សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ដោះស្រាយ​បញ្ហា​បាត់​ម៉ោង​បង្រៀន​នៅ​ថ្នាក់​បឋម​សិក្សា

ដោយ ខែ សុណង
2015-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​សាលា​បឋម​សិក្សា​សាមគ្គី​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំង កំពុង​អង្គុយ​រង់ចាំ​ទទួល​អំណោយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា ២០១៥។
សិស្ស​សាលា​បឋម​សិក្សា​សាមគ្គី​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំង កំពុង​អង្គុយ​រង់ចាំ​ទទួល​អំណោយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា ២០១៥។
RFA/Chin Chetha

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​អះអាង​ថា សិស្ស​ដែល​កំពុង​សិក្សា​នៅ​កម្រិត​ថ្នាក់​បឋម​សិក្សា បាត់​ម៉ោង​សិក្សា​ប្រមាណ ៥០​ថ្ងៃ ក្នុង​ចំណោម​ម៉ោង​សិក្សា​ជិត ២០០​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។ បញ្ហា​នេះ សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា នាំ​ឲ្យ​បាត់បង់​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​សម្រាប់​កុមារ និង​ជា​ឧបសគ្គ​មួយ​នៃ​ការ​ពង្រឹង​គុណភាព​អប់រំ។

សង្គម​ស៊ីវិល បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​បញ្ហា​ចម្បង​ចំនួន​៣ ដែល​នាំ​ឲ្យ​បាត់​ម៉ោង​សិក្សា​របស់​សិស្ស​នៅ​កម្រិត​បឋម​មាន​ដូចជា កត្តា​កំណត់​ម៉ោង​បង្រៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង កត្តា​គ្រូបង្រៀន និង​កត្តា​ថ្ងៃ​ឈប់​សម្រាក ជាដើម។

អ្នក​សម្រប​សម្រួល​គម្រោង​ស្រាវជ្រាវ​នៃ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នកស្រី អាង សូផា ថ្លែង​ថា បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រក​ឃើញ​ថា ចំណុច​បញ្ហា​បាត់​ម៉ោង​បង្រៀន​ទី​១ គឺ​ទាក់ទង​ទៅ​ដល់​ការ​ឈប់​សម្រាក​បន្ថែម ដូចជា កិច្ច​ប្រជុំ​អាស៊ាន ពិធី​បុណ្យ​ព្រះ​សព​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ប្រឡង​ឆមាស​ថ្នាក់​ទី​៦ ប្រឡង​ជ្រើសរើស​គ្រូ​នៅ​ថ្នាក់​ជាតិ និង​ឈប់​សម្រាក​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ជាដើម។

អ្នកស្រី​បន្ត​ថា កត្តា​បាត់បង់​ម៉ោង​បង្រៀន​ទី​២ នោះ គឺ​ដោយសារ​គ្រូបង្រៀន​អវត្តមាន​នៅ​ពេល​ធ្វើ​ទស្សនកិច្ច​សិក្សា​សាលា​រៀន​ដោយ​មិន​ផ្ដល់​ដំណឹង​ជា​មុន ហើយ​ជាពិសេស នៅ​បុណ្យ​ចូល​ឆ្នាំ​ចិន ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ និង​អវត្តមាន​កៀក​ថ្ងៃ​បុណ្យ​ជាតិ រីឯ​ចំណុច​សំខាន់​ទី​៣ គឺ​ការ​បាត់​ម៉ោង​បង្រៀន​ដោយសារ​រយៈពេល​ដែល​គ្រូបង្រៀន​ក្នុង​ថ្នាក់ តិច​ជាង​រយៈពេល​កំណត់​ក្នុង​មួយ​ថ្ងៃ អាច​បណ្ដាល​មក​ពី​គ្រូ​មក​បង្រៀន​យឺត ឬ​ចេញ​ទៅ​ផ្ទះ​លឿន៖ «ប្រទេស​កម្ពុជា សំខាន់​យើង​រៀន​ជាមួយ​គ្រូ មិន​មែន​ដូច​ប្រទេស​គេ គេ​បង្ក​លក្ខណៈ​រៀន​តាម​បណ្ណាល័យ​អ៊ីនធឺណិត​បន្ថែម​ទៀត​ទេ ពេល​ដែល​យើង​មាន​ម៉ោង​តិច ហើយ​យើង​ផ្អែក​ទៅ​លើ​ការ​រៀន​ផ្ទេរ​ពី​គ្រូ​ទៅ​ឲ្យ​សិស្ស ដែល​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ថា តើ​វា​ជះ​ឥទ្ធិពល​យ៉ាង​ម៉េច​ទៅ​លើ​ដល់​គុណភាព​សិក្សា​របស់​យើង»

ការ​ថ្លែង​នេះ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ លើ​ការ​អនុវត្ត​ម៉ោង​នៅ​បឋម​សិក្សា ថ្ងៃ​ទី​២៣ ខែ​កក្កដា នៅ​រាជធានី​ភ្នំពេញ។

ការ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​សម្រាប់​ការ​សិក្សា​នៅ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ នៅ​កម្រិត​ថ្នាក់​ទី​៤ ទី​៥ និង​ថ្នាក់​ទី​៦ ក្នុង​សាលា​បឋម​សិក្សា​ចំនួន ៩១​សាលា ដែល​មាន​ទាំង​សាលា​នៅ​ទីប្រជុំជន និង​សាលា​នៅ​ទី​ជនបទ​ក្នុង​ខេត្ត​រាជធានី​ចំនួន​៦។

នាយក​សាលា​បឋម​សិក្សា​ពូលូង ខេត្ត​មណ្ឌលគិរី លោក សុត ចាន់ធឿន រៀបរាប់​ថា គ្រូបង្រៀន គឺ​ជា​តួអង្គ​សំខាន់​ដែល​ក្រសួង​ត្រូវ​តែ​គិតគូរ ទើប​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន៖ «ខ្ញុំ​ចាំ​មើល​ក្រសួង​ដោះស្រាយ​យ៉ាង​ម៉េច ដើម្បី​សម្រួល​ដល់​ការងារ​នេះ​វិញ»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ដែល​បាន​ចូលរួម​ពិធី​នេះ បាន​ទទួល​ស្គាល់​ចំពោះ​របាយការណ៍​ស្រាវជ្រាវ​នេះ។ លោក​ថា ក្នុង​មួយ​ឆ្នាំ​សិស្ស​បាត់​ម៉ោង​សិក្សា​ប្រមាណ ៥០​ថ្ងៃ ឬ​ជិត ២​ខែ​ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ពិសេស​នៅ​តំបន់​ជនបទ។ លោក​អះអាង​ថា ក្រសួង​នឹង​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ពង្រឹង​វិន័យ និង​ការ​គ្រប់គ្រង​នៅ​តាម​សាលា៖ «យើង​នឹង​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប តើ​គួរ​ពង្រឹង​ម៉ោង​សិក្សា​របៀប​ម៉េច ពង្រឹង​វិន័យ​ដាក់​ទោស​ទណ្ឌ​ក្នុង​ករណី​នេះ ប៉ុន្តែ​ត្រូវ​មាន​ការ​ចូលរួម​ពី​មាតា​បិតា ពី​អាជ្ញាធរ​មូលដ្ឋាន ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដើម្បី​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព»

ការ​ស្រាវជ្រាវ​នេះ ក៏​បាន​ប្រៀបធៀប​ថា រវាង​កម្រិត​ម៉ោង​បង្រៀន​នៅ​បឋម​សិក្សា​រវាង​កម្ពុជា និង​អន្តរជាតិ​ផង​ដែរ។ ម៉ោង​សិក្សា​នៅ​មធ្យម​កម្រិត​អន្តរជាតិ គឺ​មាន ៧២០​ម៉ោង នៅ​ថ្នាក់​ទី​១ និង ៨២០​ម៉ោង​នៅ​ថ្នាក់​ទី​៦។ ប៉ុន្តែ​នៅ​កម្ពុជា ម៉ោង​បង្រៀន​ដែល​បាន​កំណត់​មាន​ចន្លោះ​ពី ៦៨៤​ម៉ោង​ទៅ ៧៦០​ម៉ោង តិច​ជាង​ការ​កំណត់​នៅ​អន្តរជាតិ ហើយ​បូក​បញ្ចូល​ទាំង​មុខវិជ្ជា​បំណិន​ជីវិត​ផង។

នៅ​កម្ពុជា សាលា​បឋម​សិក្សា​មាន​ជាង ៧​ពាន់​សាលា ចំណែក​គ្រូបង្រៀន​មាន​ចំនួន ៥​ម៉ឺន ៣​ពាន់​នាក់ និង​សិស្ស​មាន​ប្រមាណ ២​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល