សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស៊ើបអង្កេតបទល្មើសផ្ទុះអាវុធ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ នៅម្តុំរង្វល់មូលតោពីរ ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងជនបរទេសពីរក្រុម។ ក្នុងហេតុការណ៍ផ្ទុះអាវុធនោះ បណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់រស់នៅក្បែរនោះរងរបួសធ្ងន់។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន បានសម្ដែងក្តីបារម្ភពីបញ្ហាអសន្តិសុខ អំពើហិង្សា និងបទល្មើសផ្ទុះអាវុធ ដែលតែងបង្កឡើងដោយជនបរទេស។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស៊ាង កុសល មានប្រសាសន៍ថា កំពុងសួរនាំជនរងគ្រោះ និងស៊ើបអង្កេតលើករណីបាញ់បោះសេរី កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ នៅម្តុំរង្វង់មូលតោពីរពីជនរងគ្រោះជនបរទេស ដែលបានមកដាក់ពាក្យបណ្ដឹងនៅស្ថាប័ននេះ មុននឹងឈានដល់ចាប់ខ្លួនជនល្មើស។
លោកបន្តថា អាជ្ញាធរនៅមិនទាន់កំណត់មុខសញ្ញាជនល្មើស ឬជនសង្ស័យបានច្បាស់លាស់ទេ និងស្នើសុំពេលវេលាទុកឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបទល្មើសផ្ទុះអាវុធបង្កដោយជនបរទេស នាមូលដ្ឋាននេះជាមុនសិន មុននឹងផ្សព្វផ្សាយជាសាធារណៈ។
ចំណែក លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថ្មីៗនេះថា សមត្ថកិច្ចលោកបានខិតខំរក្សាសន្តិសុខ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តទេសចរណ៍មួយនេះទាំងយប់ថ្ងៃ មិនធ្វេសប្រហែសទេ។ ជាងនេះ លោកក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវផ្តល់ព័ត៌មានពិតពីទីតាំង ឬមុខសញ្ញារបស់ជនល្មើសមកកម្លាំងកងរាជអាវុធហត្ថរបស់លោកឲ្យបានទាន់ពេលវេលា ទាក់ទងបទល្មើសអ្វីមួយ ដើម្បីឈានដល់បង្ក្រាប ឬចាប់ខ្លួនបានទាន់ពេលវេលា។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួននាខេត្តព្រះសីហនុ បានអះអាងថា ជនបរទេសកំពុងធ្វើសកម្មភាពហិង្សាមានកាប់ចាក់ និងឈានដល់ប្រើអាវុធបាញ់ប្រហារគ្នាយ៉ាងអនាធិបតេយ្យនាមូលដ្ឋាននេះ ចាប់ពីខែកុម្ភៈ មក ប៉ុន្តែសមត្ថកិច្ចនគរបាល ឬកងរាជអាវុធហត្ថជាដើម ទប់ស្កាត់មិនទាន់មានប្រសិទ្ធភាពទេ។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ឃុន សាវឿន បានឲ្យដឹងនៅសុក្រ ថ្ងៃទី២៧ ខែកុម្ភៈ ថា អាចដោយសារតែការអនុវត្តការងាររបស់កម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ឬការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មានភាពធូររលុង ឬគ្រប់គ្រងមិនដិតដល់ ទើបបទល្មើសផ្សេងៗបានបន្តកើតមានជាបន្តបន្ទាប់។ លោកបន្តថា កន្លងមកបទល្មើសចោរឆក់កាបូប ចោរលួចម៉ូតូ ឬឈានដល់ជនល្មើសធ្វើសកម្មភាពប្លន់អាជីវករដូរលុយ ឬលក់មាសនៅតាមផ្លូវសាធារណៈ បានកើតឡើងជាបន្តបន្ទាប់ និងកម្រឃើញសមត្ថកិច្ចបង្ក្រាប ឬចាប់ជនល្មើសបានទាន់ពេលវេលាណាស់។
ក្រៅពីនេះ លោក ឃុន សាវឿន បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះខេត្តព្រះសីហនុ ក៏កើតមានករណីជនបរទេសជាច្រើនក្រុម បានបើកការវាយប្រហារគ្នាដោយកាំភ្លើង ឬកាំបិតជាដើម បានកើតមានជាច្រើនករណី ហើយសកម្មភាពផ្ទុះអាវុធ ឬប្រើហិង្សានេះ បានបន្តរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីសមត្ថកិច្ចខេត្តនេះបានចាប់ខ្លួនជនសង្ស័យមួយចំនួន បញ្ជូនទៅកាន់តុលាការ និងឃុំខ្លួនបែបណាក្តី។
ភាពអនាធិបតេយ្យនៃការប្រើអំពើហិង្សាផ្ដើមដោយជនបរទេសនៅលើទឹកដីខ្មែរនាខេត្តព្រះសីហនុ លោក ឃុន សាវឿន បានស្នើដល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយមានវិធានការជាបន្ទាន់ ព្រោះសកម្មភាពរបស់ជនបរទេសដែលភាគច្រើនបង្កដោយជនបរទេស ឬហៅថាក្រុមម៉ាហ្វីយ៉ាឆ្លងដែនទាំងនេះ បានធ្វើសកម្មភាពមិនខ្លាចញញើតកម្លាំងសមត្ថកិច្ចខេត្តនេះទេនាពេលកន្លងទៅ។
បញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តព្រះសីហនុ បានអះអាងថា ជម្លោះបង្កដោយជនបរទេស នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានកើតមានចន្លោះពី ២ ទៅ ៣ករណី ហើយបទល្មើសទាំងនេះ ជនសង្ស័យ ឬជនល្មើសបានប្រើកាំភ្លើង និងកាំបិតសម្រាប់បង្កហិង្សា។ ជម្លោះផ្ដើមដោយជនបរទេស សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ក៏បានបើកកិច្ចប្រតិបត្តិការ និងឆែកឆេរលំនៅឋានជនសង្ស័យ និងឃាត់ខ្លួនជនបរទេស ២នាក់ បញ្ជូនទៅតុលាការ និងឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន។ ក្នុងនោះ សមត្ថកិច្ចក៏បានរកឃើញកាំបិត និងកាំភ្លើងជាច្រើនដើមនៅក្នុងវីឡាជួលធំស្កឹមស្កៃរបស់ជនសង្ស័យជាជនបរទេសមួយចំនួនផង។
យ៉ាងណាក៏ដោយ នៅក្នុងប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានបដិសេធបិទមិនឲ្យក្រុមហ៊ុនកាហ្សានធីប (Kazantip) របស់ក្រុមហ៊ុនបរទេសមួយដែលស្នើសុំបង្កើតកម្មវិធីប្រគំតន្ត្រីកម្សាន្តរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅលើកោះពស់ ឋិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ រួចមក គេឃើញមានសកម្មភាពចាក់ភ្លេងរាំច្រៀងតាមរូបភាពផ្សេងៗរបស់ជនបរទេសនៅតាមឆ្នេរសមុទ្រមួយចំនួន មានឆ្នេរអូរត្រេះ និងឆ្នេរកាំសាប ជាដើម។ សកម្មភាពនេះ សមត្ថកិច្ចចាត់ទុកជាសកម្មភាពអនាធិបតេយ្យ ឬខុសច្បាប់ និងបានចុះបិទការចាក់ភ្លេងរំខានដល់អ្នកជិតខាងរបស់ជនបរទេសទាំងនោះនៅទីកន្លែងពីរផ្សេងគ្នា។
បន្ទាប់ពីសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះបិទទីកន្លែងរាំច្រៀងគ្មានច្បាប់ទម្លាប់មួយចំនួនរបស់ជនបរទេស កាលពីសប្ដាហ៍មុន ប៉ុន្តែកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានចុះហត្ថលេខាភ្លាមៗទៅលើសំណើសុំរៀបចំកម្មវិធីលក់ម្ហូបអាហារខ្មែរ និងចាក់ភ្លេងកម្សាន្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅភោជនីយដ្ឋានមរកតស៊ីសាយ មានទីតាំងនៅឆ្នេរកាំសាប ក្បែរសាលាខេត្តព្រះសីហនុ ទៅតាមសំណើសុំរបស់ លោក ហ៊ី ប៊ុនឆី ជាម្ចាស់កម្មវិធីដែលបានដាក់លិខិតស្នើចុះថ្ងៃទី២៥ ខែកុម្ភៈ។
នៅក្រោយមួយថ្ងៃនៃសំណើស្នើសុំនេះ លោក នូ សុផល ក៏បានចុះហត្ថលេខាយល់ព្រម ដោយអនុញ្ញាតឲ្យ លោក ហ៊ី ប៊ុនឆី អាចរៀបចំកម្មវិធីកម្សាន្ត ឬលក់ម្ហូបខ្មែរនេះ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥។ ការចាក់ភ្លេងកំដរភ្ញៀវនេះ ឃើញមានតែជនបរទេសទេបានចូលលេង និងរាំច្រៀងផឹកស៊ីទាំងយប់ទាំងថ្ងៃ។ ពួកគេឋិតក្នុងសភាពស្រវឹងជោគជាំ និងអាសអាភាស។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋភាគច្រើននាខេត្តព្រះសីហនុ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការអនុញ្ញាតឲ្យមានពិធីរាំរែកអាសអាភាស និងការរៀបចំប្រគំតន្ត្រីផ្សេងៗតាមឆ្នេរនាខេត្តព្រះសីហនុ ដែលបានបង្កើតឲ្យមានអំពើហិង្សាឈានដល់កាប់ចាក់ និងបាញ់បោះសេរីក្នុងប៉ុន្មានថ្ងៃមកនេះ។ ប៉ុន្តែទោះយ៉ាងណា ក៏មានមនុស្សមួយចំនួន ពិសេសមន្ត្រីក្រសួង ឬមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគាំទ្រ និងពេញចិត្តការបង្កើតឲ្យមានកម្មវិធីប្រគំតន្ត្រីរាំច្រៀងនៅតាមឆ្នេរមួយចំនួននាខេត្តព្រះសីហនុ ព្រោះយល់ថា អាចជាការទាក់ទាញចំនួនភ្ញៀវទេសចរឲ្យចូលមកទស្សនាប្រទេសកម្ពុជា ពិសេសតំបន់ឆ្នេរខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត។
ប៉ុន្តែ ទន្ទឹមគ្នានោះ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានដាក់លក្ខខណ្ឌចំនួន ៤ចំណុចជូន លោក ហ៊ី ប៊ុនធី ជាម្ចាស់កម្មវិធីលក់មុខម្ហូបខ្មែរ និងមានចាក់ភ្លេងកំដរភ្ញៀវនៅឆ្នេរកាំសាប ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពរួមមាន ត្រូវធានាមិនធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីជាតិខ្មែរ ដោយមិនត្រូវអនុញ្ញាតឲ្យមានការរាំស្រាត លេងល្បែងស៊ីសង អំពើអាសអាភាស និងការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។ ជាងនេះ ក៏ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនភ្ញៀវ និងមិនត្រូវធ្វើឲ្យប៉ះពាល់ ឬរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាងជាដើម៕