មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ស្នើ​ស៊ើប​អង្កេត​ករណី​តម្រូវ​ឲ្យ​កាត់​ឯកសណ្ឋាន​បង់​លុយ

ដោយ ដែន អយុធ្យា
2015-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស៊ើប​អង្កេត​ករណី​ពុក​រលួយ​ជុំវិញ​ការ​តម្រូវ​ឲ្យ​កាត់​ឯកសណ្ឋាន ឬ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ។

បញ្ហា​នេះ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បដិសេធ​ថា​មិន​បាន​តម្រូវ​ឲ្យ​កូន​ចៅ​ក្រោម​ឱវាទ បង់​លុយ​ថ្លៃ​ឯកសណ្ឋាន ឬ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ការងារ​នោះ​ទេ។

ក្រុម​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់​លើ​របស់​ពួក​គាត់ តម្រូវ​ឲ្យ​កាត់​ឯកសណ្ឋាន និង​ទិញ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​រដ្ឋ​នោះ ត្រូវ​ចេញ​លុយ​ដោយ​ខ្លួន​ឯង។ កង​កម្លាំង​ទាំង​នោះ​ឲ្យ​ដឹង​ទៀត​ថា ការ​តម្រូវ​ឲ្យ​ពួក​គេ​កាត់​ឯកសណ្ឋាន​ថ្មីៗ និង​មាន​សម្ភារៈ​ប្រើប្រាស់​ថ្មី ឬ​ទំនើប ដើម្បី​ឲ្យ​អ្នក​ផង​មើល​ទៅ​មាន​របៀប​រៀបរយ និង​ស្រស់​សង្ហា ជាដើម។

ចំនួន​លុយ​កាក់​ដែល​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​រ៉ាយរ៉ាប់ គឺ​មាន​ចំនួន​ទឹក​ប្រាក់​ច្រើន​ជាង ៤០​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​កង​កម្លាំង​ម្នាក់ៗ។

ផ្ដើម​ពី​បញ្ហា​នេះ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត រក​ឲ្យ​ឃើញ​អ្នក​ផ្ដើម​គំនិត​យក​លុយ​ថ្លៃ​កាត់​សម្លៀកបំពាក់​ពី​នាយ​កង​រាជ​អាវុធហត្ថ​នា​ខេត្ត​ព្រះសីហនុ យក​មក​ផ្ដន្ទាទោស។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខ្លះ​ចោទ​ថា មន្ត្រី​កំពុង​បម្រើ​ការ​នៅ​ក្នុង​ការិយាល័យ​ភស្តុភារ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជា​អ្នក​តម្រូវ​ឲ្យ​កាត់​ឯកសណ្ឋាន​ថ្មី​ប្រើប្រាស់ និង​តម្រូវ​ឲ្យ​ចេញ​លុយ​ខ្លួន​ឯង។

ឆ្លើយ​តប​បញ្ហា​នេះ លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បដិសេធ​ថា ស្ថាប័ន​លោក​គ្មាន​គោលការណ៍​កាត់​លុយ​ពី​កូន​ចៅ​ក្រោម​ឱវាទ ដើម្បី​យក​ទៅ​ទិញ​សម្ភារៈ ឬ​ឯកសណ្ឋាន​សម្រាប់​បំពេញ​ការងារ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​រូប​លោក​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ ឬ​ថវិកា​បន្ថែម​ជូន​ដល់​កង​កម្លាំង ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​កង​កម្លាំង ដែល​ខិតខំ​បំពេញ​ការងារ​ទាំង​ថ្ងៃ​យប់ ស្ទើរ​គ្មាន​ពេល​សម្រាក​ទៅ​វិញ​ទេ៖ «ខ្ញុំ​មិន​ដែល​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់​ដឹក​នាំ​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឬ​ក៏​ខ្លួន​ឯង​ផ្ទាល់ បញ្ជា​កាត់​លុយ​ពី​កូន​ចៅ ដើម្បី​យក​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ការងារ​ប្រតិបត្តិការ​នោះ​ទេ​កន្លង​មក។ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​ខ្ញុំ​ខ្លួន​ឯង​ក្នុង​នាម​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​រាល់​ការ​ខ្វះខាត​សម្ភារៈ ឬ​ក៏​ទទួល​ខុស​ត្រូវ​លើ​ការ​ហូប​ចុក ឬ​ការ​ស្នាក់នៅ​របស់​កង​កម្លាំង​ក្រោម​ឱវាទ​ទៅ​វិញ​ទេ គឺ​មិន​ដែល​បាន​បញ្ជា​ឲ្យ​កាត់​លុយ​កូន​ចៅ​ម្តង​ណា​ទេ»

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ លោក​ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​បទបញ្ជា​ក្តៅ ៣​ចំណុច ដាក់​ជូន​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​នៅ​តាម​រាជធានី​ខេត្ត​អនុវត្ត។ បទបញ្ជា​នោះ បាន​ព្រមាន​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​កាត់​ប្រាក់​ពី​នាយ ឬ​ពលរដ្ឋ​ទាហាន​នៃ​កង​រាជ​អាវុធហត្ថ​ណា​ម្នាក់ ដើម្បី​យក​ទៅ​ទិញ​មួក ស្បែកជើង និង​ខ្សែ​ក្រវាត់ ដែល​ជា​ការ​បំពេញ​បន្ថែម​លើ​គោល​របប​ដែល​រដ្ឋ​ផ្តល់​ជូន​នោះ​ទេ។ ហើយ​ថា បញ្ហា​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​តាម​រាជធានី​ខេត្ត ដោយ​មិន​អនុញ្ញាត​ឲ្យ​កាត់​ប្រាក់​ខែ ឬ​ការ​បង្ខំ​កាត់​លុយ​ទាំង​នេះ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ​ពី​នាយ​ទាហាន ឬ​ពលរដ្ឋ​ទាហាន​ណា​ម្នាក់​ជា​ដាច់​ខាត។

បទបញ្ជា​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ព្រមាន​ថា បើ​សិន​ជា​រក​ឃើញ​ព័ត៌មាន​មិន​ប្រក្រតី​នៃ​ការ​កាត់​លុយ​ថ្លៃ​ទិញ​សម្លៀកបំពាក់ ឬ​សម្ភារៈ​ពី​ពល​ទាហាន ឬ​នាយ​ទាហាន​នៃ​កង​រាជ​អាវុធហត្ថ​ពិត​មែន​នោះ អ្នក​ជាប់​ពាក់ព័ន្ធ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​បទ​ពិន័យ​ទូទៅ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

It is so stupid. If the country has peace , why use PM. They use PM during the country has war to protect safety for people. What 's a moron ! I don't like this names Sao Sokha and Chito. They are the criminal.

Feb 27, 2015 12:30 PM

អ្នក​អាន​អនាមិក

It is so stupid. If the country has peace , why use PM. They use PM during the country has war to protect safety for people. What 's a moron ! I don't like this names Sao Sokha and Chito. They are the criminal.

Feb 27, 2015 12:29 PM

គេហទំព័រ​ទាំងមូល