ជំនួយ​ការទូត​ខ្មែរ​នៅ​កូរ៉េខាង​ត្បូង ថា​ទូរស័ព្ទ Hotline ២៤​ម៉ោង អត់​លើក ព្រោះ​មិនមែន​អ្នក​នៅ​កូរ៉េ​ហៅ

ដោយ មួង ណារ៉េត
2020-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង កាល​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ទទួល​យក​ញត្តិ​ជំនួស​ទូត​វៀតណាម​ដែល​សហព័ន្ធ សិស្ស​និស្សិត ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ទាម​ទារ​ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១៤។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង កាល​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ទទួល​យក​ញត្តិ​ជំនួស​ទូត​វៀតណាម​ដែល​សហព័ន្ធ សិស្ស​និស្សិត ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ទាម​ទារ​ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA

 

បុគ្គលិក​ប្រចាំការ​ពេលយប់ នៅ​ទូត​ខ្មែរ​នៃ​ប្រទេស​កូរ៉េខាងត្បូង ថា​ទូរស័ព្ទ Hotline ២៤​ម៉ោង បង្កើត​សម្រាប់​ដោះស្រាយ​កង្វល់​ពលករ​ខ្មែរ ជាពិសេស​ករណី​ជំងឺ​កូវីដ​-១៩ (Covid-19) ថា លោក​មិន​លើក​ទូរស័ព្ទ ដោយសារតែ ទូរស័ព្ទ​នោះ ហៅ​ចូល​ពី​ក្រៅ​ប្រទេស​។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ទី​៧ កុម្ភៈ​លោក​បាន​លើក​ទូរស័ព្ទ របស់​អ្នក​យកព័ត៌មាន ដែល​អាស៊ីសេរី ហៅ​ទៅ​ក្រៅ​ប្រទេស៖ «លេខ​នេះ​ខ្ញុំ​កាន់តែ​ម្នាក់​ទេ​! បាទ​! មុន​ហ្នឹង​ខ្ញុំ​គិត​ថា​លេខ​ក្រៅ​ប្រទេស ខ្ញុំ​អត់​លើក​ទេ ដោយសារ​លេខ​នេះ​សម្រាប់​បម្រើ​តែ​ប្រជាពលរដ្ឋ​នៅ​កូរ៉េ​បាទ​!»

កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លេខ Hotline ដែល​តំណាង​ទូត​ខ្មែរ​ប្រចាំ នៅ​ប្រទេស​កូរ៉េខាងត្បូង អះអាង​ថា មាន​មន្ត្រី​ឆ្លើយតប ២៤​ម៉ោង លើ​២៤​ម៉ោង​នោះ ជាច្រើន​ដង តែ​គ្មាន​អ្នកទទួល​។​

លេខ​ទូរស័ព្ទ Hotline 010-4888-7848 នេះ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡុង ឌីម៉ង់ អះអាង​ថា ក្រុមការងារ​ពិសេស និង​ចំពោះ​កិច្ច​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង បង្កើត​ឡើង​ដើម្បី​ទទួល​រាល់​សំណួរ សំណូមពរ ក្តី​កង្វល់​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ជុំវិញ​បញ្ហា​មេរោគ​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ-១៩។

ក្រោយ​ការផ្សាយ​របស់​អាស៊ីសេរី​នោះ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ មិន​បដិសេធ​អំពី​ការ​ហៅ​ចូល​លេខ​ទូរស័ព្ទ Hotline បម្រើសេវា ២៤​ម៉ោង​លើ​២៤​ម៉ោង តែ​គ្មាន​អ្នកទទួល​នោះ​ទេ ប៉ុន្តែ​ទូត​បាន​បំភ្លឺ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃទី៧ ខែ មីនា ថា​ការ​មិនបាន​លើក​ទូរស័ព្ទ​នោះ គឺ​អាច​មក​ពី​ការ​ហៅ​ចូល​ជាន់​ត្រួត​គ្នា ឬ​អ្នក​លើក​ទូរស័ព្ទ​អាល័យតែ​ចូល​បន្ទប់ទឹក ឬ​អ្នកទទួល​ទូរស័ព្ទ​រវល់​ប្រជុំ​សំខាន់ ឬ​ទូរស័ព្ទ​ចូល​នៅ​ពេល​យប់​ជ្រៅ។

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជាច្រើន​ធ្លាប់​រអ៊ូរទាំ និង​រិះគន់​មន្ត្រី​ទូត​ខ្មែរ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ថា​ស្ពឹក​ស្រពន់ និង​មិនសូវ​យកចិត្តទុកដាក់ ដល់​សុខទុក្ខ​របស់​ពលករ​ខ្មែរ​នៅ​ទីនោះ​ទេ ព្រោះ​ទូរស័ព្ទ ជួនកាល​ទូរស័ព្ទ​ចូល​មួយថ្ងៃ​វាល់ល្ងាច ក៏​គ្មាន​អ្នក​លើក​ដែរ។

ជាង​នេះ​ទៅ​ទៀត ពលករ​ខ្មែរ​នៅ​កូរ៉េ ក៏បាន​រិះគន់​មន្ត្រី​ទូត​ខ្មែរ​នៅ​ទីនោះ​ដែរ​ថា គ្មាន​រៀបចំ​ផែនការ​បុរេសកម្ម ឬ​ផែនការ​បង្ការ​ទុក​មុន ឬ​ចំណាត់​ការ​បន្ទាន់​ណាមួយ ដើម្បី​ជួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ពេល​ផ្ទុះ​ជំងឺ​កូវីដ​-១៩​នេះ នៅ​ទឹកដី​កូរ៉េ​នោះ​ទេ គឺ​ទាល់តែ​មាន​ប្រតិកម្ម និង​ការរិះគន់​ខ្លាំង​ពី​សាធារណជន ទើប​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ខ្លះ។

ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ប្រទេស​កូរ៉េ គឺ​លោក យឹម ស៊ីណន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី៧ ខែ​មីនា ថា មន្ត្រី​លោក ហ៊ុន សែន លុះត្រាតែ​ពលរដ្ឋ​ដាស់ បាន​ងើបឡើង​ធ្វើការ​។ លោក​ថា ឥឡូវនេះ ឃើញ​បុគ្គលិក​ទូត​ខ្មែរ កំពុង​ញាប់​ដៃ​ញាប់​ជើង រៀបចំ​យក​ម៉ាស់​ទៅ​ចែក​បងប្អូន​ខ្មែរ​នៅ​ទីក្រុង​ថេហ្គូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល