អាជីវករ​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង​ប្រតិកម្ម​នឹង​អាជ្ញាធរ​ខេត្ត​ចង់​សង់​តូប​លក់​ដូរ​បន្ថែម

ដោយ ជិន ជេដ្ឋា
2015-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តូប​គំរូ​ដែល​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ដាក់​តាំង​ឲ្យ​អាជីវករ​មើល​ជា​គំរូ​មុន​នឹង​សម្រេច​សង់​បន្ថែម​ជាង ៤០០​តូប​ទៀត នា​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។
តូប​គំរូ​ដែល​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ដាក់​តាំង​ឲ្យ​អាជីវករ​មើល​ជា​គំរូ​មុន​នឹង​សម្រេច​សង់​បន្ថែម​ជាង ៤០០​តូប​ទៀត នា​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Chin Chetha

អស់​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អាជីវករ​លក់​ដូរ​សេរី​អម​សង​ខាង​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង បាន​រុះរើ​តូប​របស់​ខ្លួន​ចេញ ដើម្បី​ឲ្យ​គម្រោង​ចៃកា (Jica) ស្ថាបនា​ប្រព័ន្ធ​លូ និង​ក្រាល​ការ៉ូឡា​អម​សង​ខាង​ផ្សារ​នោះ ហើយ​ពួក​គាត់​ចាប់​ផ្ដើម​លក់​ដូរ​របៀប​ឆក់​កណ្ដៀត​រហូត​មក​ដល់​ពេល​នេះ។

បច្ចុប្បន្ន ទាំង​អាជីវករ​លក់​ដូរ​សេរី និង​អាជីវករ​ទិញ​តូប​លក់​ដូរ​ក្នុង​ផ្សារ​ពី​ក្រុមហ៊ុន ថូ ម៉ាក់ ដែល​វិនិយោគ​ផ្សារ​នេះ​រយៈពេល ២៥​ឆ្នាំ ដែល​គិត​មក​ដល់​ពេល​នេះ​នៅ​សល់​រយៈពេល ១០​ឆ្នាំ បាន​នាំ​គ្នា​ប្រតិកម្ម​នឹង​គម្រោង​សង់​តូប​លក់​ដូរ​បន្ថែម​របស់​អាជ្ញាធរ​ខេត្ត និង​ក្រុង​កំពង់ឆ្នាំង។

ក្រុម​អាជីវករ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​អាជ្ញាធរ​ក្រុង និង​ខេត្ត​កំពង់ឆ្នាំង ដែល​យក​តូប​គំរូ​មួយ​ខ្នង​ទំហំ ៣​ម៉ែត្រ​ការ៉េ មក​ដាក់​បញ្ឈរ​នៅ​ខាង​មុខ​ផ្សារ​ប៉ែក​ខាង​ត្បូង ឲ្យ​អាជីវករ​មើល​ជា​គំរូ​មុន​នឹង​ធ្វើ​តូប​ដូច​គ្នា​នេះ ៤៦០​តូប​ទៀត។ ក្រុម​អាជីវករ​លក់​ដូរ​សេរី​ប្រកែក​ថា នឹង​មិន​ទទួល​យក​តូប​ដែល​ទើប​សង់​ថ្មី​នេះ​ទេ ព្រោះ​តូប​មួយ​ទំហំ​ប្រហែល ៣​ម៉ែត្រ​ការ៉េ ត្រូវ​លក់​គ្នា​បួន​នាក់​ចង្អៀត​ពេក។

អាជីវករ​លក់​បន្លែ អ្នកស្រី ខេង វណ្ណៈ និង​អាជីវករ​លក់​ដូរ​ក្បែរ​គ្នា​បី​នាក់​ទៀត​បញ្ជាក់​ថា បើ​តូប​ចង្អៀត និង​តម្រូវ​ឲ្យ​អាជីវករ​ម្នាក់​បង់​ប៉ាតង់ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ទៀត​នោះ ពួក​គាត់​សុខ​ចិត្ត​លក់​ដូរ​ផ្ទាល់​នឹង​ការ៉ូឡា​ដូច​កាល​ពី​មុន ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​វាស់​បែង​ចែក​កន្លែង​លក់​ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។ ពួក​គេ​ថា ការ​ដាក់​តាំង​លក់​ត្រី សាច់ ឬ​បន្លែ​របស់​អាជីវករ​លក់​ដូរ​សេរី​ភាគ​ច្រើន គឺ​លក់​តែ​ពេល​ព្រឹក​ទេ មិន​ចាំបាច់​អ្វី​ត្រូវ​ការ​តូប​ចង្អៀត​បែប​នេះ​ឡើយ៖ «និយាយ​ទៅ​ខាង​ខ្ញុំ​លក់​បន្លែ​បោះ​ម៉ូយ​ភ្នំពេញ ចង់​លក់​នៅ​ផ្ទាល់​ដី​វិញ ព្រោះ​ខ្ញុំ​លក់​តែ​មួយ​ភ្លែត​ទេ គឺ​លក់​ចាប់​ពី​ម៉ោង​បី​រហូត​ដល់ ៧​ព្រឹក ខ្ញុំ​រើ​ហើយ។ ខ្ញុំ​ចង់​សួរ​ថា កាល​ណា​យើង​ធ្វើ​ជា​តូប​បញ្ហា​ទី​១ តើ​គេ​យក​លុយ​ខែ​ហ្នឹង​រយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ? ហើយ​ទី​២ យើង​លក់​ដូរ ហើយ​មាន​ជាប់​ពន្ធដារ ឬ​ប៉ាតង់​ដែរ ឬ​អត់? អូ! បង​អើយ! រឿង​សេដ្ឋកិច្ច​គ្រួសារ​លំបាក ហើយ​ឥឡូវ​ជប៉ុន ធ្វើ​រួច​រាល់​ហើយ​លំបាក​ខាង​សាលា​ស្រុក (សាលា​ក្រុង) មិន​ទាន់​ឲ្យ​ចូល​លក់​ឋិតថេរ»

ចំណែក​ក្រុម​អាជីវករ​ទិញ​តូប​លក់​ដូរ​ក្នុង​ផ្សារ​ពី​ក្រុមហ៊ុន មាន​កុងត្រា​វិនិយោគ​រយៈពេល ២៥​ឆ្នាំ ដែល​មក​ដល់​ពេល​នេះ​អនុវត្ត​បាន ១៥​ឆ្នាំ​ហើយ​នោះ បាន​ប្រឆាំង​ដាច់​ខាត​មិន​ឲ្យ​អាជ្ញាធរ​ក្រុង ឬ​ខេត្ត សង់​តូប​លក់​ដូរ​បន្ថែម​នៅ​ខាង​ក្រៅ ហើយ​បើ​ចង់​សង់​នោះ ត្រូវ​រង់ចាំ​ចប់​កុងត្រា​រយៈពេល ១០​ឆ្នាំ​ទៀត​សិន។ ពួក​គាត់​មិន​ហាម​ឃាត់​អាជីវករ​លក់​ដូរ​សេរី​មិន​ឲ្យ​លក់​ទេ តែ​ត្រូវ​ដាក់​គ្រែ​បាំង​ឆត្រ​លក់​ដូច​មុន។

អាជីវករ​លក់​ខោ​អាវ​នៅ​ក្នុង​ផ្សារ​ម្នាក់ អ្នកស្រី សោម លាង និយាយ​ឆ្ការ​ដៃ​ឆ្ការ​ជើង​នៅ​មុខ​តូប​លក់​ដូរ​របស់​ខ្លួន​ថា អាជ្ញាធរ​ខេត្ត និង​ក្រុង មិន​បាន​គិតគូរ​ពី​កង្វល់​របស់​អាជីវករ​ទេ ដោយ​នៅ​តែ​ជម្នះ​រក​គ្រប់​វិធីសាស្ត្រ​សង់​តូប​ឲ្យ​បាន ដើម្បី​ជួល​យក​លុយ។ អ្នកស្រី​ថា ក្រុម​អាជីវករ​ខាង​ក្នុង​មាន​គម្រោង​ឡើង​ទៅ​រាជធានី​ភ្នំពេញ តវ៉ា​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​មួយ​ចំនួន បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​ជម្នះ​ធ្វើ៖ «បើ​មាន​ផ្សារ​នៅ​ខាង​ក្រៅ​ដូច​គម្រោង តើ​មាន​តូប​លក់​ឲ្យ​អាជីវករ​ខាង​ក្នុង​អត់? លោកគ្រូ​ជួយ​ដោះស្រាយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មិន​ដឹង​ទៅ​រក​នរណា​ឲ្យ​ជួយ​ដោះស្រាយ​ទេ បើ​ខេត្ត​យើង​ទាំង​មូល​នេះ​អត់​មាន​ដោះស្រាយ​ឲ្យ​អាជីវករ​ខាង​ក្នុង​ទេ បើ​ទោះ​បី​ជា​មាន​ទុក្ខ​ទោស មាន​កង្វល់​យ៉ាង​ណា​ក៏ដោយ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​លើ លោក ហ៊ី ណាត ថ្លែង​បញ្ជាក់​ថា អាជីវករ​មួយ​ចំនួន​នៅ​តែ​មិន​យល់​អំពី​បំណង​ល្អ​របស់​អាជ្ញាធរ​ខេត្ត និង​ក្រុង ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​អនាម័យ​ផ្សារ។ លោក​ថា គណៈកម្មការ​បាន​សិក្សា​ល្អិតល្អន់ និង​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​លើ​ការ​អភិវឌ្ឍ និង​ការ​បញ្ចៀស​គ្រោះ​អគ្គីភ័យ​ជាដើម៖ «កាល​ពី​ដើម​ជាង ៤០០​តូប លក់​ពេញ​ផ្លូវ​ទាំងអស់​ទៅ​អត់​រួច​ទេ​ផ្លូវ​ហ្នឹង ដែល​មាន​ទំហំ​ធំ តែ​ឥឡូវ​យើង​ច្រៀក​តែ​ពាក់​កណ្ដាល​ទេ។ អ៊ីចឹង​តូប​ហ្នឹង​វា​ត្រូវ​តូច​ហើយ ព្រោះ​ទុក​ផ្លូវ។ ហើយ​ម្យ៉ាង​ទៀត​ដែល​យើង​ធ្វើ​នេះ បើ​និយាយ​ឲ្យ​ចំ ចំពោះ​អ្នក​នៅ​ក្នុង​ផ្សារ​ទិញ​តូប​ពី​ក្រុមហ៊ុន ថូ ម៉ាក់ មិន​ប៉ះពាល់​អី​តូប​គាត់​ទេ អា​នេះ​គ្រាន់​តែ​ដោះស្រាយ​អាជីវករ​ដែល​គ្នា​ធ្លាប់​លក់​នៅ​ក្រៅ ហើយ​ដាក់​ផ្ទាល់​នៅ​លើ​ឥដ្ឋ ហើយ​ចង់​ធ្វើ​ដំបូល​ឲ្យ​គាត់​បាន​គត់មត់​ស្រួលបួល មើល​ទៅ​មាន​សោភ័ណភាព​ស្អាត ហើយ​តូប​អស់​នេះ​មាន​ការ​ឯកឧត្ដម​អភិបាល​ខេត្ត​ត្រឹមត្រូវ»

លោក​បន្ថែម​ថា អាជ្ញាធរ​នឹង​សង់​តូប​ទំហំ ៣​ម៉ែត្រ​ការ៉េ​ជាង ៤០០​តូប ដោយ​តូប​មួយ​អាជីវករ​អាច​លក់​បាន ៤​នាក់ ហើយ​អាជីវករ​ម្នាក់​ត្រូវ​បង់​ថ្លៃ​តូប​ប្រចាំ​ខែ​ចំនួន ៥​ម៉ឺន​រៀល ដែល​តម្លៃ​នេះ​មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ភាស៊ី ឬ​អនាម័យ​ទេ។ តូប​នីមួយៗ​មាន​ទម្ងន់​ស្រាល សង់​ដាច់​ពី​គ្នា​អាច​ចល័ត​បាន ប៉ុន្តែ​នឹង​ត្រូវ​រៀបចំ​ជា​ជួរ ដើម្បី​ឲ្យ​មាន​ច្រក​ទូលាយ​សម្រាប់​អតិថិជន​ដើរ​ទិញ ឬ​ចូល​ទៅ​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​ក៏​បាន។ លោក​ថា ក្រោយ​ពី​រៀបចំ​ត្រឹមត្រូវ ទីធ្លា​អម​សង​ខាង​ផ្សារ​នឹង​មាន​ផ្លូវ​សម្រាប់​ឡាន​ទឹក​ចូល​ពន្លត់​អគ្គីភ័យ​បាន​ដោយ​ងាយ ប្រសិន​បើ​មាន​ហេតុការណ៍​ឆេះ​ផ្សារ ឬ​ផ្ទះ​កើត​ឡើង​នៅ​តំបន់​នោះ​មែន។

យ៉ាង​ណា ក្រុម​អាជីវករ​នៅ​តែ​បន្ត​ប្ដេជ្ញា​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​តូប​របស់​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​ក្រុង និង​ខេត្ត​បញ្ជាក់​ថា បើ​មាន​អាជីវករ​តវ៉ា​ច្រើន​នោះ អាជ្ញាធរ​មូលដ្ឋាន​នឹង​សហការ​ធ្វើ​ការងារ​នេះ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​ទៀត នៅ​ក្រោយ​គម្រោង​ចៃកា (Jica) សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​លូ ផ្លូវ និង​ការ៉ូឡា​នា​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៥ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល