រដ្ឋាភិបាល​អនុម័ត​គោល​នយោបាយ​ការងារ​ខណៈ​អ្នក​វិភាគ​ស្នើ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់

ដោយ សាន សែល
2015-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រង់ចាំ​រថយន្ត​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​កាល​ពី​ថ្ងៃ​ទី​១២ មេសា ឆ្នាំ​២០១៥។
សកម្មភាព​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រង់ចាំ​រថយន្ត​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​កាល​ពី​ថ្ងៃ​ទី​១២ មេសា ឆ្នាំ​២០១៥។
Provided Photo

រដ្ឋាភិបាល បាន​អនុម័ត​គោល​នយោបាយ​រយៈពេល ១០​ឆ្នាំ ស្ដីពី​មុខ​របរ និង​ការងារ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥។ រដ្ឋាភិបាល​អះអាង​ថា គោល​នយោបាយ​ដែល​ចំណាយ​ពេល​អស់ ៥​ឆ្នាំ ដើម្បី​បង្កើត​ឡើង​នេះ នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា រស់នៅ​បាន​សមរម្យ​តាម​រយៈ​ការ​បង្កើត​ការងារ និង​បង្កើន​ផលិត​ភាព​ការងារ។ អ្នក​សិក្សា​ការ​អភិវឌ្ឍ ស្វាគមន៍​ចំពោះ​គោល​នយោបាយ​នេះ ក៏ប៉ុន្តែ​ពួក​គាត់​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​មុខ​របរ និង​ការងារ​មាន​ប្រសិទ្ធភាព។

គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ កំណត់​ចេញ​នូវ​សសរ​ស្ដម្ភ​ចំនួន​បី ដែល​ផ្ដោត​ទៅ​លើ​ការ​បង្កើន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិត​ភាព​ការងារ​ខ្ពស់ ការ​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ និង​ធនធាន​មនុស្ស និង​ការ​ពង្រឹង​អភិបាល​កិច្ច​ទីផ្សារ​ការងារ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា នេះ នឹង​ជួយ​កាត់​បន្ថយ​ចំណាក​ស្រុក​ពី​ជនបទ​មក​ទី​ប្រជុំជន តាម​រយៈ​ការ​ជួយ​បង្កើត​ជំនាញ​បច្ចេកទេស​ដល់​អ្នក​នៅ​តាម​ជនបទ។

លោក​បន្ថែម​ថា គោល​នយោបាយ​នេះ​ក៏​ជួយ​ឲ្យ​កម្ពុជា ផលិត​នូវ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ពេល​អាស៊ាន​រួម​ច្របាច់​បញ្ចូល​ជា​សហគមន៍​តែ​មួយ។

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ស្វាគមន៍​គោល​នយោបាយ​ស្ដី​ពី​មុខ​របរ និង​ការងារ។ លោក ម័ររីស្សូ ប៊ូស្ស៉ី (Maurizio Bussi) មន្ត្រី​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ថ្លែង​ថា គោល​នយោបាយ​នេះ​ស្រប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ (Sustainable Development Goals)។ លោក​រំពឹង​ថា គោល​នយោបាយ​នេះ​នឹង​ជួយ​ដោះស្រាយ​ការ​បង្កើត​ការងារ​សម្រាប់​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា។

នៅ​ក្នុង​ឯកសារ​កម្រាស់ ៣៤​ទំព័រ ដែល​បាន​រៀបរាប់​លម្អិត​ពី​គោល​នយោបាយ​ជាតិ​រយៈពេល ១០​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​សម្រេច​នូវ​សសរ​ស្ដម្ភ​ទាំង​បី​របស់​ខ្លួន។ វិធានការ​ទាំង​នោះ​រួម​មាន ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស និង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ទាំង​នៅ​ទីក្រុង និង​នៅ​ទី​ជនបទ។ លើស​ពី​នេះ បើ​តាម​គោល​នយោបាយ​នេះ រដ្ឋាភិបាល​នឹង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ធុរកិច្ច ដោយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​សកម្មភាព​សេដ្ឋកិច្ច​បែប​គ្រួសារ និង​មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​តាម​ច្បាប់ ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ។

ដើម្បី​ធានា​ថា កម្ពុជា មាន​កម្លាំង​ពលកម្ម​ជំនាញ​គ្រប់គ្រាន់ គោល​នយោបាយ​នេះ​ធានា​ថា ពង្រឹង​គុណភាព និង​បង្កើន​ចំនួន​នៃ​គ្រឹះស្ថាន​អប់រំ និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​លើក​កម្ពស់​ស្តង់ដារ​សមត្ថភាព តាម​រយៈ​ការ​ធ្វើ​តេស្ដ​បញ្ជាក់​សមត្ថភាព ដោយ​យក​ស្តង់ដារ​អាស៊ាន​ជា​គោល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​បង្កើត​ឱកាស​ការងារ ដើម្បី​ឆ្លើយ​តប​នឹង​កម្លាំង​ពលកម្ម​បាន​ប្រមាណ ៣​សែន ២​ម៉ឺន​ការងារ​ក្នុង​មួយ​ឆ្នាំ។ លោក​បញ្ជាក់​ថា អត្រា​អត់​ការងារ​នៅ​ប្រទេស​កម្ពុជា មាន​ក្រោម ១​ភាគរយ។

ក៏ប៉ុន្តែ លោក កែម ឡី មើល​ឃើញ​ថា ការ​កំណត់​និយមន័យ “អត្រា​អត់​ការងារ” របស់​រដ្ឋាភិបាល មាន​ភាព​ទូលំទូលាយ ដោយ​រាប់​បញ្ចូល​អ្នក​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង និង​អ្នក​ធ្វើ​ការ​នៅ​ផ្ទះ ជា​អ្នក​មាន​ការងារ​ធ្វើ​ដែរ។ លោក​ថា ប្រសិន​បើ​ដក​ក្រុម​ទាំង​ពីរ​នេះ​ចេញ អត្រា​អត់​ការងារ​នៅ​កម្ពុជា មាន​ច្រើន​លើស​ពី ១​ភាគរយ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០១៥ សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ចំនួន ៧​ភាគរយ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់​ដេរ តែ​វិស័យ​ទាំង​នេះ​មិន​សូវ​មាន​សន្ទុះ​ក្នុង​ឆ្នាំ​នេះ។ ជាក់ស្ដែង ការ​នាំ​ចេញ​ទំនិញ​សម្លៀកបំពាក់​ថយ​ចុះ​ប្រមាណ ៤​ភាគរយ​នៅ​ឆ្នាំ​២០១៥ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ហើយ​កំណើន​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ជិត ១​ភាគរយ​នៅ​រយៈពេល​ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ មាន​ពលរដ្ឋ​កម្ពុជា ច្រើន​ម៉ឺន​នាក់ ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​ចលនា​ចំណាក​ស្រុក​ពី​ជនបទ​មក​ទីក្រុង ក៏​កើន​ឡើង​ច្រើន។ ប្រជាពលរដ្ឋ​ដែល​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទាំង​នោះ អះអាង​ថា ពួក​គេ​អាច​ទទួល​ប្រាក់​កម្រៃ​ច្រើន​ជាង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស បើ​ទោះ​ជា​ពួក​គេ​ត្រូវ​ប្រឈម​ធ្វើ​ការងារ​គ្រោះ​ថ្នាក់ ធ្វើ​ការងារ​ដែល​អ្នក​ដទៃ​មិន​ចង់​ធ្វើ និង​ធ្វើ​ការងារ​ដែល​កខ្វក់​ក៏ដោយ។

សមាហរណកម្ម​អាស៊ាន នឹង​មក​ដល់​នៅ​ចុង​ឆ្នាំ​២០១៥ នេះ ខណៈ​ពលករ​ចំណាក​ស្រុក​ហាក់​ស្ទាក់ស្ទើរ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ពន្យល់​ថា ប្រសិន​បើ​មាន​ចលនា​ចំណាក​ស្រុក​ច្រើន​ពេក បង្កើត​ឲ្យ​មាន​វិបត្តិ​កម្លាំង​ពលកម្ម​ដែល​មិន​អាច​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​បាន។ លោក​ថ្លែង​ថា មាន​កត្តា​មួយ​ចំនួន​ដែល​រារាំង​ដល់​ការ​វិល​ត្រឡប់​របស់​ពលករ​ចំណាក​ស្រុក៖ «កត្តា​ដែល​អត់​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់​នៅ​ក្នុង​ស្រុក ហើយ​និង​ឱកាស​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក ដូចជា​រឿង​កសិកម្ម។ ប្រសិន​បើ​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ គាត់​នៅ​តែ​អត់​ទាន់​មាន​ដី​គ្រប់គ្រាន់​ធ្វើ​កសិកម្ម ហើយ​ប្រសិន​បើ​គាត់​មាន​ដី​ធ្វើ​កសិកម្ម​ខ្លះ​ដែរ ក៏​ផលិតផល​កសិកម្ម​របស់​គាត់​មិន​អាច​លក់​បាន​គ្រប់គ្រាន់។ ជា​រឿយៗ គាត់​តែង​ត្អូញ​ពី​តម្លៃ​កសិផល​របស់​គាត់​ថា​ថោក មិន​អាច​គ្រប់​ថ្លៃ​ដើម​ផង។ ចំណុច​ទី​ពីរ ការងារ​ក្នុង​ស្រុក​ហ្នឹង ក៏​អត់​មាន​ប្រាក់​ឈ្នួល​អី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ផ្គត់ផ្គង់​ជីវភាព​គាត់​បាន​សមរម្យ​ដែរ»

យោង​តាម​របាយការណ៍​ប្រជាសាស្ត្រ​ឆ្នាំ​២០១៥ របស់​អង្គការ​សហប្រជាជាតិ ប្រទេស​កម្ពុជា ត្រូវ​បាន​ប៉ាន់ស្មាន​ថា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៥,៥៧​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៥។ ទិន្នន័យ​ក្នុង​ឆ្នាំ​២០០៨ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បង្ហាញ​ថា ចំនួន​យុវជន (អាយុ ១៥-៣០​ឆ្នាំ) មាន​ប្រមាណ ៣៣​ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​យុវជន​តំណាង​ជាង ៦០​ភាគរយ​នៃ​ក្រុម​មនុស្ស​វ័យ​ធ្វើ​ការ (អាយុ ១៥-៦៤​ឆ្នាំ)។

អង្គការ​ផែក​ខេមបូឌា (Pact Cambodia) កាល​ពី​ឆ្នាំ​២០០៨ បាន​ព្យាករ​ថា ក្នុង​រយៈពេល​ពីរ​បី​ទសវត្ស​ខាង​មុខ យុវជន​ចំនួន​ប្រហែល ១​លាន​នាក់ នឹង​ដើរ​ចូល​ក្នុង​ទីផ្សារ​ការងារ​ជា​រៀង​រាល់ ៤-៥​ឆ្នាំ​ម្ដង ហើយ អង្គការ​ផែក​ខេមបូឌា យល់​ថា កម្ពុជា នឹង​ប្រឈម​វិបត្តិ​ការងារ​ធ្ងន់ធ្ងរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ស្នើ​ឡើង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះ​ការងារ រដ្ឋាភិបាល​គួរ​ពង្រឹង​ច្បាប់​ចូល​និវត្តន៍ ដើម្បី​អាច​ឲ្យ​យុវជន​ចូល​ធ្វើ​ការ​ជំនួស​បាន។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​គួរ​ពង្រឹង​តែ​លើ​វិស័យ​ឯកជន​ប៉ុណ្ណោះ​ទេ។ លោក​លើក​ឡើង​ថា វិស័យ​សាធារណៈ និង​សង្គម​ស៊ីវិល ក៏​គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​ផង​ដែរ៖ «ចឹង​រដ្ឋ​ត្រូវ​មើល​ទាំង​បី​ជ្រុង មើល​ទាំង​ផ្នែក​ឯកជន (private sector) ទាំង​ផ្នែក​សាធារណៈ (public sector) និង​ផ្នែក​អង្គការ​សង្គម​ស៊ីវិល (civil society)។ ចឹង​បើ​យើង​មើល​ពី​ទំហំ​ការងារ​វិញ គឺ​ផ្នែក​ទាំង​បី​ហ្នឹង។ ក៏ប៉ុន្តែ​គោល​នយោបាយ​ការងារ​រដ្ឋាភិបាល ភាគ​ច្រើន​ផ្ដោត​តែ​លើ​វិស័យ​ឯកជន មិន​សូវ​ជោគជ័យ​ទេ។ ទី​មួយ ឲ្យ​ផ្ដោត​ទាំង​បី។ ទី​ពីរ ដើម្បី​ឲ្យ​មាន​ការងារ​ធ្វើ​សម្រាប់​យុវជន យើង (ត្រូវ) ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចូល​និវត្តន៍»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ រដ្ឋាភិបាល​ក៏​បាន​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​រយៈពេល ១០​ឆ្នាំ (ឆ្នាំ​២០១៥-២០២៥) ដើម្បី​តម្រង់​ទិស​ទីផ្សារ និង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​ក្នុង​គោល​បំណង ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម។ នៅ​ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ផលិតកម្ម​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា មាន​លក្ខណៈ​គ្រួសារ និង​នៅ​តូច​ចង្អៀត ដែល​ពិបាក​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល