ក្រុមហ៊ុន​ ណាហ្គា វើលដ៍​ ព្រម​ដោះស្រាយ ក្រោយ​បុគ្គលិក​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​២​ថ្ងៃ

ដោយ ខែ សុណង
2020-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ពេល​ចូលរួម​កូដកម្ម​ជាមួយ​បុគ្គលិក​ណាហ្គា វើលដ៍ (Naga World) នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០២០។
ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ពេល​ចូលរួម​កូដកម្ម​ជាមួយ​បុគ្គលិក​ណាហ្គា វើលដ៍ (Naga World) នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០២០។
RFA

កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) នៅ​ថ្ងៃ​ទី​២​នេះ ឈាន ដល់​មាន​ដំណោះស្រាយ​ហើយ​។ ក្រុម​បុគ្គលិក ប្រកាស​បញ្ឈប់​ធ្វើ​កូដកម្ម និង​ព្រម​ចូល​ធ្វើ​ការ​វិញ នៅ​ថ្ងៃ​ទី​១១ ខែ​មករា។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ លោក សុខ គង្គា ប្រាប់​អាស៊ីសេរី​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ យល់ព្រម​ទទួល​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ និង​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​ទៅ​តាម​តួនាទី ហើយ​ចំណុច​ដទៃ នឹង​បន្ត​ចរចា​ផ្ទៃក្នុង​ក្រុមហ៊ុន​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា ក្រុម​បុគ្គលិក​យល់ព្រម​ទទួល​យក​​ដំណោះស្រាយ​នេះ និង​ព្រម​ចូល​ធ្វើ​ការ​វិញ ទៅតាម​វេន និង​តួនាទី​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មករា​។ លទ្ធផល​នេះ បន្ទាប់ពី​មាន​ជំនួប​ចរចា​គ្នា​រវាង​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន នៅ​សាលា​ខណ្ឌ​ចំការមន ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ៖ «ឯកឧត្ដម​អភិបាលក្រុង អភិបាលរង គាត់​បាន​ជួយ​ខ្នះខ្នែង​ដោះស្រាយ​បញ្ហា​កូដកម្ម​របស់​យើង​ពីរ​ថ្ងៃនេះ គឺ​យើង​ទ​ទូល​បាន​ផ្លែផ្កា​ហើយ។ តាម​ដីកា​របស់ តុលាការ​គឺ​កញ្ញា ឈឹម ស៊ីថរ នឹង​ចូល​ធ្វើ​វិញ​នៅ​ថ្ងៃស្អែក ហើយ​បុគ្គលិក ក៏​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃស្អែក​ដែរ»

ការ​ជួប​ចរចា​ឈាន​ដល់​មាន​ដំណោះស្រាយ​នេះ បន្ទាប់ពី​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ បាន​រួម​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​ទ្រង់ទ្រាយ​ធំ​នៅ​ខាង​មុខ​ក្រុមហ៊ុន ក្នុង​ក្រុងភ្នំពេញ រយៈ​ពីរ​ថ្ងៃ​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ដើម្បី​ទាមទារ ៦​ចំណុច​ក្នុង​នោះ​រួមមាន៖ ប្រាក់​ឈ្នួល​សមរម្យ ធានា​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​អំពាវនាវ​ដល់​ក្រុមហ៊ុន ឲ្យ​ទទួល​យក​ប្រធាន សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រឡប់​ធ្វើការ​ដូចដើម​វិញ។

កូដកម្ម​នៅ​ថ្ងៃ​ទី​២​នេះ មាន​បុគ្គលិក​ចូលរួម​កូដកម្ម​ប្រមាណ ៣​ពាន់។ ពួកគេ បាន​កាន់​បដា​នានា ព្រមទាំង​ទូង​ស្គ​ដៃ​ផង និង​ស្រែក​ហ៊ោ​យ៉ាង​កងរំពង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​សំណើ​របស់ ពួកគេ៖ «ស៊ូៗ​ៗ​ៗ​ៗ និង​សំឡេង​ស្រែក​ជា​ភាសា​អង់គ្លេស​ថា Sithar come back មានន័យថា ស៊ីថរ ត្រូវ​តែ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ»

កងកម្លាំង​នគរបាល​និង​កង​សន្តិសុខ​រាប់​សិប​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំមើល​កូដកម្ម​ទ្រង់ ទ្រាយ​ធំ​នេះ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ។

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ បន្ទាប់ពី​ក្រុមហ៊ុន​ព្យួរ​ការងារ​ប្រធាន​សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ បន្ទាប់​ពី​នាង​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ជួយ​ដោះស្រាយ​រឿង​សន្តិសុខ​ក្រុមហ៊ុន ហាម​បុគ្គលិក​មិន​ឲ្យ​យក​អាវយឺត ដែល​មាន​សរសេរ​សារ​ថា "​ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​'' ចូល​ក្នុង​ក្រុមហ៊ុន​។ ក្រុមហ៊ុន​បាន​ចោទ​កញ្ញា​ថា ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​។ មុន​ឈាន​ដល់​ធ្វើ​កូដ​កម្ម​នេះ ថ្នាក់ដឹកនាំ​សហជីព​បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​តាម​នីតិវិធី​ច្បាប់​ទាំង​នៅ​ក្នុង​ក្រុមហ៊ុន នៅ​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ ដោយសារ​ក្រុមហ៊ុន មិន​ព្រម​ជួប​ចរចារ​និង​បដិសេធ សំណើ​របស់​សហជីព។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ដំណោះស្រាយ​ជា​វិជ្ជមាន​នេះ​ដោយសារ​តែ​មាន​ការ​ជួប​ចរចា និង​ការ​សម្បទាន​គ្នា​ទៅវិញ​មក។ លោក​សង្ឃឹម​ថា ភាគី​ក្រុមហ៊ុន និង​ភាគី​សហជីព នឹង​មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ និង​គោរព​គ្នា​ទៅវិញទៅមក ដើម្បី​ជជែក​រក​ដំណោះស្រាយ​ចំពោះ​ចំណុច​សេសសល់​ដទៃ​ទៀត៖ «ដោយសារតែ​ភាព​សាមគ្គី​និង​កម្លាំង​នៃ​ការចូលរួម​របស់​បុគ្គលិក​កម្មករ​និយោជិត​ទាំងអស់​នេះ បាន​ជំរុញ​ឲ្យ​និយោជក ទទួលយក​នូវ​សំណើ​ទាមទារ​របស់ កម្មករ​និយោជិក»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ី ណូ ណាហ្គា វើលដ៍ អ្នកស្រី ឌី សីហា និង​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ខៀវ សាវុធ បានទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ក្រុមហ៊ុន ណាហ្គា ខប ដែល​មាន​ម្ចាស់​ជា​ជន​ម៉ាឡេស៊ី បាន​បង្ហាញ​ប្រាក់ចំណេញ​សុទ្ធ បន្ទាប់ ពី​គិត​ពន្ធ​រួច​ជាង ២៤៥​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៩ និង​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ដំណើរការ​កាស៊ីណូ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។ អង្គការ​លីកាដូ រកឃើញ​ថា ឧកញ៉ា ចេន លីបគឹង (Chen Lip Keong) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា មាន​ប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ ហើយ​កំពុង​មាន​គម្រោង​សាងសង់​ណាហ្គា ទី​៣ នៅ​ទីតាំង​អគារ​ស ឬ ហៅថា អគារ​ប៊ូឌីង ក្នុង​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​មួយ​នេះ កំពុង​ប្រើប្រាស់​បុគ្គលិក​កម្មករ​ប្រមាណ​ជាង ៨​ពាន់​នាក់។

ទោះបីជា​ក្រុមហ៊ុន​ណាហ្គា វើលដ៍ នេះ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​បែបនេះ​ក្តី ប៉ុន្តែ​បុគ្គលិក នៅ​តាម​ផ្នែក​ផ្សេងៗ ត្អូញត្អែរ​ថា ពួកគេ​ប្រ​ឈម​នឹង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប ខណៈ​ធ្វើ​ការងារ​ធ្ងន់ និង​ច្រើន​ម៉ោង៕