ក្រសួង​អប់រំ​ណែនាំ​ឲ្យ​តាម​គ្រឹះស្ថាន​សិក្សា​ទាំងអស់​ពង្រឹង​ផ្នែក​អប់រំ​បំណិន​ជីវិត

ដោយ ទេព សុរ៉ាវី
2015-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​កីឡា ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ដៃគូ​រួមគ្នា ដើម្បី​​ជួយ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា ២០១៥។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​កីឡា ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ដៃគូ​រួមគ្នា ដើម្បី​​ជួយ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា ២០១៥។
RFA/Khe Sonorng

ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្តី​ណែនាំ​មួយ​ស្ដីពី​ការ​ជំរុញ​ដំណើរ​ការ​សួន​សាលា​រៀន សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាហារូបត្ថម្ភ​នៅ​កម្ពុជា នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ។

សព្វថ្ងៃ​នេះ សាលា​រៀន​មួយ​ចំនួន​ទាំង​នៅ​បឋម​សិក្សា និង​មធ្យម​សិក្សា​ចំណេះ​ទូទៅ នៅ​មិន​ទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ពិសេស​បញ្ហា​សួន​បន្លែ បង្គន់​អនាម័យ និង​ទឹក​ស្អាត​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា។

ក្នុង​គោលដៅ​ពង្រឹង​ការ​អនុវត្ត​ផ្នែក​អប់រំ​បំណិន​ជីវិត​ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​ឲ្យ​មាន​សួន​បន្លែ បង្គន់​អនាម័យ និង​ទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ឲ្យ​ប្រសើរ​ឡើង​នូវ​អាហារូបត្ថម្ភ​នៅ​កម្ពុជា តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​បណ្ឌិត ហង់ ជួនណារ៉ុន បញ្ជាក់​នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ដើម្បី​ធានា​ឲ្យ​សិស្សានុសិស្ស​មាន​សុខភាព​ល្អ និង​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ គ្រឹះស្ថាន​សិក្សា​ត្រូវ​ជំរុញ​ដំណើរ​ការ​សួន​បន្លែ​ឲ្យ​មាន​ជា​ទៀងទាត់ ត្រូវ​មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់។

ការ​ណែនាំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សង្កេត​ឃើញ​ថា​មាន​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​ចំពោះ​បញ្ហា​ទាំង​នោះ។

ពាក់ព័ន្ធ​បញ្ហា​នេះ នាយក​វិទ្យាល័យ​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ លោក ផេង សុវណ្ណារ៉ា ឲ្យ​ដឹង​ថា កន្លង​មក​សាលា​តែង​តែ​មាន​ម៉ោង​កសិកម្ម ប៉ុន្តែ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ត្រូវ​អាក់ខាន ដោយសារ​តែ​សាលា​កំពុង​អភិវឌ្ឍ​ចាក់​ដី​បំពេញ​បរិវេណ​គ្រឹះស្ថាន​សិក្សា ដើម្បី​ការពារ​ទឹក​ជន់​លិច​ក្នុង​រដូវ​ភ្លៀង។ លោក​បន្ត​ថា ម៉ោង​សិក្សា​ផ្នែក​កសិកម្ម សិស្សានុសិស្ស​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ខណៈ​ដែល​វិទ្យាល័យ​មួយ​នេះ​កំពុង​ខ្វះខាត​នូវ​បង្គន់​អនាម័យ ឬ​មាន​ន័យ​ថា បង្គន់​អនាម័យ​មិន​សមាមាត្រ​ទៅ​នឹង​ចំនួន​សិស្ស៖ «ក្មេង​បច្ចុប្បន្ន​មាន​ឧបនិស្ស័យ​វា​ខុស​គ្នា អ្នក​នៅ​ទីក្រុង​គាត់​មិន​សូវ​ចាប់​អារម្មណ៍​កសិកម្ម​ប៉ុន្មាន​ទេ ខុស​ពី​ក្មេង​នៅ​ជនបទ គាត់​រស់នៅ​ជាមួយ​កសិកម្ម​ទៅ​ហើយ។ ប៉ុន្តែ​យើង​មាន​ជំនាញ​ផ្សេង​ដូចជា​កុំព្យូទ័រ ដេរ​ប៉ាក់ និង​អេឡិចត្រូនិក»

យ៉ាង​ណា លោក ផេង សុវណ្ណារ៉ា បញ្ជាក់​ថា បញ្ហា​ទឹក​ស្អាត​មិន​ជា​កង្វល់​សម្រាប់​សាលា​ដែល​នៅ​ទីក្រុង​ឡើយ តែ​វា​អាច​ប្រឈម​ទៅ​តាម​សាលា​នៅ​តាម​ជនបទ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​២៣ ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ដែល​មាន​ថវិកា​សរុប​ចំនួន​ជិត ៦១​លាន​ដុល្លារ (៦០.៨៨៨.៦១៩​ដុល្លារ) ដើម្បី​អនុវត្ត​កម្មវិធី​នេះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥។ ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ជនបទ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា កំណត់​ថា ពលរដ្ឋ ៥០​ភាគរយ​នៅ​ជនបទ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៥។ ក្នុង​វិស័យ​អនាម័យ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា កំណត់​ថា ឆ្នាំ​២០១៥ ពលរដ្ឋ ៣០​ភាគរយ​នៅ​ជនបទ នឹង​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព និង​ការ​អនុវត្ត​អនាម័យ​ល្អ។

ដោយ​ឡែក​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​បាន​បង្ហាញ​តួលេខ​ពី​កង្វះ​បង្គន់​អនាម័យ ទឹក​ស្អាត និង​កង្វះ​សួន​បន្លែ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​នោះ​ឡើយ។

យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក៏​បាន​ក្រើន​រំឭក​ទៅ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ ត្រូវ​ត្រៀម​ចាត់​តាំង​គ្រូ​បង្គោល​ទៅ​ទទួល​ការ​បណ្តុះបណ្តាល​អំពី​ជំនាញ​កសិកម្ម និង​អនាម័យ​ពី​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម (FAO) និង​ពី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP)។ ពិសេស ត្រូវ​រៀបចំ​តារា​សម្រង់​ស្ថិតិ​សួន​បន្លែ បង្គន់​អនាម័យ និង​ទឹក​ស្អាត រួច​បញ្ជូន​ទៅ​ក្រសួង​ឲ្យ​បាន​មុន​ដំណាច់​ខែ​មីនា ខាង​មុខ ដើម្បី​ឲ្យ​ក្រសួង​មាន​លទ្ធភាព​សិក្សា វិភាគ និង​ស្វែងរក​ការ​គាំទ្រ​ក្នុង​ការ​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

កម្ពុជាល្មមដល់ពេលបង្កើត ស្តង់ដារសមត្ថភាព និងអាណត្តិរបស់រដ្ឋមន្រ្តីតាមក្រសួង អង្គភាពរដ្ឋហើយ ដើម្បីកុំអោយគ្រួសារ បក្សពួកនិយមក្នុងមជ្ឍដ្ឋានការងារ និងអោយប្រទេសជាតិរីកចំរើនដូចបណ្តារប្រទេសជឿនលឿន។ កុំដើរសុំតែជំនួយពីបរទេសមកអភិវឌ្ឍជាតិ គួរប្រឹងរកលុយមកអភិវឌ្ឍជាតិទើបមាននិរន្តភាពយូរអង្វែរ។

Feb 20, 2015 12:47 AM

ក្មេងវត្តមុន៧មករា

ពី ភ្នំពេញ

សូមជួយបំភ្លឺន័យចំណងជើងអត្ថបទខាងលើនេះ"ក្រសួង​អប់រំ​ណែនាំ​ឲ្យ​តាម​គ្រឹះស្ថាន​សិក្សា​ទាំងអស់​ពង្រឹង​ផ្នែក​អប់រំ​បំណិន​ជីវិត"ផង។តើ
អស់លោកចង់និយាយពីអ្វីបានជាប្រើពាក្យ"បំណិនជីវិត"?។

Feb 19, 2015 04:42 PM

គេហទំព័រ​ទាំងមូល