កិច្ច​ពិភាក្សា​ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​សម្រាប់​សង្គម​ស៊ីវិល

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ ក្នុង​ពេល​ជាមួយ​គ្នា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​ប្រគល់​វិញ្ញាបនបត្រ​អភិបាល​កិច្ច និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ ជី.ភី.ភី (GPP) សម្រាប់​ឆ្នាំ​១០២៣។
ដោយ យាង សុជាមេត្តា
2013-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ពិគ្រោះ​យោបល់​ពហុ​ភាគី​ពាក់ព័ន្ធ ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​របស់​អង្គការ​សង្គម​ស៊ីវិល រៀប​ចំ​ដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
កិច្ច​ពិគ្រោះ​យោបល់​ពហុ​ភាគី​ពាក់ព័ន្ធ ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​របស់​អង្គការ​សង្គម​ស៊ីវិល រៀប​ចំ​ដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

កិច្ច​ពិភាក្សា​តុ​មូល​ពហុ​ភាគី​ពាក់ព័ន្ធ ស្ដីពី​អភិបាល​កិច្ច​ល្អ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល បាន​ផ្តោត​ជា​ពិសេស​លើ​សារសំខាន់ និង​ការ​រួម​ចំណែក​នៃ​វិញ្ញាបនបត្រ​អភិបាល​កិច្ច និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ ជី.ភី.ភី ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា។

វិញ្ញាបនបត្រ​អភិបាល​កិច្ច និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា នៅ​ឆ្នាំ​២០០៤ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ គណនេយ្យ​ភាព និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ ក្នុង​អង្គការ​សង្គម​ស៊ីវិល តាម​រយៈ​ប្រព័ន្ធ​វិញ្ញាបនបត្រ​ស្ម័គ្រចិត្ត (VCS)។

ប្រព័ន្ធ​វិញ្ញាបនបត្រ​ស្ម័គ្រចិត្ត គឺ​ជា​ប្រព័ន្ធ​ដែល​ប្រើប្រាស់​ក្រម​នៃ​គោលការណ៍​ជា​សីលធម៌ និង​បទដ្ឋាន​អប្បបរមា​សម្រាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​វាយ​តម្លៃ​ពី​អភិបាល​កិច្ច​ល្អ និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ជា​គោលការណ៍ ដើម្បី​អោយ​អង្គការ​មួយ​ទទួល​បាន​វិញ្ញាបនបត្រ​អភិបាល​កិច្ច និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ អង្គការ​នីមួយៗ​ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​ដែល​បាន​កំណត់ ដូច​ជា អង្គការ​ត្រូវ​បង្ហាញ​ទស្សនៈ​វិស័យ បេសកកម្ម និង​តម្លៃ​អោយ​ពិត​ប្រាកដ ត្រូវ​មាន​អភិបាល​កិច្ច ដូច​ជា ក្រុមប្រឹក្សាភិបាល​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ផ្នែក​ខាង​ក្រៅ ត្រូវ​បង្ហាញ​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​អោយ​ច្បាស់​លាស់ ត្រូវ​មាន​គណនេយ្យ​ភាព និង​តម្លាភាព ត្រូវ​មាន​ការ​ធានា​គុណភាព និង​ត្រូវ​មាន​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​អោយ​បាន​ល្អ​ជាដើម។ ជា​ការ​វាយ​តម្លៃ អង្គការ​ត្រូវ​ទទួល​បាន​ពិន្ទុ ៩២,៥% ឡើង​ទៅ ទើប​អាច​ទទួល​វិញ្ញាបនបត្រ​បាន។

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​ជា ១០០​នាក់ លោកស្រី ប៉ែន មនោរម្យ សមាជិក​នៃ​គណៈកម្មាធិការ​អនុម័ត​ក្នុង​ការ​អនុវត្ត​ក្រម និង​ជា​នាយិកា​រង​នៃ​អង្គការ​ខាណា (KHANA) និយាយ​ថា ប្រព័ន្ធ​វិញ្ញាបនបត្រ​ស្ម័គ្រចិត្ត​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​សង្គម​ស៊ីវិល​ទាំងអស់​នៅ​កម្ពុជា មាន​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ មាន​គណនេយ្យ​ភាព និង​មាន​តម្លាភាព​លើ​ការងារ​ជាដើម ហើយ​ដើម្បី​អោយ​អង្គការ​ទទួល​បាន​វិញ្ញាបនបត្រ​ពី​ប្រព័ន្ធ​មួយ​នេះ អង្គការ​ត្រូវ​ធ្វើ​តាម​គោលការណ៍​ដែល​បាន​កំណត់។

លោកស្រី ប៉ែន មនោរម្យ៖ «សង្គម​ស៊ីវិល​ដែល​ទទួល​វិញ្ញាបនបត្រ​ហ្នឹង ក្រម​របស់​យើង​បាន​ចែង ៧-៨​ចំណុច គឺ​យើង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ បាន​យើង​ប្រគល់​វិញ្ញាបនបត្រ​ហ្នឹង​អោយ ហើយ​នៅ​ក្នុង​ក្រម​ហ្នឹង យើង​បាន​ចែង​ច្បាស់​អំពី​អ្វី​ខ្លះ​ដែល​នៅ​ក្នុង​ហ្នឹង យើង​មាន​អ្នក​ទទួល​ខុស​ត្រូវ ហើយ​របាយការណ៍​បញ្ជាក់​ពី​អ្វី​ខ្លះ ហើយ​ក្រុម​គោលដៅ​របស់​យើង​ជា​នរណា ក្នុង​ហ្នឹង​យើង​មាន​ចែង​ទាំងអស់»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី មនោរម្យ បាន​ផ្ដាំ​ផ្ញើ​អង្គការ​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​រួច​ហើយ គួរ​បន្ត​អនុវត្ត​អោយ​បាន​ល្អ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​អោយ​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​បាន​ឃើញ ហើយ​នាយក​អង្គការ​គួរ​តាម​ដាន​ការ​អនុវត្ត​របស់​បុគ្គលិក​ថ្នាក់​ក្រោម​អោយ​បាន​ខ្ជាប់ខ្ជួន។

លោក សៅ វណ្ណា នាយក​អង្គការ KAPE នៅ​ខេត្ត​កំពង់ចាម ដែល​បាន​ទទួល​វិញ្ញាបនបត្រ​អភិបាល​កិច្ច និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០១២ បាន​និយាយ​ថា បន្ទាប់​ពី​អង្គការ​របស់​លោក​ទទួល​បាន​វិញ្ញាបនបត្រ វា​ធ្វើ​អោយ​អង្គការ​របស់​លោក​មាន​ភាព​រឹងមាំ​ផ្ទៃ​ក្នុង ដោយសារ​តែ​មាន​គោល​នយោបាយ​ល្អ ហើយ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​យល់​ច្បាស់​ពី​គោលដៅ​របស់​អង្គការ។ ហើយ​កត្តា​នេះ​ហើយ ទើប​នាំ​អោយ​ពួក​គេ​ប្រឹងប្រែង​ធ្វើ​ការ ដើម្បី​ឆ្លើយ​តប​តាម​គោលការណ៍​ដែល​បាន​កំណត់។ លោក​ថា វិញ្ញាបនបត្រ​ក៏​ចូល​រួម​ចំណែក​ច្រើន​នៅ​ពេល​អង្គការ​ដាក់​ពាក្យ​ស្នើសុំ​ថវិកា​ពី​ម្ចាស់​ជំនួយ​ផង​ដែរ។

លោក សៅ វណ្ណា៖ «យើង​ក្រឡេក​មើល​ទៅ​ខាង​ក្រៅ​ផ្នែក​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ម្ចាស់​ជំនួយ (Donors) គេ​មាន​ចំណាប់​អារម្មណ៍​ជាមួយ​យើង​ខ្លាំង អា​ហ្នឹង​វា​ជា​ភស្តុតាង (Evidence) មួយ ពី​មុន​យើង​គ្រាន់​តែ​ប្រាប់​គេ​ថា ខ្ញុំ​ខ្លាំង​ណាស់ យើង​អត់​មាន​ស្អី​សម្រាប់​វាស់​វែង​ខ្លួន​ឯង​ទេ តែ​បច្ចុប្បន្ន ខ្ញុំ​គិត​ថា វា​ជា​ឱកាស​មួយ​វា​អាច​វាស់​វែង​បាន នៅ​ពេល​យើង​ទទួល​បាន​វិញ្ញាបនបត្រ (Certificate) ហើយ​ម្ចាស់​ជំនួយ គេ​ក៏​ទទួល​ស្គាល់ វា​ក្រដាស​មួយ​សន្លឹក តែ​វា​មាន​សារសំខាន់​រៃអង្គាស​ជំនួយ (Fund) វា​មាន​សារសំខាន់ តែ​កាល​ណា​យើង​ប្រគល់ (Submit) ទៅ វា​កម្រ​ធ្លាក់ Short list»

កន្លង​មក អង្គការ​សង្គម​ស៊ីវិល​តែង​ជំរុញ​អោយ​រដ្ឋាភិបាល​មាន​អភិបាល​កិច្ច​ល្អ បំបាត់​អំពើ​ពុក​រលួយ មាន​គណនេយ្យ​ភាព និង​តម្លាភាព​ជាដើម។ រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បក្ខពួក និង​គ្រួសារ​និយម​ថែម​ទៀត​ផង។

លោក ប៊ុត ជិ ប្រធាន​ការិយាល័យ​សម្រប​សម្រួល​គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ បាន​អោយ​ដឹង​ថា ក្រសួង​ព្យាយាម​ស្វែង​រក​ចំណុច​រួម​មួយ ដើម្បី​ធ្វើ​ការងារ​អភិបាល​កិច្ច​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ហើយ​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ពី​សារសំខាន់​នៃ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម​កម្ពុជា។ លោក​ថា អង្គការ​សង្គម​ស៊ីវិល អាច​ដើរ​តួនាទី​ជា​អ្នក​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​អាជ្ញាធរ ប្រសិន​បើ​សង្គម​ស៊ីវិល​ជា​ស្ថាប័ន​ស្អាតស្អំ​ពិត​ប្រាកដ។

លោក ប៊ុត ជិ៖ «នឹង​អាច​មាន​អំណះអំណាង ហើយ​អាច​អោយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ទទួល​យក​នោះ នៅ​ពេល​ដែល​យើង​អាច​បញ្ជាក់​ថា ខ្ញុំ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ ដែល​មាន​ការ​វាយ​តម្លៃ​ថា ខ្ញុំ​ជា​ស្ថាប័ន​ស្អាត ហើយ​ជា​ស្ថាប័ន​ដែល​បាន​គេ​គោរព ហើយ​មាន​អភិបាល​កិច្ច​ល្អ ហើយ​គាត់​នឹង​អាច​មិន​ទទួល​យក ហើយ​ប្រសិន​បើ​គាត់​បាន​ព័ត៌មាន​ថា យើង​ជា​ស្ថាប័ន​អត់​ប្រសើរ​មួយ​ផង ហើយ​បើ​ចាំ​អង្គុយ​ថា​អោយ គាត់​ពិបាក​អោយ​គាត់​ទទួល​យក»

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អង្គការ​ចំនួន ៤៦ ហើយ ដែល​ទទួល​បាន​វិញ្ញាបនបត្រ ជី.ភី.ភី។ សម្រាប់​ឆ្នាំ​២០១៣ មាន​អង្គការ​ចំនួន​៩ ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ រួម​មាន​អង្គការ​សកម្មភាព​ព្រះពុទ្ធ​សាសនា ដើម្បី​អភិវឌ្ឍន៍​សង្គម អង្គការ​កម្ពុជា អប់រំ និង​ថែទាំ​ជំងឺ​អេដស៍ អង្គការ​សម្ព័ន្ធភាព​សកម្ម ដើម្បី​កសាង​ជនបទ​ឡើង​វិញ អង្គការ វី.អែស.អូ (VSO) ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​ភូមិ​ខ្ញុំ អង្គការ អេស៊ាន អៅរិច ខេមបូឌា (Asean Outreach Cambodia) អង្គការ​មូលនិធិ​សិទ្ធិ​កុមារ អង្គការ​ទ្រទ្រង់​កសិករ​ជនបទ និង​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា។

ក្នុង​ចំណោម​អង្គការ​ទាំង​៩ នេះ អង្គការ​ទ្រទ្រង់​កសិករ​ជនបទ និង​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បន្ត​ទទួល​បាន​វិញ្ញាបនបត្រ​ក្នុង​អាណត្តិ​បី​ឆ្នាំ​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល