យុវជន ឈុន ឌីម៉ី ប្ដេជ្ញា​ធ្វើ​ចម្រៀង​រ៉ែប​អំពី​សង្គម​ឱ្យ​បាន​ច្រើន​ទោះ​ខ្លួន​​ខ្វះ​ខាត​ស្ទើរ​គ្រប់​យ៉ាង​ក្ដី

ដោយ ជុន ច័ន្ទបុត្រ
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បទចម្រៀងដ៏​​ថ្មី​សន្លាង​មួយ មាន​ចំណងជើងថា “ផ្លូវ​ជីវិត” របស់អ្នក​ចម្រៀង​រ៉ែប​វ័យ​ក្មេង ឈុន ឌីម៉ី ដែល​មាន​រហស្សនាមថា ឌីម៉ីខេមបូ (Dymey-CAMBO)។
បទចម្រៀងដ៏​​ថ្មី​សន្លាង​មួយ មាន​ចំណងជើងថា “ផ្លូវ​ជីវិត” របស់អ្នក​ចម្រៀង​រ៉ែប​វ័យ​ក្មេង ឈុន ឌីម៉ី ដែល​មាន​រហស្សនាមថា ឌីម៉ីខេមបូ (Dymey-CAMBO)។
Screenshot

អ្នក​ចម្រៀង​រ៉ែប (Rapper) វ័យ​ក្មេង​ម្នាក់​ ដែល​ត្រូវ​អាជ្ញាធរ​ព្រមាន​ចាប់​ខ្លួនកាល​​ពី​ប៉ុន្មាន​ខែ​មុន​នោះ បាន​​ចេញផ្សាយបទ​​ចម្រៀងថ្មី​មួយ​​ទៀតហើយ​​អំពី​សង្គម។ បទនេះ​មាន​លក្ខណៈ​ជា​ការ​អប់រំបណ្តុះគំនិត​​ឱ្យ​មនុស្ស​ត្រូវ​​តស៊ូ​ក្នុង​ជីវិត និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ ប៉ុន្តែ​ក៏​មាន​ផង​​ដែរ​នូវ​តថភាព​​សង្គមខ្មែរ​បច្ចុប្បន្ន​​​ ដូច​ជា ការ​ធ្វើ​ចំណាកស្រុក​​ និងគម្លាត​រវាង​អ្នក​មាន​​និង​​អ្នក​ក្រ ជាដើម។ បទនេះ​ឆ្លុះ​បញ្ចាំង​ពី​រឿង​ពិត​​របស់​ម្ចាស់​​ស្នាដៃ ហើយ​ពលរដ្ឋខ្មែរ​​មួយ​​ចំនួនក៏​​ទំនង​ជា​មាន​បទពិសោធន៍ និង​អតីតកាល​ដូច​គ្នា​នេះដែរ។

នេះ​ជា​ខ្សែជីវិត​របស់​អ្នក​​ចម្រៀង​រ៉ែប​វ័យ​ក្មេង ឈុន ឌីម៉ី និង​បទ​ផ្លូវ​ជីវិត ដែល​ជា​ស្នាដៃ​ថ្មី​របស់​គាត់ ដែល​លោក ជុន ច័ន្ទបុត្រ នឹង​រៀបរាប់​ជូន​ដូច​តទៅ

ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​​ជាង ២​ខែ ពេល​នេះ​អ្នក​ចម្រៀង​រ៉ែប​វ័យ​ក្មេង ឈុន ឌីម៉ី ដែល​មាន​រហស្សនាមថា ឌីម៉ីខេមបូ (Dymey-CAMBO) បាន​វិល​ត្រឡប់​មក​វិញ​ហើយជាមួយ​នឹងបទចម្រៀងដ៏​​ថ្មី​សន្លាង​មួយ មាន​ចំណងជើងថា “ផ្លូវ​ជីវិត”

អ្នកចម្រៀង​រ៉ែប​វ័យ ២៤ ឆ្នាំ​រូប​នេះ បង្ខំ​ចិត្តផ្អាក​ការ​តែង​និពន្ធ​ចម្រៀង​តាំង​ពី​អំឡុង​ខែ​ឧសភា​មក​ម្ល៉េះ ដោយសារ​​អាជ្ញាធរ​តាម​រក​រឿង ដោយ​ចោទថា លោក​ផលិត​​បទចម្រៀង​ញុះញង់ បន្ទាប់​ពី​ចម្រៀងរបស់លោក​មួយ​បទ ក្រោម​ចំណងជើងថា “សង្គម​នេះ” ដែលរិះគន់​អំពើ​អយុត្តិធម៌​​សង្គម ទទួល​​បាន​ការចាប់​​អារម្មណ៍​ខ្លាំង​ពី​សាធារណជន។

យុវជន​ ឈុន ឌីម៉ី ប្រាប់​អាស៊ីសេរី​ថា បទ​ចម្រៀង​ថ្មី​​នេះ មាន​គោល​បំណងលើក​​ទឹក​​ចិត្ត​ឱ្យ​​មនុស្ស​គ្រប់រូប ពុះពារ​​ជម្នះរាល់​ឧបសគ្គ​​​នៅក្នុង​ជីវិត ជាពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ។ លោក​ក៏​បញ្ចូល​​ខ្លឹមសារ​ចង់​ឱ្យ​មនុស្ស​កសាង​តែអំពើ​ល្អ ដើម្បី​មាន​កេរ្តិ៍​​ឈ្មោះ​ក្រអូប​សាយនៅ​ក្នុង​សង្គម​ផង​ដែរ។ ជាមួយ​គ្នា​នេះ លោកក៏​​បា​ន​​រំលេចពី​ស្ថានភាព​​ជាក់ស្តែង​នៃ​ការ​ធ្វើ​ចំណាកស្រុក​ និង​​ការ​​​តស៊ូ​ដើម្បី​​ក្រពះ​របស់ពលរដ្ឋ​ខ្មែរ​​​ក្រីក្រ​ទៀត​ផង។

ចម្រៀងរ៉ែប​មួយ​បទ​នេះ ឆ្លុះ​បញ្ចាំង​ពីរឿង​​​ពិត​របស់​អ្នក​និពន្ធ ដែល​បាន​​ហែល​ឆ្លង​រឿង​រ៉ាវ​លំបាក​ជាច្រើន​ក្នុង​ជីវិត ​​ដោយ​សារ​តែ​ភាពក្រីក្រ។

យុវជន ឈុន ឌីម៉ី កើត​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ក្នុង​តំបន់​សំណង់​​អនាធិបតេយ្យ​នៃ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ ពី​រមណីយដ្ឋាន​អង្គរ​។ លោក​​ជា​កូន​ទីពីរ​ក្នុង​ចំណោម​បងប្អូន​ទាំងអស់ ៤ នាក់ ដែល​មាន​ឪពុក​ជា​អ្នក​រត់​ម៉ូតូឌុប និង​​ម្តាយ​​ជា​កម្មករ​​សិប្បកម្ម​ផលិត​​តុទូកៅ​អីមួយ​កន្លែង នៅក្នុង​​ក្រុង​សៀមរាប។

យុវជន​រូប​នេះ​រំឭក​​ថា កាល​​ពី​​នៅ​វ័យ​កុមារ រូប​គេ​ធ្លាប់​ជា​ក្មេង​ដើរ​រើស​អេតចាយ ព្រោះ​​តែ​ជីវភាព​ខ្វះខាតខ្លាំង​ពេក។ លុះ​ចម្រើ​​ន​វ័យ​ធំដឹង​ក្តី​​បន្តិច ឌីម៉ី បាន​ធ្វើ​ការងារ​បណ្តើរ រៀន​បណ្តើរ ដើម្បីបាន​​​ប្រាក់​ខ្លះ​មកជួយ​​គ្រួសារ និង​​​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ខ្លួន។ ឌីម៉ី បាន​ធ្វើ​ការ​ងារ​ជា​ជាង​ដែក ជា​អ្នក​​រត់​តុ​ការ ជាអ្នក​រត់​តុ​បាយ និង​​ជាអ្នក​ផ្ញើរ​កង់ម៉ូតូ រហូត​ទាល់​តែ​​ប្រឡង​ជាប់​បាក់ឌុប នៅឆ្នាំ​២០១៦។

ប៉ុន្តែ​ជា​រឿង​គួរឱ្យ​សោកស្តាយ​ ​​យុវជន​ដែលមាន​​ទេពកោសល្យខាង​កំណាព្យរូប​នេះ​ មិន​បាន​ចូល​រៀននៅ​មហាវិទ្យាល័យ​តាម​ក្តីស្រម៉ៃ​របស់​​ខ្លួនឡើយ ពីព្រោះតែ​គ្មាន​លទ្ធភាពបង់​ថ្លៃសាលា។ ទើប​តែ​នៅ​ឆ្នាំ២០១៩ នេះទេ ដែល​ ឌីម៉ី មាន​ឱកាស​បាន​​ចូល​​រៀន​​ថ្នាក់​បរិញ្ញាបត្រ​នឹង​គេ ដោយ​​សារ​អ្នក​​ទេសចរណ៍​​ជនជាតិ​​បារាំងម្នាក់​ជួយ​​បង់​ថ្លៃសាលាឱ្យ ក្នុង​​មួយ​ឆ្នាំ​ជិត​៧០០ ដុល្លារ«ការពិត​ទៅ​ ពេល​ដែល​ចប់​ភ្លាម ខ្ញុំ​មាន​បំណង​ថាចង់​ចូល​រៀន​ណាស់ ព្រោះអត់​ចង់​ឱ្យ​ខាត​ឆ្នាំក្នុង​ការ​រៀន។ ខ្ញុំ​ស្រឡាញ់​ការ​រៀន​ច្រើន​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ជីវភាព​​គ្រួសារ​យើង​អត់​មាន​ចឹង​ទៅ ខ្ញុំ​ក៏​ព្យាយាម​ធ្វើ​ការ​រក​លុយ​។ ប៉ុន្តែ​រក​លុយ​សន្សំ​អត់​សល់​ទេ ព្រោះ​យើង​ផ្គត់ផ្គង់​គ្រួសារ​។ ហើយ​ក៏មាន​មិត្តភក្តិ​ម្នាក់​ គាត់​ធ្វើ​ការ​នៅ​អូតែល​ចឹង​ទៅ គាត់​ក៏​បាន​ទាក់ទង​ភ្ញៀវ​ ដោយសារ​តែ​ភ្ញៀវ​គាត់​ចង់​ជួយ​ដល់​ក្មេង​នៅកម្ពុជា។ អ៊ីចឹង​ទៅ មិត្តភក្តិ​ខ្ញុំ​ក៏​បាន​ទាក់​ទង​ខ្ញុំថា មាន​មិត្តភក្តិ​ម្នាក់​គាត់​ចង់​រៀន​ ប៉ុន្តែ​គាត់​អត់​មាន​សមត្ថភាព​។ អ៊ីចឹង​ទៅ បាន​មិត្តភក្តិ​ទាក់ទង​ឱ្យ​ទៅ ខ្ញុំ​ក៏​បាន​ចូល​រៀន​ដល់​ឥលូវ»

យុវជន​ ឈុន ឌីម៉ី បាន​ចូល​ធ្វើ​ការ​ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៃ​​មន្ទីរពេទ្យ​កុមារ​អង្គរក្នុង​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ។ ជាង​មួយ​ឆ្នាំ​ក្រោយ​មក រូប​គេ​ក៏​​ត្រូវ​បាន​តម្លើង​ជា​​ប្រធាន​ក្រុម​​ផ្នែក​អនាម័យ​នៅ​​ទីនោះ ដោយ​សារ​បំពេញ​ការងារ​បានល្អ។

យុវជន​រូប​នេះ​បាន​ក្លាយ​ជា​បង្គោល​ដ៏​សំខាន់​នៅ​ក្នុងគ្រួសារ​របស់​គាត់។ ឌីម៉ី កំពុង​បំពេញចិត្ត​​កតញ្ញូ​​ចំពោះ​ឪពុកម្តាយ ដោយ​​បង់​រំលស់​ដីមួយ​​កន្លែង​នៅ​​ស្រុក​អង្គរធំ​ខេត្ត​​សៀមរាប បំណង​ទុក​សាងសង់​គេហដ្ឋាន​ឱ្យ​អ្នក​មាន​គុណ​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត ព្រោះ​ការ​រស់​នៅ​សំណង់​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ ​មិន​មាន​ភាព​ឋិតឋេរ​នោះ​ឡើយ

អ្នក​ចម្រៀង​រ៉ែបរូប​នេះ​ ថ្លែង​បន្ត​ដោយសម្តី​អួល​ដើម​ក​ថា ដោយសារ​តែ​ចង់​ឱ្យ​ឪពុកម្តាយរស់​រួច​ផុត​ពី​ការ​លំបាក ទើប​លោក​ប្រឹង​ខាំមាត់​សង្កត់​ចិត្ត ​​ធ្វើកិច្ច​ការ​​គ្រប់​យ៉ាងដើម្បីគ្រួសារ ​​និង​ដើម្បី​​ការ​សិក្សា​របស់​ខ្លួន«ខ្ញុំ​គិត​ទៅលើ​គ្រួសារ​ ខ្ញុំ​ចង់​ឃើញ​ឪពុក​ម្តាយ​គាត់​រស់​ស្រួល អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​បាន​ខំ​ប្រឹង​តស៊ូ​រហូត ទោះបី​យើង​ជួប​ឧបសគ្គ​យ៉ាង​ម៉េច​ក៏​ដោយ។ ក្នុង​ស្ថានភាព​ណាក៏​ដោយ ក៏​យើង​ខំ​ប្រឹង​តស៊ូ ហើយ​​ម្តាយ​គាត់​ចេះ​តែ​អប់​រំ​ទូន្មាន​យើង​ពាក្យ​ល្អៗ ជំរុញ​ទឹក​ចិត្ត​យើង​ឱ្យ​ខំ​ប្រឹង​ប្រែង​ ម៉ែអត់​មាន​អី​ឱ្យ​កូន​ទេ ម៉ែគឺ​អ្នក​ក្រអ៊ីចឹងទៅ។ ឆាក​ជីវិត​ដែល​ខ្ញុំ​ឆ្លង​កាត់​ទាំង​អស់​ហ្នឹង​ហើយ ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ព្យាយាម​តស៊ូ អត់​ចុះ​ចាញ់ទេ ហើយ​បាន​ជា​ខ្ញុំ​ផលិត​បទចម្រៀង​ផ្លូវ​ជីវិត​នេះមួយ»

បច្ចុប្បន្ន​នេះ ឌីម៉ី​ត្រូវ​ខំ​ធ្វើ​ការ​​ផង​​ រៀន​ផង ចំនួន ៦​ថ្ងៃក្នុង​​មួយ​សប្តាហ៍ ហើយ​ថ្ងៃ​អាទិត្យ គឺ​ជា​ពេល​វេលា​ដែល​លោក​​អាច​ភ្នក​នឹក​​​ពី​ការ​​ផលិត​​ចម្រៀង​រ៉ែប​ ដែល​​ជាចំណង់​ចំណូល​​ចិត្ត​របស់​ខ្លួន។

គិត​ត្រឹម​ពេល​នេះ ឌីម៉ី បាន​ចេញ​បទ​ចម្រៀង​ចំនួន ២០​បទហើយ ទាំង​បទ​ផលិត​​ខ្លួន​ឯង និង​ច្រៀង​បទ​របស់​អ្នក​​ដទៃ។ ដោយ​ឡែក ចំពោះ​ចម្រៀងអំពី​បញ្ហា​សង្គម​វិញ លោក​ផលិត​បាន ៣​បទហើយ គឺ​បទផ្លូវជីវិត” ដែល​លោក​ទើប​ផលិត និង​បទ “សង្គមនេះ” ដែល​លោក​និពន្ធ និង​ច្រៀង​ជា​ពីរ​បែប។

បទចម្រៀង​ “សង្គម​នេះ” ទាំង​ពីរ​បទ មាន​ចំនួន​ចូល​ទស្សនាជាង៦ លាន​ដងហើយ​មក​ដល់​ពេល​នេះ។ ចំណែក​បទ “ផ្លូវជីវិត” វិញ មាន​ចំនួន​ទស្សនាជិត២ សែន​ដង បន្ទាប់​ពី​បង្ហោះនៅលើ​បណ្តាញសង្គម​យូធូប (YouTube) បាន ៣​ថ្ងៃ។

អ្នក​ចូល​ទស្សនាជាច្រើន​ បាន​បញ្ចេញ​យោបល់​ចូលចិត្ត និង​គាំទ្រ​បទចម្រៀង​របស់​យុវជន ឈុន ឌីម៉ី ដោយ​សារ​ពួក​គេ​យល់​ថា បទ​ចម្រៀង​ទាំងនោះ​ឆ្លុះ​បញ្ចាំង​ការពិត​នៅក្នុង​សង្គម។ អ្នក​ចូល​ទស្សនា​ភាគច្រើន បាន​សំណូម​​ពរ​ឱ្យ​យុវជន​រូប​នេះ ​ផលិត​បទ​ចម្រៀង​អំពី​សង្គម​​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត។

ទោះជាយ៉ាងណា ការ​បំពេញ​តាម​សំណូមពរ​របស់​​អ្នក​គាំទ្រ​​ ពិត​ជា​លំបាក​មែន​ទែន​សម្រាប់អ្នក​ចម្រៀង​រ៉ែប​អត្តខាត់​រូប​នេះ។

យុវជន ឈុន ឌីម៉ី ឱ្យ​ដឹង​ថា លោក​មាន​គំនិតច្រើន​ក្នុង​ការ​តែង​និពន្ធ​​ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​ខ្វះខាត​នោះ គឺសម្ភារៈ​ទាំង​ឡាយដែល​​បម្រើ​ឱ្យ​ការ​ផលិត​បទ​ចម្រៀង។ លោក​រៀបរាប់​ថា បទចម្រៀង​ទាំងឡាយ​ដែល​បាន​ផលិ​តកន្លង​មក​ គឺ​លោក​បាន​ខ្ចី​ឧបករណ៍ និង​សុំ​ស្ទូឌីយូ​មិត្តភ័ក្ដិ​ថត​ទេ សូម្បី​តែ​​កុំព្យូទ័រ​​កាត់​ត​សំឡេង និង​រូបភាព ក៏​លោក​ខ្ចី​គេ​ដែរ​។ លោក​​បញ្ជាក់​ថា ប្រសិន​បើ​លោក​​មាន​ឧបករណ៍​​​គ្រប់គ្រាន់ និង​ស្ទូឌីយ៉ូ​ថត​ចម្រៀង​ត្រឹម​ត្រូវ​ លោក​នឹង​អាច​​ផលិត​បទ​ចម្រៀង​​បានកាន់​​ច្រើន«ក្តី​ស្រម៉ៃ​របស់​ខ្ញុំ​ ខ្ញុំ​ចង់​បាន​យូរ​ហើយ​បង ឧបករណ៍​ថតហ្នឹង ទាំង​កុំព្យូទ័រ​ ទាំង Microphone ទាំង​អ្វីផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​ថត​សំឡេង​ហ្នឹង ប៉ុន្តែ​ក្តីស្រម៉ៃ​ហ្នឹង​មិន​ដឹង​ថា ពេល​ណា​នឹង​ក្លាយ​ជា​ការ​ពិតទេ ព្រោះ​អី​ពេល​នេះ​កំពុង​តែ​ប្រើ​របស់​គេ។ យើង​ទៅ​ថត​តែនៅ​កន្លែង​គេ​រហូត ហើយ​បើ​មាន​ខ្លួន​ឯង ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​បទចម្រៀង​ឱ្យ​បាន​ច្រើន​សម្រាប់​ជា​ចំណី​អារម្មណ៍​ឱ្យ​ពុក​ម៉ែ​បង​ប្អូន​បាន​ស្តាប់​ទាំងពី​រឿង​ពិត រឿង​លើក​ទឹកចិត្ត រឿង​អប់រំ និង​រឿង​អីក៏ដោយ ខ្ញុំ​នឹង​ព្យាយាម​សរសេរ​ឱ្យ​បាន​ច្រើន​តាមអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។”

ទោះ​ជា​យ៉ាងណា ភាព​ក្រីក្រ និង​ការ​ខ្វះខាត មិន​មែន​ជា​ឧបសគ្គ​សម្រាប់​​យុវជន ឈុន ឌីម៉ី ឡើយ។ ឌីម៉ី បញ្ជាក់​ថា ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ គឺ​ជា​កម្លាំង​ចិត្ត​មួយ​ដ៏​ខ្លាំង​ ញ៉ាំង​ឱ្យ​លោក​ខិត​​ខំ​ផលិត​បទ​ចម្រៀង​អំពី​សង្គម​ ​អប់រំ​យុវជន​ខ្មែរ​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្អ ខំប្រឹងប្រែង​រៀនសូត្រ និង​មាន​គំនិត​ស្រឡាញ់ជាតិ«ខ្ញុំ​ចង់​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ហ្នឹង ឱ្យ​ពួក​គាត់​ខំ​ប្រឹង​ប្រែង​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់។​ ទោះបី​ជា​លំបាក​ក៏​ដោយ​ ស្រួល​ក៏ដោយ យ៉ាង​ម៉េច​ក៏​ដោយ យើង​ត្រូវ​តែ​តស៊ូ​ទាំងអស់​គ្នា កុំឱ្យ​​ចុះ​ចាញ់​ ហើយ​យើង​ធ្វើ​តែ​អំពើ​ល្អ​ទៅ។ អំពើ​ល្អ​នឹង​ជួយ​យើង​នៅ​ពេល​ក្រោយ​ ហើយ​សម្រាប់​យុវជន​វិញ​ ខ្ញុំ​សំណូម​ពរ​តែមួយ​ទេ គឺ​យើង​ព្យាយាម​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​ប្រទេស​ជាតិ​យើង​។ យើង​កុំ​ចំណាយ​ពេល​ទៅ​ធ្វើ​អី​ដែល​អត់​ប្រយោជន៍ ដូច​ជា ដើរលេង​បង្ក​ជា​រឿង សេព​គ្រឿង​ញៀន ធ្វើអ្វី​ដែល​សង្គម​ស្អប់​ខ្ពើម​។ យើង​ចំណាយ​ពេល​វេលា​ទាំងអស់​ហ្នឹងទៅ​ជា​លេង​កីឡា ធ្វើ​តន្ត្រី យើង​មាន​ការ​ងារ​អី​ដើម្បី​​ជួយ​គ្រួសារ​ឱ្យ​គ្រួសារ​មាន​សុភមង្គល​ចំពោះយើង»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល