អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​បារម្ភ​មិន​មាន​ទេសចរ​ទៅ​កម្សាន្ត​នៅ​ភ្នំ​នាង​កង្រី​អំឡុង​បុណ្យ​ចូល​ឆ្នាំ

ដោយ ជិន ជេដ្ឋា
2015-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្នំ​នាង​កង្រី ឋិត​នៅ​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មើល​ពី​ចម្ងាយ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥
ភ្នំ​នាង​កង្រី ឋិត​នៅ​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មើល​ពី​ចម្ងាយ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥
RFA/Chin Chetha

មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង គ្រោង​ដាក់​មន្ត្រី​របស់​ខ្លួន​ចុះ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​នៅ​តាម​រមណីយដ្ឋាន និង​ទី​វត្ត​អារាម​មួយ​ចំនួន​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ ប៉ុន្តែ​វត្ត​គិរីភក្ដី ឬ​តំបន់​ភ្នំ​នាង​កង្រី នៅ​ស្រុក​កំពង់លែង មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​គម្រោង​នេះ​ទេ ដោយ​យល់​ថា មិន​សូវ​មាន​អ្នក​ទៅ​កម្សាន្ត ឬ​ធ្វើ​បុណ្យ​ច្រើន​ដូច​បណ្ដា​វត្ត​ដទៃ​ទៀត​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ភ្នំ​នាង​កង្រី គឺ​ជា​តំបន់​ភ្នំ និង​មាន​វត្ត​អារាម​ទាក់ទង​នឹង​រឿង​ព្រេង​និទាន​ខ្មែរ ប៉ុន្តែ​តំបន់​នេះ​ត្រូវ​បាន​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​អះអាង​ថា រៀង​រាល់​ឆ្នាំ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ពុំ​សូវ​មាន​មនុស្ស​ច្រើន​ទៅ​កម្សាន្ត ឬ​ធ្វើ​បុណ្យ​ដាក់​បាត្រ ក្រៅ​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នោះ​ទេ។ តំបន់​ភ្នំ​នាង​កង្រី មាន​មនុស្ស​ទៅ​លេង​ច្រើន​តែ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​អាច​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ដល់​ជើង​ភ្នំ​តែ​ម្ដង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ថា នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ លោក​នឹង​ចាត់​មន្ត្រី ១១​នាក់ ដើម្បី​ជួយ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​អនាម័យ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ប្រដាប់​អាវុធ។ ការ​រៀបចំ​នេះ គឺ​នៅ​តាម​ទី​វត្ត​អារាម និង​ទីប្រជុំជន​សំខាន់ៗ​ដែល​មនុស្ស​នាំ​គ្នា​សម្រុក​ទៅ​លេង​ច្រើន៖ «ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​យានយន្ត​គ្រប់​ប្រភេទ កន្លែង​លក់​ដូរ​ឲ្យ​មាន​របៀប​រៀបរយ និង​អនាម័យ ដូចជា​អ្នក​លក់​ដូរ​អី​ត្រូវ​មាន​ថង់​សម្រាប់​ដាក់​សំរាម ឬ​កាក​សំណល់​តាម​ការ​ណែនាំ​របស់​យើង ឲ្យ​គាត់​វេច​ខ្ចប់​ទុក​ម្ដុំ ហើយ​គាត់​អាច​ទៅ​ចោល​នៅ​គំនរ​សំរាម​ដែល​មណ្ឌល​កម្សាន្ត​ហ្នឹង​មាន ឬ​គាត់​អាច​ដុត​កម្ទេច​នៅ​គេហដ្ឋាន​របស់​គាត់។ យើង​មិន​អនុញ្ញាត​ឲ្យ​ចោល​ពាស​វាល​ពាស​កាល​ត​ទៅ​ទៀត​ទេ»

លោក​បញ្ជាក់​ថា ទីតាំង​ដែល​គ្រោង​រៀបចំ​នោះ គឺ​មាន​នៅ​វត្ត​ត្រឡែងកែង វត្ត​ពោធិរុក្ខារាម ឋិត​នៅ​ស្រុក​កំពង់ត្រឡាច វត្ត​ថ្មកែវ វត្ត​ត្រពាំងស្នោ ឋិត​នៅ​ស្រុក​រលាប្អៀរ និង​វត្ត​ខ្លុងពពក ឋិត​នៅ​ស្រុក​ទឹកផុស។ ទី​វត្ត​អារាម​ទាំង​នេះ តែង​តែ​មាន​មនុស្ស​ក្មេង​ចាស់​សម្រុក​ទៅ​កម្សាន្ត និង​លេង​ល្បែង​ប្រជាប្រិយ​ច្រើន។ លោក​ថា ចំពោះ​វត្ត​គិរីភក្ដី នៅ​តំបន់​ភ្នំ​នាង​កង្រី​វិញ មិន​សូវ​មាន​មនុស្ស​ទៅ​លេង​ទេ ព្រោះ​នៅ​រដូវ​ប្រាំង​ទឹក​ទន្លេ​រាក់ លំបាក​ធ្វើ​ដំណើរ​តាម​ទូក ឬ​កាណូត ហើយ​ត្រូវ​ជិះ​ម៉ូតូ ឬ​ដើរ​ច្រើន​ម៉ោង​ទៀត​ទើប​ដល់។ ភ្នំ​នាង​កង្រី មិន​ទាន់​អភិវឌ្ឍ​អ្វី​ទេ ប៉ុន្តែ​វា​ឋិត​នៅ​ជា​តំបន់​ត្រៀម​ទុក​អភិវឌ្ឍ​ទេសចរណ៍។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង ចង់​ឃើញ​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់​ភ្នំ​នាង​កង្រី ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ភ្នំ​នាង​កង្រី ដែល​ទាក់ទង​រឿង​ព្រេង​និទាន ពុទ្ធិ​សែន នាង​កង្រី ឬ​ព្រះ​នាង ១២។ ពលរដ្ឋ​រំពឹង​ថា ក្រៅ​ពី​រក្សា​កេរ្តិ៍​ឈ្មោះ​នេះ អ្នក​ភូមិ​ក៏​ទទួល​បាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ដែរ តាម​រយៈ​ការ​លក់​ដូរ​ចំណី​អាហារ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ជូន​ភ្ញៀវ​ទេសចរ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្បែរ​ភ្នំ​នាង​កង្រី នៃ​ឃុំ​ត្រងិល ស្រុក​កំពង់លែង លោក ហម អឿន ថ្លែង​ថា ប្រសិន​បើ​តំបន់​ភ្នំ​នាង​កង្រី អភិវឌ្ឍ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ នឹង​មាន​មនុស្ស​ច្រើន​នៅ​ក្នុង និង​ក្រៅ​ខេត្ត សម្រុក​មក​លេង ហើយ​ពេល​នោះ​កេរ្តិ៍​ឈ្មោះ​ភ្នំ​នាង​កង្រី​កាន់​តែ​ល្បី​សុះសាយ​ថែម​ទៀត។ លោក​ថា បច្ចុប្បន្ន​នៅ​ទី​វត្ត​គិរីភក្ដី និង​តំបន់​ភ្នំ​នាង​កង្រី គឺ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​ទេ៖ «នេះ​វា​ដូច​ថា​ជា​ភ្នំ​ប្រវត្តិសាស្ត្រ ហើយ​មនុស្ស​តែង​តែ​នឹក​ចង់​ឃើញ​វា​របៀប​ម៉េច​អី​យ៉ាង​ម៉េច​ណា? ប៉ុន្តែ​បើ​ខ្ញុំ​ធម្មតាៗ​វា​អត់​មាន​អី​ប្លែក​ផង បើ​មាន​ស្ពាន​ដូច​សម្ដេច (លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន) នឹង​មាន​រមណីយដ្ឋាន ធ្វើ​អី​ទាក់ទាញ​ភ្ញៀវ​ទេសចរ បើ​ខែ​នេះ​ស្ងាត់ឈឹង​តែ​ម្ដង»

ចំណែក​កម្មករ​លី​សែង​អីវ៉ាន់​ដាក់​ទូក​ដ​ទៅ​មក​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង លោក យ៉ាន សារិទ្ធិ មាន​ប្រសាសន៍​បណ្ដើរ ក្រឡេក​មើល និង​ចង្អុល​រៀបរាប់​ទៅ​ភ្នំ​នាង​កង្រី​បណ្ដើរ​ថា ទាំង​នៅ​រដូវ​វស្សា និង​រដូវ​ប្រាំង លោក​តែង​តែ​អង្គុយ​លេង​មើល​ទេសភាព​ភ្នំ​នាង​កង្រី​ពី​ក្រោម​ដើម​ពោធិ៍​មាត់​ទន្លេ​ផ្សារ​ក្រោម​ទៅ។ លោក​ថា លោក​ចាប់​អារម្មណ៍​ភ្នំ​នេះ តែ​បើ​ធ្វើ​ដំណើរ​ទៅ​លេង​ទីនោះ​នៅ​រដូវ​ប្រាំង នឹង​ជួប​ការ​លំបាក​ធ្វើ​ដំណើរ ដោយ​មាន​បន្លា និង​ព្រៃ​ច្រើន​តាម​ផ្លូវ៖ «មាន​ភាព​សក្ដិសិទ្ធិ​ដូច​ថា គាត់ (អាចារ្យ​នៅ​វត្ត​គិរីភក្ដី) តែង​និយាយ​ថា អ្នក​សច្ចំ​នៅ​ក្នុង​ហ្នឹង​ប្រសិន​កុហក​គេ នឹង​ជួប​តាម​អំពើ​ហ្នឹង គ្រាន់​តែ​ថា ទៅ​តាម​កាណូត​ទេសចរណ៍​អ៊ីចឹង យើង​ទៅ​និយាយ​ពាក្យ​អី​យើង​បាន​ហ្នឹង! នៅ​ក្នុង​ហ្នឹង​មាន​អាស្រម ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ទៅ​អភិវឌ្ឍ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី ថ្លែង​បញ្ជាក់​ថា កាល​ពី​ចុង​ឆ្នាំ​២០១៣ មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចាប់​អារម្មណ៍​តំបន់​ភ្នំ​នាង​កង្រី ហើយ​ចង់​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​តំបន់​ទេសចរណ៍ ប៉ុន្តែ​នៅ​ពេល​ចុះ​សិក្សា​ឃើញ​ថា គម្រោង​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ពេក ក៏​សម្រេច​ផ្អាក​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល