មន្ត្រី​សាលា​រាជធានី​ថា​មិន​អាច​លុប​បំបាត់​ការ​យក​ចិញ្ចើម​ផ្លូវ​សម្រាប់​ប្រកប​របរ​រក​ស៊ី​បាន​ទេ

ដោយ សិរីមុនី
2015-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចិញ្ចើម​ផ្លូវ​ដែល​ត្រូវ​គេ​យក​ប្រកប​របរ​អាជីវកម្ម ឋិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥
ចិញ្ចើម​ផ្លូវ​ដែល​ត្រូវ​គេ​យក​ប្រកប​របរ​អាជីវកម្ម ឋិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥
RFA/Uon Chhin

អ្នក​ស្រាវជ្រាវ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ដើម្បី​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្រុង​ភ្នំពេញ គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​យក​ចំណី​ផ្លូវ​សម្រាប់​ធ្វើ​អាជីវកម្ម។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ឆ្លើយ​ថា អាជ្ញាធរ​មិន​អាច​លុប​បំបាត់​បញ្ហា​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​នោះ​បាន​ទេ ព្រោះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ។

អ្នក​ស្រាវជ្រាវ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ការ​យក​ចិញ្ចើម​ផ្លូវ​សម្រាប់​ចត​ឡាន​ម៉ូតូ និង​ប្រកប​របប​អាជីវកម្ម​ផ្សេងៗ​នោះ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​ថា អាជ្ញាធរ​សមត្ថកិច្ច​មិន​ចាត់​វិធានការ​ឲ្យ​តឹងរ៉ឹង​ឡើយ​ចំពោះ​បញ្ហា​នេះ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខុមាលភាព​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា ក្រុង​ភ្នំពេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ គឺ​បណ្ដាល​មក​ពី​មិន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​អនុវត្ត​ច្បាប់​ស្ថិត​នៅ​ក្រោម​គំនាប​នៃ​ប្រាក់​ដុល្លារ​របស់​អ្នក​មាន​លុយ និង​មាន​អំណាច។ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ផ្លូវ​ចិត្ត ខាតបង់​ថវិកា និង​ខាតបង់​ពេលវេលា​ឥត​ប្រយោជន៍៖ «ទីក្រុង​ក្លាយ​ជា​ទីក្រុង​គ្មាន​សណ្ដាប់ធ្នាប់​ទេ ហើយ​ជា​ទីក្រុង​ដែល​សឹង​តែ​ស្ទះ​ចរាចរណ៍ ២៤​ម៉ោង។ ឥឡូវ​យើង​ឃើញ​ថា ពេល​ថ្ងៃ​ក៏​ស្ទះ ពេល​ព្រឹក​ក៏​ស្ទះ ពេល​ល្ងាច​ក៏​ស្ទះ មិន​ដឹង​ថា​ពេល​ណា​អត់​ស្ទះ?»

លោក​បន្ត​ថា ការ​បើកបរ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង អ្នក​បើកបរ​មិន​ចេះ​ច្បាប់​ចរាចរណ៍ និង​មិន​យល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍ អ្នក​បើកបរ​ក្រោម​អាយុ​ដែល​កំណត់​ដោយ​ច្បាប់ គឺ​សុទ្ធតែ​ជា​ហេតុផល​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ។

ចំណែក​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ភូមិវិទ្យា និង​នគរូបនីយកម្ម នៃ​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម រាជបណ្ឌិត្យសភា​កម្ពុជា លោក ហៃ សុគន្ធា បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ថា ការ​កើន​ឡើង​ចំនួន​យានយន្ត​នៅ​ក្រុង​ភ្នំពេញ ការ​បើកបរ​គ្មាន​ក្រម​សីលធម៌ និង​ការ​ធ្វើ​ផ្លូវ និង​លូ​នានា​ក្នុង​ក្រុង​ភ្នំពេញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ បាន​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ពិបាក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ណាស់ ម៉្លោះ​ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។

លោក​បន្ត​ថា ភ្លើង​ចរាចរណ៍​មិន​ច្បាស់លាស់ ក៏​ជា​ហេតុ​បង្ក​ឲ្យ​ចរាចរណ៍​មាន​ភាព​វឹកវរ​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​នានា ការ​ឈប់ និង​ការ​ចត​យានយន្ត​មិន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​កំណត់ ក៏​ជា​កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​ដែរ៖ «ជា​ការ​ពិត ច្បាប់​យើង​មាន អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​ហឹ្នង គឺ​ចាំបាច់​ហ្មង»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នូវ​បញ្ហា​ទាំង​នេះ អភិបាល​រង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក អៀង អូនី មាន​ប្រសាសន៍​ថា ការ​លុប​បំបាត់​ការ​ប្រកប​របរ​រក​ស៊ី​នៅ​តាម​ចិញ្ចើម​ផ្លូវ មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។ យ៉ាង​ណា​ក៏ដោយ សាលា​ក្រុង​ភ្នំពេញ ប្រមូល​យក​ការ​លើក​ឡើង​នូវ​បញ្ហា​ទាំង​នេះ​ទៅ​សិក្សា និង​ស្វែងរក​ដំណោះស្រាយ៖ «យើង​យក​គាត់​ចេញ​ចិញ្ចើម​ផ្លូវ ពិត​ណាស់​សាលា​ក្រុង​ភ្នំពេញ​ចង់​បាន​បំផុត ប៉ុន្តែ​ធ្វើ​ម៉េច​ប្រជាពលរដ្ឋ​មាន​នរណា​ដែល​ចង់​បាន​ដូច​យើង​ទាំងអស់​គ្នា។ ប្រជាពលរដ្ឋ​ទូទៅ​គាត់​ប្រើប្រាស់​ផ្លូវ​គាត់​ចង់​បាន ប៉ុន្តែ​ចុះ​អ្នក​លក់? សំខាន់​បំផុត​ការ​គិតគូរ​របស់​សាលា​ក្រុង​ភ្នំពេញ គឺ​ប្រជាពលរដ្ឋ​តូចតាច»

គេ​សង្កេត​ឃើញ​ថា នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ ត្រូវ​បាន​ម្ចាស់​ហាង​ធំៗ​យក​ធ្វើ​ជា​កន្លែង​ចត​រថយន្ត និង​ម៉ូតូ​សម្រាប់​ភ្ញៀវ​របស់​ខ្លួន។ ផ្លូវ​ទាំង​នោះ​រួម​មាន ផ្លូវ​សហព័ន្ធ​រុស្ស៊ី ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស និង​តាម​បណ្ដា​ផ្លូវ​ផ្សេងៗ​ទៀត​នៅ​ភ្នំពេញ។ ប្រការ​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា អ្នក​ដែល​ប្រើប្រាស់​ចំណី​ផ្លូវ​បាន​តាម​អំពើ​ចិត្ត គឺ​សុទ្ធ​អ្នក​ដែល​មាន​អំណាច និង​មាន​លុយ។ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​វិញ បើ​ហ៊ាន​រក​ស៊ី ឬ​ចត​លើ​ចិញ្ចើម​ផ្លូវ​នោះ អាជ្ញាធរ​នឹង​ដេញ​ចាប់​ប៉ផាប់​ពភីង​មិន​អនុគ្រោះ​នោះ​ឡើយ។

អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ លោក សុខ ណុប មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ប៉ូលិស​មិន​ប្រកាន់​ថា អ្នក​មាន អ្នក​ណា​ក្រ​នោះ​ទេ ឲ្យ​តែ​អ្នក​នោះ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

អ្នក​ស្រាវជ្រាវ និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា ដើម្បី​អាច​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា បាន រដ្ឋាភិបាល​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​រថយន្ត​ក្រុង​សាធារណៈ ពង្រីក​ផ្លូវ និង​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​ល្អ និង​ធំ​ទូលាយ។ ការ​បែង​ចែក​រវាង​ផ្លូវ​កង់ ម៉ូតូ និង​ផ្លូវ​ឡាន ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាន​ប្រសិទ្ធភាព ការ​រក្សា​ចំណី​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង និង​អ្នក​បើកបរ ត្រូវ​តែ​ឆ្លង​កាត់​ការ​រៀន​បើកបរ មាន​ប័ណ្ណ​បើកបរ មាន​អាយុ​គ្រប់​ក្នុង​ការ​បើកបរ និង​មិន​ត្រូវ​បើកបរ​ស្ថិត​ក្នុង​ភាព​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល