អ្នក​ជំនាញ​ក្រើន​រំឭក​អ្នក​បើកបរ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​អុំ​ទូក

ដោយ អ៊ុំ រង្សី
2015-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។
នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍ បាន​សង្កេត​ឃើញ​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ធំ​ម្តងៗ​ដែល​ជា​ពេល​ឈប់​សម្រាក​ពី​ការងារ ដូចជា​ពិធី​បុណ្យ​អុំ​ទូក ជាដើម អត្រា​អ្នក​បើកបរ​មិន​គោរព​ច្បាប់​មាន​ចំនួន​កើន​ឡើង ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​ក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ ឲ្យ​គោរព​ច្បាប់ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍ ព្រួយ​បារម្ភ​ប្រជាពលរដ្ឋ​បើកបរ​បំពាន​ច្បាប់​ចរាចរណ៍ ខណៈ​ពិធី​បុណ្យ​អុំ​ទូក ៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា នឹង​អាច​បង្ក​ឲ្យ​មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង។

ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា ទោះ​ជា​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ត្រូវ​បាន​ផ្អាក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ក្តី ប៉ុន្តែ​ពិធី​នេះ​នៅ​តែ​ជា​ពេលវេលា​ដែល​គ្រួសារ​ខ្មែរ​ជួប​ជុំ​គ្នា និង​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​កម្សាន្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។ ជា​ការ​កត់​សម្គាល់ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពេល​ពិធី​បុណ្យ​ជាតិ​ម្តងៗ​នោះ គឺ​ជៀស​មិន​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​របួស​ជាង ៩០% កើត​ឡើង​មក​ពី​កត្តា​មនុស្ស​បើកបរ​មិន​គោរព​ច្បាប់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន៖ «ខ្លះ​គាត់​ហូប​គ្រឿង​ស្រវឹង ហើយ​ខ្លះ​គាត់​បើកបរ​ក្នុង​ល្បឿន​កំណត់ ខ្លះ​គាត់​ធ្វេសប្រហែស​ពេល​បើកបរ និង​មាន​កត្តា​មិន​គោរព​ច្បាប់​ជាច្រើន​ទៀត ដែល​ជា​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍»

អ្នក​ជំនាញ​គ្រោះថ្នាក់​ចរាចរណ៍​រូប​នេះ ក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ឲ្យ​គោរព​ច្បាប់ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ទៅ គោរព​ទាំងអស់​គ្នា​ទៅ អធ្យាស្រ័យ​ទាំងអស់​គ្នា​ទៅ ដើម្បី​ឲ្យ​កម្ពុជា យើង​ក្លាយ​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​ចរាចរណ៍»

លិខិត​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ដែល​ចុះ​ហត្ថលេខា​ដោយ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អំពាវនាវ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ផ្លូវ​ដែរ​ថា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក។ ស្ថាប័ន​នេះ បាន​ក្រើន​រំឭក​ឲ្យ​អ្នក​បើកបរ និង​អ្នក​ធ្វើ​ដំណើរ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ច្បាប់ ៩​ចំណុច ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

ចំណុច​សំខាន់​ទាំង ៩ នោះ​រួម​មាន អ្នក​បើកបរ​ត្រូវ​ប្រកាន់​ទម្លាប់​ជា​ស្វ័យ​ប្រវត្តិ គឺ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើត​មាន​ជា​យថាហេតុ​នៅ​លើ​ផ្លូវ​ថ្នល់។ អ្នក​បើកបរ និង​អ្នក​ធ្វើ​ដំណើរ ត្រូវ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ពេល​ឡើង​បញ្ជា ឬ​ជិះ​រថយន្ត។ អ្នក​បើកបរ​ម៉ូតូ ទាំង​អ្នក​ជិះ​ពី​ក្រោយ ត្រូវ​ពាក់​មួក​សុវត្ថិភាព។ អ្នក​បើកបរ ត្រូវ​បញ្ជា​រថយន្ត​ក្នុង​ល្បឿន​មួយ​ដែល​ច្បាប់​កំណត់ ដូចជា​នៅ​ទីប្រជុំជន សម្រាប់​រថយន្ត​បើក​ក្នុង​ល្បឿន​ត្រឹម ៤០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង និង ៨០​គីឡូ​ម៉ែត្រ​នៅ​ក្រៅ​ទីប្រជុំជន។ ចំណែក​ម៉ូតូ​ត្រឹម ៣០​គីឡូ​ម៉ែត្រ​ក្នុង​ទីប្រជុំជន។

លិខិត​ដដែល​បញ្ជាក់​ដែរ​ថា បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ និង​មិន​ត្រូវ​ផ្ទុក​លើស​ចំណុះ និង​ជិះ​លើ​ដំបូល​រថយន្ត ជាដើម។

ការ​សិក្សា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ល្បឿន​បើកបរ​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ បង្ហាញ​ថា ពីរ​ភាគ​បី​នៃ​ចំនួន​អ្នក​បើកបរ បាន​បើកបរ​ហួស​ល្បឿន​កំណត់។ អង្គការ​នេះ​អះអាង​ថា ការ​បើក​ហួស​ល្បឿន​កំណត់​នេះ ជា​មូលហេតុ​ចម្បង​ទី​មួយ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​មាន​ពិធី​បុណ្យ​សំខាន់ៗ​ម្តង។

ជាង​នេះ​ទៀត តួលេខ​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាង ៣.៥០០​ករណី (៣.៥០៥​ករណី) កើត​ឡើង ដោយ​មាន​អ្នក​ស្លាប់​ជិត ២​ពាន់​នាក់ (១.៧៣៥​នាក់) និង​របួស​ធ្ងន់​ជាង ៣.៣០០​នាក់ (៣.៣០៩​នាក់)។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​នៅ​កម្ពុជា រំពឹង​ថា អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ នឹង​មិន​បំពាន​ច្បាប់​ចរាចរណ៍​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដើម្បី​កុំ​ឲ្យ​ថ្ងៃ​សប្បាយ​រីករាយ​ក្លាយ​ជា​ថ្ងៃ​កើត​ទុក្ខ ព្រោះ​តែ​ការ​ធ្វេសប្រហែស​តែ​មួយ​ពព្រិច​ភ្នែក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ដើមត្នោត

ដើម្បីសុវត្ថិភាពទាំងអស់គ្នា ការចេះនិងការគោរពច្បាប់ចរាចរបានត្រឹមត្រូវជាការប្រសើរ ។ ដើម្បីសុវត្ថិភាពរបស់លោកអ្នក មិនមែនដើម្បីសុវត្ថិភាពក្រុមនគរបាលដែលរវាំងមើលការធ្វើដំណើរនោះទេ ។

Nov 24, 2015 05:55 PM

អ្នក​អាន​អនាមិក

>. សូម ជំរាប ជនរួមជាតិ = ការសំខាន់ គឺ ត្រូវរៀន ច្បាប់ ចរាចរ ទាំងអស់គ្នា មិនមែន រៀនពាក់មួក ដាក់ខ្សែក្រវ៉ាត់ នោះ មិនត្រឹមត្រូវ ទេ !
>.. រៀនចេះ ច្បាប់ចរាចរ ហើយ ត្រូវមាន សុជីវធម៏ យោគយល់គ្នា មួយទៀត ទើប ល្អ ប្រសើរ !

Nov 24, 2015 09:29 AM

គេហទំព័រ​ទាំងមូល