"ការ​កសាង​ទី​សក្ការបូជា​អនាធិបតេយ្យ​អាច​ប៉ះពាល់​ដល់​សុខដុម​នីយកម្ម​សាសនា"

ដោយ យាង សុជាមេត្តា
2015-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មវិធី​ប្រមូល​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​ទ្រឹស្ដី​សាសនា​នៅ​កម្ពុជា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។
កម្មវិធី​ប្រមូល​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​ទ្រឹស្ដី​សាសនា​នៅ​កម្ពុជា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Yeang Socheatmetta

ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ឬ​គណៈកម្មការ​ទី​៧ រដ្ឋ​សភា បាន​សម្ដែង​ការ​បារម្ភ​ពី​ការ​កសាង​ទី​សក្ការបូជា​ខុស​ច្បាប់ សម្រាប់​ទេសចរ​សាសនា​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ បង្ហាញ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​សុខដុម​នីយកម្ម​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រដ្ឋ​សភា​រៀបចំ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

ទេសចរ​សាសនា​អនាធិបតេយ្យ​កំពុង​នាំ​មក​នូវ​ផលវិបាក​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង និង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ចំពោះ​មុខ​ព្រះសង្ឃ ពុទ្ធសាសនិកជន អ៊ីស្លាមសាសនិកជន និង​គ្រិស្ត​សាសនិក​ជន​ជាង ២០០​នាក់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​សុខដុម​នីយកម្ម​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា។

​សិក្ខាសាលា​ស្ដីពី​សុខដុម​នីយកម្ម​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋសភា​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ភាព​សុខដុម​នីយកម្ម​របស់​សាសនា​ទាំង​អស់​នៅ​កម្ពុជា និង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដើម្បី​រក​ដំណោះស្រាយ​ចូល​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​សាសនា​ទៅ​តាម​ក្រឹត្យក្រម និង​វិន័យ។

​បើ​ទោះ​ជា​​លោក យ៉ែម បុញ្ញឫទ្ធិ មើល​ឃើញ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​សុខដុមរមនា​ក្នុង​វិស័យ​សាសនា​ផ្សេងៗ​ក្តី ប៉ុន្តែ​លោក​ថា ទេសចរ​សាសនា​អនាធិបតេយ្យ ដូច​ការ​សាងសង់​កន្លែង​សក្ការបូជា​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​តំបន់​ភ្នំ​បូកគោ ខេត្ត​កំពត នៅ​លើ​កោះ​កុងក្រៅ ខេត្ត​កោះកុង និង​នៅ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប នៅ​ពេល​កន្លង​មក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន។ លោក​ថា បញ្ហា​នេះ បើ​គ្មាន​ដំណោះស្រាយ ឬ​ការ​គ្រប់គ្រង​ត្រឹមត្រូវ​ពិតប្រាកដ​នោះ​ទេ វា​អាច​បង្ក​ជា​ទំនាស់​នៅ​ក្នុង​សង្គម។

ព្រះសង្ឃ​និមន្ត​ចូល​រួម​សិក្ខាសាលា​ស្ដីពី​សុខដុមនីយកម្ម​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ព្រះសង្ឃ​និមន្ត​ចូល​រួម​សិក្ខាសាលា​ស្ដីពី​សុខដុមនីយកម្ម​ក្នុង​វិស័យ​សាសនា​នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

 

កន្លង​មក គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​មន្ត្រី​មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​ធ្លាប់​បាន​ចុះ​ផ្ទាល់​ដល់​តំបន់​ភ្នំ​បូកគោ ដើម្បី​ពិនិត្យ​ពី​ភាព​ស្រប​ច្បាប់​កន្លែង​សក្ការបូជា​របស់​ជនជាតិ​វៀតណាម ដែល​បាន​សាងសង់​នៅ​ទី​នោះ។ ក្រោយ​ការ​ពិនិត្យ គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ពិត​ជា​រក​ឃើញ​ថា មាន​ការ​សាងសង់​ខុស​ច្បាប់​មែន។ លើស​ពី​នេះ សមត្ថកិច្ច​ខេត្ត​កោះកុង កាល​ពី​ខែ​មេសា ក៏​បាន​ដុត​បំផ្លាញ​អាស្រម និង​រូប​សំណាក​ព្រះនាង គង់ ស៊ីអ៊ីម នៅ​លើ​កោះកុង​ក្រៅ ក្នុង​ខេត្ត​កោះកុង បន្ទាប់​ពី​រក​ឃើញ​ថា រូប​សំណាក​ទាំង​នេះ​ត្រូវ​បាន​ជនជាតិ​វៀតណាម សាងសង់​ដោយ​គ្មាន​ការ​អនុញ្ញាត។ ស្រដៀង​គ្នា​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប កាល​ពី​ខែ​ឧសភា ក៏​បាន​បំផ្លាញ​ចោល​ទីតាំង និង​រូប​សំណាក​សក្ការបូជា​បែប​សាសនា ដែល​ជនជាតិ​វៀតណាម លួច​សាងសង់​ខុស​ច្បាប់​នៅ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ផង​ដែរ។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា គណៈកម្មការ​ទី​៧ នឹង​បន្ត​សិក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បន្ថែម​ទៀត ជុំវិញ​បញ្ហា​ទេសចរ​សាសនា​អនាធិបតេយ្យ​នេះ៖ «ពាក្យ​ថា​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា យើង​មាន​ហើយ ប៉ុន្តែ​យើង​ត្រូវ​ការ​បង្ការ ទប់ស្កាត់ ដូច្នេះ​យើង​រក​សិក្សា​រក​ភាព​អវិជ្ជមាន និង​ភាព​ខ្វះខាត ហើយ​ភាព​ខ្វះខាត​នេះ គឺ​ប្រព័ន្ធ​គ្រប់គ្រង និង​ការ​រៀបចំ​មិន​ទាន់​បាន​ពេញលេញ ដូច្នេះ​មាន​បញ្ហា​ទេសចរ​​សាសនា​អនាធិបតេយ្យ»

​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ដែរ​នោះ មិន​បាន​បកស្រាយ​ច្រើន​ចំពោះ​ការ​លើក​ឡើង​របស់​លោក យ៉ែម បុញ្ញឫទ្ធិ នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា ក្រសួង​នឹង​កែលំអ​នូវ​ចំណុច​អវិជ្ជមាន​នានា៖ «បញ្ហា​ដូច​ខ្ញុំ​លើក​ឡើង​អ៊ីចឹង​ថា ការប្រតិបត្តិ សូម្បីតែ​យើង​ម្នាក់ឯង​មាន​ថ្ងៃ​ខ្លះ​ដើរ​ជំពប់ ជើង ថ្ងៃ​ខ្លះ​ដើរ​ទៅ​ល្អ ដេក​លក់​ស្រួល ថ្ងៃ​ខ្លះ​ដេក​ក៏​មិន​លក់ នេះ​វា​ជា​សកម្មភាព​នៃ​ការ​ប្រព្រឹត្ត មាន​ចំណុច​ខ្វះខាត​ត្រង់​ណា យើង​កែ​លម្អ​ត្រង់​ចំណុច​ហ្នឹង»

បើ​ទោះ​ជា​នៅ​កម្ពុជា សាសនា​ព្រះពុទ្ធ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សាសនា​របស់​រដ្ឋ​ក្តី ប៉ុន្តែ​នេះ​ជា​លើក​ទី​២​ហើយ ដែល​រដ្ឋសភា​កម្ពុជា រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ស្ដីពី​សុខដុម​នីយកម្ម​ក្នុង​វិស័យ​សាសនា​នេះ​ឡើង។ ក្នុង​សិក្ខាសាលា​លើក​នេះ វាគ្មិន​តំណាង​ឲ្យ​សាសនា​ព្រះពុទ្ធ សាសនា​ឥស្លាម និង​សាសនា​គ្រិស្ត​ត្រូវ​បាន​អង្គ​សិក្ខាសាលា​និមន្ត និង​អញ្ជើញ​ឲ្យ​ឡើង​ថ្លែង​អំពី​ការ​ប្រៀនប្រដៅ​របស់​សាសនា​នីមួយៗ។ ពួកគេ​សុទ្ធតែ​បង្ហាញ​ក្តី​សង្ឃឹម​ថា សាសនា​នានា​នៅ​កម្ពុជា អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា ដោយ​ឈរ​លើ​ការ​មិន​បៀតបៀន ការ​សាមគ្គី និង​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

​កម្ពុជា​មាន​វត្ត​ព្រះពុទ្ធ​សាសនា ៤.៧៥៥​វត្ត មាន​ព្រះសង្ឃ​សរុប ៥៩.៥១៦​អង្គ និង​មាន​អ្នក​គោរព​ប្រមាណ ៩៥% នៃ​ចំនួន​ប្រជាជន​កម្ពុជា សរុប។

ក្រៅ​ពី​សាសនា​ព្រះពុទ្ធ សាសនា​ឥស្លាម និង​សាសនា​គ្រិស្ត​នៅ​កម្ពុជា ក៏​មាន​អ្នក​គោរព​សាសនា​ដទៃ​ទៀត​ផង​ដែរ មាន​ដូចជា​សាសនា​បាហៃ សាសនា​កៅដាយ និង​សាសនា​ព្រះពុទ្ធ បែប​មហាយាន ដូចជា​ការ​គោរព​លើ​អ្នកតា​ចិន ឬ​ព្រះនាង គង់ ស៊ីអ៊ីម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

I support this workshop.

Jul 31, 2015 03:00 AM

អ្នក​អាន​អនាមិក

ព្រៃនៅតែព្រៃ។ គ្មានព្រះណាប្រដៅព្រះអង្គបានឡើយ។

Jul 30, 2015 01:21 PM

អ្នក​អាន​អនាមិក

ល្អណាស់គឺល្អមែនទែន ដែលសភារៀបចំកម្មវិធីនេះឡើង ហើយខ្ញុំ​សោកស្តាយជាពន់ពែក ដោយមិនមានសិទ្ធនិងបានឪកាសចូលរួម តែក៏ឈ្លៀតយកឳកាសនេះផ្តាំផ្ញើរពាក្យពីរបីឃ្លានៅក្នុងពុទ្ធបណ្តាំផ្ញើរចូលរួមផងទាន គឺទី១ ព្រះពុទ្ធសម្តែងថាអ្នកដឹកនាំដែលល្អគឺត្រូវមាន​លក្ខណៈ​សម្បត្តិ៦យ៉ាង គឺ ខមា ជាគរិយ ឧដ្ឋាន សង្វិភាគ ទយា និង ឯក្ខណា សូមពុទ្ធសាសនិកជន មេត្តាពិចារណាពិនិត្យ​អោយ​បាន​ល្អមិននិងរើសយកបុគ្គលណាម្នាក់មកធ្វើជាអ្នក​ដឹកនាំប្រទេស​របស់ខ្លួននោះ និងបើយកទស្សនពុទ្ធមកប្រៀបនិង​ប្រមុខអ្នកដឹក​នាំ​រាល់ថ្ងៃសូម្បីតែមួយចំណុចក៏គ្មានផងបាទ ទី២ ព្រះសម្មាសម្ពុទ្ធសំ​ដែង​​​ថា អបាយមុខ(ស្រា ស្រី ល្បែង និង បាបមិត្ត)និង​នាំមកនូវ​សេចក្តីវិនាស ចុះរដ្ឋាភិបាលរាល់ថ្ងៃនេះវិញតើគេបាន​និងកំពុងធ្វើតាម​ពុទ្ធឪវាទដែរឫទេ ចុុះបើមិនគោរព្វមិនធ្វើតាមនិងបំផ្លិចបំផ្លាញយ៉ាង នេះមានន័យ​ថាមេចដែរទាន ខ្ញុំបាទមានតែពាក្យពីរឃ្លានេះឯង​ចូល​រួមបាទ។

Jul 30, 2015 01:11 AM

គេហទំព័រ​ទាំងមូល