ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​និស្សិត​ចូល​រៀន និង​បញ្ចប់​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ

ដោយ ម៉ៅ សុធានី
2020-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ
រូបថត៖ ក្រសួង​អប់រំ យុវជន និង​កីឡា MoEYS Cambodia

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន លើកឡើង​ថា ដើម្បី​ធានា​ពី​គុណភាព និង​និរន្ត​ភាព​នៃ​ការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អនឡាញ ក្រសួង​បាន​យល់ព្រម​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា អាច​ប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន និង​បញ្ចប់​ការសិក្សា តាម​ប្រព័ន្ធ​អនឡាញ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មិនទាន់​បាន​កំណត់​នៅឡើយ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី៨ ខែ​មិថុនា បញ្ជាក់​ថា គ្រឹះស្ថាន​នីមួយៗ ត្រូវ​ដាក់​សំណើ​មក​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ​និង​ជ្រើសរើស​មេ​ប្រយោគ សម្រាប់​ការ​ប្រឡង​នេះ។

លោក ហង់ ជួនណារ៉ុន បន្ត​ថា ដោយសារ​សាលារៀន​នៅតែ​បន្ត​បិទទ្វារ បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ ដូច្នេះ​ការរៀនសូត្រ​តាម​ប្រព័ន្ធ​អនឡាញ នឹង​នៅតែ​ប្រព្រឹត្តទៅ រហូតដល់​មានការ​ជូនដំណឹង​ជា​ក្រោយ​។ លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំងអស់ ត្រូវ​បង្កើត​ប្រព័ន្ធ​អប់រំ​និង​ចាត់ចែង​ច្បាស់លាស់ ដើម្បី​ធានា​ពី​គុណភាព​រៀន​តាម​ប្រព័ន្ធ​អនឡាញ (E-learling) និង​ការវាយតម្លៃ​ខ្ពស់ ទៅលើ​ការរៀនសូត្រ​របស់​សិស្ស។

លោក​អះអាង​ថា ទាំង​គ្រូ​និង​សិស្ស ត្រូវ​បន្ត​អនុវត្ត​វិធានការ​មួយ​ចំនួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បាន​ទេ ប៉ុន្តែ​អ្នកស្រី បាន​ប្រាប់​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ថា ការរៀនសូត្រ និង​ការ​ប្រឡង​តាម​ប្រព័ន្ធ​អនឡាញ​នេះ មិន​ដូច​ទៅ​នឹង​ការ​រៀន​និង​ប្រឡង​ដោយ​ផ្ទាល់ នៅ​តាម​ថ្នាក់រៀន​នោះ​ទេ ពីព្រោះ​វា​នាំ​ឱ្យ​មាន​បញ្ហា​អំពើពុករលួយ និង​ការ​បោកប្រាស់ ដោយសារ​សិស្ស​ខ្លះ មិន​សរសេរ​វិញ្ញាសា​ប្រឡង ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ អាច​ពឹង​នរណា​ម្នាក់​ដែល​ចេះ ធ្វើ​ជំនួស​ឱ្យ​ខ្លួន ដើម្បី​អាច​ប្រឡង​ជាប់​ថ្នាក់​ឧត្ដមសិក្សា និង​អាច​ចូលរៀន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល