អាជីវករ​ផ្សារលើ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​រឿង​អាជ្ញាធរ​យឺតយ៉ាវ​រៀបចំ​កន្លែង​ឲ្យ​លក់​ដូរ

ដោយ ជិន ជេដ្ឋា
2015-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង ចូល​លក់​ដូរ​នៅ​ទីធ្លា​ក្រាល​ការ៉ូឡា​រួច​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាម​ឃាត់​មិន​ទាន់​ឲ្យ​ចូល​លក់ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង ចូល​លក់​ដូរ​នៅ​ទីធ្លា​ក្រាល​ការ៉ូឡា​រួច​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាម​ឃាត់​មិន​ទាន់​ឲ្យ​ចូល​លក់ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Chin Chetha

អាជីវករ​លក់​ដូរ​សេរី​នៅ​ផ្សារលើ ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​រឿង​អាជ្ញាធរ​យឺតយ៉ាវ​រៀបចំ​កន្លែង​ឲ្យ​ពួក​គាត់​ចូល​លក់​ដូរ​វិញ បន្ទាប់​ពី​ក្រុម​ការងារ​នៃ​គម្រោង​ចៃកា (Jica) ស្ថាបនា​ប្រព័ន្ធ​លូ និង​ក្រាល​ការ៉ូឡា​លើ​ទីធ្លា​ផ្សារ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​រួច។ អាជីវករ​អះអាង​ថា មុខ​របរ​ពួក​គាត់​ត្រូវ​ខាត​បង់ និង​ជំពាក់​បំណុល​ធនាគារ ដោយសារ​តែ​ពុំ​មាន​កន្លែង​លក់​ដូរ​ត្រឹមត្រូវ។

អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ផ្សារ​លើ​ប្រមាណ ៤០០​តូប បាន​លក់​ដូរ​របៀប​ឆក់​កណ្ដៀត និង​ប្រជ្រៀត​គ្នា​ជិត​មួយ​ឆ្នាំ​ហើយ គឺ​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ មក។ ពួក​គាត់​បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ក្រុង និង​ខេត្ត​ថា អាជ្ញាធរ​សន្យា​មិន​ពិត ដោយ​កាល​ពី​ឲ្យ​ពួក​គាត់​រុះរើ​តូប​ដើម្បី​គម្រោង​ចៃកា របស់​ប្រទេស​ជប៉ុន អាច​ចូល​ស្ថាបនា​ប្រព័ន្ធ​លូ​យ៉ាង​យូរ​បី​ខែ នឹង​បាន​ចូល​លក់​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​នៅ​តែ​ដេញ​មិន​ឲ្យ​ចូល​លក់​នៅ​ឡើយ។ ការ​បណ្ដេញ​របស់​អាជ្ញាធរ​ប៉ូលិស គឺ​សំអាង​ថា ត្រូវ​រង់ចាំ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​រៀបចំ​កន្លែង​លក់​ដូរ​ឲ្យ​រៀបរយ​សិន។

ក្រុម​អាជីវករ​ភាគ​ច្រើន បាន​ស៊ូ​ទ្រាំ​លក់​ដូរ​ប្រជ្រៀត​គ្នា​តាម​សំយាប​ផ្ទះ​គេ និង​ពេល​ខ្លះ​លួច​ចូល​លក់​ដូរ​ឆក់​កណ្ដៀត​នៅ​លើ​ទីធ្លា​ដែល​ធ្វើ​មិន​ទាន់​រួច ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ដេញ​ចាប់​យក​កញ្ច្រែង ឬ​ឆត្រ​ដាក់​ឡាន​ជា​រឿយៗ។ អាជីវករ​ដែល​ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុម​អាជីវករ​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ចាត់​ចែង​ឲ្យ​ពួក​គាត់​បាន​ចូល​លក់​វិញ​ឆាប់ៗ បើ​មិន​ដូច្នេះ​ទេ ជីវភាព​របស់​ពួក​គាត់​កាន់​តែ​ប៉ះពាល់​ខ្លាំង៖ «អត់​មាន​កន្លែង​លក់ និយាយ​រួម​ប្រជាជន​លំបាក​មែន​ទែន​ហ្មង​ណា! ទី​១ គាត់​ជំពាក់​លុយ​គេ​ច្រើន ដល់​ពេល​ខាន​លក់​តាំង​ពី​ខែ​ប្រាំ (ខែ​ឧសភា ឆ្នាំ​២០១៤) រហូត​មក​ដល់​ខែ​ពីរ (ខែ​កុម្ភៈ ឆ្នាំ​២០១៥)។ ដូច​តែ​គ្នា​ទេ មក​គ្នា​រក​មិន​គ្រប់គ្រាន់​បាន​ចេះ​តែ​មក​លក់​ត្រង់​ហ្នឹង។ លំបាក​ដោយសារ​យើង​អត់​មាន​កន្លែង​លក់ លក់​ទៅ​ដាច់​ខ្លះ​មិន​ដាច់​ខ្លះ​អ៊ីចឹង​ទៅ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ក្រុង​កំពង់ឆ្នាំង លោក ហៃ មនោរម្យ ថ្លែង​បញ្ជាក់​ថា ការ​ចាត់​ចែង​កន្លែង​លក់​ដូរ ឬ​របៀប​រៀបរយ​យ៉ាង​ណា​នោះ គឺ​លោក​មិន​អាច​សម្រេច​តែ​ម្នាក់​ឯង​បាន​ទេ គឺ​អាស្រ័យ​លើ​គណៈកម្មការ​របស់​ខេត្ត។ ចំពោះ​សំណួរ​ថា តើ​នៅ​ពេល​ណា​អាជីវករ​អាច​ចូល​លក់​ដូរ​ដូច​ដើម​បាន ហើយ​នឹង​ធ្វើ​ដំបូល​ជូន​អាជីវករ​លក់​ដូរ​សេរី​ដែរ ឬ​ទេ? លោក​បដិសេធ​មិន​អត្ថាធិប្បាយ៖ «ការ​សម្ពោធ​ហ្នឹង ខ្ញុំ​អត់​ដឹង​ពិត​ប្រាកដ​ទេ តែ​ប្រហែល​ក្នុង​ខែ​បី (ខែ​មីនា ឆ្នាំ​២០១៥) ក្រោយ​ពី​សម្ពោធ ហើយ​បាន​គណៈកម្មការ​ខេត្ត ហើយ​មាន​ឯកឧត្ដម​អភិបាល​រៀបចំ​ចាត់​ចែង​យ៉ាង​ម៉េច​ទៀត តែ​បាន​ប្រជុំ​ច្រើន​លើក​ដែរ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ហ៊ី ណាត ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​មាន​អ្នក​ទទួល។ យ៉ាង​ណា កន្លង​ទៅ​លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​នៅ​ទូទាំង​ខេត្ត រាប់​ទាំង​ការ​លក់​ដូរ​របស់​អាជីវករ​ឡើង​ទៅ។ ការ​លើក​ឡើង​នេះ គឺ​ស្រដៀង​នឹង​ប្រសាសន៍​របស់​អភិបាល​ក្រុង​កំពង់ឆ្នាំង លោក ហៃ មនោរម្យ ដែល​ធ្លាប់​ប្រាប់​ថា អាជ្ញាធរ​បាន​គិតគូរ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​មាន​ផ្លូវ​ចេញ​ចូល​នៅ​អម​សង​ខាង​ផ្សារ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​កើត​ឡើង ហើយ​ឡាន​ទឹក​អាច​ចូល​ទៅ​ពន្លត់​បាន​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល