អ្នក​សេដ្ឋកិច្ច៖ ឱនភាព​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​អាច​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត

ដោយ អាន ស៊ីថាវ
2015-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រទេះ​ដឹក​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ភាគី​ថៃ មិន​ទាន់​អនុញ្ញាត​ឲ្យ​នាំ​ចូល កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤។
រទេះ​ដឹក​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ភាគី​ថៃ មិន​ទាន់​អនុញ្ញាត​ឲ្យ​នាំ​ចូល កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤។
Provided Photo

ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ថៃ សម្រេច​បាន​ចំនួន​ទឹក​ប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៤។ តែ​ក្នុង​ទំហំ​ពាណិជ្ជកម្ម​នេះ កម្ពុជា ទទួល​បាន​ផល​ប្រយោជន៍​តិចតួច​ប៉ុណ្ណោះ ដោយសារ​សមត្ថភាព​ផលិត​របស់​កម្ពុជា នៅ​មាន​កម្រិត​ទាប​បំផុត។

បញ្ហា​នេះ អ្នក​ធ្វើ​គោល​នយោបាយ​សេដ្ឋកិច្ច​កម្ពុជា បាន​ព្រមាន​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ថា កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក ប្រសិន​បើ​កម្ពុជា នៅ​បន្ត​មាន​ឱនភាព​ពាណិជ្ជកម្ម។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​យ៉ាង​ហោច​ណាស់ ៧% ក្នុង​មួយ​ឆ្នាំ។ កំណើន​នោះ បាន​មក​ពី​ការ​ចូលរួម​ចំណែក​ពី​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម។ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ហាក់​បាន​មក​ពី​ការ​ជួយ​គាំទ្រ​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​ទ្វេ​ភាគី។ ប៉ុន្តែ​នៅ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ ហាក់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ខាត​បង់​ទៅ​វិញ ដោយសារ​តែ​កម្ពុជា បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ទិញ​ទំនិញ​ពី​ថៃ។

ជាក់ស្ដែង ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ មិន​មាន​តុល្យភាព​ឡើយ ដោយ​ក្នុង​នោះ កម្ពុជា នាំ​ចេញ​ទំនិញ​ទៅ​ថៃ តិច​ជាង​ថៃ នាំ​ចូល​មក​វិញ​ប្រមាណ ១០​ដង។ របាយការណ៍​របស់​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៤ តែ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​ប្រទេស​ថៃ វិញ មាន​ទំហំ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

បញ្ហា​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​នេះ ពាណិជ្ជករ ម្ចាស់​សហគ្រាស និង​អ្នក​សេដ្ឋកិច្ច យល់​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​មាន​វិធានការ​ជាក់លាក់​ដើម្បី​ជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក​ឡើយ។

អគ្គនាយក​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​ថា កម្ពុជា ពិត​ជា​រង​ផល​ប៉ះពាល់​ពី​ឱនភាព​ពាណិជ្ជកម្ម ដោយសារ​តែ​សហគ្រាស​ផលិត​ភាគ​ច្រើន​នៅ​កម្ពុជា ចំណាយ​ទុន​ផលិត​ច្រើន និង​ទទួល​បាន​ផលិតភាព​ទាប៖ «ការ​ចំណាយ​របស់​យើង វា​ច្រើន​ជាង​ចំណូល តើ​ឲ្យ​ធ្វើ​ម៉េច»

បន្ថែម​លើ​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ផល​ប៉ះពាល់​នៃ​ឱនភាព​ពាណិជ្ជកម្ម រួម​មាន ធ្វើ​ឲ្យ​កម្ពុជា មិន​អាច​ពង្រឹង​ឧស្សាហកម្ម​តូចៗ​ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​ខ្នាត​ធំ ឬ​បាត់​បង់​ការ​ថែរក្សា​ឧស្សាហកម្ម​ក្នុង​ស្រុក ដើម្បី​ជំនួស​ការ​នាំ​ចូល និង​កម្ពុជា ខ្វះ​វិធានការ​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​ឡើយ។ ម្យ៉ាង​វិញ​ទៀត ទំនិញ​នាំ​ចូល​មក​កម្ពុជា មួយ​ចំនួន​លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា បាត់​បង់​ភាព​ប្រកួត​ប្រជែង ឬ​ក្ស័យ​ធន។

ចំណែក​អ្នក​វិភាគ​គោល​នយោបាយ​ការ​បរទេស លោក រស់ រ៉ាវុធ វិញ​យល់​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​មាន​វិធានការ​ចរចា​អំពី​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ ព្រោះ​ប្រទេស​ថៃ កន្លង​មក តែង​តែ​រំលោភ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​ចុះ​ហត្ថលេខា​រវាង​រាជ​រដ្ឋាភិបាល​ទាំង​ពីរ។ ម្យ៉ាង​វិញ​ទៀត លោក​ចាត់​ទុក​ថា អំពើ​ពុក​រលួយ​ជា​មូលហេតុ​ធំ​បំផុត​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​ឱនភាព​ពាណិជ្ជកម្ម​រវាង​ថៃ និង​កម្ពុជា រៀង​រាល់​ឆ្នាំ៖ «យើង​មិន​ត្រូវ​បន្ទោស​ប្រជាពលរដ្ឋ តែ​យើង​ត្រូវ​បន្ទោស​មេ​ដឹក​នាំ​ដែល​ខ្វះ​ការ​ដឹក​នាំ​គាត់»

ចំណែក​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក​បណ្ឌិត ម៉ី កល្យាណ មាន​ប្រសាសន៍​ថា ឱនភាព​ពាណិជ្ជកម្ម​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នា​ពេល​អនាគត ដោយសារ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​សមត្ថភាព​នៃ​ឧស្សាហកម្ម​ក្នុង​ស្រុក។ ដើម្បី​ពង្រីក​មូលដ្ឋាន​នាំ​ចេញ​របស់​កម្ពុជា លោក ម៉ី កល្យាណ ដែល​ជា​អ្នក​រៀបចំ​គោល​នយោបាយ​សម្រាប់​រដ្ឋាភិបាល កំពុង​រៀបចំ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ថ្មី ដោយ​ផ្ដោត​លើ​ឧស្សាហកម្ម​ក្នុង​ស្រុក តែ​បញ្ហា​សំខាន់​នៃ​ការ​ពង្រឹង​ឧស្សាហកម្ម​ក្នុង​ស្រុក លើក​កម្ពស់​ការ​នាំ​ចេញ​នោះ គឺ​រាជ​រដ្ឋាភិបាល​ខ្វះ​ការ​ផ្សព្វផ្សាយ​អំពី​អ្វី​ដែល​កម្ពុជា ធ្វើ​បាន​ទៅ​កាន់​ប្រជាពលរដ្ឋ៖ «រាជ​រដ្ឋាភិបាល​របស់​យើង​រាង​យ៉ាប់​បន្តិច​អំពី​រឿង​ផ្សព្វផ្សាយ ខ្ញុំ​ថា​រដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​អ្វី​ដែល​ខ្លួន​ធ្វើ​បាន»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា រដ្ឋាភិបាល​ត្រូវ​ជួយ​ជំរុញ​វិស័យ​ផលិត​នៅ​ក្នុង​ស្រុក​តាម​រូបភាព​ការ​បំបាត់​ពន្ធ​នាំ​ចេញ​ទំនិញ និង​ពន្ធ​លើ​សម្ភារៈ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​បរទេស។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា លោក​ឧកញ៉ា តែ តាំងប៉ មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​លើក​លែង​ពន្ធ​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពី​បរទេស ដែល​គាំទ្រ​ដល់​ដំណើរ​ការ​ផលិត​ក្នុង​ស្រុក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ឱនភាព​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅ​តែ​ជា​ក្ដី​បារម្ភ​របស់​អ្នក​ផលិត​ក្នុង​ស្រុក ការ​បាត់​បង់​ភាព​ប្រកួត​ប្រជែង និង​អាច​ឈាន​ដល់​ការ​ក្ស័យ​ធន​នៅ​ពេល​ដែល​ទំនិញ​នាំ​ចូល​ពី​បរទេស​មាន​តម្លៃ​កាន់​តែ​ថោក និង​មាន​គុណភាព​ជាង​ទំនិញ​ផលិត​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល