មូលហេតុ​កម្ពុជា​មិន​អាច​សម្រេច​គោលដៅ​នាំ​ចេញ​អង្ករ​១​លាន​តោន​នៅ​ឆ្នាំ​២០១៥

ដោយ អ៊ុំ រង្សី
2015-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ផល​ស្រូវ នៅ​ភូមិ​ព្រះអណ្ដូង ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ផល​ស្រូវ នៅ​ភូមិ​ព្រះអណ្ដូង ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
Photo Provided

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា មិន​អាច​សម្រេច​ផែនការ​នេះ​ទេ។ អ្នក​សេដ្ឋកិច្ច និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម បារម្ភ​ថា ករណី​នេះ​អាច​នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀង​នៅ​កម្ពុជា និង​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ជាតិ​មួយ​នេះ។

ហេតុ​អ្វី​កម្ពុជា បរាជ័យ​ផែនការ​នាំ​អង្ករ​ចេញ ១​លាន​តោន​នៅ​ឆ្នាំ​២០១៥?

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា មិន​អាច​សម្រេច​ផែនការ​នាំ​ចេញ​អង្ករ ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ បាន​នោះ​ទេ។ លោក​ថា ក្នុង​រយៈពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៥ នេះ កម្ពុជា ទើប​តែ​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​តែ​ជិត ០,៥​លាន​តោន​ប៉ុណ្ណោះ។

ក្នុង​រយៈពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៥ នេះ កម្ពុជា នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​ជិត ៥០​ម៉ឺន​តោន (៤០៨.១៦៩​តោន) កើន​ឡើង ៣៣,៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​ការ​បរាជ័យ​នេះ ព្រម​ទាំង​បាន​បង្ហាញ​មូលហេតុ​ចំនួន​ពីរ គឺ​កត្តា​អត្តនោម័តិ និង​កត្តា​សត្យានុម័ត ដែល​ធ្វើ​ឲ្យ​កម្ពុជា បន្ត​បរាជ័យ​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ។ ប្រមុខ​រដ្ឋាភិបាល​លើក​ឡើង​ថា កត្តា​អត្តនោម័តិ ដោយសារ​កម្ពុជា ធ្លាប់​ជា​ប្រទេស​ខ្វះ​ស្បៀង ជា​ប្រទេស​នាំ​ចូល​ស្បៀង ហើយ​កម្ពុជា មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​តម្រូវ​ការ​នាំ​ចេញ​អង្ករ។ ហេតុ​នេះ ធ្វើ​ឲ្យ​វិនិយោគិន​មិន​បាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស នៃ​ផលិតកម្ម​ស្រូវ​អង្ករ​របស់​កម្ពុជា។ ជាង​នេះ​ទៀត កម្ពុជា នៅ​ខ្វះ​ម៉ាស៊ីន​កិន​ស្រូវ​ដែល​អាច​នាំ​ចេញ​បាន ព្រម​ទាំង​ខ្វះខាត​ថវិកា​សម្រាប់​ប្រមូល​ទិញ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ និង​កត្តា​ទី​២ ដែល​ជា​សត្យានុម័ត រដ្ឋាភិបាល​អះអាង​ថា ដោយសារ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ ដូចជា​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) ជាដើម។

ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់ និង​លើក​ឡើង​ពី​ឧបសគ្គ​ដែល​មិន​អាច​ឲ្យ​កម្ពុជា សម្រេច​ផែនការ​នាំ​ចេញ​អង្ករ ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ បាន​ក្តី ក៏​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​កសិកម្ម យល់​ថា ការ​ដែល​មាន​គម្លាត​ឆ្ងាយ​ពី​ទិសដៅ​ដែល​បាន​កំណត់ នឹង​បន្ត​ក្លាយ​ជា​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​នៅ​កម្ពុជា ពិសេស​ប៉ះពាល់​ខ្លាំង​ដល់​ការ​ធានា​សន្តិសុខ​ស្បៀង​អាហារ​នៅ​កម្ពុជា មិន​អាច​ឈាន​ជើង​ទៅ​ប្រកួត​ប្រជែង​ទីផ្សារ​អាស៊ាន​បាន។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ លើក​ឡើង​ថា មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​កម្ពុជា មិន​អាច​សម្រេច​ទិសដៅ​នេះ​បាន។ លោក​បន្ត​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ ឬ​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​នេះ​ក្តី ក៏​គោល​នយោបាយ​នៅ​តែ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិន​ទាន់​សមស្រប​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ពង្រឹង​លទ្ធភាព ដើម្បី​ឈាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឡើយ។ លោក​បន្ត​ថា ថ្លៃ​ដើម​ផលិត ថ្លៃ​ដើម​កែច្នៃ ថ្លៃ​ដឹក​ជញ្ជូន កង្វះ​សេវា​នាំ​ចេញ​អង្ករ សមត្ថភាព​របស់​សហគមន៍​កសិករ​នៅ​មាន​កម្រិត ទាំង​ការ​កែច្នៃ​ក្នុង​ការ​ស្តុក​ស្រូវ​តាម​បច្ចេកទេស ឱកាស​ទទួល​បាន​ឥណទាន​ពាណិជ្ជកម្ម​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ភាព​ខ្វះខាត​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម កំពុង​ក្លាយ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កម្ពុជា មិន​អាច​ឈាន​ទៅ​សម្រេច​ទិសដៅ​នេះ​បាន៖ «សមត្ថភាព​របស់​យើង​ក្នុង​ការ​ប្រមូល​ស្រូវ​ស្តុក​ទុក​នៅ​ក្នុង​ស្រុក ពេល​រដូវ​ច្រូត​កាត់​ម្តងៗ ស្រូវ​តែង​តែ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ចឹង​សមត្ថភាព​យើង​ទុក​ដាក់​ស្រូវ​នៅ​មាន​កម្រិត ជាពិសេស​យើង​ខ្វះខាត​ទុន​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក។ ម្យ៉ាង អ្នក​រក​ស៊ី​ស្រូវ​អង្ករ​មិន​ហ៊ាន​ទិញ ព្រោះ​វា​នៅ​មាន​ការ​ប្រកួត​ប្រជែង​ច្រើន»

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​បារម្ភ​ថា កាល​ណា​ក្នុង​ប្រទេស​មួយ​មាន​ការ​ផលិត និង​ការ​នាំ​ចេញ​អន់​ថយ វា​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​ស្បៀង​អាហារ មិន​តែ​ប៉ុណ្ណោះ ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ពី​បរទេស​កាន់​តែ​ច្រើន។

ករណី​នេះ លោក​អះអាង​ថា ដើម្បី​ឲ្យ​កម្ពុជា អាច​សម្រេច​លើ​ការ​នាំ​អង្ករ​ចេញ​បាន ១០០% លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ជូន​អ្នក​បច្ចេកទេស​កសិកម្ម ឬ​ធនធាន​មនុស្ស​ល្អៗ​ទៅ​បណ្តុះបណ្តាល​កសិករ គាំទ្រ​ដល់​សហគមន៍​កសិករ ដើម្បី​សំដៅ​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​អាជីព​កសិកម្ម​នេះ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ក្នុង​រយៈពេល​ឆាប់ៗ​ហ្នឹង មាន​ន័យ​ថា ត្រូវ​បញ្ជូន​អ្នក​បច្ចេកទេស​ដែល​មាន​សមត្ថភាព មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់ ចុះ​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ ត្រូវ​ហ៊ាន​ឲ្យ​ប្រាក់​ខែ​ខ្ពស់»

សម្រាប់​វិធានការ​នេះ​ដែរ លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​តែ​ចំណាយ​យ៉ាង​ច្រើន​បំផុត ២០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៃ​ថវិកា​ជាតិ​សរុប​ឆ្នាំ​២០១៦ លើ​អ្នក​ជំនាញ​ប្រមាណ ៣.០០០​នាក់។ លោក​អះអាង​ថា វិធានការ​នេះ​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធានា​នូវ​ស្ថិរភាព​សង្គម។

ចំណែក​ឯ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សា​ការ​អភិវឌ្ឍ លោក កង ច័ន្ទតារារ័ត្ន មាន​ប្រសាសន៍​ថា កម្ពុជា មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​អង្ករ​កម្ពុជា មិន​អាច​ប្រកួត​ប្រជែង​ទីផ្សារ​អន្តរជាតិ​បាន ក្នុង​នោះ​មាន​ដូចជា ពូជ​មិន​សុទ្ធ​ល្អ ការ​ចំណាយ​របស់​កសិករ​ទៅ​លើ​ធាតុ​ចូល​ក្នុង​វិស័យ​កសិកម្ម ដូចជា ជី ថ្នាំ​កសិកម្ម​មាន​តម្លៃ​ថ្លៃ ពិសេស​កសិករ​កម្ពុជា ជួប​ឧបសគ្គ​តាំង​ពី​ចាប់​ផ្តើម​ផលិត រហូត​ឈាន​ជើង​ចូល​ទៅ​កាន់​ទីផ្សារ៖ «សម្រាប់​អង្ករ​ស្រុក​ខ្មែរ សម្រាប់​អា​តម្លៃ​ហ្នឹង យើង​ពិបាក​កាត់​តម្លៃ​ណាស់ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្រើន​តាំង​ពី​ដើម​ទី​រហូត​ដល់​ទីផ្សារ»

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​រូប​នេះ​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ការ​ផលិត​ស្រូវ​ដែល​មាន​គុណភាព​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ៖ «ចឹង​បើ​កម្ពុជា យើង ផលិត​ស្រូវ​បាន​គុណភាព​ល្អ​ហើយ ថ្លៃ​លើស​គេ​តិចតួច​ក៏ដោយ ក៏​ទីផ្សារ​គេ​ទទួល​យក​ហើយ»

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ​តិចតួច​ជាង​គេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ របាយការណ៍​ដដែល​អះអាង​ថា កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ ៧,៩​ភាគរយ​នៃ​ផ្ទៃ​ដី​កសិកម្ម​សរុប​ប្រមាណ ៤​លាន​ហិកតារ។ ប្រទេស​ថៃ មាន​ប្រព័ន្ធ​ធារាសាស្ត្រ ៣២,១​ភាគរយ​នៃ​ផ្ទៃ​ដី​កសិកម្ម​ជិត ១៦​លាន​ហិកតារ។ ចំណែក​ប្រទេស​វៀតណាម មាន​ប្រព័ន្ធ​ធារាសាស្ត្រ ៧០,៥​ភាគរយ​នៃ​ផ្ទៃ​ដី​កសិកម្ម ៦,៥​លាន​ហិកតារ។

ទន្ទឹម​គ្នា​នេះ កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹម រ៉ុម ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ និង​គាំទ្រ​សហគមន៍​កសិកម្ម ដើម្បី​ពង្រឹង​សមត្ថភាព​កសិករ​ឲ្យ​ឈាន​ទៅ​សម្រេច​បាន​ទិសដៅ​នាំ​អង្ករ​នៅ​ឆ្នាំ​ខាង​មុខ៖ «ចក្ខុ​វិស័យ​នេះ ត្រូវ​បាន​ដាក់​ចេញ​ក្នុង​គោល​នយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​គោលដៅ ប្រែ​ក្លាយ​កម្ពុជា ជា​ជង្រុក​ស្រូវ និង​ជា​ប្រទេស​នាំ​ចេញ​អង្ករ ឬ​មាស​ស យ៉ាង​សំខាន់​ទៅ​កាន់​ទីផ្សារ​ពិភពលោក»

នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​បន្ត​នាំ​ចេញ​អង្ករ​ដែល​ហៅ​ថា មាសស ជា​រឿង​សំខាន់។ ជាង​នេះ​ទៀត រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ដាក់​ចេញ​នូវ​គោល​នយោបាយ នៅ​តែ​បន្ត​ការ​វិយោគ​លើ​វិស័យ​កសិកម្ម លើក​កម្ពស់​វិស័យ​ផលិតកម្ម ការ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ធារាសាស្ត្រ៖ «ខាង​សហព័ន្ធ​ស្រូវ​អង្ករ កំពុង​រៀបចំ​ផែនការ​សកម្មភាព​មួយ ដែល​ផ្ដោត​លើ​រយៈពេល ៥​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ សំដៅ​ការ​នាំ​ចេញ និង​លើក​ស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ប្រសើរ​ឡើង»

ចំណែក​ឯ​ប្រធាន​ផ្នែក​ជំរុញ និង​ផ្សព្វផ្សាយ​ទីផ្សារ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ពៅ បុណ្ណរិទ្ធ ឲ្យ​ដឹង​ថា កន្លង​មក កង្វះ​រោង​ម៉ាស៊ីន​កិន​ស្រូវ អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ និង​ខ្វះខាត​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ ជា​ឧបសគ្គ​ដែល​រារាំង​កម្ពុជា មិន​អាច​នាំ​ចេញ​អង្ករ​បាន​តាម​ផែនការ។ បញ្ហា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រៀបចំ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ ដោយ​ចូលរួម​ពី​គ្រប់​បណ្ដា​អ្នក​ពាក់ព័ន្ធ ក្នុង​នោះ​មាន​ទាំង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ សហគមន៍​កសិករ ក្រុមហ៊ុន​ដឹក​ជញ្ជូន តំណាង​អង្គការ​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​ដៃគូ​អន្តរជាតិ ដើម្បី​ពិភាក្សា​ដាក់​យុទ្ធសាស្ត្រ​រួម​គ្នា ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​មិន​អាច​ឲ្យ​ការ​នាំ​ចេញ​អង្ករ​មិន​សម្រេច​តាម​ផែនការ។

នៅ​ចុង​ឆ្នាំ​២០១៥ នេះ កម្ពុជា និង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត បាន​ពួត​ដៃ​បង្កើត​ទីផ្សារ​រួម​គ្នា​តែ​មួយ​ជា​លើក​ដំបូង​នៅ​ក្នុង​តំបន់ ហៅ​ថា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)។ កិច្ច​ព្រមព្រៀង​នេះ ប្រមូល​ផ្តុំ​ប្រទេស​សមាជិក​អាស៊ាន ឲ្យ​ក្លាយ​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ពោល​គឺ​ទីផ្សារ​រួម​គ្នា​តែ​មួយ ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប ២,៤​លាន​ដុល្លារ ពាណិជ្ជកម្ម​ក្នុង​តំបន់ ៦០០​ពាន់​លាន​ដុល្លារ និង​ប្រជាជន​សរុប ៦២៥​លាន​នាក់។

ទន្ទឹម​គ្នា​នេះ របាយការណ៍​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ស្ដីពី​អាទិភាព​គោល​នយោបាយ​ចក្ខុ​វិស័យ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​បង្កើន​សមត្ថភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​កម្ពុជា ដើម្បី​ផលិត និង​ដឹក​ជញ្ជូន​អង្ករ​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់ ត្រូវ​កាត់​បន្ថយ​តម្លៃ​ថាមពល​អគ្គិសនី តាម​រយៈ​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​វារីអគ្គិសនី ដោយ​រក្សា​បាន​នូវ​ចីរភាព​ល្អ​ផ្នែក​បរិស្ថាន និង​សង្គម ត្រូវ​ពង្រឹង​បណ្ដាញ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស ដោយ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការ​ពង្រីក​បណ្ដាញ​ខ្សែ​កាប​បញ្ជូន​អគ្គិសនី កាត់​បន្ថយ​តម្លៃ​អគ្គិសនី ពិសេស​សម្រាប់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​ឲ្យ​អ្នក​ផលិត​មាន​សមត្ថភាព​ផលិត​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់។

របាយការណ៍​ដដែល​បញ្ជាក់​ថា បើ​កម្ពុជា លុប​បំបាត់​ឧបសគ្គ​ទាំង​នេះ​បាន កម្ពុជា នឹង​សម្រេច​គោលដៅ​នាំ​ចេញ​អង្ករ ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Cambodia got a lot of money to take care of every year from a broad ,but my cousin Hun Sen take some to take care of his body guard that have 3000 or more .Some share to all department,pocket of assembly,secretary and so on.Left from that maybe $1500 go to help people 14 million.

Dec 18, 2015 12:33 AM

មាលា

ពី ព្រះវិហារ

តាមអ្វីដែលខ្ញុំបានឃើញជាក់ស្តែងនោះ ស្រុកយើង​នៅខ្វះ​ខាត​ប្រព័ន្ធធារាសាស្រ្ត។ កន្លែងខ្លះមានប្រព័ន្ធទឹកតែការបែងចែកមិនគ្រប់
គ្រាន់ គឺមានន័យថាធារាសាស្រ្តខ្លះធ្វើសម្រាប់ស្រែអ្នកមាន ឬស្រែចិន​ស្រែយួនលើដីខ្មែរ ទាល់តែពួកទាំងនោះគ្រប់់ហៀហូរទើបអ្នកក្រក្បែរ
នោះអាចទទួលយកបាន។ បើរដូវខ្វះទឹកវិញគេបិតទឹកទុកប្រើ​ស្រែពួកគេប៉ុណ្ណោះ។ ដូច្នេះអ្នកស្រុកអស់សង្ឃឹមនឹងបានផលស្រូវ មានតែចំណាកស្រុកទៅថៃជាងពាក់កណ្តាលភូមិ។ជាក់ស្តែងនៅស្រុកថ្មគោល និងឯកភ្នំក្នុងខេត្តបាត់ដំបង អ្នកស្រុកបោះបង់ដីស្រែរាប់ហិចតាចោល ដោយសារគ្មានទឹក។

Dec 17, 2015 08:57 AM

គេហទំព័រ​ទាំងមូល