អ្នកស្រី មីស៊្ហែល អូបាម៉ា និង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្ដេជ្ញា​ជំរុញ​ក្មេង​ស្រី​ឲ្យ​រៀន​ខ្ពង់ខ្ពស់

ដោយ ហង្ស សាវយុត
2015-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មីស៊្ហែល អូបាម៉ា (ឆ្វេង) (Michelle Obama) និង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន (ស្ដាំ) ជួប​សិស្ស​ស្រី​ក្រីក្រ ១០​នាក់​ដើម្បី​ស្ដាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ក្នុង​ការ​តស៊ូ​រៀន​សូត្រ នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
អ្នកស្រី មីស៊្ហែល អូបាម៉ា (ឆ្វេង) (Michelle Obama) និង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន (ស្ដាំ) ជួប​សិស្ស​ស្រី​ក្រីក្រ ១០​នាក់​ដើម្បី​ស្ដាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ក្នុង​ការ​តស៊ូ​រៀន​សូត្រ នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) និង​ភរិយា​នាយក​រដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន កំពុង​មាន​មោទនភាព​ថា​នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​ក្មេង​ស្រី​នៅ​កម្ពុជា បាន​បន្ត​រៀន​សូត្រ​ឲ្យ​ខ្ពង់ខ្ពស់​ដូច​ក្មេង​ប្រុស​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ខេត្ត​សៀមរាប រយៈពេល ២​ថ្ងៃ​មក​នេះ អ្នកស្រី មីស៊្ហែល អូបាម៉ា បាន​លើក​ទឹក​ចិត្ត​ក្មេង​ស្រី​ក្រីក្រ​ថា ថ្វី​ត្បិត​តែ​កម្ពុជា នៅ​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក ក្តី ក៏​អ្នកស្រី​បាន​ដឹង​ពី​ការ​ខិតខំ​តស៊ូ​រៀន​សូត្រ​របស់​កុមារី​កម្ពុជា ដែរ។

ថ្ងៃ​សៅរ៍ ទី​២១ ខែ​មីនា គឺ​ជា​ថ្ងៃ​ទី​ពីរ​នៃ​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១ នៃ​សហរដ្ឋ​អាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា មក​កាន់​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី អ្នកស្រី មីស៊្ហែល អូបាម៉ា ហាក់​មមាញឹក​ក្នុង​ការ​ចុះ​ទៅ​តាម​មូលដ្ឋាន​ខ្លះ ព្រម​ទាំង​ជួប​ជជែក​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ជុំវិញ​បញ្ហា​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​គ្រប់​គ្នា។

កាល​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក​ថ្ងៃ​សៅរ៍ អ្នកស្រី មីស៊្ហែល អូបាម៉ា ដែល​អម​ដំណើរ​ដោយ​ស្ត្រី​ទី​១​របស់​កម្ពុជា គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​ចូល​ទៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ដើម្បី​ជួប​ជាមួយ​ក្មេង​ស្រី ១០​នាក់ ដែល​រស់​ក្នុង​គ្រួសារ​ក្រីក្រ ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​រៀន​សូត្រ​ដោយ​មិន​បោះ​បង់​ចោល​ការ​សិក្សា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្មេង​ស្រី​ម្នាក់​ឈ្មោះ មាន សុហាង បាន​សំណូមពរ​ទៅ​ស្ត្រី​ទី​១​របស់​សហរដ្ឋ​អាមេរិក និង​ស្ត្រី​ទី​១​របស់​កម្ពុជា ឲ្យ​ជួយ​ពួក​គេ​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្ដមសិក្សា និង​ក៏ដូចជា​ជួយ​ក្មេង​ស្រី​ខ្មែរ​នៅ​ទូទាំង​ប្រទេស ឲ្យ​បាន​រៀន​សូត្រ​ថ្នាក់​ខ្ពស់​ដូច​គ្នា​ដែរ។

អង្គុយ​លើ​កៅអី​ឈើ​របស់​សាលា​ដ៏​សាមញ្ញ អ្នកស្រី មីស៊្ហែល អូបាម៉ា មាន​ប្រសាសន៍​ឆ្លើយ​តប​សំណូមពរ​នោះ​ថា អ្នកស្រី​ចង់​ឲ្យ​ក្មេងៗ​នៅ​សហរដ្ឋ​អាមេរិក បាន​ដឹង​ពី​ការ​តស៊ូ​រៀន​សូត្រ​របស់​ក្មេង​ស្រី​កម្ពុជា ទាំង​នេះ ហើយ​ក្នុង​នាម​ជា​ស្ត្រី​ទី​១​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី​ក៏​មាន​មោទនភាព​នៅ​ពេល​ដែល​ឃើញ​ក្មេង​ស្រី​កម្ពុជា មាន​ការ​តស៊ូ​រៀន​សូត្រ​ដ៏​ស្វិតស្វាញ​បែប​នេះ។

ចំណែក អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា អ្នកស្រី​ក៏​យល់​ស្រប​ក្នុង​ការ​ជំរុញ​ក្មេង​ស្រី​ឲ្យ​បាន​ចូល​រៀន​គ្រប់ៗ​គ្នា​ដែរ ដើម្បី​លុប​បំបាត់​ចោល​នូវ​ការ​តិះដៀល​មួយ​ដែល​ថា តើ​ស្ត្រី​អាច​ធ្វើ​អ្វី​កើត បើ​គ្រាន់​តែ​វិល​ចង្ក្រាន​មិន​ជុំ​ផង​នោះ?

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង មក អ្នកស្រី មីស៊្ហែល អូបាម៉ា មាន​កម្មវិធី​ជាច្រើន​ទៀត​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា នេះ ដូចជា អ្នកស្រី​បាន​ឡើង​ថ្លែង​នៅ​ក្នុង​វេទិកា​របស់​ក្រុម​អង្គការ ភីស ខរ (Peace Corp) និង​ចូលរួម​ពិភាក្សា​តុ​មូល​មួល​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ក្រៅ​ពី​បំពេញ​ទស្សនកិច្ច​ដោយ​ធ្វើ​ការងារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ក្មេង​ស្រី ឲ្យ​បាន​ចូល​រៀន នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មីនា ដែរ អ្នកស្រី មីស៊្ហែល អូបាម៉ា ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ក្នុង​ខេត្ត​សៀមរាប។

កាល​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​មីនា អ្នកស្រី មីស៊្ហែល អូបាម៉ា បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន មុន​ពេល​បន្ត​មក​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​នៃ​សហរដ្ឋ​អាមេរិក រំពឹង​ថា ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី មីស៊្ហែល អូបាម៉ា ទៅ​កាន់​ប្រទេស​ជប៉ុន និង​កម្ពុជា នឹង​អាច​ផ្ដល់​នូវ​ធនធាន​ជាច្រើន​សម្រាប់​សាលា​នៅ​សហរដ្ឋ​អាមេរិក ដែល​នាំ​មក​នូវ​ការ​យល់​ដឹង​ផ្នែក​វប្បធម៌ ភូមិសាស្ត្រ​តំបន់ និង​ព្រឹត្តិការណ៍​ថ្មីៗ​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

DEJO PEN

WHAT BUN RANY CAN DO,FIRST STEP IS TO TELL HUN SEN AND HIS TYCOONS DO NOT ROBB PEOPLE LAND AND RELEASE ALL VICTIMS FROM PREYSOR.START TO IMPRISON THE CRIMINALS NOT THE INNOCENT PROTESTERS.

Mar 22, 2015 08:26 AM

គេហទំព័រ​ទាំងមូល