ក្រសួង​ការងារ​បដិសេធ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ​ឱ្យ​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត​លើក​ទី២

ដោយ ទីន ហ្សាការីយ៉ា
2020-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។
អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ក្រសួង​ការងារ​បដិសេធ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ​ឱ្យ​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត​លើក​ទី២ នោះ​ទេ ដោយ​លើក​ឡើង​ថា វិស័យ​នេះ​មិនមែន​វិស័យ​ប៉ះពាល់​ពាល់​ធ្ងន់ធ្ងរ។ ប៉ុន្តែ ស្ត្រី និង មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​វិស័យ​នេះ​ជំរុញ​ទៅ​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា ដែល​បាន​បម្រុង​ទុក​ជួយ​សង្គ្រោះ​ដល់​ក្រុម​នេះ ពីព្រោះ​ពួក​គេ​អះអាង​ថា ពួក​គេ​រង​គ្រោះ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ធ្ងន់ធ្ងរ​បំផុត។

ក្រសួង​ការងារ​បាន​បដិសេធ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ​ឱ្យ​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ជួយ​ស្រោចស្រង់​វិស័យ ឯកជន និង​ទ្រទ្រង់​កម្មករ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រួម​មាន វិស័យ​ទេសចរណ៍ អាកាសចរណ៍ វាយនភណ្ឌ​កាត​ដេរ និង​ផលិត​ស្បែក​ជើង។ ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​អន្តរាគមន៍ និង​ជួយ​កម្មករ​ដែល​បម្រើការ​ក្នុង​វិស័យ​ចំណី​អាហារ និង​សេ​វា​ផ្សេងៗ បាន​នៅ​ឡើយ។

លិខិត​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី១៥ ខែកក្កដា ដែល​ទើប​ផ្សព្វផ្សាយ លើក​ឡើង​ទៀត​ថា កន្លង​មក​ក្រសួង​បាន​ជូន​ដំណឹង និង​ខិតខំ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ស្នើ​ទៅ​ម្ចាស់​ផ្ទះ​ជួល​មិន​ត្រូវ​ដំឡើង​ថ្លៃ​បន្ទប់​ជួល​នោះ​ទេ។

ការ​ឆ្លើយ​តប​បែប​នេះ​របស់​ក្រសួង​ការងារ​នេះ ក្រោយពី​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត កាលពីដើម​ខែ​កក្កដា បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ជា​លើក​ទី២ ស្នើ​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់ ៤០ដុល្លារ​ក្នុង​មួយ​ខែ និង​សម្រួល​ថ្លៃ​ម្ចាស់ផ្ទះ​ជួល។ កាលពី​ខែ​មិថុនា ពួក​គេ​ក៏​ធ្លាប់​សុំ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​ការងារ​បដិសេធ​ដូចគ្នា។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេព​ផល្លី​ន យល់ថា រដ្ឋាភិបាល មិន​គួរ​មានការ​រើសអើង​កម្មករ​ក្នុង​វិស័យ​ណាមួយ​ឡើយ។ អ្នកស្រី​បន្ត ថា រដ្ឋាភិបាល​គួរ​គិតគូរ​ឡើងវិញ​ដល់​កម្មករ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ដែល​មានកម្ម​ករ​រាប់​ម៉ឺន​នាក់​ក្នុង​វិស័យ​នេះ​កំពុង​រង​ផល​គ្រោះ​ធ្ងន់ធ្ងរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ក្នុង​ស្ថានភាព​នេះ រដ្ឋាភិបាល​មិន​គួរ​ទុក​ពលរដ្ឋ​រូប​នេះ ឬ​កម្មករ​ក្នុង​វិស័យ​ណាមួយ​ចោល​មិន​អន្តរាគមន៍​នោះ​ទេ៖ «ក៏​យើង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដែរ​បាន​យើង​ទាមទារ​ទៅ​រដ្ឋាភិបាល​គិតគូរ​ពិចារណា​ដាក់បញ្ចូល​ដោយ​គ្មាន​ការរើសអើង​គឺ​ទាមទារ​ដូច​វិស័យ​កាត់​ដែរ​ត្រឹម ៤០ដុល្លារ»

តំណាង​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត លោកស្រី អ៊ុំ ម៉ានិត ឱ្យ​ដឹង​ថា ក្រុម​ស្ត្រី​ក្នុង​វិស័យ​នេះ​ភាគ​ច្រើន​មិន​ទាន់​មានការ​ងារ​ធ្វើវិញ​នៅ​ឡើយ​ទេ។ អ្នក​ធ្វើការ​ងារ​ដែល​ចុះ​ជួប​កម្មករ​ក្នុង​វិស័យ​នេះ​ផ្ទាល់​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត ក្រៅ​ពី​មិន​ទទួល​ប្រាក់ ៤០ដុល្លារ​ក្នុង​មួយ​ខែ ពួក​គេ​ក៏​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដែល​ផ្ដល់​ជួន​ពលរដ្ឋ​ក្រីក្រ ដែល​ប៉ះពាល់​ដោយ​បញ្ហា​ជំងឺ​កូវីដ-១៩ នោះ​ដែរ៖ «ឃើញ​ថា រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ការងារ​ដា​ហាក់​មិន​យកចិត្ត​ទុកដាក់​គាត់ ​(អ្នកធ្វើការ​វិស័យ​សេវា​កម្សាន្ត​) ដែល​គាត់​ជា​ជនរងគ្រោះ​ពិតប្រាកដ​ក្នុងអំឡុងពេល​ពេល​បាត់បង់​ការងារ បាត់បង់​ចំណូល ប្រឈម​ម្ចាស់ផ្ទះ​មិន​អនុញ្ញាត​ឱ្យ​នៅ​បន្ត​ទៀត»

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រេច​បិទទ្វារ​សេវាកម្ម​ផ្នែក​ខារ៉ាអូខេ និង​ភាពយន្ត​កាលពី​ថ្ងៃ​ទី១៧ ខែមីនា ក្នុង​ហេតុផល​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ កាលពី​ថ្ងៃ​ទី៧ ខែ​កក្កដា សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ បើក​ដំណើរការ​ដោយ​ប្រែក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន និង​ត្រូវ​អនុវត្ត​វិធាន​របស់ក្រ​សួង​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩។ ស្ត្រី​ក្នុង​វិស័យ​នេះ​ម្នាក់​ដែល​ធ្វើ​ការងារ​ផ្នែក​ចាក់​ស្រាបៀ មួយ​កន្លែងនៅ​ភ្នំ ដែល​សុំ​ឱ្យ​ហៅ​ឈ្មោះ​ក្រៅ ហុង ស្រី​ណា និយាយ​ថា លោកស្រី និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ​ផ្សេង​ទៀត កំពុង​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទៅ​ហើយ ប៉ុន្តែ ក្រសួង​ការងារ​បែរ​យល់​ថា ក្រុម​លោកស្រី មិនមែន​ជា​ក្រុម​ប្រឈម​ទៅវិញ។ ស្ត្រី​រូប​នេះ ប្រាប់​ថា ពេលនេះ​លោកស្រី​នៅតែ​រក​ការងារ​ថ្មី​មិនទាន់​បាន​ធ្វើ​នៅឡើយ​ទេ។ លោកស្រី​ជំរុញ​ទៅ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ផ្ដល់​ប្រាប់​ឧបត្ថម្ភ៖ «ឥឡូវ​ហាង​ខ្លះ​គាត់​បើក​មែន​ប៉ុន្តែ​អត់​ទទួល​បាន​ទទួល​យក​ពួក​ខ្ញុំ​ទៀត​ទេ​ គាត់​យក​បុគ្គលិក​ថ្មី​ ហើយ​គាត់​ជម្រុះ​ចោល​បុគ្គលិក​ចាស់​ទាំង​អស់»

ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត​មួយ​ចំនួន បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ ដោយ​អ្នកខ្លះ​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់ ខ្លះ​ដើរ​រើស​អេតចាយ អ្នក​ខ្លះ​បាន​ចងការប្រាក់​គេ​ដើម្បី​បង់​ថ្លៃ​បន្ទប់ និង​អ្នកខ្លះ​ទៀត​លក់​ទូរស័ព្ទ​ ដើម្បី​យក​លុយ​ទិញ​អង្ករ​ខណៈ​រក​ការងារ​ធ្វើ​មិន​ទាន់​បាន។ ក្រុម​ស្ត្រី​ធ្វើការ​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​រួម​មាន អ្នកធ្វើការ​នៅ​តាម​ហាង​ខារ៉ាអូខេ ហាង​ម៉ាស្សា និង​ស្ប៉ា​ជាដើម។ អ្នកស្រី អ៊ូ ទេព​ផល្លីន ថា ការ​បិទ​ទ្វារ​វិស័យ​នេះ​ធ្វើ​ឱ្យ​កម្មករ​ជាង ៤ម៉ឺន​នាក់​បាត់បង់​ការងារ​ ដែល​អ្នក​ទាំង​នោះ​ក៏​មាន​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​ពួក​គេ​ ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់​ផ្សេងទៀត លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក មិន​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​វិបត្តិ​ជំងឺ កូវីដ-១៩ ប៉ុន្តែ តំណាង​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត លោកស្រី អ៊ុំ ម៉ា​និ​ត យល់ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​នេះ គ្រាន់​តែ​ជា​ការ​លើក​ឡើង​ ដើម្បី​លួង​ចិត្ត​ពលរដ្ឋ ខណៈ​ក្រុម​ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​ ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​មិន​ទាន់​ទទួល​បាន​អន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល