អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន ​៦​នាក់​ ពី​បទ​ជំរិត​ទារ​លុយ

ដោយ អូន ភាព
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
Photo courtesy of Eng Hy Facebook

កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦​នាក់ បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ​បាន​បង្ខាំង​ជន​ជាតិ​ចិន​ដូចគ្នា ដើម្បី​ជំរិត​ទារ​ប្រាក់។ ជនជាតិ​ចិន​ទាំង ៦​នាក់​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ តុលា ប៉ុន្តែ​មិនទាន់​បាន​ទទួល​ព័ត៌មាន​ថា តើ​ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទ​អ្វី​នៅ​ឡើយ​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃព្រហស្បត៍ ទី​៣ ខែ​តុលា​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៦​នាក់ ដោយសារ​ជនសង្ស័យ​ទាំងនេះ បាន​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​៤​នាក់ ដើម្បី​ជំរិត​ទារ​ប្រាក់។អ្នកស្រី​ឱ្យ​ដឹង​ថា ជន​ជាតិ​​ចិន​ទាំងនេះ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃ​ទី១ ខែ​តុលា នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​នេះ​​ទៅ​កាន់​ទី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ៖ «ជន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង ៦​នាក់ ចិន​ទាំងអស់ ហើយ​ជនរងគ្រោះ​ចិន​គ្នា​វា ដែល​វា​ចាប់​ជំរិត​​ហ្នឹង ​៤​នាក់ វា​បង្ខាំង​ធ្វើ​ទារុណកម្ម វ៉ៃ​គ្នា​ហើម​មុខ ជាំមុខ​មាត់​អស់។ វា​បង្ខាំង ​ដើម្បី​ជំរិត​ទារ​ប្រាក់»

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា កងរាជអាវុធហត្ថ​បាន​រំដោះ​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន​ទាំង​៤​នាក់ ប៉ុន្តែ​អ្នកស្រី​មិនបាន​ដឹង​ថា តើ​ជនរងគ្រោះ​ទាំង​ ៤​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ណា​ទៀត​ទេ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុន្ទី បាន​ទទួលស្គាល់​ថា មាន​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​មែន ប៉ុន្តែ​លោក​បដិសេធ​ផ្តល់​ព័ត៌មាន​អំពី​ការ​ចាប់ខ្លួន​នេះ ហើយ​បាន​បង្វែរ​សំនួរ​នេះ​ទៅ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣ ខែតុលា​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ករណី​ចាប់ខ្លួន​នេះ​បានទេ ព្រោះ​រឿង​នេះ​បាន​ផុត​ពី​ដៃ​កងរាជអាវុធហត្ថ​ហើយ៖ «ខ្ញុំ​គ្រាន់តែ​ដឹង​ថា​មានការ​ឃាត់ខ្លួន​ជនជាតិ​ចិន ដែល​ជា​ជនសង្ស័យ​ហើយ​ចំនួន​ប៉ុន្មាន និង​វត្ថុ​តាង​អី គឺ​ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ»

លោក អេង ហ៊ី បន្ត​ថា ជនជាតិ​ចិន​ដែល​បាន​ចាប់ខ្លួន​នេះ បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី៣ តុលា​នេះ ប៉ុន្តែ​លោក​បាន​បង្វែរ​សំនួរ​ទៅ​តុលាការ​វិញ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង ពាក់ព័ន្ធ​ទៅ​ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំង ៦​នាក់​នេះ​នៅ​ឡើយ​​ទេ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

កន្លងមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ​គ្នា​ចំនួន ៥៣៧​នាក់ ហើយ​បាន​បណ្ដេញ​ពួកគេ​ទ្រ​ឡប់​ទៅ​ប្រទេស​ដើម​វិញ​។ សម្រាប់​ជនជាតិ​ចិន​ជាប់​សង្ស័យ​ពី​បទ​ល្មើស​ផ្សេងៗ កំពុង​ជាប់ឃុំ​មាន ​៧២​នាក់ នៅ​មន្ទីរ​ឃុំខ្លួន ក្រុងភ្នំពេញ ខេត្ត​​សៀមរាប និង​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល