ក្រសួង​អភិវឌ្ឍន៍​ជនបទ​ត្រូវ​ការ​ថវិកា​ប្រមាណ​៩១​លាន​ដុល្លារ ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយ​ជំនន់

ដោយ ខែ សុណង
2020-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
សកម្មភាព​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ កំណាត់​ផ្លូវ​ពី​រង្វង់​មូល​កួរ​ស្រូវ មក​ផ្សារ​ព្រែកជ្រៃ កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្រកាស​ថា ក្រសួង​ត្រូវការ​ថវិកា​ប្រមាណ ៩១​លាន​ដុល្លារ ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជនបទ​ឡើងវិញ បន្ទាប់​ពី​កម្ពុជា​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ក្រោម​ប្រធានបទ «​យុទ្ធសាស្ត្រ​កែ​លម្អ​ការខូចខាត​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់ ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ» រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ចាន់ ដារ៉ុង មាន​ប្រសាសន៍​ថា តាម​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ផ្លូវ​ជនបទ​ចំនួន​៦៥៩​ខ្សែ ស្មើនឹង​ជាង ៥​ពាន់ គីឡូម៉ែត្រ (,៣២៩) បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ ផ្លូវ​ប្រវែង​ជាង ៣​ពាន់​គីឡូម៉ែត្រ បាន​រង​នូវ​ការខូចខាត​ក្រោយ​ទឹក​ស្រក។

លោក​បន្ត​ថា ក្រសួង​ក៏​នឹង​សិក្សា​ពី​លទ្ធភាព​ដោយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បន្ថែម លើក​ផ្លូវ​ឱ្យ​ខ្ពស់​ជាង​មុន ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​ដាំ​ដើមឈើ​ជាដើម ដើម្បី​ធានា​ថា ផ្លូវ​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​នាំ​ឱ្យ​ខូចខាត​ទៀត ពេល​មាន​គ្រោះ​ទឹកជំនន់​នៅ​ពេល​ក្រោយ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ ឲ្យ​ដឹ​ងថា ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត ក្រសួង​រកឃើញ​ថា មាន​ខេត្ត​ចំនួន​៩ ដែល​ខូចខាត​ធ្ងន់​ជាងគេ ក្នុង​នោះ រួមមាន ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង និង​ឧត្តរមានជ័យ​។ ប៉ុន្តែ ក្នុងចំណោម​ខេត្ត​ទាំង​៩​នោះ មាន​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង ដែល​ត្រូវ​ផ្ដល់​អាទិភាព​មុនគេ​សម្រាប់​ការ​ជួសជុល​ឡើងវិញ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឱ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ជំនន់​ទឹកភ្លៀង​សម្រាប់​ឆ្នាំ​២០២០ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា បាន​ប៉ះពាល់​ដល់​២០​រាជធានី​-​ខេត្ត ក្នុង​នោះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជិត ១៥​ម៉ឺន​គ្រួសារ (១៤៩ ៨៥៧) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤៥​នាក់ ខូចខាច និង​ប៉ះពាល់​ផ្ទះ​ជាង​១​សែន​ខ្នង រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល