ក្រសួង​មហាផ្ទៃ​ប្រកាស​បើក​ដំណើរការ​វិទ្យុ​និង​ទូរទស្សន៍​តម្លៃ​៣០​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ

ដោយ ចេង ម៉េងជូ
2015-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Chin Chetha

ក្រសួង​មហាផ្ទៃ នឹង​បើក​ដំណើរការ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ផ្ទាល់​ខ្លួន បន្ទាប់ពី​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន មួយ​ក្នុងតម្លៃ ៣០​លាន​ដុល្លារ នៅ​ឆ្នាំ​ក្រោយ​នេះ។  មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ស្ថានីយ​វិទ្យុ ទូរទស្សន៍​នេះ ជា​ស្ថាប័ន​រក​ប្រាក់​ចំណូល​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម។

ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ​ថា ឆាយណា ហ៊្វូជៀន ចុងយ៉ា ខាលឆឺ មីឌា (CHINA FUJIAN ZHOUNGYA CULTURE MEDIA) ប្រកាស​បើក​ដំណើរការ​វិទ្យុ និង​ទូរទស្សន៍​ក្រសួង​មហាផ្ទៃ ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មួយ​នេះ មាន​ទំហំ​ទឹក​ប្រាក់ ៣០​លាន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន​ចិន ដែល​បាន​ដាក់​ទុន​វិនិយោគ​នេះ ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

យ៉ាង​ណា​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ទឹក​ប្រាក់ ៣០​លាន​ដុល្លារ​នេះ​ជា​របស់​ក្រុមហ៊ុន​ចិន ទាំង​ស្រុង រី​ឯ​ភាគី​ក្រសួង​រ៉ាប់រង​ផ្ដល់​ទីតាំង​សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នេះ។ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ដែរ​ថា វិទ្យុ និង​ទូរទស្សន៍​នេះ ជា​ស្ថានីយ​រក​ប្រាក់​ចំណូល​ដោយ​ទទួល​ផ្សាយ​ពាណិជ្ជកម្ម​ដូច​ទូរទស្សន៍​ឯកជន​ដទៃ​ទៀត​ដែរ។

លោក ខៀវ សុភ័គ ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ចំណូល ៥១% នៃ​ប្រាក់​ចំណូល​សរុប​ដែល​ទទួល​បាន​នឹង​ក្លាយ​ជា​ថវិកា​ជាតិ ចំណែក ៤៩% ទៀត នឹង​ក្លាយ​ជា​របស់​ក្រុមហ៊ុន​ចិន។

អ្នក​នាំ​ពាក្យ​រូប​នេះ ថ្លែង​ថា ក្រសួង​មហាផ្ទៃ បាន​ត្រៀម​គម្រោង​នេះ​ប្រមាណ​ពីរ បី​ឆ្នាំ​មក​ហើយ ដោយសារ​យល់​ឃើញ​ថា ការ​ផ្ដល់​ម៉ោង​ផ្សាយ​ពី​សំណាក់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ដទៃ​ដល់​ក្រសួង​មហាផ្ទៃ នៅ​ពេល​បច្ចុប្បន្ន​មិន​ទាន់​គ្រប់គ្រាន់៖ «ពេល​ម៉ោង​ដែល​គេ​មើល​ព័ត៌មាន​ហ្នឹង គេ​មិន​ឲ្យ​យើង​ទេ គេ​ទុក​របស់​គេ​ហើយ ធម្មតា​យើង ទូរទស្សន៍​គេ​អ៊ីចឹង បើ​កាល​ណា​យើង​សុំ​គេ​អ៊ីចឹង អ៊ីចឹង​បាន​ជា​យើង​ចង់​មាន​មួយ​ដោយ​ឡែក»

​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​កម្មវិធី​ផ្សាយ លោក ខៀវ សុភ័គ បង្ហាញ​ថា វិទ្យុ និង​ទូរទស្សន៍​ថ្មី​នេះ នឹង​ផ្ដោត​សំខាន់​លើ​វិស័យ​សន្តិសុខ​ជាតិ និង​វិស័យ​ផ្សេងៗ​ទៀត​ទៅ​តាម​តម្រូវការ និង​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាពលរដ្ឋ ដូច​ស្ថានីយ​ក្នុង​ស្រុក​ដទៃ​ទៀត​ដែរ។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ សាទរ​ចំពោះ​ការ​ដែល​ក្រសួង​មហាផ្ទៃ មាន​ស្ថានីយ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន​បែប​នេះ ហើយ​លោក​ជំរុញ​ឲ្យ​ក្រសួង​ដទៃ​ទៀត មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន​ដូច​គ្នា​នេះ​ដែរ៖ «យើង​ស្វាគមន៍​ជានិច្ច​នូវ​ការ​បើក​ទូលាយ​នូវ​ព័ត៌មាន។ អ៊ីចឹង​បើ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន ទោះបីជា​ឯកជន​ក្ដី របស់​រដ្ឋ​ក្ដី គឺ​ការ​ចែកចាយ​ព័ត៌មាន​ដល់​សាធារណជន​កាន់​តែ​ទូលំទូលាយ»

​តាម​តួលេខ​របស់​ក្រសួង​ព័ត៌មាន ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១២ កម្ពុជា​មាន​ស្ថានីយ​វិទ្យុ ១៦៦ និង​ស្ថានីយ​ទូរទស្សន៍​សរុប​ចំនួន ៧៤ កំពុង​ផ្សាយ​ផ្ទាល់ និង​ផ្សាយ​បន្ត​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ចំណាយអត់បានការ ក្រសួងកុលសម្ពន្ធនៅតែគ្មានស្មារតីពេញលេញបំរើជាតិ (ក្នុងបក្សក៏បែកខ្ញែកទៅទៀត)។ ប្រជាជនគ្មានអាវុធ ដែលរងគ្រោះនិងស្លាប់ក្រោមការបង្ក្រាបពីអាជ្ញាធរ នៅតែមីនបានទទួលយុត្តិធម៌។ គ្មានយុត្តិធម៌គ្មានសន្តិភាព។ យុត្តិធម៌និងប្រជាធិបតេយ្យផ្ដាច់ការ មានមិនយូរទេ។

Jul 30, 2015 07:13 AM

អ្នក​អាន​អនាមិក

ស្តាប់ទៅទំនងដែរ តែអត់អីអីពិបាកទេ សម្រាប់អ្នកមានលុយនោះ កុំថាត្រឹមបង្កើតមួយពីរបីនោះ គេអាចដាក់គ្រប់ស្រុកគ្រប់ឃុំក៏បាន​ដែរ​តែវានៅត្រង់ថាធ្វើមក បង្កើតឡើងមកនោះក្នុងគោលបំណងអី ដើម្បី​ជាតិមាតុភូមិខ្មែរ ឫដើម្បីបក្សអញ ឫក៏ដើម្បីខ្លួនអញ យើងមើលវិទ្យុ​ទូរទស្ទន៌ខ្មែរយើងស្ទើរតែទាំងអស់ គេធ្វើអី និយាយអី ផ្សាយអី គឺ​គេ​​ធ្វើដើម្បីប្រយោជន៌ជាតិជាធំមែនទេ ទោះបើជាទៅខាង​មុខជាតិ​ប្រជាជនវិនាស ហិនហោច ខ្លោចផ្សាយ៉ាងណាក៏មិនខ្វល់ដែរ ធ្វើ​មេច​​អោយតែបានអញ ឧទាហរណ៌ ការផ្សាយពាណិជ្ជកម្មស្រា តើវា​ពិតជាជួយសង្គមជាតិអោយឈានទៅរកភាពរីកចំរើនទេ ការដែលមិន​សង្ហាញ​​ពីភាពហិនហោចនែសម្បត្តិធម្មជាតិ ដូចជាព្រៃភ្នំរបៀបរាល់ថ្ងៃ​នេះ តើវាពិតេជាជួយឲ្យជាតិមាតុភូមិត្រជាក់ត្រជុំ សេដ្ឋកិច្ចរីកចំរើន​ដែរទេ និយាយរួមទៅមិនខុសអីពីការបង្កើតកូនទេ ចំនួនកូនច្រើនវា​ខុសពីកូនតិចដែលមានលក្ខណៈល្អគ្រប់គ្រាន់ដាច់ស្រឡះ ខ្ញុំបាទ គ្រាន់តែនិយាយលែងៗទេទាន សូមទោសផងបាទ។

Jul 30, 2015 02:34 AM

គេហទំព័រ​ទាំងមូល