អង្គការយូណេស្កូ (UNESCO) កំពុងស្នើសុំឲ្យអាជ្ញាធរកម្ពុជាផ្តល់ព័ត៌មានលម្អិតជុំវិញគម្រោងវិនិយោគរមណីយដ្ឋានក្នុងទឹកដីខេត្តសៀមរាបរបស់ក្រុមហ៊ុនណាហ្គាខប (NAGA CORP)។ អង្គការនេះ គូសបញ្ជក់ថា ព័ត៌មានទាំងនេះ នឹងត្រូវយកទៅចែករំលែកបន្តដើម្បីវាយតម្លៃពីផលប៉ះពាល់នានាដែលអាចកើតមានឡើងដល់តំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ព័ត៌មានលម្អិតដែលអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ឬហៅកាត់ថា យូណេស្កូ កំពុងស្នើសុំពីអាជ្ញាធរកម្ពុជា រួមមានការពន្យល់ឲ្យបានច្បាស់លាស់ និងលម្អិតអំពីផែនការនានាជុំវិញគម្រោងវិនិយោគខ្នាតយក្សមួយនេះ។ ក្នុងនោះក៏រួមមានរបាយការណ៍វិភាគអំពីផលប៉ះពាល់ដល់បេតិកភណ្ឌ និងបរិស្ថាន ដល់តំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។
មន្ត្រីជំនាញកម្មវិធីផ្នែកវប្បធម៌របស់អង្គការយូណេស្កូ ប្រចាំកម្ពុជា លោក ម៉ាសាណូរី ណាហ្គៅកា (Masanori Nagaoka) ពន្យល់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃទី២៥ វិច្ឆិកាថា ស្របតាមគោលការណ៍ណែនាំប្រតិបត្តិនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ព័ត៌មានដែលអង្គការយូណេស្កូកំពុងស្នើសុំពីអាជ្ញាធរកម្ពុជានេះ នឹងត្រូវចែករំលែកជាមួយស្ថាប័នប្រឹក្សា តាមរយៈមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO World Heritage Center) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង ដើម្បីធ្វើការវាយតម្លៃអំពីផលប៉ះពាល់នានា ដែលអាចកើតមានឡើងទៅលើតំបន់បេតិកភណ្ឌពិភពលោក។
ការពន្យល់របស់អង្គការអន្តរជាតិដែលមានតួនាទីការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅទូទាំងពិភពលោកនេះ កើតមានឡើងក្រោយពីមានព័ត៌មានថា រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគដ៏សម្បើមមួយ អនុញ្ញាតឲ្យក្រុមហ៊ុន ណាហ្គា ខប បង្កើតរមណីយដ្ឋានឈ្មោះ «Angkor Lake of Wonder» នៅតំបន់សៀមរាបអង្គរ ដែលមានចម្ងាយ៥រយម៉ែត្រ ពីភាគខាងត្បូងនៃឧទ្យានជាតិអង្គរ។ ក្នុងគម្រោងនេះ រដ្ឋាភិបាលបានជួលដីទំហំ ៧៥ហិកតារ ឲ្យក្រុមហ៊ុនដែលចុះបញ្ជីនៅក្រុងហុងកុង (Hong Kong) មួយនេះ វិនិយោគ រយៈពេលដល់ទៅ ៥០ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៧០។ ផ្អែកតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ រដ្ឋមិនយកថ្លៃឈ្នួលពីក្រុមហ៊ុន ណាហ្គា ខប ឡើយក្នុងរយៈពេល ៧ឆ្នាំ ទៅ១០ឆ្នាំដំបូង តែនាពេលបន្ទាប់ ក្រុមហ៊ុននេះ ត្រូវបង់ថ្លៃឈ្នួលដី ក្នុងតម្លៃ៤សែន ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយនឹងមានការដំឡើងថ្លៃ៥ភាគរយ នៅឆ្នាំបន្ទាប់ៗ។ គម្រោងអភិវឌ្ឍន៍នេះ រួមមានសណ្ឋាគារផ្កាយប្រាំ កន្លែងជិះក្តារលើទឹក សួនទឹកខ្នាតធំ សួនបុប្ផាចម្រុះពណ៌ ឧទ្យានបែបវប្បធម៌ប្រវត្តិសាស្ត្រ និងទីក្រុងចិន China Town។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បដិសេធផ្តល់ព័ត៌មានលម្អិតថា តើអាជ្ញាធរជាតិអប្សរាបានជូនដំណឹងអំពីព័ត៌មាន និងការវាយតម្លៃពីផលប៉ះពាល់នៃគម្រោងវិនិយោគមួយនេះដល់ស្ថាប័នអង្គការយូណេស្កូដែរ ឬអត់។ លោកប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ វិច្ឆិកា ដដែលថា គម្រោងនេះនឹងមិនប៉ះពាល់ដល់តំបន់ការពារក្នុងឧទ្យានជាតិអង្គរនោះទេ៖ «គម្រោងនេះវាអត់មានទៅប៉ះពាល់អីទៅដល់តំបន់ការពារបេតិកភណ្ឌពិភពលោកទេ។ ចំពោះគម្រោងវាយតម្លៃទៅលើបរិស្ថាន ឬអី នោះក្រុមការងារខាងផ្នែករបស់គេមួយទៀតដែលពាក់ព័ន្ធ គេបានធ្វើកិច្ចការងាររបស់គេ ពីព្រោះយើងត្រូវដឹងថា គម្រោងនេះ វាអត់មានទៅពាក់ព័ន្ធដល់តំបន់ការពារបេតិកភណ្ឌពិភពលោកទេ។ បើវាស្ថិតនៅក្រៅតំបន់ហ្នឹង ក្រៅចំណុចការពារបេតិកភណ្ឌពិភពលោកហ្នឹង ដូច្នេះ កិច្ចការងារមួយចំនួន គឺគេធ្វើតាមរយៈការងាររបស់គេផ្សេងដាច់ដោយឡែក វាមានលក្ខខណ្ឌផ្សេងៗគ្នា»។
នៅពេលចោទសួរថា បើទោះជាគម្រោងនេះធ្វើក្រៅតំបន់ការពារឧទ្យានជាតិអង្គរក៏ដោយ ក៏ប៉ុន្តែ វាអាចនឹងជំរុញឲ្យមានកំណើនភ្ញៀវទេសចរណ៍ហួសហេតុដែលអាចធ្វើឲ្យប៉ះពាល់ដោយប្រយោលដល់តំបន់បេតិកភណ្ឌពិភពលោក លោក ឡុង កុសល អះអាងថា រដ្ឋាភិបាលបានប្រមើលមើលឃើញពីការរីកចម្រើននៃសក្ដានុពលទេសចរណ៍នេះហើយ។ ដូច្នេះ លោកថា គម្រោងនេះ នឹងជាការចូលរួមជួយរៀបចំវិស័យទេសចរណ៍នៅក្នុងខេត្តនេះឲ្យមានចិរភាពទៅវិញទេ៖ «អ៊ីចឹងហើយដើម្បីរៀបចំឲ្យការទទួលបដិសណ្ឋារកិច្ចនូវភ្ញៀវទេសចរណ៍ឲ្យមានរបៀបរៀបរយប្រកបទៅដោយចិរភាព គឺយើងបានរក្សាទុកនៅដីតំបន់នោះ ដីដែលបម្រុងរក្សាទុកដើម្បីធ្វើការងារអភិវឌ្ឍទៅលើផ្នែកវិស័យទេសចរណ៍នេះ»។
ផ្ទុយពីការអះអាងនេះ សាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈ និងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ មានប្រសាសន៍ថា លោកមិនយល់ស្របចំពោះការអនុញ្ញាតឲ្យមានគម្រោងវិនិយោគនៅតំបន់សៀមរាបនេះទេ។ លោកថា គម្រោងវិនិយោគនេះ នឹងជៀសមិនផុតពីធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងវប្បធម៌នៃតំបន់អង្គរ ដែលជាបេតិកភណ្ឌរបស់ពិភពលោកមួយនេះ៖ «កាលពីឆ្នាំ១៩៩២-៩៣ ខ្ញុំមានចូលរួមទៅក្នុងប្លង់ ZEMP (Zoning Environment Master Plan)។ គឺគេបារម្ភពីរឿងថា ទេសចរណ៍ទៅច្រើនពេក វា[ប៉ះពាល់]ដល់ការថែរក្សាប្រាសាទទាំងអស់ហ្នឹង។ ទៅដាក់ស្អីហ្នឹងទៅទៀត គឺរឹតតែយ៉ាប់។ បើខ្ញុំយល់បើធ្វើស្អីដូច Disney Land គួរដាក់ចន្លោះកំពង់ធំ និងសៀមរាបទៅ វាល្អជាង។ តាមខ្ញុំយល់វាអ៊ីចឹង កុំឲ្យទេសចរណ៍ គេមិនបាច់ទាក់ទាញទេ ព្រោះអីគេទៅអង្គរដោយសារល្បីអង្គរវត្ត អង្គរធំអីអស់ហ្នឹង មិនបាច់ទៅដាក់ស្អីអស់ហ្នឹងនៅកន្លែងហ្នឹងទៀត វាអត់សូវមានន័យ។ ព្រោះវាជាតំបន់វប្បធម៌ ព្រោះវាប៉ះពាល់ដល់បរិស្ថានរបស់អង្គរហ្នឹងទៅទៀត ប្រហែលយូណេស្កូ គេអត់ស្របហើយ»។
គិតរហូតមកទល់ពេលនេះ មានរយៈពេលជិត ៣០ឆ្នាំហើយ ដែលតំបន់រមណីយដ្ឋានអង្គរ ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ កាលពីខែធ្នូ ឆ្នាំ១៩៩២ អង្គការយូណេស្កូ (UNESCO) បានដាក់ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរទាំងមូល ព្រមទាំងបរិវេណ និងព្រៃព្រឹក្សានៅតំបន់អង្គរ ដែលមានទំហំប្រមាណជាង ៤០០គីឡូម៉ែត្រការ៉េ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អង្គការយូណេស្កូ បញ្ជាក់ថាតាមគម្រោង អាជ្ញាធរកម្ពុជា នឹងត្រូវពន្យល់អំពីផែនការវិនិយោគនេះនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់តំបន់បេតិកភណ្ឌពិភពលោកអង្គរ នៅថ្ងៃទី១៦ ខែធ្នូ ចុងឆ្នាំនេះ។ មន្ត្រីជំនាញអង្គការយូណេស្កូបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងមុខនេះ អ្នកជំនាញវប្បធម៌អន្តរជាតិ នឹងពិនិត្យមើលឡើងវិញអំពីផែនការវិនិយោគនេះ ព្រមទាំងដាក់ចេញនូវសំណើជាអនុសាសន៍ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។