សិស្ស​និទ្ទេស A ១១​នាក់​ជួប​គ្នា​ចែក​រំលែក​បទពិសោធន៍​ពី​វិធីសាស្ត្រ​រៀន​ពូកែ

ដោយ សិរីមុនី
2015-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​ពូកែ​ប្រឡង​ជាប់​និទ្ទេស​អេ (A) កាល​ពី​ឆ្នាំ​២០១៤ ជួបជុំ​គ្នា​ពិភាក្សា និង​ចែក​រំលែក​បទពិសោធន៍​រៀនសូត្រ នា​សាកលវិទ្យាល័យ​អាមេរិកាំង ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។
សិស្ស​ពូកែ​ប្រឡង​ជាប់​និទ្ទេស​អេ (A) កាល​ពី​ឆ្នាំ​២០១៤ ជួបជុំ​គ្នា​ពិភាក្សា និង​ចែក​រំលែក​បទពិសោធន៍​រៀនសូត្រ នា​សាកលវិទ្យាល័យ​អាមេរិកាំង ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymony

សិស្ស​ពូកែ​ប្រឡង​ជាប់​និទ្ទេស​អេ (A) កាល​ពី​ឆ្នាំ​២០១៤ ទាំង ១១​រូប ជួប​គ្នា​ដើម្បី​រំលែក​បទពិសោធន៍​រៀន​ឲ្យ​ពូកែ នៅ​ថ្ងៃ​ទី​១៧ មិថុនា នៅ​សាកលវិទ្យាល័យ​អាមេរិកាំង ក្រុង​ភ្នំពេញ។ សិស្ស​ពូកែ​ទាំង ១១​នាក់​នោះ លើក​ឡើង​នូវ​របៀប​រៀន​ផ្សេងៗ​គ្នា ដើម្បី​ជា​គំនិត​ក្នុង​ការ​ប្រកួត​ប្រជែង​ភាព​ពូកែ និង​ការ​ប្រកួត​ប្រជែង​ការងារ​នៅ​ពេល​សមាហរណកម្ម​អាស៊ាន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​២០១៥។

អតីត​សិស្ស​ពូកែ​និទ្ទេស​អេ (A) ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៤ កញ្ញា សម្បត្តិ វិបុលរ័តុ្ន អះអាង​ថា ការ​កំណត់​ឆន្ទៈ​នៃ​ការ​ចង់​បាន​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​នៅ​ពេល​អនាគត ជា​ចំណុច​ស្នូល​ដែល​ជំរុញ​ឲ្យ​យើង​អាច​រៀន​បាន​ពូកែ។ កញ្ញា សម្បត្តិ វិបុលរ័តុ្ន បច្ចុប្បន្ន​រៀន​ផ្នែក​វិស្វករ​ជាប់​លេខ​២ ក្នុង​ចំណោម​សិស្ស ៨០០​នាក់ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​ក្រុង​ភ្នំពេញ។ កញ្ញា​ចែក​រំលែក​បទពិសោធន៍​សិក្សា​បន្ត​ថា កញ្ញា​ចូល​ចិត្ត​បរិស្ថាន និង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បី​អាច​បំពេញ​ក្តី​ប្រាថ្នា​របស់​ខ្លួន កញ្ញា​ក៏​ចាប់​មុខ​វិជ្ជា​វិស្វករ។ កញ្ញា​បន្ត​ថា ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ ដូច្នេះ​កញ្ញា​តាំង​ចិត្ត​ថា អនាគត​កញ្ញា​នឹង​ចូលរួម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា ឲ្យ​ល្អ​ប្រសើរ៖ «ស្រឡាញ់​ខាង​បរិស្ថាន ដូច្នេះ​ការ​រៀបចំ​បរិស្ថាន​ឲ្យ​ល្អ ក៏​ជួយ​បរិស្ថាន​បាន​ដែរ ដូចជា​ប្រព័ន្ធ​លូ​ល្អ និង​ប្រព័ន្ធ​ទឹក​ស្អាត ជាដើម»

កញ្ញា​បន្ត​ថា ការ​បែង​ចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់ ចំណាយ​ពេល​ពិភាក្សា​គ្នា​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់ និង​ការ​ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន ក៏​រឿង​មួយ​ដែល​អ្នក​សិក្សា​ទាំងអស់​មិន​អាច​មើល​រំលង​បាន​ឡើយ។ ចែក​រំលែក​ទាំង​ទឹក​មុខ​ញញឹម​យ៉ាង​ជឿជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​សិក្សា កញ្ញា​និយាយ​ថា ពេល​អស់​កម្លាំង​ខ្លាំង កញ្ញា​សម្រាក​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។ ការ​ជិះ​កង់​កម្សាន្ត​ពេល​ទំនេរ និង​ការ​មិន​ចំណាយ​ពេល​គេង​ច្រើន ក៏​កត្តា​ធ្វើ​ឲ្យ​កញ្ញា​រៀន​បាន​ពិន្ទុ​ខ្ពស់​ដែរ។

រីឯ លោក ផេង វ៉េងអាន អតីត​សិស្ស​និទ្ទេស​អេ (A) ទូទាំង​ប្រទេស​ឆ្នាំ​២០១៤ ដែរ​នោះ លើក​ឡើង​ថា ការ​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​ក្នុង​ការ​សិក្សា គឺ​ជា​វិធីសាស្ត្រ​ដែល​លោក​ប្រើ​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ។ ជា​មនុស្ស​មាន​ភាព​ច្បាស់លាស់ និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ វ៉េងអាន ជា​និស្សិត​ផ្នែក​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ លោក​ជា​សិស្ស​រៀន​បាន​លេខ​៨ ក្នុង​ចំណោម​និស្សិត ៤០០​នាក់។ ការ​ចាប់​មុខ​វិជ្ជា​ផ្នែក​វេជ្ជសាស្ត្រ ព្រោះ​អនាគត លោក​ចង់​បង្កើត​មន្ទីរពេទ្យ​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ។ ការ​សេពគប់​មិត្តភក្ដិ​ល្អ និង​ការ​មិន​ចំណាយ​ពេល​ដើរ​លេង​ច្រើន ក៏​ជា​កត្តា​ដ៏​ល្អ​ប្រសើរ ដែល​ធ្វើ​ឲ្យ​យើង​ចូល​ចិត្ត​រៀន និង​រៀន​បាន​ពូកែ៖ «ខ្ញុំ​នឹង​ចូលរួម​អភិវឌ្ឍ​សង្គម វិស័យ​សុខាភិបាល​កម្ពុជា ឲ្យ​បាន​ល្អ​ប្រសើរ ព្រោះ​វិស័យ​សុខាភិបាល​ប្រទេស​យើង​បច្ចុប្បន្ន បើ​ប្រៀបធៀប​នឹង​ជិត​ខាង គឺ​យើង​អន់។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន ខ្ញុំ​នឹង​ចូលរួម​អភិវឌ្ឍ​វិស័យ​សុខាភិបាល»

លោក​និយាយ​បែប​វេជ្ជបណ្ឌិត​ថា ការ​រៀបចំ​ពេលវេលា​ច្បាស់លាស់​ល្អ​ហើយ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ល្អ​នោះ គឺ​ការ​តាំង​ចិត្ត​អនុវត្ត​អ្វី​ដែល​យើង​កំណត់​ចេញ​ឲ្យ​ខាន​តែ​បាន ជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​សិស្ស​ពូកែ​មិន​ត្រូវ​គេចវេស។

ទាក់ទង​នឹង​ការ​សិក្សា​របស់​សិស្ស​និទ្ទេស​អេ (A) ទាំង ១១​រូប​នេះ​ដែរ លោក ពុយ គា ទីប្រឹក្សា​សាកលវិទ្យាល័យ​អាមេរិកាំង ប្រចាំ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​មួយ​ឆ្នាំ ១.៥០០​ដុល្លារ​ដដែល និង​ផ្តល់​ឱកាស​ឲ្យ​ស្នាក់នៅ​អន្តេវាសិកដ្ឋាន​រយៈពេល​បួន​ឆ្នាំ។ លោក​បន្ត​ថា ចាន់ ពិចិត្ត សិស្ស​និទ្ទេស​អេ (A) លំដាប់​លេខ​១ ប្រចាំ​កម្ពុជា បច្ចុប្បន្ន​បាន​ទៅ​សិក្សា​មុខ​វិជ្ជា​ពេទ្យ​នៅ​ប្រទេស​ថៃ៖ «ដូច្នេះ​គាត់​បាន​តស៊ូ នៅ​ពេល​គេ​ដើរ​គាត់​នាំ​គ្នា​រត់ ហើយ​រត់​ហ្នឹង​រត់​យ៉ាង​លឿន»

លោក​លើក​ឡើង​ថា សិស្ស​ទាំង ១១​រូប​នេះ ដំបូង​មាន​ផល​លំបាក​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស និង​ភាសា​បារាំង។ ប៉ុន្តែ​បច្ចុប្បន្ន តាម​រយៈ​ការ​ខិតខំ​សិក្សា​របស់​សិស្ស​ជើង​ខ្លាំង​និទ្ទេស​អេ (A) ទាំង ១១​រូប លែង​មាន​បញ្ហា​ផ្នែក​ភាសា​បរទេស​ទៀត​ហើយ។

សិស្ស​និទ្ទេស​អេ (A) ទាំង ១១​នាក់ ៧​នាក់​រៀន​នៅ​សាលា​ពេទ្យ ២​នាក់​រៀន​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង និង ២​នាក់​ផ្សេង​ទៀត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល