ពាណិជ្ជករ​អាមេរិក​សង្ឃឹម​​ជាង​មុន​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា

ដោយ ចេង ម៉េងជូ
2015-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​មុន​នៃ​របាយការណ៍​ស្ទាបស្ទង់​មតិ​ស្ដីពី "ទស្សនៈ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦" របស់​សភា​ពាណិជ្ជកម្ម​អាមេរិក។
ទំព័រ​មុន​នៃ​របាយការណ៍​ស្ទាបស្ទង់​មតិ​ស្ដីពី "ទស្សនៈ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦" របស់​សភា​ពាណិជ្ជកម្ម​អាមេរិក។
RFA Screenshot

អ្នក​វិនិយោគ​ជនជាតិ​អាមេរិក ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បង្ហាញ​ក្ដី​សង្ឃឹម​ខ្ពស់​ជាង​មុន​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​ក្នុង​​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ខ្លួន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ ក្តី​សង្ឃឹម​នេះ បាន​បង្ហាញ​តាម​រយៈ​ការ​ស្ទាបស្ទង់​មតិ​ស្ដីពី "ទស្សនៈ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦" ដែល​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា។

ពាណិជ្ជករ​អាមេរិក ចំនួន ៤៧១​នាក់ ដែល​ចូលរួម​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នោះ សុទ្ធតែ​យល់​ឃើញ​ថា ក្រុមហ៊ុន​ខ្លួន​អាច​បង្កើន​ប្រាក់​ចំណេញ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ខាង​មុខ។ ខុស​ពី​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​កាល​ពី​ឆ្នាំ​មុន​ដែល​បង្ហាញ​ថា អត្រា​នៃ​ចំនួន​ក្រុមហ៊ុន​ដែល​យល់​ថា ខ្លួន​អាច​បង្កើន​ប្រាក់​ចំណេញ​បាន​នា​ឆ្នាំ​២០១៥ មាន ៨៦%។

ការ​ស្ទាបស្ទង់​មតិ​ស្ដីពី​ទស្សនៈ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦ បង្ហាញ​ដែរ​ថា ៨៣% នៃ​​ក្រុមហ៊ុន​អាមេរិក ទាំង​នោះ​ឆ្លើយ​ថា ខ្លួន​នឹង​ពង្រីក​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា ខណៈ​៥៦% ថា នឹង​ពង្រីក​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ៣៩% ជ្រើស​យក​ប្រទេស​វៀតណាម ខណៈ​៣៣% ឆ្លើយ​ថា នឹង​ជ្រើស​យក​ប្រទេស​ឡាវ ជា​គោលដៅ​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន។

បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​វិនិយោគិន​អាមេរិក បាន​បន្ថយ​ទំនុក​ចិត្ត​របស់​ខ្លួន​ចំពោះ​ប្រទេស​ថៃ។ ចំនួន​ក្រុមហ៊ុន​ដែល​រំពឹង​ពី​កំណើន​ប្រាក់​ចំណេញ​ក្នុង​ប្រទេស​ថៃ ធ្លាក់​ចុះ​ពី ៨២% នៅ​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម ៧០% នៅ​ឆ្នាំ​២០១៦។ ចំពោះ​ប្រទេស​វៀតណាម វិញ មាន ៨៤% សម្រាប់​ឆ្នាំ​២០១៦ ដែល​កើន ២% ពី​ទស្សនៈ​វិស័យ​ឆ្នាំ​២០១៥។ ចំណែក​ឯ​ប្រទេស​ឡាវ វិញ មាន​តែ ៣៤% ប៉ុណ្ណោះ​ដែល​យល់​ថា ក្រុមហ៊ុន​ខ្លួន​អាច​បង្កើន​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ​២០១៦ នេះ ខណៈ ៤៦% យល់​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​នៅ​ថេរ។

ថ្វី​បើ​ពាណិជ្ជករ​អាមេរិក មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​បង្កើន​ប្រាក់​ចំណេញ​នៅ​កម្ពុជា ក្ដី ក៏​មិន​មាន​វិនិយោគិន​ណា​មួយ​ឆ្លើយ​ថា ខ្លួន «ពេញ​ចិត្ត​ចំពោះ​ទីភ្នាក់ងារ​រដ្ឋាភិបាល» នោះ​ឡើយ។ មាន​កត្តា​មួយ​ចំនួន​ដែល​ពាណិជ្ជករ​អាមេរិក ចាត់​ទុក​ថា ជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​អ្នក​វិនិយោគ​ថ្មី​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា រួម​មាន នីតិរដ្ឋ​ខ្សោយ ៧២% ថ្លៃ​ថាមពល​ខ្ពស់ ៦៧% កម្លាំង​ពលកម្ម​ជំនាញ​មិន​គ្រប់គ្រាន់ ៦៧% អំពើ​ពុករលួយ ៦៧% កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ៥៦% និង​ទីផ្សារ​ក្នុង​ស្រុក​ចង្អៀត ៥៦%។

ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក គម្រោង​វិនិយោគ​បរទេស​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ភាគ​ច្រើន​ជា​គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី រួម​មាន​ប្រទេស​ចិន ជប៉ុន ម៉ាឡេស៊ី កូរ៉េ និង​វៀតណាម។  គម្រោង​វិនិយោគ​របស់​សហរដ្ឋអាមេរិក នៅ​កម្ពុជា​ស្ថិត​ក្នុង​បរិមាណ​តិចតួច​នៅ​ឡើយ។ តួលេខ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក បង្ហាញ​ថា គម្រោង​វិនិយោគ​របស់​អាមេរិក នៅ​កម្ពុជា មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៥៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ដែល​កើន​ពី​ឆ្នាំ​២០១១ ក្នុង​អត្រា ៤៥,៩%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល