ទេសចរ​២៦​ប្រទេស​ពិនិត្យ​និង​ផ្ដល់​យោបល់​ពី​ការ​ដាក់​ទីក្រុង​បាត់ដំបង​ចូល​បេតិកភណ្ឌ

ដោយ ហ៊ុំ ចំរើន
2017-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍ លោក ថុក សុខុម ផ្ដល់​បទសម្ភាសន៍​នៅ​សួន​នាគ​បាញ់​ទឹក​មុខ​ដើមពោធិ៍​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍ លោក ថុក សុខុម ផ្ដល់​បទសម្ភាសន៍​នៅ​សួន​នាគ​បាញ់​ទឹក​មុខ​ដើមពោធិ៍​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

អ្នក​ទេសចរ​មក​ពី ២៦​ប្រទេស​លើ​ពិភពលោក​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ធ្វើ​ទស្សនកិច្ច​ពិនិត្យ​មើល​អគារ​ចាស់ៗ និង​រមណីយដ្ឋាន​សំខាន់ៗ​នៅ​ខេត្ត​បាត់ដំបង។ អភិបាល​ក្រុង​បាត់ដំបង អះអាង​ថា ក្រុម​អ្នក​ទេសចរ​នេះ​មក​ពិនិត្យ​មើល​តំបន់​ទេសចរណ៍ និង​ជួយ​ផ្ដល់​ជា​គំនិត​យោបល់ ដើម្បី​ដាក់​ទីក្រុង​បាត់ដំបង សម្រាប់​ប្រកួត​ប្រជែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ខាង​មុខ។

ដំណើរ​ទស្សនកិច្ច​នេះ មាន​មន្ត្រី​តំណាង​ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ប្រមាណ ៥០​នាក់​ចូលរួម​អម​ដំណើរ។

អភិបាល​ក្រុង​បាត់ដំបង លោក សៀងឯម វូនស្ហី មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​ដាក់​ទីក្រុង​បាត់ដំបង សម្រាប់​ដាក់​បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ខាង​មុខ៖ «កន្លង​មក​នេះ​យើង​បាន​ដាក់​សំណើ​ក្រុង​បាត់ដំបង សុំ​ចូល​ជា​បេក្ខភាព​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។ អ៊ីចឹង​ទេ ថ្ងៃ​នេះ​ក្រុង​បាត់ដំបង បាន​រៀបចំ​ដោយ​មាន​សមត្ថកិច្ច​ចម្រុះ ដើម្បី​រក្សា​សន្តិសុខ​ជូន​ភ្ញៀវ​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ»

ដំណើរ​ទស្សនកិច្ច​នេះ អ្នក​ទេសចរ​ទាំងអស់​ទៅ​ទស្សនា​អគារ​ចាស់ៗ​នៅ​ក្រុង​បាត់ដំបង ដូចជា​វត្ត​ដំរីស អគារ​ជាប់​មាត់​ស្ទឹង​សង្កែ​ផ្លូវ​លេខ​១ ផ្សារ​ណាត់ សាលា​ខេត្ត​បាត់ដំបង និង​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​មួយ​នេះ។

ប្រធាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍ លោក ថុក សុខុម មាន​ប្រសាសន៍​ថា ខេត្ត​បាត់ដំបង មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ច្រើន​បែប​ច្រើន​យ៉ាង ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​មក​លេង​កម្សាន្ត មាន​ដូចជា​បឹង​ទន្លេសាប អគារ​ចាស់ៗ​សល់​ពី​សម័យ​បារាំង ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ ជាដើម៖ «អ៊ីចឹង​ហើយ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​តំបន់​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង ទៅ​កាន់​ពិភពលោក​ឲ្យ​គេ​បាន​ដឹង​ថា យើង​មាន​អ្វី​គ្រប់​បែប​យ៉ាង ដើម្បី​ទស្សនា​កម្សាន្ត។ ហើយ​ឥឡូវ​យើង​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​កែច្នៃ ដូចជា​រមណីយដ្ឋាន​សេកសក ជាដើម បាន​ប្រែ​ក្លាយ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​មក​ទេសចរណ៍​កែច្នៃ»

លោក សៀងឯម វូនស្ហី បញ្ជាក់​ថា អ្នក​ទស្សនកិច្ច​ភាគច្រើន​ជា​ភ្ញៀវ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អន្តរជាតិ សម្រាប់​ប្រទេស​អាស៊ាន​នៅ​ខេត្ត​សៀមរាប ហើយ​ក៏​មក​មើល​ទីក្រុង​បាត់ដំបង ដែល​ជា​ទីក្រុង​ត្រៀម​ដាក់​បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក។ អ្នក​ទស្សនកិច្ច​ទាំងនោះ​មក​ពី​ប្រទេស​សមាគម​អាស៊ាន​ទាំង​១០ ប្រទេស​បារាំង សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក។

អភិបាល​ក្រុង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ទៅ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អភិរក្ស​ក្រុង​បាត់ដំបង នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤ មិថុនា។ ប្រទេស​កម្ពុជា បាន​លើក​យក​ទីក្រុង​បី​ដាក់​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក រួម​មាន​ក្រុង​ក្រចេះ ក្រុង​កំពត និង​ក្រុង​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល