ក្រសួង​អប់រំ​យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩

ដោយ ជាតិ ចំណាន
2019-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង់ ជួនណារ៉ុន(ស្ដាំជួរមុខ)រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ចូលរួម​បើក​វិញ្ញាសា​ផ្លូវការ សម្រាប់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នា​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
លោក ហង់ ជួនណារ៉ុន(ស្ដាំជួរមុខ)រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ចូលរួម​បើក​វិញ្ញាសា​ផ្លូវការ សម្រាប់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នា​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឬ​ហៅ​ថា បាក់​ឌុប ហើយ​ក្រោយពេល​មាន​សិស្ស​ច្រើន​នាក់ តវ៉ា​នៅមុខ​ក្រសួង​អប់រំ កាលពី​ថ្ងៃ​ទី​១១ កញ្ញា។

ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន លើ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​បេក្ខជន និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩។

សេចក្ដីប្រកាស​ព័ត៌មាន ចេញផ្សាយ​ថ្ងៃ​ទី​១២ កញ្ញា របស់​ក្រសួង​អប់រំ បញ្ជាក់​ថា នេះ​ជា​វិធានការ​ឆ្លើយតប​ចំពោះ​សំណូមពរ ទៅ​នឹង​បេក្ខជន​មួយ​ចំនួន​តូច ដែល​តវ៉ា​លទ្ធផល​បាក់​ឌុប​។ បើ​ទោះ​បី​ជា​សិស្ស​ច្រើន​នាក់ បង្ហាញ​ការ​មិន​ពេញចិត្ត និង​តវ៉ា តែ​ក្រសួង​អប់រំ​អះអាង​ថា គ្រប់​ដំណាក់កាល​នៃ​ការ​ប្រឡង​បាក់​ឌុប គឺ​ដំណាក់កាល​សំណេរ អត្រាកំណែ និង​បូក​ស្រង់​ពិន្ទុ សុទ្ធតែ​ដំណើរការ​ដោយ​រលូន និង​គ្មាន​កំហុស​បច្ចេកទេស ដូច​បាក់​ឌុប​ឆ្នាំ​២០១៨។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា និង​លោក ឌី ខាំបូលី បាន​ទេ នៅ​ថ្ងៃ​ទី​១២ កញ្ញា ដោយសារ​ទូរស័ព្ទ​រោទ៍​មិន​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក រស់ សុវាចា ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាលពី​ថ្ងៃ​ទី​១១ កញ្ញា​ថា ក្រសួង​អប់រំ គ្មាន​គោលការណ៍​ពិនិត្យមើល​ឡើងវិញ​ជាទូទៅ ដូច​កាល​ឆ្នាំ ២០១៨​ឡើយ។

កាល​ថ្ងៃ​ទី​១១ កញ្ញា គឺ ២​ថ្ងៃក្រោយ​ការប្រកាស​លទ្ធផល​បាក់​ឌុប សិស្ស​រាប់​រយ​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ពី​ខេត្ត​ខ្លះ បាន​នាំគ្នា​តវ៉ា​មុខក្រសួង​អប់រំ ដើម្បី​ស្នើសុំ​ឱ្យ​ពិនិត្យ​លទ្ធផល​បាក់​ឌុប​ឡើងវិញ។ ក្រុម​សិស្ស​ទាំងនោះ​អះអាង​ថា ពួកគេ​មិន​អស់​ចិត្តនឹង​លទ្ធផល​មិនល្អ។

បេក្ខជន រៀន​នៅ​វិទ្យាល័យ​ទួលទំពូង លោក សុខ ដានីយ៉ែល ប្រាប់​ថា ទោះជា​បែប​ណា លោក​សប្បាយចិត្ត នៅ​ពេល​ក្រសួង​អប់រំ ប្រកាស​ព្រម​ពិនិត្យមើល​លទ្ធផល​តាម​ការ​តវ៉ា​។ លោក​ថា បាន​ដាក់​ពាក្យ​តវ៉ា​រួចហើយ គឺ​មន្ត្រី​តម្រូវ​ឱ្យ​បេក្ខជន​សរសេរ​ពាក្យ​ប្ដឹងតវ៉ា​នៅមុខ​ក្រសួង កាលពី​ថ្ងៃ​ទី​១១ កញ្ញា តែ​មន្ត្រី​មិនបាន​ប្រាប់​ថា នឹង​បង្ហាញ​លទ្ធផល​តវ៉ា នៅ​ពេល​ណា​ទេ​។ យុវជន​រូប​នេះ​សង្ឃឹមថា នឹង​ទទួល​បាន​លទ្ធផល​ដែល​អាច​ទទួល​យក​បាន ក្រោយ​ពេល​ក្រសួង​ពិនិត្យមើល​ក្រដាស​សំណេរ​ម្ដង​ទៀត៖ «ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ព្រោះថា គេ​ពិនិត្យ​ឡើងវិញ​។ វា​អត់​លក្ខណៈ​ថា ប្រឡិមប្រឡុំ​ដូច​មុន​។ ដូច​ថា អ្នកខ្លះ F ច្រើន​អ្វី​អ៊ីចឹង​ជាប់ ហើយ​អ្នកខ្លះ F តិច​ធ្លាក់ ដល់​អ៊ីចឹង​វា​អត់​ល្អ។ តែ​ដល់ពេល​ឥឡូវ​លឺ​ដំណឹង​អ៊ីចឹង សប្បាយចិត្ត សប្បាយចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​ដាក់ពាក្យ​(​ស្នើសុំ) រួចហើយ ដាក់ពាក្យ​២​ច្បាប់​។ លទ្ធផល​ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដែរ​បង​។ ខ្ញុំ​គ្រាន់តែ​ដាក់ពាក្យ​ស្នើសុំ​ទេ តែ​លទ្ធផល​យ៉ាងណា ខ្ញុំ​អត់​ដឹង​ដែរ​។ អត់​បាន​លឺ​ផង។ ខ្ញុំ​ដាក់​ទាំងអស់ ៥​មុខវិជ្ជា គណិតវិទ្យា រូប គីមី ជីវៈ ហើយ​ប្រវត្តិ។ ខ្ញុំ F ទាំងអស់ ទាំង​៥​មុខវិជ្ជា​ហ្នឹង​ហ្មង បាន​លទ្ធផល​មក​ធ្លាក់ តែ​ខ្ញុំ​មើល​ក្នុង​តារាង​ខ្លះ F មួយ​ជួរ​ហ្មង តែ​បាន​និទ្ទេស​D។ អ្នកខ្លះ បាន​F មួយ​ជួរ​ហ្មង តែ​បាន​A រូប​មួយ​ជាប់។ នេះ​(​ខ្ញុំ​)​ធ្លាក់»

លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩ ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ កញ្ញា បង្ហាញ​ថា សិស្ស​ថ្នាក់​ទី​១២ ដែល​ប្រឡង​ជាប់ មាន​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧៩.០៥២) ស្មើនឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង ១​សែន​នាក់​។ បេក្ខជន​ប្រឡង​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ជាង ២​ពាន់​នាក់ និទ្ទេស C មាន​ជិត ៦​ពាន់​នាក់ និទ្ទេស D មាន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥​ម៉ឺន ៦​ពាន់​នាក់ និង​ធ្លាក់​និទ្ទេស​F មាន​ជិត ៤​ម៉ឺន​នាក់។

កាលពី​លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨ ក៏​មាន​ក្រុម​សិស្ស​តវ៉ា​លទ្ធផល​ដូចគ្នា​នេះ​ដែរ​។ កាលណោះ​ក្រុម​សិស្ស​ពូកែ មកពី​តាម​បណ្ដា​ខេត្ត ក៏បាន​ចូលរួម​ការ​តវ៉ា​ដែរ ដោយ​ពួកគេ​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យ​មើល​លទ្ធផល​ម្ដង​ទៀត​។ ក្រោយ​ការ​តវ៉ា ក្រសួង​អប់រំ​ទទួល​ស្គាល់​ថា មាន​កំហុស​បច្ចេកទេស​កុំព្យូទ័រ ដោយ​មិន​បាន​បញ្ចូល​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ឱ្យ​បេក្ខជន​ប្រឡង​។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​សុំទោស និង​បូក​ពិន្ទុ​គណិតវិទ្យា ឱ្យ​សិស្ស​ឡើងវិញ​ទាំងអស់។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ជា​ការ​ល្អ ដែល​ក្រសួង​អប់រំ យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​របស់​សិស្ស​បាក់​ឌុប​។ លោក​ថា ការ​ព្រម​ដោះស្រាយ​បណ្ដឹង​នេះ ជា​ការ​ឆ្លើយតប​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​ក្រសួង ព្រោះ​ក្រោយ​ការពិនិត្យ​ឡើងវិញ​ម្ដងទៀត អាច​នឹង​មាន​សិស្ស​ខ្លះ ទទួល​បាន​និទ្ទេស​ល្អ​ជាង​មុន ឬ​អ្នក​ដែល​ធ្លាក់ អាច​ទទួល​បាន​ពិន្ទុ​ជាប់​វិញ ដោយសារ​ក្រសួង​អប់រំ មាន​កំហុស​បច្ចេកទេស​ដូច​ឆ្នាំមុន៖ «នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ប្រឡង​នេះ វា​កាន់តែ​ឈាន​ទៅ​ដល់​ការ​ទទួល​យក​បាន ទាំង​អ្នក​ជាប់ ហើយ​និង​អ្នក​ធ្លាក់ ឬ​មួយ​អ្នក​ដែល​ធ្លាក់​ហើយ គេ​អាច​ទទួល​បាន​លទ្ធផល​ថ្មី ពី​ធ្លាក់​ទៅ​ជាប់​វិញ អាហ្នឹង​វា​អាស្រ័យ​តាម​ហ្នឹង​ទៅ ហើយ​វា​ក៏​ជា​ទម្រង់​នៃ​ការ​ធ្វើ​ការ​មួយ​ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​សំណូមពរ​របស់​សិស្សានុសិស្ស​ហ្នឹង​ដែរ»

ទន្ទឹម​នឹង​ការ​យល់ព្រម​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធផល​ម្ដងទៀត ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​១២ កញ្ញា ក៏បាន​ប្រកាស​បញ្ជី​សិស្ស ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ទទួល​បាន​អាហារូបករណ៍ នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា​របស់​រដ្ឋ​ដែរ។ សង្គម​ស៊ីវិល និង​បេក្ខជន​តវ៉ា​លទ្ធផល​បាក់​ឌុប អន់​ចិត្តនឹង​ការ​ប្រញាប់​ប្រកាស​លទ្ធផល​ផ្លូវការ​អាហារូបករណ៍​នេះ ដោយសារ​ក្រសួង​មិនទាន់​ដោះស្រាយ​ការ​តវ៉ា​លទ្ធផល​ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Call professor Hun Sen to helps u C.Narong

In khmer national educations system history ever never have something stupid like this never ever,or might be the khmer education system right now lacks human resources after Pol Pot/Hun Sen slaughtered of hundreds of thousands high educators during the killing fields era"1970-1979"most of them didn't know how to write,read or spell out correctly"including Hun Sen+others....shame on them.

Sep 14, 2019 04:48 PM

គេហទំព័រ​ទាំងមូល