អង្គការ​ជន​ពិការ​អន្តរជាតិ​បង្ហាញ​ថា​អត្រា​អ្នក​បើកបរ​ហួស​ល្បឿន​កំណត់​កើន​ឡើង

ដោយ ចេង ម៉េងជូ
2015-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ឈួន វ៉ាន់ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ទី ឡុង និង​ប្រធាន​ស្ដីទី​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា របស់​អង្គការ​ជន​ពិការ​អន្តរជាតិ អ្នកនាង សូហ្វី ខូអេលហូ (Ms. Sophie Coelho) ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ «ការ​សិក្សា​នៃ​ការ​ត្រួត​ពិនិត្យ​ល្បឿន​នៅ​កម្ពុជា ២០១៥» នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ឈួន វ៉ាន់ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ទី ឡុង និង​ប្រធាន​ស្ដីទី​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា របស់​អង្គការ​ជន​ពិការ​អន្តរជាតិ អ្នកនាង សូហ្វី ខូអេលហូ (Ms. Sophie Coelho) ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ «ការ​សិក្សា​នៃ​ការ​ត្រួត​ពិនិត្យ​ល្បឿន​នៅ​កម្ពុជា ២០១៥» នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​តែ​ជា​វិបត្តិ​ដ៏​ធំ​មួយ​ដែល​តែង​គំរាម​កំហែង​ជីវិត​អ្នក​ប្រើប្រាស់​ផ្លូវ​ជា​ប្រចាំ។ ក្នុង​នោះ យុវជន​ដែល​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ គឺ​ជា​ក្រុម​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​ខ្លាំង​ជាង​គេ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

បញ្ហា​នេះ អង្គការ​អន្តរជាតិ​មួយ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា ករណី​បើកបរ​ហួស​ល្បឿន​កំណត់​នៅ​តែ​ជា​កត្តា​ឈាន​មុខ​គេ ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​កើន​ឡើង។

ការ​សិក្សា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ល្បឿន​បើកបរ ធ្វើ​ឡើង​ប្រាំ​ឆ្នាំ​ម្ដង​ដោយ​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) បង្ហាញ​ថា ពីរ​ភាគ​បី​នៃ​ចំនួន​អ្នក​បើកបរ បាន​បើកបរ​ហួស​ល្បឿន​កំណត់ ដែល​ជា​ដើម​ចម​ចម្បង​ទី​១ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

ក្នុង​បទ​បង្ហាញ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ស្ដីពី​លទ្ធផល​នៃ​ការ​សិក្សា​នេះ ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ អ្នកស្រី ជាង សារីម បញ្ជាក់​ថា អត្រា​នៃ​អ្នក​បើកបរ​ហួស​ល្បឿន​កំណត់​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ពី​ជាង ៣៣% នៅ​ឆ្នាំ​២០១០ កើន​ដល់​ជាង ៦៦% នៅ​ឆ្នាំ​២០១៤ ដែល​កំណើន​នេះ​ស​បញ្ជាក់​ថា កម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ដ៏​ខ្ពស់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

របាយការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ក៏​លើក​ឡើង​ដែរ​ថា ការ​អនុវត្ត​ច្បាប់​នៅ​មាន​កង្វះ​ខាត ហើយ​ចំណេះ​ដឹង​របស់​អ្នក​បើកបរ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅ​មាន​កម្រិត​ទាប​ខ្លាំង។ ក្នុង​នោះ ៩៧% នៃ​ចំនួន​អ្នក​បើកបរ​ដែល​អង្គការ​ជន​ពិការ​អន្តរជាតិ​បាន​សិក្សា គាំទ្រ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់​លើ​ការ​បើកបរ​ហួស​ល្បឿន​កំណត់។

ក្នុង​សិក្ខាសាលា​នោះ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ទី ឡុង បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​ផ្ដល់ ៧០% នៃ​ទឹក​ប្រាក់​ផាក​ពិន័យ​ដល់​នគរបាល​ចរាចរណ៍​ដែល​អនុវត្ត​ច្បាប់ ហើយ​ថា​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​ចំនួន​ទឹក​ប្រាក់​ផាក​ពិន័យ​តាម​ច្បាប់​ថ្មី នៅ​តាម​កន្លែង​ផាក​ពិន័យ។

ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​ល្បឿន​ក្នុង​ការ​បើកបរ និង​ទឹក​ប្រាក់​ដែល​ត្រូវ​ផាក​ពិន័យ​អន្តរការណ៍។ មាត្រា​៥ នៃ​អនុក្រឹត្យ​នោះ តម្រូវ​ឲ្យ​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ប្រើ​ល្បឿន​ទៅ​តាម​ស្លាក​សញ្ញា​កំណត់​ល្បឿន​ដែល​បំពាក់​នៅ​តាម​ដង​ផ្លូវ។ ចំពោះ​ការ​បើកបរ​ក្នុង​ទីប្រជុំជន​ដែល​មិន​មាន​ស្លាក​សញ្ញា​កំណត់​ល្បឿន​ទេ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង​យានយន្ត​កសិកម្ម​ជាដើម ត្រូវ​ប្រើ​ល្បឿន​មិន​ឲ្យ​លើស​ពី ៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឯ​រថយន្ត​វិញ ត្រូវ​បាន​កំណត់​ថា​មិន​ឲ្យ​លើស​ពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​អ្នក​ដំណើរ​បើកបរ​នៅ​ក្រៅ​ទីប្រជុំជន​វិញ ល្បឿន​អតិបរមា​គឺ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើ​បើកបរ​នៅ​លើ​ផ្លូវ​ដែល​មាន​ខឿន​បែង​ចែក​ទិស​ចរាចរណ៍​ជា​ពីរ និង​មាន​គន្លង​ផ្លូវ​ចាប់​ពី​បួន​ឡើង​ទៅ។ បច្ចុប្បន្ន ច្បាប់​ចរាចរណ៍​ថ្មី​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណជន​នៅ​ឡើយ ឯ​ការ​អនុវត្ត​ជា​ផ្លូវ​ការ​តាម​ច្បាប់​ថ្មី​នេះ នឹង​ចាប់​ផ្ដើម​ពី​ខែ​មករា ឆ្នាំ​២០១៦ នេះ​ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

មាលា

សូមលោកនគបាល គួរតែផាកពិន័យផងចំពោះជនណា ដែលបើកបរ
លើកនិយាយទូរស័ព្ទ មានទាំងឡាន​និង​ម៉ូតូ ដែលធ្លាប់ឃើញតាម​ផ្លូវញឹកញាប់ណាស់ ជាហេតុរំខាន និង​បង្កបព្ហាាដល់អ្នក​ជិះក្បែរ​នោះ។អំពើទាំងអស់បែបអាណាធិបតេយ្យនេះនៅតាមផ្លូវ គឺជាការ​បង្ហាញ​នូវភាពគ្មានគុណតម្លៃដល់ជាតិ។ ព្រោះជនបរទេសដែល​មកលេង និង​មករកសីុស្រុកយើង គេអាចសង្កេតឃើញផ្ទាល់ភ្នែក នូវភាពមិនគោរពច្បាប់ និង​ការរំលោភសិទ្ធបើកបរនៃ​បណ្តា​ឡាន​អ្នកធំ និងអ្នកមាន​អំណាចខ្លះ...ជាដើម។ នេះជាហេតុនាំឲ្យវិនិយោគចុះខ្សោយ ដោយសារភាពផុយស្រួយ​នៃការអនុវត្តន៏ច្បាប់នានាដែរ។

Jul 28, 2015 11:43 AM

គេហទំព័រ​ទាំងមូល