គ្រូបង្រៀន​ចូល​និវត្តន៍​នៅ​តាកែវ​មិន​ទាន់​បាន​បើក​ប្រាក់​សោធន​និវត្តន៍

ដោយ វោហារ ជាតិ
2015-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោកគ្រូ​អ្នកគ្រូ​ចូល​និវត្តន៍​ប្រមាណ ២០​នាក់​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៥ មីនា តវ៉ា​ថា ពួក​គាត់​មិន​ទាន់​បាន​បើក​ប្រាក់​សោធន​និវត្តន៍​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។ ពួក​គាត់​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល សុំ​ឲ្យ​បើក​ប្រាក់​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​បុណ្យ​ចូល​ឆ្នាំ​ផង។

លោក ប៉ូ ភឹម អាយុ ៦២​ឆ្នាំ អតីត​គ្រូបង្រៀន​វិទ្យាល័យ សុខ អាន ១​ឧសភា ក្នុង​ស្រុក​ត្រាំកក់ អះអាង​ថា គាត់​បាន​ចូល​និវត្តន៍​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤ មក តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​បើក​ប្រាក់​សោធន​និវត្តន៍​នៅ​ឡើយ៖ «កុហក​តាំង​ខែ​២ ខែ​១ គេ​ថា​ខែ​ពីរ ខែ​ពីរ​គេ​ថា​ខែ​បី ឥឡូវ​គេ​ថា​ខែ​ប្រាំ អត់​មាន​ទាន់​មាន​បាន​បើក​មួយ​ខែ​សោះ។ ខ្ញុំ​អត់​មាន​អី​ចាយ ប្រាក់​ខែ​បន្តិចបន្តួច​ចិញ្ចឹម​គ្រប់​គ្នា អ្នក​ខ្លះ​ចាស់ៗ​ផង​បាន​លុយ​ណា​ធ្វើ​បុណ្យ»

ចំណែក​អ្នកគ្រូ​ម្នាក់​ទៀត​ត្អូញត្អែរ​ថា សព្វថ្ងៃ​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ទេ ព្រោះ​ចាស់​ហើយ មាន​តែ​ពឹង​លើ​ប្រាក់​សោធន​និវត្តន៍​តែ​ប៉ុណ្ណោះ តែ​មិន​បាន​បើក​ទៀត៖ «រាល់​ថ្ងៃ​ហ្នឹង​មីង​លែង​ចង់​មាន​មិត្តភ័ក្ដិ​ចេញ​ពី​ផ្ទះ​ហើយ ព្រោះ​វា​អត់​លុយ ហើយ​គេ​ហៅ​ការ​ហៅ​បុណ្យ​អី​យើង​អត់​លទ្ធភាព​មាន​លុយ​ទៅ​ណា អា​នេះ​គេ​វា​ក្រ​នៅ​មធ្យម​វា​ធំ​ដល់​កន្លែង​ទាល់ ទាល់​ដូច​រន្ធ​ក្លៀក ត្រូវ​ដឹង​ហើយ​កូន​កាល​ណា​រ៉ឺត្រែត គឺ​ថា​អ្វីៗ​វា​ចប់​អស់​ហើយ»

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោក ទិត សារ៉េន បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​លោកគ្រូ​អ្នកគ្រូ​ជាង ២០​នាក់ កំពុង​រង់ចាំ​បើក​ប្រាក់​សោធន​និវត្តន៍​ទាំង​ក្ដី​បារម្ភ​មិន​ដឹង​ថា តើ​បាន​ឬ​មិន​បាន​ផង?

ចំណែក​ប្រធាន​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​តាកែវ លោក នី ចាន់តារាវុធ បាន​រិះគន់​ក្រសួង​អប់រំ យុវជន និង​កីឡា ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​លោកគ្រូ​អ្នកគ្រូ​ឲ្យ​បាន​ទាន់​ពេល​វេលា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ មីនា ដើម្បី​សុំ​ព័ត៌មាន​បន្ថែម។

ទាក់ទង​ប្រាក់​ខែ​របស់​លោកគ្រូ​អ្នកគ្រូ​ចូល​និវត្តន៍​នេះ នាយក​រង​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ហុក វិចិត្រ បញ្ជាក់​ថា ជួនកាល​អាច​មក​ពី​សាមី​ខ្លួន ឬ​សាមី​ក្រសួង មិន​បាន​ធ្វើ​ឯកសារ​អំពី​ប្រាក់​សោធន​និវត្តន៍​មក​ក្រសួង​លោក​ក៏​ថា​បាន។ តែ​លោក​បញ្ជាក់​ថា លោក​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​ទេ៖ «ខ្ញុំ​ក៏​គិតគូរ​ដែរ​រឿង​ករណី​ហ្នឹង ប៉ុន្តែ​សម្រាប់​ដូច​ថា និវត្តន៍​ជន​កន្លង​មក​ធ្លាប់​បើក​លុយ​តាម​ប្រព័ន្ធ​ធនាគារ យើង​នឹង​ដោះស្រាយ​ជូន​ឲ្យ​បាន​មុន​ចូល​ឆ្នាំ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អត់​បាន​លេខ​គណនី​ធនាគារ​ហ្នឹង សុំ​អធ្យាស្រ័យ​គាត់​ហើយ ព្រោះ​រាល់​ថ្ងៃ​នេះ​យើង​កំពុង​ធ្វើ​ម៉េច​ឲ្យ​បាន​គាត់​អ្នក​ធ្លាប់​កន្លង​មក​គាត់​បើក​សិន»

ទោះ​យ៉ាង​ណា លោកគ្រូ​អ្នកគ្រូ​ចូល​និវត្តន៍​នៅ​ខេត្ត​តាកែវ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល មេត្តា​ធ្វើ​យ៉ាង​ណា​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​បុណ្យ​ចូល​ឆ្នាំ​ផង ក្រែង​គាត់​មាន​ប្រាក់​ខ្លះៗ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​នឹង​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល