លោក សម រង្ស៊ី ស្នើឲ្យធ្វើតេស្តវីរុសកូរ៉ូណាតាម​រោងចក្រ​ ដើម្បីការពារអាយុជីវិតកម្មករទាំងអស់

ដោយ មួង ណារ៉េត
2020-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
samRainsy.jpg
samRainsy.jpg
Photo: RFA

លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ស្នើឲ្យធ្វើតេស្តរកមេរោគកូរ៉ូណាថ្មី នៅលើកម្មករ-កម្មការនីនៅតាមរោងចក្រ និងសហគ្រាសទាំងអស់ ដើម្បីការពារអាយុជីវិត និងការងាររបស់កម្មករទាំងនោះ។ 

លោក សម រង្ស៊ី ធ្វើសំណើនេះ តាមរយៈសារនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី ២១ ខែ មីនានេះ ដោយលោកចាត់ទុកថាការធ្វើតេស្តរកមេរោគនេះ គឺជាករណីបន្ទាន់ និងត្រូវតែធ្វើជាចាំបាច់ ដោយខានមិនបាន។ លោកព្រមានថា បើកម្ពុជាមិនធ្វើដូច្នេះទេ នោះប្រទេសនេះ នឹងធ្លាក់ចូលក្នុងស្ថានភាព ដូចនៅសហគមន៍អឺរ៉ុប ដែលត្រូវដាក់បង្ខំប្រជាពលរដ្ឋខ្លួនរាប់លាននាក់ ឲ្យនៅតែក្នុងផ្ទះ មិនឲ្យចេញទៅណា។

អ្វីដែលប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងរស់នៅនិរទ្ទេសខ្លួននៅប្រទេសបារាំងនេះ ព្រួយបារម្ភខ្លាំងនោះ គឺនៅតាមរោងចក្រនីមួយៗ ដែលមានកម្មកររាប់រយ រាប់ពាននាក់ធ្វើការ និងរស់នៅជាសហគមន៍ នៅតាមផ្ទះជួលក្បែររោងចក្រ ដែលមានការប្រាស្រ័យទាក់ទងគ្នា និងអាចចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងងាយ ប្រសិនបើបើរដ្ឋអំណាច មិនធ្វើតេស្តពួកគាត់នោះទេ។

លោក សម រង្ស៊ី ស្នើរដ្ឋអំណាចនៃរបបក្រុងភ្នំពេញ ត្រូវតែធ្វើតេស្តជំងឺកូវីដ-១៩ នេះ ចំពោះកម្មករ កម្មការិនីគ្រប់រូប។

លោកលើកយកឧទាហរណ៍ ដែលជាគំរូជោគជ័យ នៃការធ្វើតេស្តលើប្រជាពលរដ្ឋខ្លួន នៅទីក្រុងតូចមួយឈ្មោះ វ៉ូ នៅភាគជើងនៃប្រទេសអ៊ីតាលី ដែលអាជ្ញាធរអាចគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ទាន់ពេលវេលា ដោយសារតែការធ្វើតេស្តរកមេរោគនេះ។ លោក សម រង្ស៊ី ក៏លើកយកជោគជ័យនៃការធ្វើតេស្តនេះ នៅតៃវ៉ាន់ និងនៅហុងកុងដែរ។

សំណើបន្ទាន់របស់លោក សម រង្ស៊ី នេះធ្វើឡើង ស្របពេលដែលសហជីពជាច្រើន រួមទាំងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារផង សុទ្ធតែបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខុមាលភាពរបស់កម្មករខ្មែររាប់សែននាក់ ដែលកំពុងប្រឈមនឹងការឆ្លងរាលដាលជាទ្រង់ទ្រាយធំ ដោយសារពួកគាត់នៅតែត្រូវទៅធ្វើការរាល់ថ្ងៃ ក្នុងស្ថានភាពដែលករណីជំងឺនេះ កាន់ឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា។ តំណាងសហជីព បានស្នើឲ្យផ្អាករោងចក្រជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់បញ្ហានេះ និងស្នើឲ្យរដ្ឋាភិបាល ថៅកែរោងចក្រ និងអ្នកបញ្ជាទិញ គិតគូផ្តល់ប្រាក់ឈ្នួល ក្នុងពេលសម្រាកពីការងារនេះ ដើម្បីដោះស្រាយជីវភាពកម្មករនិយោជិត ដែលកំពុងតែខ្វះខាតស្រាប់នេះ។

លោក សម រង្ស៊ី ក៏មើលឃើញថា នៅប្រទេសកម្ពុជា មិនទាន់មានវិធានការដាក់បង្ខាំងពលរដ្ឋឲ្យនៅផ្ទះ មិនឲ្យចេញទៅណា ក្រៅពីករណីចាំបាច់ដាច់ខាត នៅឡើយទេ ហើយរោងចក្រនានា នៅតែដំណើរការជាធម្មតា ដូចមុនដែរ។ លោកថា ការធ្វើតេស្តសំខាន់ណាស់ ពីព្រោះមានមនុស្សជាច្រើន ដែលផ្ទុកមេរោគវីរុសកូរ៉ូណា តែមិនមានរោគសញ្ញាអ្វីឡើយ ហើយធ្វើឲ្យឆ្លងដល់អ្នកដទៃដោយមិនដឹងខ្លួន ហើយដោយគ្មាននរណាដឹង។ លោកបន្តថា ការធ្វើតេស្តនេះ នាំឲ្យយើងសម្គាល់បាននូវអ្នកដែលត្រូវដាក់ដោយឡែក ដើម្បីការពារសុខភាពអ្នកដទៃទៀត។ បើមិនយ៉ាងដូច្នេះទេ ជំងឺ COVID-19 នេះ វានឹងឆ្លងជាទូទៅ ដែលជាហេតុធ្វើឲ្យបិទរោងចក្រទាំងអស់តែម្តង។

ជាងនេះទៅទៀត លោក សម រង្ស៊ី ស្នើឲ្យរដ្ឋអំណាចកម្ពុជា ត្រូវតែប្រមូលធនធានហិរញ្ញវត្ថុទាំងឡាយ ទាំងសាធារណៈ ទាំងឯកជន ព្រមទាំងជំនួយអន្តរជាតិ ជាពិសេសសម្ភារៈធ្វើតេស្ត ត្រូវតែផ្តល់ឲ្យទៅវិស័យកាត់ដេរជាអាទិភាព ពីព្រោះវិស័យនេះ មានកម្មករធ្វើការច្រើនណាស់ ហើយជាសរសរមួយសំខាន់ សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា។

អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកនាំពាក្យក្រសួងការងារ និងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរបស់លោក សម រង្ស៊ី នេះ បាននៅឡើយទេ នៅថ្ងៃទី ២១ ខែ មីនានេះ។

ប៉ុន្តែ រហូតពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ដែលថាក្រសួងសុខាភិបាល ដាក់ចេញវិធានការ ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំ លើកម្មករនិយោជិតនោះនៅឡើយទេ ស្របពេលដែលរោងចក្រនៅតែបើកដំណើរការ និងកម្មករនៅតែត្រូវទៅធ្វើការរាល់ថ្ងៃដដែល បើទោះបីជាសាលារៀនត្រូវបិទទ្វារនៅទូទាំងប្រទេស និងក្រសួងស្ថាប័នរដ្ឋជាច្រើន ត្រូវឲ្យមន្រ្តីធ្វើការពីផ្ទះ និងក្លឹមកំសាន្ត និងកន្លែងជួបជុំមនុស្សច្រើន ត្រូវបានបិទទ្វារ ដើម្បីបង្ការជំងឺនេះ។

មន្ត្រីនាំពាក្យក្រសួងការងារ ថ្មីៗនេះអះអាងថា វិធានការបង្ការតាមរោងចក្រ ដូចជាវាស់កំដៅជាប្រចាំ និងអនាម័យខ្លួនប្រាណ អាចជួយបង្ការជំងឺនេះបាន។ ប៉ុន្តែ មន្រ្តីសហជីពថា វិធីនេះ គ្មានប្រសិទ្ធភាពនោះទេ ព្រោះមានរោងចក្រជាច្រើន ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួង និងថាបើទោះអនុវត្តតាម ក៏គ្មានប្រសិទ្ធភាពដែរ ព្រោះកម្មករធ្វើដំណើរប្រជ្រៀតគ្នាច្រើន ដែលងាយចម្លងរោគដោយងាយ បើមានរណាម្នាក់មានជំងឺនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល