លោក ស ខេង បញ្ជា​ឲ្យ​នគរបាល​បន្ត​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​សកម្ម

ដោយ អាស៊ីសេរី
2017-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​នៅ​ទូទាំង​ប្រទេស ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ចុះ​អប់រំ និង​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយ​ចុះ​នៅ​កម្ពុជា។ សំណើ​ពង្រឹង​ច្បាប់​ចរាចរណ៍​នេះ​ដោយសារតែ គ្រោះថ្នាក់​ចរាចរណ៍​រាល់​ថ្ងៃ​នេះ បាន​សម្លាប់​មនុស្ស ៤​នាក់ ក្នុង ១​ថ្ងៃ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​ទៀត ចំពោះ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាននៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន។ លោក​ចាត់​ទុក​អត្រា​គ្រោះថ្នាក់​នេះ ថា មាន​តួលេខ​ខ្ពស់​នៅឡើយ ព្រោះ​តាម​របាយការណ៍​បង្ហាញ​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ ក្នុង​១​ថ្ងៃ។ លោក​បន្ត​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ បាន​កើតមាន​ចំនួន ៨២៤លើក និង​បាន​សម្លាប់​មនុស្ស ៤២៦នាក់។

លោក ស ខេង ឲ្យ​ដឹង​ដូច្នេះ នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រីមាស​ទី​៣ នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។

នា​ឱកាស​នោះ លោក ស ខេង បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​នៅ​ទូទាំង​ប្រទេស ឲ្យ​បន្ត​ចុះ​អប់រំ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ នៅ​តាម​រាជធានី​ខេត្ត​នីមួយៗ ឲ្យ​បាន​ច្រើន​ថែមទៀត នា​ថ្ងៃ​ខាងមុខ ដើម្បី​ឲ្យ​ប្រាកដ​ថា អ្នក​ជិះ​ម៉ូតូ​គ្រប់ៗ​រូប ត្រូវតែ​ពាក់មួក​ការពារ​សុវត្ថិភាព ហើយ​អ្នកបើកបរ​រថយន្ត ត្រូវ​តែ​ពាក់​ខ្សែក្រវាត់ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្ដី។

ជាង​នេះ​ទៀត លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ ឲ្យ​ជួយ​បង្កើត​សារ​អប់រំ ឬ​ស្ប៉ត​ផ្សព្វផ្សាយ​ខ្លីៗ​ឲ្យ​បាន​ច្រើន​ទៀត សម្រាប់​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ មាន​ទូរទស្សន៍​ជាដើម ដើម្បី​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា។

លោក ស ខេង បាន​ណែនាំ​ដល់​កម្លាំង​នគរបាល នៅ​តាម​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស ត្រូវ​ខិតខំ​រក​មធ្យោបាយ​ណែនាំ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រាល់​ថ្ងៃ​នេះ បាន​សម្លាប់​មនុស្ស ៤​នាក់​ក្នុង ១​ថ្ងៃ ឲ្យ​ថយ​ចុះ​នៅ​ឆ្នាំ​ខាងមុខ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន គាំទ្រ​សារ​អំពាវនាវ របស់ លោក ស ខេង ដែល​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ ឲ្យ​បន្ត​ចុះ​ចុះ​អប់រំ និង​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​អត្រា​ស្លាប់ និង​រង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។ លោក​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​អស់​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀងរាល់​ឆ្នាំ ក្នុង​នោះ​ក៏បាន​បង្កើត​ឲ្យ​មាន​ពិការភាព និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ ជនរងគ្រោះ​ទាំងនោះ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ មាន​ចំនួន ៨​២៤​លើក សម្លាប់​មនុស្ស ៤២៦នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ១.២១៦នាក់។ អត្រា​គ្រោះថ្នាក់​បាន​ថយ​ចុះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦។

របាយការណ៍​ដដែល ឲ្យ​ដឹង​ទៀត​ថា រាជធានី​-​ខេត្ត ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​មាន៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ធំ ដោយ​ជា​មធ្យម​មាន​មនុស្ស​ស្លាប់ ៤​នាក់ ក្នុង ១ថ្ងៃ។ ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បណ្ដាល​មក​ពី​កត្តា​ល្បឿន​បើក​លឿន​ហួស​ច្បាប់​កំណត់​មាន​ចំនួន ៣៦​ភាគរយ មិន​គោរព​សិទ្ធ​អាទិភាព ១៧​ភាគរយ និង​បើកបរ​មិន​ប្រកាន់​ស្កាំ ១៥​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល