ក្រុមអង្គការសង្គមស៊ីវិល និងសហជីពរកឃើញថា កម្មករធ្វើការក្នុងវិស័យកាត់ដេរ ធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក និង គ្មានលទ្ធភាពសងបំណុលវិញ ទាល់តែសោះ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ (Covid-19)។ ទោះជាយ៉ាងណា តំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុថា របាយការណ៍នេះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងស្រុងនោះទេ។
អង្គការលីកាដូ ចេញផ្សាយរបាយការណ៍សង្ខេបមួយថា កម្មករក្នុងវិស័យកាត់ដេរ បានធ្វើការងាររហូតដល់ជំពាក់បំណុលវ័ណ្ឌក ខណៈ កម្មករ កំពុងប្រឈមមុខ នឹងការខ្ចីបំណុលច្រើនលើសលុប ជាបន្តទៀត។
អង្គការលីកាដូ លើកឡើងក្នុងរបាយការណ៍នេះថា កម្មករ កម្មការិនីរោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩។ បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ អង្គការដដែលបន្តថា ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។
របាយការណ៍សង្ខេបស្ដីពីភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជានេះ គឺអង្គការលីកាដូ បានធ្វើការរួមគ្នាជាមួយសម្ព័ន្ធសហជីពកម្ពុជា និងអង្គការសង់ត្រាល់ ដោយស្ទង់មតិកម្មករ កម្មការិនី ច្រើនជាង ១៥០នាក់ នៃរោងចក្រចំនួន៣ ដែលបានព្យួរការងារកម្មករ។
ក្នុងរបាយការណ៍បញ្ជាក់ថា ក្នុងចំណោមកម្មករ កម្មការិនី ដែលត្រូវបានស្ទង់មតិទាំងអស់ មានតែ៤នាក់គត់ ដែលមិនជំពាក់បំណុល។ ដោយឡែកស្ទើរតែទាំងអស់នៃអ្នកដែលបានស្ទង់មតិ សុទ្ធតែអះអាងថា ពួកគេគ្មានលទ្ធភាពសងបំណុល វិញទេ ប្រសិនបើការងាររបស់ពួកគាត់បន្តព្យួរ។ កម្មករ កម្មការិនី បន្តថា ជីវភាពរស់នៅ សព្វថ្ងៃ ជួបការលំបាកខ្លាំងជាង មុនពេលជាប់ជំពាក់កម្ចីឥណទាន។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់អាស៊ីសេរី ថា គោលបំណង សំខាន់នៃការចេញផ្សាយរបាយការណ៍នេះ គឺ ដើម្បីដាក់ទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ឲ្យជួយដោះស្រាយ បញ្ហាបំណុលរបស់កម្មករ និងលទ្ធភាពសងបំណុល ទៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសងអ្នកចងការប្រាក់ក្រៅប្រព័ន្ធ ដែលវាបានក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់កម្មករ ក្នុងពេលគ្មានការងារធ្វើ។
លោក ឃុន ថារ៉ូ បន្តថា កម្មករគ្មានលទ្ធភាព សងបំណុល ព្រោះពួកគេ គ្មានប្រាក់ចំណូលបន្ថែមទៀត ក្រៅពីប្រាក់ឧបត្ថម្ភ ៤០ភាគរយ ពីរដ្ឋាភិបាល និងថៅកែ។ លោក រកឃើញទៀតថា កម្មករខ្លះ មិនបានយកប្រាក់ ៤០ភាគរយ ស្មើប្រមាណ ៧០ដុល្លារនោះ ទៅចំណាយជីវភាពប្រចាំថ្ងៃទេ ដោយស៊ូទ្រាំ កាត់បន្ថយការហូបចុក និងរត់ទៅខ្ចីប្រាក់ពី អ្នកចងការឯកជនបន្ថែម ដើម្បីយកមកសងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ៖«ការហូបចុករបស់គាត់(កម្មករ) គឺមានការកាត់បន្ថយខ្លាំង ដើម្បីឲ្យគាត់ អាចមានលទ្ធភាពសន្សំលុយ ពីការកាត់បន្ថយនៃការហូបចុករបស់គាត់ហ្នឹង ក្នុងការស្វះស្វែងរក និងកម្ចីការប្រាក់ខាងក្រៅ និងការសន្សំតិចតួចស្ដួចស្ដើង ដែលគាត់មាននឹង បង់ទៅបំណុលរបស់គាត់ ដែលគាត់ជំពាក់នៅមីក្រូហិរញ្ញវត្ថុហ្នឹង»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ក្នុងរបាយការណ៍ថា កម្មករ កម្មការិនី រោងចក្រកាត់ដេរ បានខិតខំធ្វើការងារយ៉ាងខ្លាំង ដើម្បីមានលទ្ធភាពផ្គត់ផ្គង់អាហារបរិភោគដល់ក្រុមគ្រួសាររបស់ពួកគាត់ តែពេលនេះ ពួកគាត់ស្ទើរតែមិនអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯង។ អ្នកស្រី ព្រួយបារម្ភថា ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុល ឬកិច្ចគាំពារផ្នែកសង្គមទេ កម្មករនឹងកាន់តែជួបការលំបាកកាន់តែខ្លាំងឡើងៗ។
ឆ្លើយតបរបាយការណ៍នេះ ប្រធានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មានប្រសាសន៍ថា ខាងសមាគមបានទទួលរបាយការណ៍នេះហើយ និងយល់ថា របាយការណ៍នេះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងស្រុង និងពិបាកឲ្យជឿថា ពិតប្រាកដ ឬអត់។ លោក កាំង តុងងឺ បន្តថា ខាងសមាគមទទួលស្គាល់ថា កំឡុងពេលនេះពលរដ្ឋខ្មែរ និងកម្មករ កំពុងជួបប្រទះវិបត្តិផ្សេងៗ ដោយសារជំងឺកូវីដ១៩ តែខាងសមាគមកំពុងជួយគ្រប់អតិថិជន ដែលភាគច្រើនជាកម្មកររោងចក្រ។
លោកឲ្យដឹងថា អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាងពីរសែន ពីរម៉ឺន (២២០.០០០) នាក់ បានរៀបចំកម្ចីសារឡើងវិញ ឬទទួលបានការផ្អាកសងបំណុល ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយភាគច្រើនគឺជាកម្មករជួបវិបត្តិកូវីដ១៩។ លោក កាំង តុងងឺ ជំរុញឲ្យកម្មករ ដែលបន្តរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ស្នើសុំទៅមីក្រូហិរញ្ញវត្ថុសាមី ដើម្បីរៀបចំកម្ចីសារឡើងវិញ៖ «ហើយយើងឃើញថា បើទោះជាក្នុងឥណទានមួយចំនួន ដែលយើងតម្រូវឲ្យអតិថិជនដាក់ប្លង់បញ្ចាំ ឬក៏ទ្រព្យបញ្ចាំ គឺយើងយកតែឯកសារទេ។ ដោយឡែកទ្រព្យសម្បត្តិ ដែលជាទ្រព្យបញ្ចាំទាំងអស់ គឺអតិថិជន គាត់នៅតែប្រើប្រាស់ដដែល។ យើងធ្វើកន្លងមក គឺជាអ្វី គិតថា យើងបានធ្វើច្រើនមកហើយ ហើយជាពិសេសការរៀបចំឥណទានឡើងវិញនេះ គឺថា ក្នុងរយៈពេល ៣ខែ តាំងពីខែមីនាមក យើងបានធ្វើរឿងនេះ យ៉ាងសកម្មមែនទែនជាមួយសមាជិករបស់យើង»។
លោក ឃុន ថារ៉ូ ប្រាប់ថា អង្គការ និងសហជីព នឹងបញ្ជូនរបាយការណ៍នេះ ទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំឲ្យរកដំណោះស្រាយរួមគ្នា ជួយដល់កម្មករវិស័យកាត់ដេរ ដែលកំពុងគ្មានលទ្ធភាពសងបំណុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។