ី​។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ផ្អាក​នេះ ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​កូវីដ-១៩​៖ «យើង​អត់​ដឹង​ថា ១៥០​នាក់ មាន​អ្នកណា​ខ្លះ​ឆ្លង​ទេ។ បន្ទាប់ពី​នឹង​ទៅ​ត្រូវ​ធ្វើ​អី អ៊ីចឹង​ភ្នំពេញ​នឹង​ក្លាយទៅជា​សំបុក​ជំងឺ​គួរ​ឱ្យ​ខ្លាច។ ខ្ញុំ​សង្ឃឹមថា បងប្អូន និង​សាច់ញាតិ មេ​ត្ត​យោគយល់​ដល់​ការ​លំបាក​របស់​ជាតិ។ ខ្ញុំ​គិត​ថា ពេលវេលា​នេះ មិនបាន​ស្លាប់​ដូច​ជំនាន់​អាពត​ទេ កុំ​ឆ្ងល់​ពេក»

ការ​សម្រេច​របស់​លោក ហ៊ុន សែន បាន​បណ្ដាល​ឱ្យ​មាន​ខកចិត្ត​និង​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល គួរតែ​ថ្លឹងថ្លែង ឱ្យ​បាន​ច្បាស់​លាស់​អំពី​ផល​ប៉ះពាល់​រវាង​ការអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រទេស និង​ការ​សុខចិត្ត​ឱ្យ​ពួកគាត់​រស់នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត​។ លោក​ពិនិត្យ​ឃើញ​ថា ប្រសិនបើ​ពូក​គាត់ បន្ត​រស់នៅ​ម៉ាឡេស៊ី​ទៀត គឺ​អាច​ប្រឈម​បញ្ហា​ជាច្រើន​ដូចជា គ្មាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ដោយសារ​គ្មាន​ការងារ​ធ្វើ ប្រឈម​បញ្ហា​ផ្លូវច្បាប់​ដោយសារ​ផុត​សុពលភាព​លិខិត​ស្នាក់នៅ និង​ធ្វើការ ប៉ះពាល់​ផ្លូវចិត្ត ខាត់​បង់​ថវិកា​ដែល​ខំ​រក​យ៉ាង​លំបាក​ទម្រាំ​គ្រប់​ទិញ​សំបុត្រ​យន្តហោះ និង​ពិបាក​ស្វែង​រក​ជួល​បន្ទប់​ស្នាក់នៅ​ថ្មី​ក្នុង​ពេល​រដ្ឋាភិបាល​ម៉ាឡេស៊ី កំពុង​ដាក់​បម្រាម​គោចរ​ក្នុង​ប្រទេស៖ «បើ​ប្រៀបធៀប​ឱ្យ​គាត់​ត្រឡប់មកវិញ​ត្រឹម​ចំនួន​១៥០​នាក់ យើង​រៀបចំ​ផែនការ​ការពារ​ទៅ តើ​ថវិកាជាតិ​អស់​ប៉ុន្មាន​? គ្រប់គ្នា​សុទ្ធតែ​បង់ពន្ធ​ជូន​រដ្ឋ នៅ​ពេល​ដែល ពលរដ្ឋ​មាន​បញ្ហា គួរតែ​យក​លុយ​ទាំងអស់​នោះ​ក៏ដូចជា​កន្លងមក​យើង​ឃើញ​ថា ជំនួយ​សប្បុរសធម៌​មាន​អ្នកខ្លះ​រហូតដល់​៥០​ម៉ឺន​ដុល្លារ ចុះ​ត្រឹមតែ​សម្រាប់​ពលរដ្ឋ ១៥០​នាក់ គ្រាន់តែ​រៀបចំ ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក មាន​ធនធាន​ពេទ្យ មាន​ធនធាន​ឧបករណ៍ មាន​ធនធាន​ការ​តាមដាន និង​ធនធាន​ការ​ទំនុកបម្រុង​ភ្នែក​ស្បៀងអាហារ យើង​ធ្វើ​អត់​កើត​ឬ​ម៉េច​? យើង​គិត​ថា បើ​អនុញ្ញាត ឱ្យ​គាត់​មក គឺ​ពលរដ្ឋ​ទាំង​១៥០​នាក់​នេះ​អត់​រង​ផល​ប៉ះពាល់ ឬ​អត់​រង​ការ​លំបាក​ទេ គ្រាន់តែ​រដ្ឋ​មាន​តួនាទី មែនទែន​ទៅ​រដ្ឋ មាន​កាតព្វកិច្ច​ដោយ​ធានា​ទាំង​អាយុជីវិត ធានា​ទាំង​សិទ្ធិ​សេរីភាព ធានា​ទាំង​សុខ​សុវត្ថិភាព​ពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ត្រឡប់​មក​វិញ»

លោក ឌី ថេហូយ៉ា ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វិល​ចូល​ប្រទេស​ក្នុង​គ្រា​ដ៏​លំបាក​នេះ ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​និង​ការ​យកចិត្ត​ទុក ដាក់​ចំពោះ​ពលរដ្ឋ៖ «រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ថែទាំ ការពារ និង​គាំពារ ដូច្នេះ​គេ​មិនដែល​ហាម​ពលរដ្ឋ​ខ្លួនឯង មិន​ឱ្យ​ចូល​ប្រទេស​ទេ គេ​ហាម​តែ​ជនបរទេស​មិន​ឱ្យ​ចូល ដូច នៅ​ប្រទេស​ថៃ​អ៊ីចឹង ហាម​ជនបរទេស​មិន​ឱ្យ​ចូល​ស្រុកថៃ តែ​បើក​ឱកាស​ឱ្យ​ជនជាតិ​ថៃ ត្រឡប់​ទៅ​ស្រុកទេស​គេ​វិញ។ នេះ​គឺជា​គោលការណ៍​ទូទៅ​ហើយ​ក្នុង​នាម​រដ្ឋ​ទទួល​ខុសត្រូវ​និង​ឆ្លើយតប បំពេញ​កាតព្វកិច្ច​ជា​អ្នក​បម្រើ​សេវា​ផង និង​ជា​អាណាព្យាបាល​ផង»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ការ​បដិសេធ​របស់​លោក ហ៊ុន សែន ដែល​មិន​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​។ គណបក្សប្រឆាំង​មួយ​នេះ ចាត់​ទុក​ការសម្រេច​របស់​លោក ហ៊ុន សែន ថា​បង្ហាញ​ពី​ភាព​ទន់ខ្សោយ ការ​មិន​ទទួលខុសត្រូវ និង​ជា​ទង្វើ​អមនុស្សធម៌ មក​លើ​ពលរដ្ឋ​ខ្លួន​ឯង ដែល​ផ្ទុយ​ពី​មេដឹកនាំ​នៅ​លើ​ពិភពលោក​ទាំងស្រុង ដែល​ចាត់វិធានការ​ជម្លៀស​ពលរដ្ឋ​របស់​គេ ចេញពី​ប្រទេស​ដែល​កំពុង​មាន​ការ​ឆ្លង​រីក​រាល​ជំងឺ​កូវីដ-១៩ ខ្លាំង ដើម្បី​សុវត្ថិភាព​និង​សេចក្ដី​សុខ​ពលរដ្ឋ។ គណបក្ស​ប្រឆាំង ស្នើសុំ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ពិចារណា​បើកផ្លូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​វិល​ចូល​ទៅ​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល