អ្នក​ជំនាញ​២៧​នាក់​មក​ពី​ភូមា​សិក្សា​ពី​ជំនាញ​ថែរក្សា​និង​អភិរក្ស​បេតិកភណ្ឌ​ពី​អាជ្ញាធរ​អប្សរា

ដោយ ហង្ស សាវយុត
2015-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​បច្ចេកទេស​ផ្នែក​ការពារ និង​អភិរក្ស​បេតិកភណ្ឌ​នៃ​ប្រទេស​ភូមា និង​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​អប្សរា ជួប​ប្រជុំ​គ្នា​នៅ​ឯ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​អ្នក​បច្ចេកទេស​ផ្នែក​ការពារ និង​អភិរក្ស​បេតិកភណ្ឌ​នៃ​ប្រទេស​ភូមា និង​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​អប្សរា ជួប​ប្រជុំ​គ្នា​នៅ​ឯ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ភូមា ឬ​មីយ៉ាន់ម៉ា ដែល​ជា​សមាជិក​អាស៊ាន​ក្នុង​ចំណោម​ប្រទេស​ចំនួន ៩​ទៀត​ក្នុង​តំបន់ គឺ​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​សំណង់​ប្រវត្តិសាស្ត្រ និង​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ជាច្រើន​ទៀត ដែល​ជា​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ។

ក៏ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​ភូមា នៅ​ខ្វះ​ធនធាន​មនុស្ស និង​អ្នក​ជំនាញ ដើម្បី​ឈាន​ទៅ​រក​ការ​អភិរក្ស​ថែរក្សា​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​ទាំង​នេះ​ឲ្យ​គង់វង្ស​យូរ​អង្វែង​ទៅ​មុខ​ទៀត​នៅ​ឡើយ ដោយសារ​តែ​ប្រទេស​នេះ​ទើប​តែ​ផ្លាស់ប្ដូរ​មុខ​មាត់​ថ្មី បើក​ទូលាយ​ឡើង​វិញ បន្ទាប់​ពី​បិទ​សិទ្ធិ​សេរីភាព ចាប់​អ្នក​ប្រឆាំង​ដាក់​គុក ក្រោម​ការ​ដឹក​នាំ​ដោយ​របប​យោធា​ផ្ដាច់ការ។

ក្រុម​អ្នក​បច្ចេកទេស​ខាង​អភិរក្ស និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​នៃ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ចំនួន ២៧​រូប កំពុង​មក​សិក្សា​អំពី​ជំនាញ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ថែរក្សា​តំបន់​បេតិកភណ្ឌ ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​របស់​កម្ពុជា នៅ​ក្នុង​ខេត្ត​សៀមរាប។

គណៈប្រតិភូ​នៃ​ប្រទេស​ភូមា នឹង​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ស្វែង​យល់​អំពី​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​រមណីយដ្ឋាន​បុរាណ ការ​ជួសជុល​សំណង់​ប្រវត្តិសាស្ត្រ ព្រម​ទាំង​ការ​គ្រប់គ្រង​ទៅ​លើ​អ្នក​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​តំបន់​បេតិកភណ្ឌ ជាដើម។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៣ ខែ​មិថុនា ថា ក្រុម​ប្រតិភូ​នៃ​ប្រទេស​ភូមា ចំនួន ២៧​រូប បាន​មក​ដល់​ខេត្ត​សៀមរាប ហើយ។ ក្រុម​ប្រតិភូ​ទាំង​នោះ​មក​ពី​ស្ថាប័ន​ជាច្រើន​នៅ​ក្នុង​ប្រទេស​ភូមា ដូចជា​ក្រសួង​វប្បធម៌ មក​ពី​ទីក្រុង​ព្យូ (Pyu) ដែល​ជា​តំបន់​សម្បូរ​បេតិកភណ្ឌ និង​អាជ្ញាធរ​ជាតិ​យូណេស្កូ (UNESCO) របស់​ភូមា ជាដើម។

លោក ឡុង កុសល មាន​ប្រសាសន៍​ទៀត​ថា ក្រុម​អ្នក​បច្ចេកទេស​ផ្នែក​បេតិកភណ្ឌ​របស់​ភូមា ដែល​មក​កម្ពុជា ពេល​នេះ គឺ​មាន​បំណង​សិក្សា​ស្វែង​យល់ និង​យក​បទពិសោធន៍​ពី​អាជ្ញាធរ​អប្សរា​ជុំវិញ​ជំនាញ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន ជាពិសេស គឺ​ការងារ​ជួសជុល ការងារ​គ្រប់គ្រង​ភ្ញៀវ​ទេសចរ ជាដើម ដើម្បី​យក​ទៅ​អនុវត្ត​នៅ​តំបន់​បេតិកភណ្ឌ​របស់​គេ៖ «គេ​មក​នេះ គឺ​រយៈពេល ៧​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា។ នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ គឺ​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​តាម​នាយកដ្ឋាន​នីមួយៗ នឹង​ធ្វើ​បទ​បង្ហាញ​ជូន​ទៅ​គេ​អំពី​ការងារ ហើយ​និង​ដំណោះស្រាយ​មួយៗ»

ក្រុម​អ្នក​បច្ចេកទេស​ខាង​ការពារ និង​អភិរក្ស​បេតិកភណ្ឌ​នៃ​ប្រទេស​ភូមា ឲ្យ​ដឹង​ថា ពួក​គេ​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ជាច្រើន​ទៅ​លើ​ការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ព្យូ និង​តំបន់​បេតិកភណ្ឌ​វប្បធម៌​ហាលិន (Halin) បេកថាណូ (Beikthano) និង​ស្រ៊ីក្សេត្រា (Sri Ksetra) ជាដើម។

មន្ត្រី​គម្រោង​យូណេស្កូ​ថ្នាក់​ជាតិ​នៃ​ប្រទេស​ភូមា អ្នកស្រី អនម៉ារ ម៉ាយ៉ូ (Ohnmar Myo) បាន​សួរ​សំណួរ​ជាច្រើន​ទៅ​កាន់​មន្ត្រី​អាជ្ញាធរ​អប្សរា ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​ពិភពលោក៖ «ទីក្រុង​បុរាណ​ព្យូ (Pyu) ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​មន្ត្រី​ជាច្រើន​ឲ្យ​គ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​ហើយ ក៏ប៉ុន្តែ​ភូមា នៅ​មាន​បញ្ហា​មួយ​ចំនួន​នៅ​តំបន់​វប្បធម៌​ស្រ៊ីក្សេត្រា (Sri Ksetra) ពីព្រោះ​តំបន់​នោះ​គឺ​វា​នៅ​ជិត​ទីក្រុង​បំផុត ដែល​អាច​ឲ្យ​មនុស្ស​ចេះ​តែ​ចូល​ទៅ​លុកលុយ និង​តាំង​ទីលំនៅ។ តើ​អាជ្ញាធរ​អប្សរា មាន​ផែនការ​យ៉ាង​ណា ដើម្បី​ទប់ស្កាត់​ការ​ចូល​តាំង​ទីលំនៅ​ក្នុង​តំបន់​វប្បធម៌​បែប​នេះ?»

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រុម​ប្រតិភូ​នៃ​ប្រទេស​ភូមា បាន​មក​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​អាជ្ញាធរ​អប្សរា លើ​ការងារ​អភិរក្ស​បេតិកភណ្ឌ។ កាល​ពី​ខែ​មេសា កន្លង​ទៅ អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា បាន​មក​ធ្វើ​ទស្សនកិច្ច​ដោយ​សុំ​ឲ្យ​កម្ពុជា ជួយ​ផ្ដល់​បទពិសោធន៍​លើ​កិច្ច​ការពារ​បេតិកភណ្ឌ​នេះ ហើយ​កាល​ពី ២​សប្ដាហ៍​កន្លង​ទៅ ក្រុម​អ្នក​បច្ចេកទេស​ខាង​ជួសជុល​ថ្ម ១០​នាក់​របស់​ភូមា ទើប​តែ​បញ្ចប់​ការ​សិក្សា និង​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

អាលាយ តា៎ ហ្ម័ង់ ភូមា!!!

Jun 26, 2015 06:29 AM

អ្នក​អាន​អនាមិក

ភូមាអស់ជំរើស

Jun 25, 2015 07:37 AM

អ្នក​អាន​អនាមិក

ដើម្បីទប់ស្កាត់ការចូលតាំងទីលំនៅ ជីកស្រះ ធ្វើស្រែ ត្រូវបាញ់រាយមីន បើមិនហ៊ានទេ ទុកឲ្យចូលតាមចិត្តធ្វើម៉ាសេរី ... អុស៎! សុំទោស នឹកពីរឿងលិចកើតទៅវិញ ព្រោះកំពុងរលាយ។

Jun 25, 2015 04:13 AM

អ្នក​អាន​អនាមិក

ភូមាអើយភូមា សូមមេត្តាយកចិត្តទុកដាក់និងការពន្យល់បន្តិច ប្រយ័ត្ន​ច្រលាំនែក្នុងការ អភិរក្សបេតិកភ័ណ្ឌដើម្បីជាតិ បែរដើម្បី​អញ​កេញប្រវ៉ាញ់ជាតិ ជិះជាន់រាស្រ្តទីវិញណាយ៉ាប់ហើយ និងបើអ្នកពិត​ជាចង់ដឹងមែនថារាល់ការថែរក្សាទាំងនោះ វាល្អប៉ណ្ណា វាធ្វើឲ្យជាតិ​ខ្មែរ​រីកចំរើនប៉ុណ្ណា រាស្រ្តខ្មែររីករាយប៉ុណ្ណានោះ ទៅសួររាស្រ្តដែលរស់​ក្បែរ​ៗ​ទី​រមនីយស្ថានទាំងនោះ ពិសេសពួកអប្សារាហ្នឹង ផងណា។

Jun 23, 2015 10:59 PM

គេហទំព័រ​ទាំងមូល