តំណាងសហជីព ថាអឺរ៉ុបនិងអាមេរិកប្រកាសផ្អាកនាំទំនិញកាត់ដេរពីកម្ពុជា រឹតតែបន្ថែមការព្រួយបារម្ភទ្វេរដង អំពីជីវភាពកម្មករនិយោជិត

លោក មួង ណារ៉េត
2020-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (រូបលើខាងឆ្វេង) និង​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC។ រូប​ខាងក្រោម គឺកម្មការនីរោងចក្រមួយ នៅក្រៅក្រុងភ្នំពេញ កំពុង​ធ្វើការ​នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (រូបលើខាងឆ្វេង) និង​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC។ រូប​ខាងក្រោម គឺកម្មការនីរោងចក្រមួយ នៅក្រៅក្រុងភ្នំពេញ កំពុង​ធ្វើការ​នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧។
RFA and AP Photos

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​ រ៉ុង ឈុន ថ្លែង​ប្រាប់​​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ មីនា​ ថា​ស្ថាន​ភាព​ការងារ​ និង​​ជីវភាព​របស់​​កម្មករ​និយោជិត​ កំពុង​តែ​​ជួប​​ប្រទះ​នឹង​​បញ្ហា​លំបាក​ស្រាប់​ទៅ​ហើយ​ នៅ​ពេល​ដែល​រោងចក្រ​ជាច្រើន​​បាន​​ព្យួរ​​ការងារ​កម្មករ​និយោជិត​ ដោយសារ​​ម្ចាស់​​រោងចក្រ​ទាំង​នោះ​ អះអាង​ថា​​ខ្វះ​​វត្ថុធាតុ​ដើម​ផលិត​ ព្រោះ​កម្ពុជា​ពឹង​ពាក់​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ចិន​​ ក្នុងការ​​នាំ​ចូល​វត្ថុ​ធាតុ​ដើម​នោះ​។​

ប៉ុន្តែ​ អ្វី​ដែ​ល​រឹត​តែ​បង្កើន​ការព្រួយ​បារម្ភ​ថែម​ទៀត​នោះ​ គឺ​ពេល​នេះ​​មាន​​វត្ថុ​ធាតុ​ដើម​​ដឹក​មក​ពី​ចិន​បណ្តើរ​ៗ​ទៅ​ហើយ​ បើ​ទោះ​បី​ជា​តិច​តួច​ស្តួច​ស្តើង​យ៉ាង​ណា​​ក្ដី​ តែ​បែរ​ជា​​ទទួល​​ដំណឹង​​ថា​​ខាង​​សហភាព​អឺរ៉ុប​ និង​​សហរដ្ឋ​អាមេរិក​ ប្រកាស​ផ្អាក​នាំ​ទំនិញ​កាត់​ដេរ​ពី​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស​ទាំង​នោះ​ទៅ​ទៀត​ ដោយ​សារ​​តែ​វិបត្តិ​មេរោគ​កូរ៉ូណា​ថ្មី​ ឬ​ជំងឺ​កូវីដ​-​១៩​។​

ប្រតិកម្មក​របស់​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ដែល​តំណាង​កម្មករ​និយោជិត​​រាប់​​សែន​នាក់​នេះ​ ធ្វើ​ឡើង​​ក្រោយ​​វិទ្យុបារាំង​អន្តរជាតិ​​ RFI​ នៅ​ថ្ងៃ​នេះ​ បាន​​ដក​ស្រង់​​សម្តី​មន្រ្តីជាន់​ខ្ពស់​ នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ ដែល​លើក​ឡើង​​អំពី​ការ​ផ្អាក​ការ​បញ្ជា​ទិញ​មួយ​រយៈ​។​ អគ្គ​លេខា​ធិ​ការ​រង និ​ង​ជា​អ្នក​​នាំ​ពាក្យ​សមា​គម​រោង​​ចក្រ​កាត់ដេរ​នៅ​​កម្ពុជា​ហៅ​កាត់​ថា​ GMAC​ លោក​ កាំង​ ម៉ូ​នី​កា​ ប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​នោះ​ ថា​អ្នក​​កុម្ម៉ង់​​ទិញ​​សម្លៀក​​បំពាក់​​ពី​​កម្ពុជា​​មួយ​​ចំនួន​ ​បាន​​ជូន​​ដំណឹង​​មក​​ខាង​​រោង​​ចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​ ដោយ​​ស្នើ​​សុំ​​​ផ្អាក​​ការ​​ដឹក​​ជញ្ជូន​​ទំនិញ​​វាយន​ភណ្ឌ​​នៃ​​វិស័យ​​កាត់​​ដេរ​ ទៅ​​កាន់​​ទីផ្សារ​​អឺរ៉ុប​ និង​​អាមេរិក​សិន​​ ដោយ​​សារ​​តែ​​ឥទ្ធិពល​​នៃ​​ការ​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក​​នៃ​ជំងឺ​កូវីដ​-​១៩​។​

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ កាំង​ ម៉ូនី​កា​​ ជុំវិញ​រឿង​នេះបាន​​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ មីនា​នេះ​។​

ប៉ុន្តែ​ ទើប​​តែ​ ៣​ ថ្ងៃ​មុន​នេះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ឬ​ GMAC​ នេះ ​ទើប​តែ​ប្រកាស​ព័ត៌មាន​ អរគុណ​អ្នក​បញ្ជា​ទិញ​ទាំង​អស់​ ដែល​បញ្ជា​ទិញ​ផលិផល​​ធ្វើ​ដំណើរ​ពី​កម្ពុជា​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​លើស​ពី​ ១២០០​ លាន​ដុល្លារ​​ក្នុង​ឆ្នាំ ២០១៩​ កន្លង​ទៅ​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅការ​​នាំ​ចេញផលិត​ផល​ធ្វើ​ដំណើរ​នេះ​ ថា​ជា​ភាព​សម្បើម​មួយ​។​ ផលិត​ផល​ធ្វើ​ដំណើរ​ទាំងនេះ​ ប្រហែល​ ៨០%​ នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក​។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ប្រកាស​ជោគ​ជ័យ​ខ្លាំង​នេះ​ គឺ​មាន​តែ​លើ​ផលិត​ផល​ធ្វើដំណើរ​ប៉ុណ្ណោះ​។ សមាគម​រោង​​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ មិន​បាន​​បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ទូទៅ​នៃ​វិស័យ​​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង​ និង​​សម្លៀក​បំពាក់​នោះ​ឡើយ​។ ប៉ុន្តែ​ ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​លោក​ ខិន​ លូ​ (Ken Loo) កាល​ពី​ចុង​ឆ្នាំ​ ២០១៩​ ធ្លាប់​​លើក​ឡើង​​អំពី​ការ​ព្រួយបារម្ភ​របស់​​ថៅកែ​រោងចក្រ​ ដោយសារ​តែ​ការ​បញ្ជា​ទិញ​បាន​ថយ​ចុះ​ប្រមាណ ៦០០ លាន​​ដុល្លារ​ នៅ​ក្នុង​​រយៈ​ពេល​ ៦​ ខែ​ដើម​ឆ្នាំ​ ២០១៩​។

ផលិតផលធ្វើដំណើរនេះទៀតសោត ក៏ស្ថិតក្នុងប្រភេទនៃមុខទំនិញ ដែលសហភាពអឺរ៉ុប និងយកពន្ធដែរចាប់ពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០នេះ ដោយសារតែ​សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញ រឿងរំលោភសិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យធ្ងន់ធ្ងរ។

លោក រ៉ុង ឈុន ថា​អ្វីដែលគួរ​ព្រួយបារម្ភខ្លាំងបំផុតនោះ គឺភាពខ្វះដំណោះស្រាយ​នៅចំពោះមុខ ជាពិសេសក្នុងពេលដែលការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែរីកសាយភាយគ្រប់ទិសទី និង​ភាពមិនច្បាស់​លាស់ ថាតើពេលណានឹង​បាន​ស្បើយ​ពីបញ្ហានេះ <<យើងមើលឃើញថា មាន​រយៈពេល​វែង​ទៀត។ យើង​មើលឃើញថា នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ។ ហើយ​វិធី​ដែល​ដោះស្រាយ​នៅចំពោះ​មុខ​ យើង​មើល​មកដល់​ពេលនេះ ហាក់ដូច​ជា​រដ្ឋាភិបាល​អត់​ទាន់​មាន​វិធីជាក់លាក់​ចំពោះ​បង​ប្អូន​កម្មករ​កម្មការនី​នៅឡើយ​ទេ នៅពេល​ដែលបាត់​បង់​ការ​បញ្ជា​ទិញ​ នៅពេលអនាគត>>។

សហភាព​សហជីព​កម្ពុជា​ ដែល​មាន​លោក​ រ៉ុង​ ឈុន​​ ជា​ប្រធាននេះ​ កាលពីថ្ងៃទី ១៨ ខែ មីនា បាន​ស្នើ​ជា​ច្រើន​ចំណុច​ សុំ​ឲ្យ​​ស្ថាប័ន​ពាក់ព័ន្ធ​​យក​ចិត្ត​​ទុក​ដាក់​លើ​បញ្ហាជីវភាព និង​សុខុមាលភាព​កម្មករនិយោតជិត ជាពិសេស​ការ​បង្ការ​ការឆ្លងជំងឺនេះដល់ពួកគាត់ ព្រោះសហភាព​សហជីព​កម្ពុជា មើលឃើញអំពី​ភាព​មិន​យក​ចិត្ត​ទុកដាក់លើបញ្ហានេះ។

ក្នុង​ចំណោម​ចំណុច​ទាំង​នោះ​ សហភាព​សហជីព​កម្ពុជា​ ស្នើ​ឲ្យ​​រដ្ឋាភិបាល​គួរ​​ឲ្យ​​កម្មករ​និយោជិត​ បាន​​ឈប់​សម្រាក​ពី​ការងារ​​មួយ​រយៈ​ពេល​ ដោយ​​រក្សា​​ប្រាក់​ឈ្នួល​ បើ​​ការ​​រាត​ត្បាត​​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ ឬ​កូវីដ​-​១៩​ នេះ​ មិន​ថម​ថយ​។​

ខាងសមាគមរោងចក្រកាត់ដេរ បដិសេធការ​លើកឡើង​របស់​សហភាពសហជីព​កម្ពុជា ដែលថា​ថៅកែរោងចក្រ សហគ្រាស​ភាគច្រើន​មិន​បាន​ប្រើវិធីបង្ការ និង​ប្រឆាំង​ទប់​ស្កាត់​មេរោគកូរ៉ូណាថ្មីនេះ។ ប៉ុន្តែ សមាគមរោងចក្រកាត់ដេរ មិន​បាន​ឆ្លើយតបទៅនឹងសំណើសុំ​ឲ្យ​កម្មករឈប់សម្រាកពីការងារ​មួយរយៈ ដោយ​រក្សា​ប្រាក់ឈ្នួលនោះទេ។

ថ្មីៗនេះ របបក្រុងភ្នំពេញ​ បាន​ដាក់ចេញ​វិធានការមួយចំនួន ដែល​ខ្លួន​អះអាងថា អាចជួយ​ដោះស្រាយ​បញ្ហា​កម្មករ ដែលប្រឈមនឹង​ភាពអត់ការងារ​ធ្វើ​ ដោយសារ​តែ​រោងចក្របិទទ្វារនោះ។  វិធានការទាំងនោះ រួមមានការ​បន្តបើកប្រាក់ឈ្នួល ៦០% ភាគរយឲ្យកម្មករនិយោជិតជាដើម។

ប៉ុន្តែ ខាង​តំណាងសហជីព និង​អ្នកឃ្លាំមើលសង្គម ថា​វិធានការនេះ គ្រាន់តែជាវិធី​ដោះទាល់ប៉ុណ្ណោះ គឺគ្មានប្រសិទ្ធភាពនោះទេ ព្រោះកម្ពុជាកំពុង​ប្រឈមនឹង​វិបត្តិផ្ទួនៗគ្នា គឺវិបត្តិគ្មានវត្ថុធាតុដើម វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិ​ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប ដែលដកការអនុគ្រោះពន្ធជាង ១ ពាន់លានដុល្លារពីកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល