កម្មការិនី​រោងចក្រ​៤នាក់​រង​របួស​ដោយ​សារ​ឡាន​បើក​បុក​ពេល​ពួក​គេ​រារាំង​មិន​ថៅកែ​ដឹក​សម្ភារៈ​ចេញ

ដោយ អ៊ុង សេរីវុទ្ធ
2015-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មការិនី​រោងចក្រ​អេសអេក អ៊ីនធើណេសិនណល (SH International) ៤នាក់ ស្ថិត​នៅ​ភូមិ​អង្គកែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ័សែនជ័យ បាន​រង​របួស​ដោយ​សារ​រថយន្ត​ដឹក​ឥវ៉ាន់​របស់​រោងចក្រ​នេះ​បើក​បុក នៅ​ពេល​ពួកគេ​រារាំង​មិន​ឲ្យ​រថយន្ត​នោះ ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ មុន​ផ្ដល់​សំណង​​អតីតភាព ដល់​កម្មករ​តាម​ច្បាប់​ការងារ។

ក្នុង​ចំណោម​កម្មការិនី​៤​នាក់ មាន​៣​នាក់​របួស​ធ្ងន់​ ព្រម​ទាំង​បណ្ដាល​ឲ្យ​ស្ត្រី​ពោះ​ធំ​ម្នាក់​សន្លប់ ហើយ​កំពុង​ព្យាបាល​នៅ​គ្លីនិក​ឯកជន ក្នុង​ហេតុការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

អនុប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ លោក ស៊ុំ សុធា អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥ ថៅកែ​រោងចក្រ​នេះ​បាន​ប្រកាស​ផ្អាក​ការងារ​កម្មករ ដោយ​មិន​ទាន់​បើក​ប្រាក់​ខែ​ចុង​ក្រោយ និង​ផ្ដល់​សំណង​អតីត​ការងារ​របស់កម្មករ​ជាង​៦០០នាក់ ដែល​អ្នក​ខ្លះ​ធ្វើ​ការ​តាំង​ពី​ឆ្នាំ​១៩៩៧មក​ម្ល៉េះ ទើប​បណ្ដាល​ឲ្យ​កម្មករ​តវ៉ា ដោយ​សង្ស័យ​ថា​រោងចក្រ​នេះ អាច​នឹង​បិទ​ទ្វារ។

លោក ស៊ុំ សុធា បន្ត​ថា បន្ទាប់​មក​សហជីព​របស់​លោក បាន​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ និង​គណៈកម្មការ​ដោះស្រាយវិវាទ​​បាតុកម្ម កូដកម្ម​ជា​បន្ត​បន្ទាប់ តែ​ភាគី​ក្រុមហ៊ុន ពុំ​បាន​យល់​ស្រប​តាម​សំណើ​របស់​កម្មករ​ឡើយ ដោយ​ក្រុមហ៊ុន​ប្រកាន់​ជំហរ​ផ្ដល់​តែ​ប្រាក់​បំណាច់​ឆ្នាំ​៥ភាគរយ ​​និង ប្រាក់​ខែ​​១​ខែ​ចុងក្រោយ។

លុះ​ដល់​ថ្ងៃ​ទី​២៥ មិថុនា មេធាវី​តំណាង​រោងចក្រ​នេះ បាន​យក​ដីកា​សម្រេច​ការពារ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥ បង្គាប់​ឲ្យ​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ និង​កម្មករ​មួយ​ចំនួន​ដែល​តវ៉ា បញ្ឈប់​ការ​តវ៉ា និង​រារាំង​ការ​ដឹក​ទំនិញ​ពី​ខាង​មុខ​រោងចក្រ​ជា​បន្ទាន់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​គ្រប់គ្រង​រោងចក្រ​អេសអេក លោក ជុង គីចាន់ ពី​សំណង​ថ្លៃ​ព្យាបាល​កម្មការិនី​ទាំង​៤​នាក់​នោះ​ទេ ដោយ​ទូរស័ព្ទ​ហៅ​មិន​ចូល។

យ៉ាងណា​ក៏​ដោយ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព​អន្តរជាតិ (The American Center for International Labor Solidarity) ហៅ​កាត់​ថា អេស៊ីល (ACILS) លោកស្រី រស់ កាន ដែល​តាម​ដាន​ហេតុការណ៍​នេះ បាន​រិះគន់​ចំណាត់​ការ​របស់​តុលាការ ថា​ជាការ​​បង្ខំ​ឲ្យ​កម្មករ​ឈប់​តវ៉ា ទាំង​ភាគី​រោងចក្រ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​កម្មករ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល