អាជ្ញាធរ​ខេត្ត​សៀមរាប​ព្រមាន​ចាត់​វិធាន​ការ​អ្នក​អុកឡុក​ការ​បោះ​ឆ្នោត​សហគមន៍​ទេសចរណ៍

ដោយ ហង្ស សាវយុត
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​ប៉ូលិស​ខ្លាហោះ និង​កងរាជអាវុធហត្ថ​​ជាង ៥០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​រារាំង​ប្រជាពលរដ្ឋ​១​ក្រុម​ដែល​មាន​អ្នក​ដឹក​ជញ្ជូន​តាម​រថយន្ត​ដើម្បី​ទៅ​ស្រែក​តវ៉ា​មិន​ឱ្យ​បោះឆ្នោត​ជ្រើសរើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ​ដឹក​ភ្ញៀវទេសចរ​នៅ​កំពង់ភ្លុក ដំណើរ​ការ​ទៅ​បាន​នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៥។
កម្លាំង​ប៉ូលិស​ខ្លាហោះ និង​កងរាជអាវុធហត្ថ​​ជាង ៥០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​រារាំង​ប្រជាពលរដ្ឋ​១​ក្រុម​ដែល​មាន​អ្នក​ដឹក​ជញ្ជូន​តាម​រថយន្ត​ដើម្បី​ទៅ​ស្រែក​តវ៉ា​មិន​ឱ្យ​បោះឆ្នោត​ជ្រើសរើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ​ដឹក​ភ្ញៀវទេសចរ​នៅ​កំពង់ភ្លុក ដំណើរ​ការ​ទៅ​បាន​នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា គឺ​ត្រូវ​បង្ខំ​ចិត្ត​ពន្យារ​ពេល​មួយ​រយៈ​សិន ដោយ​មិន​ទាន់​កំណត់​ថា នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​វិញ​នៅ​ថ្ងៃ​ណា​ច្បាស់លាស់​នៅ​ឡើយ។

ការ​បង្ខំ​ចិត្ត​រំលាយ​ចោល​ការ​បោះ​ឆ្នោត​ជា​បណ្ដោះអាសន្ន​នេះ បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​មក​ពី​តំបន់​ផ្សេង បាន​ដឹក​ជញ្ជូន​គ្នា​តាម​រថយន្ត​ជាច្រើន​គ្រឿង ចុះ​ទៅ​ឆាឆៅ និង​ស្រែក​តវ៉ា​ឲ្យ​លុប​ចោល​ការ​បោះ​ឆ្នោត ព្រម​ទាំង​មាន​ការ​ប៉ះ​ទង្គិច​គ្នា បណ្ដាល​ឲ្យ​ភាគី​ទាំង​សង​ខាង​រង​របួស​ធ្ងន់ និង​ស្រាល​ចំនួន ៥​នាក់។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ប្ដេជ្ញា​ចិត្ត​ថា​នៅ​តែ​បន្ត​ប្រឹងប្រែង​ដោះស្រាយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ពីរ​ក្រុម ដែល​កំពុង​តែ​ដណ្ដើម​គ្នា​លក់​សំបុត្រ​កាណូត និង​ទូក ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់ភ្លុក ឲ្យ​មាន​សន្តិសុខ​ជា​ស្ថាពរ។

ការ​ប្ដេជ្ញា​ចិត្ត ជាមួយ​នឹង​ការ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​អ្នក​ដែល​អុកឡុក មិន​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍ អាច​ដំណើរ​ការ​ទៅ​បាន​ផង​នោះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​មក​ពី​តំបន់​ផ្សេង បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ភ្លុក មួយ​ប្រាវ​បណ្ដាល​ឲ្យ​រង​របួស ៥​នាក់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា កន្លង​ទៅ ហើយ​ក្រុម​អ្នក​មក​ពី​តំបន់​ផ្សេង​ទាំង​នោះ នៅ​តែ​ស្រែក​ទាមទារ​ឲ្យ​រំលាយ​ចោល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ នៅ​ឃុំ​កំពង់ភ្លុក ដដែល។

អភិបាល​រង​ខេត្ត​សៀមរាប ដែល​ទៅ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ ដឹក​ភ្ញៀវ​ទេសចរ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ គឺ​លោក ប៊ុន ថាឬទ្ធិ។ លោក​ចាត់​ទុក​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល ១០០​នាក់ ដែល​តវ៉ា​ហើយ​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា នោះ​ថា ភាគ​ច្រើន​មិន​មែន​ជា​មនុស្ស​រស់នៅ​ក្នុង​ឃុំ​កំពង់ភ្លុក និង​មានជ័យ ទេ។ លោក ប៊ុន ថាឬទ្ធិ បាន​ចាត់​ទុក​សកម្មភាព​របស់​មនុស្ស​ដែល​លើក​គ្នា​ទៅ​អុកឡុក​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ នៅ​ឃុំ​កំពង់ភ្លុក មិន​ឲ្យ​ដំណើរ​ការ​ទៅ​បាន​នោះ ថា​ជា​ការ​ញុះញង់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​និរន្តរភាព​របស់​សហគមន៍​កំពង់ភ្លុក៖ «វា​ខុស​ហេតុ​ផល មិន​ដឹង​ថា​គាត់​ចង់​បាន​អី? សហគមន៍​នេះ​ជា​សហគមន៍​កំពង់ភ្លុក មានជ័យ ហើយ​គាត់​ទៅ​ប្រមូល​មនុស្ស​ពី​មេជ្រៃ ស្រុក​ពួក ពី​ចុងឃ្នៀស ក្រុង​សៀមរាប ពី​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម មក​ទាមទារ​តវ៉ា​ទៅ​វិញ»

ទោះ​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​ខ្លះ​បាន​អះអាង​ថា ពួក​គេ​សុទ្ធតែ​ជា​អ្នក​រស់នៅ​ឃុំ​កំពង់ភ្លុក ហើយ​ធ្លាប់​ទទួល​រង​ភាព​អយុត្តិធម៌​ចំពោះ​ការ​រក​កម្រៃ​ពី​សេវាកម្ម​ទេសចរណ៍។

បុរស​ម្នាក់​ឈ្មោះ ឡុង សារិទ្ធ ក្នុង​ចំណោម​អ្នក​តវ៉ា​ជាច្រើន​ទៀត មាន​ប្រសាសន៍​ថា គាត់​រស់នៅ​ភូមិ​ដី​ក្រហម។ ជាច្រើន​ឆ្នាំ​មក​ហើយ គ្រួសារ​របស់​គាត់​ក្រីក្រ​ដែល​មាន​តែ​ទូក​តូច​មួយ តែង​សុំ​ឲ្យ​មេ​ឃុំ​កំពង់ភ្លុក ដាក់​វេន​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​បឹង​ទន្លេសាប ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ដាក់​វេន​ឲ្យ​ពួក​គាត់​ទេ គឺ​និយម​ទៅ​លើ​តែ​អ្នក​មាន​ទូក និង​កាណូត​ធំ ជាង ៧០​គ្រួសារ​ប៉ុណ្ណោះ៖ «ខ្លះ​ប្រជាពលរដ្ឋ​អ្នក​ក្រ មាន​តែ​ទូក​កម្រោល មិន​មាន​ទូក​ស្មាច់ ត្រូវ​ស្តង់ដារ​នឹង​គេ គឺ​អត់​ឲ្យ​ចូល​វេន។ គេ​គាំទ្រ​តែ ៧៤​គ្រួសារ»

អាជ្ញាធរ​ឃុំ​កំពង់ភ្លុក ទទួល​ស្គាល់​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ​១០០​នាក់​ដែល​លើក​គ្នា​ទៅ​តវ៉ា​ឲ្យ​លុប​ចោល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ​នោះ គឺ​ប្រហែល ២០​នាក់ ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​កំពង់ភ្លុក មែន ក៏ប៉ុន្តែ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​ភូមិ​រស់នៅ​ទីនេះ​ទេ។

មេ​ឃុំ​កំពង់ភ្លុក លោក នឹង នី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​របស់​លោក​ដែល​ចូលរួម​តវ៉ា​ជាមួយ​គេ​នោះ គឺ​ជា​គ្រួសារ​ក្រីក្រ​ដែល​ឃុំ​តែង​តែ​ផ្ដល់​អាទិភាព​ឲ្យ​ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​បឹង​ទន្លេសាប និង​ផ្ដល់​កម្រៃ​ពី​ទេសចរ​ឲ្យ​ពួក​គាត់​ជា​រៀង​រាល់​ថ្ងៃ ក៏ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​ទៅ​ចូលរួម​ប្រឆាំង​ជាមួយ​ក្រុម​មនុស្ស​ផ្សេង គឺ​ដោយសារ​តែ​ក្រុម​នោះ​សន្យា​ថា នឹង​ទិញ​ទូក​ស្មាច់​ចែក​ឲ្យ​ពួក​គាត់ ព្រម​ទាំង​ដាក់​វេន​ឲ្យ​ដឹក​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាង​សហគមន៍​កំពង់ភ្លុក។ លោក​មេ​ឃុំ​កំពង់ភ្លុក សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ នៅ​ឃុំ​កំពង់ភ្លុក ដែល​មិន​អាច​ដំណើរ​ការ​ទៅ​បាន​នេះ៖ «ការ​បោះ​ឆ្នោត​សហគមន៍ កាល​បរិច្ឆេទ​ថ្ងៃ​នេះ​ក្រោម​អធិបតីភាព​របស់​អភិបាល​រង​ខេត្ត គឺ​មាន​ក្រុម​មនុស្ស​មក​អុកឡុក មិន​ឲ្យ​ដំណើរ​ការ​ទៅ​បាន។ មាន​បុគ្គល​មួយ​ចំនួន​មក​ឆ្កឹះឆ្កៀល​បំបែក​បំបាក់​ប្រជាពលរដ្ឋ​របស់​ខ្ញុំ»

អាជ្ញាធរ​ឃុំ​កំពង់ភ្លុក បាន​ដាក់​ការ​សង្ស័យ​ថា មេ​ខ្លោង​ដែល​ដឹក​នាំ​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា​នោះ គឺ​ជា​មនុស្ស​របស់​ក្រុមហ៊ុន ស៊ូជីង ដែល​ប្រកប​របរ​សេវាកម្ម​ទេសចរណ៍​ក្នុង​បឹង​ទន្លេសាប នៅ​តំបន់​ចុងឃ្នៀស ក្រុង​សៀមរាប។

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​លុប​ចោល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន ស៊ូជីង និង​ក្រុមហ៊ុន​កូរ៉េ ស៊ីផេក (SEAPAC) មិន​ឲ្យ​រក​កម្រៃ​ទេសចរណ៍​នៅ​បឹង​ទន្លេសាប កំពង់ភ្លុក មក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា អាជ្ញាធរ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ នៅ​ឃុំ​កំពង់ភ្លុក ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ដំណើរ​ការ​គ្រោង​នឹង​ចាប់​ផ្ដើម គឺ​មាន​មនុស្ស​ប្រហែល​ជាង ១០០​នាក់ ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​ជាច្រើន​គ្រឿង ទៅ​ស្រែក​តវ៉ា​ទាមទារ​ឲ្យ​រំលាយ​ចោល​ការ​បោះ​ឆ្នោត​នោះ ព្រម​ទាំង​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ដោយ​គប់​ដុំ​ឥដ្ឋ​ដាក់​គ្នា ព្រម​ទាំង​មាន​ខ្លះ​ប្រើ​ដាវ​សាម៉ូរ៉ៃ​ផង បណ្ដាល​ឲ្យ​មនុស្ស​ទាំង​សង​ខាង​របួស​ធ្ងន់ និង​ស្រាល​ចំនួន ៥​នាក់។

ក្រោយ​ពី​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា ព្រម​ទាំង​ការ​តវ៉ា​តានតឹង​ដោយ​ទាមទារ​ឲ្យ​រំលាយ​ចោល​ការ​បោះ​ឆ្នោត​ផង​នោះ អាជ្ញាធរ​ក៏​សម្រេច​លើក​ពេល​នៃ​ការ​បោះ​ឆ្នោត​នេះ​មួយ​រយៈ​សិន។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ពីរ​ក្រុម ដែល​ដណ្ដើម​គ្នា​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទស្សនា​បឹង​ទន្លេសាប កំពង់ភ្លុក រហូត​ដល់​កើត​ចេញ​ជា​អំពើ​ហិង្សា​នេះ។ អង្គការ​លីកាដូ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទាំង​ខេត្ត​សៀមរាប និង​ស្រុក​ប្រាសាទបាគង គឺ​ត្រូវ​តែ​ចាត់​វិធានការ​យ៉ាង​ណា ធ្វើ​ឲ្យ​សន្តិសុខ​កើត​មាន​នៅ​តំបន់​កំពង់ភ្លុក ឡើង​វិញ ព្រោះ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​នៅ​ខេត្ត​សៀមរាប។

អភិបាល​រង​ខេត្ត​សៀមរាប លោក ប៊ុន ថាឬទ្ធិ បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​កាណូត និង​ទូក​អុំ​នៅ​ឃុំ​កំពង់ភ្លុក ឲ្យ​កើត​មាន​ទាល់​តែ​បាន ព្រម​ទាំង​កសាង​សំណុំ​រឿង​អ្នក​ដែល​ទៅ​អុកឡុក​នោះ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Sowanna Yun

ពី Siem Reap city

I heard that Prime Minister Hun Sen provided the right of Kampong Plug fishing to Kampong Plug community a few months ago. Why Does Suching company to disturb this area again.

Jun 29, 2015 08:04 PM

គេហទំព័រ​ទាំងមូល