ក្រសួង​ពាណិជ្ជកម្ម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត

ដោយ ចេង ម៉េងជូ
2015-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៧-ធ្នូ-២០១៥៖ គេហទំព័រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​របស់​ក្រសួង​ពាណិជ្ជកម្ម។
៧-ធ្នូ-២០១៥៖ គេហទំព័រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​របស់​ក្រសួង​ពាណិជ្ជកម្ម។
Screenshot

ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា នឹង​ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ ដោយ​មិន​ចាំបាច់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដែល​មាន​បំណង​ចុះ​បញ្ជី ចំណាយ​ពេល​ច្រើន​ដូច​មុន​ទៀត​ទេ។ ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​បែប​ថ្មី​នេះ ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ នេះ នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ត្រូវ​បាន​រៀបចំ​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មក ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ ក្នុង​បំណង​សម្រួល​ការងារ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ជំនួស​ឲ្យ​ការ​ចុះ​បញ្ជី​តាម​ក្រដាស​ស្នាម។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ការ​ចុះ​បញ្ជី​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ជួយ​កាត់​បន្ថយ​រយៈពេល​ចុះ​បញ្ជី​ពី ៥ ទៅ ៦​ថ្ងៃ ឲ្យ​មក​នៅ​ត្រឹម​មួយ​ម៉ោង មិន​ចំណាយ​ថវិកា​ក្នុង​ការ​ចុះ​បញ្ជី ហើយ​អាច​ឲ្យ​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​គ្រប់​ទីកន្លែង​ដែល​មាន​អ៊ីនធឺណិត ដោយ​មិន​ចាំបាច់​មក​ក្រសួង​ពាណិជ្ជកម្ម ឡើយ៖ «ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ហើយ​ដែល​យើង​ដាក់​ប្រព័ន្ធ​នេះ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ ហើយ​វា​សម្រួល​ដល់​អ្នក​ចង់​មក​រកស៊ី​ស្រុក​យើង​ គេ​ងាយ​ស្រួល គេ​មិន​ឈឺ​ក្បាល​ក្នុង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន»

ចំពោះ​ក្រុមហ៊ុន​ចំនួន ៤២.០០០​ក្រុមហ៊ុន ដែល​បាន​ចុះ​បញ្ជី​ដោយ​ប្រើ​ក្រដាស​ស្នាម​កន្លង​ទៅ ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ចុះ​បញ្ជី​ឡើង​វិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ ប្រសិន​បើ​ហួស​កាលបរិច្ឆេទ​កំណត់​នេះ ក្រុមហ៊ុន​នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ៖ «យើង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ចុះ​បញ្ជី​ហើយ​នោះ​នៅ​លើ​ក្រដាស​ដែល​ មាន​នោះ សូម​ឲ្យ​គាត់​មក​ចុះ​តាម​ប្រព័ន្ធ​នេះ ដើម្បី​យើង​ចង់​បាន​អី? យើង​ចង់​បាន​ឈ្មោះ ចូល​ក្នុង​បញ្ជី​របស់​យើង ចង់​បាន​គាត់​ធ្វើ​បច្ចុប្បន្ន​ព័ត៌មាន​ក្រុមហ៊ុន​របស់​គាត់។ យើង​ពិនិត្យ​មើល​ថា តើ​យើង​ធ្វើ​ទាន់ ៣​ខែ​បាន​ឬ​មិន​បាន។ ក្រោយ​ពី​៣​ខែ​ហ្នឹង ប្រហែល​មាន​ផាក​ពិន័យ​ ប៉ុន្តែ​យើង​ត្រូវ​តែ​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ថា​តើ​ត្រូវ​ផាក​ពិន័យ​ប៉ុន្មាន»

ការ​ផ្លាស់​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​សម្រាប់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​នេះ ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ឲ្យ​ការ​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង​បង្កើត​ភាព​ទាក់ទាញ​ដល់​វិនិយោគិន។

ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភពលោក (World Bank) លើ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​១៨៤ លើ​១៨៩ នៅ​ឆ្នាំ​២០១៤ និង​មក​នៅ​លេខ​រៀង​ទី​១៨០ លើ​១៨៩ នៅ​ឆ្នាំ២០១៥ នេះ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រំពឹង​ថា ការ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នេះ នឹង​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម​លេខ​រៀង​ទី​២១ លើ​១៨៩ ដោយ​ផ្អែក​លើ​ការ​សិក្សា​របស់​ក្រុមហ៊ុន​អន្តរជាតិ​ហ្វ៉សស្ទ័រ ម័រ (Foster Moore) ដែល​បាន​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​ថ្មី​នេះ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ដោយ​ចំណាយ​ថវិកា​ជាតិ​ចំនួន ៧៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

អ្នក​គ្រប់គ្រង​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសាន់ សូ (Alassane Sow) ដែល​មាន​វត្តមាន​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​ចុះ​បញ្ជី​ថ្មី​នេះ ជឿ​ជាក់​ថា កំណែ​ទម្រង់​នៃ​ការ​ចុះ​បញ្ជី នឹង​ធ្វើ​ឲ្យ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ខាង​មុខ៖ «នៅ​ក្នុង​សូចនាករ​នៃ​ការ​ធ្វើ​ ពាណិជ្ជកម្ម​នៅ​ឆ្នាំ​នេះ យើង​ពិត​ជា​រំពឹង​ថា នឹង​មើល​ឃើញ​ភាព​ប្រែ​ប្រួល​ដ៏​ធំ​មួយ​ក្នុង​ចំណាត់​ថ្នាក់​ស្ដីពី​ការ​ចាប់ ​ផ្ដើម​អាជីវកម្ម​នៅ​កម្ពុជា។ ក្រសួង​ពាណិជ្ជកម្ម​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​កែ ​លម្អ​លើ​កា​ចំណាយ​ពេល​វេលា និង​ថវិកា​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម។ វា​ក៏​ជា​សញ្ញា​ដ៏​ប្រសើរ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កែ​ ទម្រង់​ភាព​បើក​ចំហ​របស់​កម្ពុជា ចំពោះ​ការ​វិនិយោគ»

អគ្គនាយក​រង​នៃ​ក្រុមហ៊ុន អាន ម៉ាឌី គ្រុប (An Mady Group) លោក លឹម ហេង សាទរ​ចំពោះ​ការ​ប្រើប្រាស់​របៀប​ចុះ​បញ្ជី​ថ្មី​នេះ។ លោក​យល់​ថា កំណែ​ទម្រង់​នេះ នឹង​សម្រួល​ដល់​ការងារ​រក​ស៊ី​របស់​ពាណិជ្ជករ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​បំណង​វិនិយោគ​ក្នុង​ទីផ្សារ​កម្ពុជា៖ «មិន​មែន​តែ​ក្នុង ​ប្រទេស​ទេ​ គឺ​បណ្ដា​ប្រទេស​នៅ​អន្តរជាតិ​ គឺ​គាត់​អាច​អនុវត្ត​បាន​ក្នុង​ប្រព័ន្ធ​នេះ​តែ​ម្ដង។ នេះ​ជា​គុណ​សម្បត្តិ​ដ៏​ល្អ​បំផុត​ដែល​យើង​ត្រូវ​ដើរ​តាម​ប្រទេស​ជឿន​លឿន​នៅ ​បណ្ដា​ប្រទេស​លើ​ពិភពលោក»

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង មាន​ប្រសាសន៍​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា នឹង​ផ្សព្វផ្សាយ​ណែនាំ​ពី​របៀប​ចុះ​បញ្ជី​ថ្មី​នេះ ដល់​សភា​ពាណិជ្ជកម្ម​តាម​ខេត្ត ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់​ដឹង​ពី​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​របៀប​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

You guy can earn more $$$ on this new registration of old Co. Sure?

Dec 08, 2015 10:01 AM

អ្នក​អាន​អនាមិក

សូមដាក់បញ្ហានូវ អ្វីដែលអាចទំនាក់ទំនង់ដល់ ក្រសូងពាណិជ្ជកម្ម

Dec 08, 2015 09:31 AM

គេហទំព័រ​ទាំងមូល