ពលរដ្ឋ​បារម្ភ​ខ្លាច​បាត់បង់​ទំនៀមទម្លាប់​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

ដោយ សិរីមុនី
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា អាច​បណ្ដាល​ឱ្យ​បាត់បង់​វប្បធម៌​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​នៅ​ពេល​អនាគត។ ពលរដ្ឋ​ថា រដ្ឋាភិបាល​គួរ​បែង​ចែក​ពិធី​បុណ្យ​ទំនៀម​ទម្លាប់​ប្រពៃណី និង​នយោបាយ​ឱ្យ​ដាច់​ពី​គ្នា​ក្នុង​ន័យ​រក្សា​ស្ថិរភាព​ប្រទេស​ជាតិ។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា មូលហេតុ​ពិត​ប្រាកដ​ដែល​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នោះ គឺ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​បក្ស​កាន់​អំណាច និង​ការ​មិន​បែងចែក​ឱ្យ​ដាច់​ស្រឡះ​រវាង​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី និង​បញ្ហា​នយោបាយ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ លោក ឡុង បូរ៉ា បញ្ចេញ​មតិ​ថា ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ម្ដង​ហើយ​ម្ដង​ទៀត​ក្រោម​ហេតុផល​តិចតួច អាច​បណ្ដាល​ឲ្យ​វប្បធម៌​ប្រពៃណី ទំនៀម​ទម្លាប់​របស់​ខ្មែរ​បាត់បង់ ហើយ​ក្មេង​ជំនាន់​ក្រោយ​មិន​ផ្ដល់​តម្លៃ​ចំពោះ​ពិធី​បុណ្យ​អុំទូក និង​គិត​ថា ពិធី​បុណ្យ​នេះ​មិន​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ។

លោក​បន្ត​ថា ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ប្រហែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច និង​ខ្លាច​ប្រជាពលរដ្ឋ​ដែល​មក​ចូល​រួម​បុណ្យ​អុំ​ទូក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​តប​វិញ បន្ទាប់​ពី​ត្រូវ​បាន​គេ​សង្ស័យ​ថា បាតុកម្ម​តវ៉ា​ទម្លាក់​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា មាន​បក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ខ្នង៖ «បរិបទ​នយោបាយ​ខ្មែរ​សព្វថ្ងៃ​ហ្នឹង យើង​ឃើញ​ថា ហាក់​ដូចជា​មាន​ការ​ប្រេះស្រាំ​គ្នា ជា​ពិសេស​បក្ស​កាន់​អំណាច និង​បក្ស​ចាញ់​ឆ្នោត​កំពុង​ប្រកួតប្រជែង​គ្នា​យក​ប្រជាប្រិយភាព​រៀងៗ​ខ្លួន»

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ​ដែរ និស្សិត​ម្នាក់​ផ្សេង​ទៀត ដែល​រស់​នៅ​ភ្នំពេញ លោក រស្មី លើក​ឡើង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នេះ គឺ​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​ជា​បុណ្យ​ជាតិ​ដ៏​ធំ​ក្នុង​ចំណោម​ពិធី​បុណ្យ​ជាតិ​ដទៃ​ទៀត មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម៖ «និយាយ​ទៅ​អ្នក​ដឹកនាំ​ដូច​អ្នក​កាច់​ចង្កូត​អ៊ីចឹង បើ​គេ​លុប​បំបាត់ អា​ហ្នឹង​វា​ស្រួល គេ​ផ្អាក​បន្តិច​ម្តងៗ យូរៗ​បាត់​ឯង»

​កន្លង​មក នៅ​ពេល​មាន​ពិធី​បុណ្យ​អុំ​ទូក​ម្តងៗ ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​ឡើង​មក​លេង​កម្សាន្ត​នៅ​ក្រុង​ភ្នំពេញ។ ប្រជាពលរដ្ឋ​ទាំង​នោះ អាច​ដើរ​ទស្សនា​កម្សាន្ត​កន្លែង​វប្បធម៌​ជា​ច្រើន មាន​ដូចជា​ព្រះបរមរាជវាំង វត្ត​ភ្នំ និង​សារមន្ទីរ​ជាតិ​ជាដើម។

ទោះ​បី​មិន​មាន​ការ​ប្រណាំង​ទូក​ង​​នៅ​ទន្លេ​ចតុមុខ​ក៏ដោយ​ចុះ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រគំតន្ត្រី​ដើម្បី​បង្កើត​បរិយាកាស​ស្រស់ស្រាយ​សប្បាយ​រីករាយ​ជូន​ពលរដ្ឋ។ នៅ​ពេល​រាត្រី គេ​ឃើញ​មាន​ការ​ប្រគំតន្ត្រី​នៅ​កោះ​ពេជ្រ និង​នៅ​លើ​សួន​កម្សាន្ត​មុខ​វត្ត​បទុមវតី។

(សំឡេង​ចម្រៀង)

បទ​ចម្រៀង​ខ្មែរ​បរទេស​លាយឡំ​ផ្គុំ​ជា​សំឡេង​ដើម្បី​បំបាត់​ក្តី​សោកសៅ​របស់​ប្រជាពលរដ្ឋ​ដែល​មក​ក្រុង​ភ្នំពេញ ក្នុង​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ។ គេ​ធ្លាប់តែ​សំឡេង​ស្រែក​ហោរ​ផ្ដល់​កម្លាំង​ចិត្ត​ចំពោះ​អ្នក​អុំ​ទូក​ង ប៉ុន្តែ​ឆ្នាំ​នេះ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ មិន​មាន​ឡើយ​សំឡេង​ស្រែក​ផ្ដល់​កម្លាំង​ចិត្ត​ពលរដ្ឋ​អ្នក​អុំ​ទូក​ង គឺ​មាន​តែ​សំឡេង​ជល់​កែវ​ស្រា ចម្រៀង​បុរាណ​សម័យ និង​តន្ត្រី​បរទេស​ទៅ​វិញ។

ការ​យក​ចម្រៀង​បរទេស​មក​ចាក់​កម្សាន្ត​សប្បាយ​អំឡុង​ពេល​ពិធី​អុំ​ទូក​នេះ និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក ហុង ថេង មាន​យោបល់​ថា ពិធី​បុណ្យ​អុំ​ទូក​ជា​បុណ្យ​ជាតិ​ធំ និង​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មួយ​ដ៏​យូរលង់​មក​ហើយ។ ម្ល៉ោះ​ហើយ​ការ​ចាក់​ចម្រៀង​បរទេស​ក្នុង​ពិធី​នេះ អាច​បណ្ដាល​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ។

លោក ហុង ថេង៖ «មោទនភាព​ជាតិ ទើប​ធ្វើ​ឱ្យ​ខ្មែរ​រួម​គ្នា​ទៅ​លើ​ចំណុច​អ្វី​មួយ​មោទនៈ​ទៅ​លើ​អី​គេ ទៅ​លើ​ប្រវត្តិសាស្ត្រ។ បុណ្យ​អុំ​ទូក​វា​បញ្ជាក់​ពី​រុង​រឿង​របស់​ខ្មែរ​យើង​ពី​បុរាណ»

​សៀវភៅ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​សរសេរ​ថា ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ជា​ធាតុ​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​ជាតិ ដែល​ទាមទារ​ឲ្យ​មាន​ការ​អភិរក្ស​ថែរក្សា​ឲ្យ​មាន​និរន្តរភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​ពី​សំណាក់​អ្នក​ដឹក​នាំ​ប្រទេស។

ពិធី​បុណ្យ​នេះ ជា​មរតក​វប្បធម៌​អរូបិយ ដូច​ជា​ល្បែង របាំ ចម្រៀង ពោល​គឺ​បើ​មនុស្ស​មិន​ថែរក្សា​ទេ វា​នឹង​គ្មាន​រូបរាង ហើយ​នឹង​អាច​សាប​រលាប​ទៅៗ ហើយ​ជាតិ​វប្បធម៌​របស់​ខ្មែរ​អាច​នឹង​បាត់បង់​អត្តសញ្ញាណ​មួយ​របស់​ខ្លួន។ អត្តសញ្ញាណ​ជាតិ​សំខាន់ៗ​រួម​មាន ទឹក​ដី មនុស្ស ប្រវត្តិសាស្ត្រ ភាសា វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់។

កាល​ពី​ដើម​ខែ​វិច្ឆិកា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​នៅ​ខេត្ត​កំពត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា ដោយសារ​កម្ពស់​ទឹក​ទន្លេ​មាន​កម្រិត​ទាប​ពេក ស្រប​ពេល​កម្ពុជា កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ប្រមូល​ផ្ដុំ​កម្លាំង និង​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រូវ​ប្រាំង​ជូន​ប្រជា​កសិករ។ ករណី​នេះ​ជា​ហេតុ​បណ្ដាល​ឱ្យ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នៅ​តាម​ដង​ទន្លេ​សាប ខាង​មុខ​ព្រះបរមរាជវាំង។

លោក ហ៊ុន សែន៖ «បញ្ហា​ស្ថិត​នៅ​ត្រង់​អ៊ីចឹង ជា​ទម្លាប់​យើង​អុំ​ទូក​នៅ​ទីក្រុង​ភ្នំពេញ យ៉ាង​ហោច​ទឹក ៧​ម៉ែត្រ ទៅ ៨​ម៉ែត្រ ប៉ុន្តែ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​នេះ​មាន​ត្រឹមតែ ៥,០៧ម៉ែត្រ។ តាម​ការ​សួរ​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ថា រហូត​ដល់​ថ្ងៃ​ដែល​យើង​អុំ​ទូក គឺ ២៤ ២៥ និង ២៦ ខែ​វិច្ឆិកា ទឹក​អាច​នៅ​តែ​ត្រឹម ៤,២០​ម៉ែត្រ​តែប៉ុណ្ណោះ ដូច្នេះ​ទឹក​នេះ​មិន​អាច​អុំ​បាន​ទេ»

ទោះ​បី​នៅ​ក្រុង​ភ្នំពេញ មិន​មាន​ការ​រៀបចំ​ពិធី​បុណ្យ​អុំទូក​ក្តី ប៉ុន្តែ​ពិធី​នេះ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទៅ​តាម​លទ្ធភាព​នៃ​អាជ្ញាធរ​ខេត្ត​ដែល​ជា​អ្នក​រៀបចំ មាន​ដូចជា​ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​បណ្ដា​ខេត្ត​ដទៃ​ផ្សេងៗ​ទៀត។  ទន្ទឹម​នឹង​នេះ​ដែរ ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ និយោជិត កម្មករ​ចំនួន ៣​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​នេះ​គឺ​រក្សា​ដដែល។

ទាក់ទង​នឹង​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក លោក​អាចារ្យ​ម្នាក់​នៃ​ក្រសួង​ធម្មការ និង​សាសនា លោក​អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ថា ព្រះរាជ​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​រំឭក​គុណ​ម្ចាស់​ទឹក​ម្ចាស់​ដី គុណ​បុណ្យ​បារមី រក្សា​បឹងបួ គិរីបុព្វតា ដែល​បាន​នាំ​ដី​ភក់​ដី​ល្បាប់​ដែល​មាន​ជីជាតិ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​ស្រែ​ចម្ការ។ ម្យ៉ាង​វិញ​ទៀត ព្រះរាជ​ពិធី​នេះ​ធ្វើឡើង​ដើម្បី​រំឭក​គុណ​ចំពោះ​កងទ័ពជើងទឹក ដែល​បាន​យកជ័យ​ជម្នះ​លើ​ខ្មាំង​សត្រូវ​ដែល​បាន​មក​វាយ​ប្រហារ​ដណ្ដើម​ទឹក​ដី​កម្ពុជា។

ការ​ប្រណាំង​ទូក​នៅ​ពេល​នេះ ធ្វើ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ ក៏​មាន​គោលបំណង​ក្នុង​ការ​បណ្ដុះ​ស្មារតី​មេដឹកនាំ​ខ្មែរ​គ្រប់​រូប​ឲ្យ​ចេះ​ស្រឡាញ់​ប្រជារាស្ត្រ​ខ្មែរ និង​បង្ហាញ​ពី​ការ​បង្រួបបង្រួម​សាមគ្គី​គ្នា​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដើម្បី​ទទួល​បាន​ជោគជ័យ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចេះ​ស្រឡាញ់​គ្នា ចេះ​មាន​ចិត្ត​សន្ដោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​វប្បធម៌​បណ្ដុះ​ស្មារតី​ដើម្បី​ជាតិ​សាសន៍​ខ្លួន​ឯង។

លោក​អាចារ្យ វ៉ាយ វិបុល៖ «ក្នុង​ខេត្ត​នីមួយៗ​ដែល​អុំ​ទូក ហ្នឹង​ត្រឡប់​មក​វិញ ត្រូវ​ដឹកនាំ​ខេត្ត​របស់​ខ្លួន​កុំ​ឲ្យ​មាន​អំពើ​ពុករលួយ​កុំ​ឲ្យ​ស៊ី​សំណូក​សូក​ប៉ាន់ បាត់​ចោរកម្ម បាត់​ការ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវ​ភេទ​ជាដើម​ហ្នឹង គឺ​ខេត្ត​ហ្នឹង ស្រុក​ហ្នឹង ឃុំ​ហ្នឹង​ល្បី»

លោក​បន្ត​ថា ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ជា​វប្បធម៌ ជា​ប្រវត្តិសាស្ត្រ និង​ជា​ការ​រីករាយ​រួម​គ្នា​ប្រចាំ​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី​នៅ​កម្ពុជា ក្រោយ​ពេល​ធ្វើ​ស្រែ​ចំការ​រួច។

រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​រាជធានី​ភ្នំពេញ អស់​រយៈពេល ៣​ឆ្នាំ​ជាប់​គ្នា គឺ​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់ ដែល​មក​ទល់​ពេល​នេះ មិន​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទទួល​ស្គាល់​ពី​កំហុស​ឆ្គង និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វេសប្រហែស​របស់​ខ្លួន​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅ​ឡើយ​ទេ។

​ព្រះរាជ​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព​តាម​រយៈ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​រាប់​ពាន់​នាក់​នៅ​តាម​រាជធានី​ភ្នំពេញ ពិសេស​ទី​ប្រមូលផ្ដុំ​មនុស្ស​ច្រើន។ យ៉ាង​ណា​ក៏ដោយ នៅ​ពេល​នោះ​គេ​សង្កេត​ឃើញ​ថា ពុំ​សូវ​មាន​ពលរដ្ឋ​មក​ចូល​រួម​កម្សាន្ត​សប្បាយ​ច្រើន​នោះ​ដែរ ដោយសារ​ពួកគេ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ព្រះសង្ឃ ពលរដ្ឋ និង​សិស្ស​និស្សិត​ជំរុញ​ឱ្យ​អ្នកដឹកនាំ​ប្រទេស​ត្រូវ​តែ​ចេះ​ស្រឡាញ់​ទឹកដី និង​ថែរក្សា​វប្បធម៌​ប្រពៃណី ភាសា អក្សរសាស្ត្រ សាសនា និង​ជាតិ​សាសន៍​របស់​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ដោយ​ចិរភាព និង​សម្បូរ​រុង​រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

អបអរសាទរអត់មានបុណ្យអុំទូក

Dec 18, 2015 08:22 AM

អ្នក​អាន​អនាមិក

ពិធី បុណ្យ អុំទូក ក៏ នយោបាយ បរទេសវៀតណាម ជ្រៀតជ្រែក ដែរ = ជំហ៊ាន ដំបូង ធ្វើអោយ ប្រជាពលរដ្ឋ ស្លាប់ដោយមិនដឹង មូលហេតុ ! ជំហ៊ាន បន្ទាប់ បិទ មិនចង់អោយបើក !

Nov 26, 2015 09:22 AM

គេហទំព័រ​ទាំងមូល