ពលរដ្ឋ​នៅ​ប៉ោយប៉ែត​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃ​ទី​១ មិថុនា

ដោយ ​ម៉ៅ សុធានី
2020-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
RFA

ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅតែ​ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ​បើក​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២ ឡើង​វិញ នៅ​ថ្ងៃ​ទី១ មិថុនា ដដែល។ ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ពួកគេ​នឹង​ទប់ស្កាត់​មិន​ឱ្យ​ឡានទឹក​ទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​នោះ​ឡើយ។

កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ លោកស្រី ឈុន សុភេន ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី៣០ ឧសភា ថា ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​មក ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ស្រី​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា សមាជិក​គ្រួសារ​របស់​គាត់​ចំនួន ៣​នាក់ ត្រៀមខ្លួន​ទៅ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ដើម​សប្ដាហ៍​ក្រោយ៖ «ព្រោះ​អី​បើ​យើង​មិន​តវ៉ា​យើង​បាន​អី​រកស៊ី យើង​បាន​លុយ​ណា​ទិញ​ម្ហូប​ទិញ​អី​ផង និង​អត់​លុយ​បង់ថ្លៃ​ផ្ទះ​ថ្លៃ​អី​ផង អីចឹង​នាំគ្នា​តវ៉ា​អីចឹង​ទៅ​។ ព្រោះ​អី​ទំនិញ​ថៃ​ចេញ​បាន​រួច​ខ្មែរ​យើង​មិន​អាច​ចូល​ទៅ​ដី​ថៃ​បានទេ ព្រោះ​អី​យើង​នៅ​ជាប់​ព្រំដែន​យើង​បាន​រកស៊ី​ចូល​ដី​ថៃ​ទើបបាន​លុយ​ចាយ។ បើ​បិទ​ច្រក​អីចឹង​ខ្មែរ​យើង​បាន​អី​រកស៊ី»

ចំណែក អាជីវករ​ខ្មែរ​ដែល​មាន​តូប​លក់ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ និង​អ្នក​រត់​ម៉ូតូឌុប​នៅ​តំបន់​ព្រំដែន​សង្កាត់​ប៉ោយប៉ែត ឱ្យ​ដឹង​ថា ពួកគាត់​មិន​អាច​ទ្រាំ​រស់នៅ​ដោយ​គ្មាន​ប្រាក់ចំណូល​បាន​ទៀត​ទេ ដូច្នេះ​ពួកគាត់​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដែរ​ថា នឹង​ទៅ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​តាម​ការ​គ្រោង​ទុក៖ «ខ្ញុំ​ក៏​មាន​ជំហរ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែរ ដោយសារតែ​ខាងយើង​នេះ​វា​អយុត្តិធម៌​ពេក ព្រោះ​ខាងគេ​បើកឡាន​ចេញ​បាន ហេតុ​អី​យើ​ង​អត់​អាច​ចេញចូល​បាន​ដូច​គេ ដូច្នេះ​ចង់​ឱ្យ​មាន​សិទ្ធិ​ស្មើគ្នា សុំ​ខាង​អាជ្ញាធរ​កម្ពុជា​ហ្នឹង​បិទ​កុំ​ឱ្យ​គេ​ចូល​មក​ខាងយើង​វិញ​ដែរ។ ចង់​ថា​ឱ្យ​បើក​ច្រក​ព្រំដែន​ឱ្យ​រកស៊ី​ធម្មតា​វិញ ពួក​ខ្ញុំ​ជួល​ផ្ទះ​គេ ហើយ​ណាមួយ​ទិញ​ម្ហូប​ក៏​ថ្លៃ ហើយ​គ្មាន​ការងារ​ធ្វើ​ដាច់​បាយ​ដាច់​អី​អស់ហើយ​នៅ​ខាង​ច្រក​ព្រំដែន​ណេះ​មានអី​ហូប​ទេ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ តាំង​ពី​ថ្ងៃ​ទី​២៨ រហូត​ដល់​ថ្ងៃ​ទី​៣០ ឧសភា តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​បដិសេធ​នឹង​ការ​ស្នើសុំ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​នេះ​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​២៥ ឧសភា។

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ឆ្លើយតប​នោះ​ថា មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើបាតុកម្ម ដោយសារ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ពីព្រោះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ បន្ត​រាតត្បាត​ខ្លាំង​នៅ​លើ​ពិភពលោក មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ។

ស្រប​ពេល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បដិសេធ​នឹង​សំណើសុំ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​នេះ នៅ​ខាង​ទឹកដី​ថៃ​ឯណោះ​វិញ អាជ្ញាធរ​ថៃ​បាន​ត្រៀម​កម្លាំង​ទាហាន​រាប់​រយ​នាក់​នៅ​តំបន់​ផ្សារ​រ៉ុងក្លឿ ជាប់​ព្រំដែន​ក្រុង​ប៉ោយប៉ែត ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ឧសភា រហូត​មក ដើម្បី​ទប់ស្កាត់​ក្រុម​បាតុករ​ខ្មែរ​។ អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា ប្រទេស​របស់​គេ​មិន​អាច​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើងវិញ​បាន​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​គឺជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។ លោក​បញ្ជាក់​ថា ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​នេះ កម្ពុជា​ចាញ់​ប្រៀប​ប្រទេស​ថៃ​ច្រើន ដោយ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​អាច​ចូល​មក​ក្រុង​ប៉ោយប៉ែត​បាន​ដោយ​សេរី​។ ចំណែក​រថយន្ត​ដឹកទំនិញ​របស់​ខ្មែរ​វិញ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រឹត​បន្តឹង ហើយ​អាច​ចូល​ទៅដល់​ប្រទេស​ថៃ​បាន​តិចតួច​បំផុត៖ «អីចឹង​សូម្បី​តែ​ការពារ​ដាក់​កម្លាំង​ដាក់​អី​រហូតដល់​មាន​ទាហាន​មានអី ដាក់​អី​ក៏​ដាក់​ទៅ វា​អត់​អី​ប្លែក​ទេ ប៉ុន្តែ​បើសិនជា​ថៃ​នៅតែ​មានប្រៀប​នៅ​អាច​នាំ​ទំនិញ​គគ្រឹកគគ្រេង​ចូល​មក​កម្ពុជា​បាន។ អីចឹង​កម្ពុជា​ក៏​ត្រូវ​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដូចគ្នា​ដែរ មិនមែន​ថៃ​នាំ​មក​បាន ហើយ​ប្រជាពលរដ្ឋ​សុទ្ធតែ​ជន​មាន​ជំងឺ​កូវីដ​១៩​នោះទេ អីចឹង​ត្រូវតែ​មាន​សមភាព​ដូចគ្នា​ទៅវិញទៅមក»

ទាក់ទង​នឹង​គម្រោង​តវ៉ា​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ត្រៀម​រទេះរុញ និង​រ៉ឺម៉ក​ម៉ូតូ​ចំនួន​១០០​គ្រឿង និង​ត្រៀម​មនុស្ស​ចូលរួម​ចំនួន ១​.៥០០​នាក់ ដើម្បី​បិទ​ផ្លូវ​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ហាមឃាត់​មិន​ឱ្យ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ មិថុនា​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល