សហជីព​កម្មករ និងនិយោជក​ខ្វែងគំនិតគ្នា​ក្នុង​ការចរចារ​​កំណត់​ប្រាក់ឈ្នួលគោល​កម្មករ​សម្រាប់​ឆ្នាំ២០២១

2020-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ចប្រជុំ​ស្ដីពី​ការកំណត់​ប្រាក់ឈ្នួល​អប្បរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជេីង​ សម្រាប់​ឆ្នាំ២០២១ ដោយ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។
កិច្ចប្រជុំ​ស្ដីពី​ការកំណត់​ប្រាក់ឈ្នួល​អប្បរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជេីង​ សម្រាប់​ឆ្នាំ២០២១ ដោយ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។
រូបថត៖ ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ភាគី​សហជីព​កម្មករ និង​ភាគីនិយោជក ឬថៅកែ​រោងចក្រ នៅ​មិនទាន់អាច​រកចំណុច​រួមគ្នា​ឃើញ​នៅ​ឡើយ​នៅក្នុង​ការប្រជុំ​កំណត់​ប្រាក់ឈ្នួល​នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន អោយ​អាស៊ីសេរី​ដឹងថា ​ក្នុង​កិច្ចប្រជុំ​រៀបចំដោយ​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​នេះ ភាគី​សហជីព​បាន​ស្នើ​នូវ​តួលេខ ជាង​១២ដុល្លារ (១២,៣៥ ) ដើម្បី​បន្ថែម​ទៅលើ​ប្រាក់ឈ្នួលគោល​ចាស់។ លោក​ថា​តាមការស្នើនេះ ប្រាក់​ឈ្នួល​អប្បបរមា​ដែល​សហជីព​ទាមទារ​គឺ​ជាង​២០២ដុល្លារ (២០២,៣៥) សម្រាប់ឆ្នាំ​២០២១។ លោក អាត់ ធន់ អោយ​ដឹង​ទៀតថា ភាគី​ថៅកែ​ក្រុមហ៊ុន​បាន​ត្អូញត្អែរ​ពី​បញ្ហា​នានា ដែល​ធ្វើ​អោយ​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​កំពុង​ប្រឈម ហេតុនេះ​បាន​ស្នើ​នូវ​តួលេខ​ជាង​១៧ដូល្លារ ដែល​មាន​ន័យថា​ភាគី​ថៅកែ​ទាមទារ​អោយ​ប្រាក់ឈ្នួល​គោល​ថ្មី​អាច​ថយចុះពី​ឆ្នាំ​ចាស់ចំនួន១៧​ដូល្លារ៖ «ដែល​យើង​បូកអតិផរណាហ្នឹង​៣​,១% យើង​បូកលទ្ធភាព២,១% ហើយ​បូក​កម្រិត​ចំណេញ​ក្នុង​វិស័យ​ហ្នុង១,៣% បើ​យើង​សរុប​ទៅ​ស្មើ៦,៥% ហើយ​បើយើង​យក​ប្រាក់ឈ្នួលគោល​១៩០​មក​គណនា​យើង​បាន​១២,៣៥ដុល្លារ។ ចំណែក​និយោជក​បាន​បង្ហាញ​ថា​មិន​អាច​តម្លើង​បានទេ​ដោយសារ​រោងចក្របិទ គ្មាន​អរឌ័រ (អ្នកបញ្ញាទិញ) គ្មានលទ្ធភាព​អី​ទៅមុខ​ទៀតទេ គឺ​គេ​ក៏យក​ទល្ហីករណ៍​ផ្សេងៗ​ទៀតដែរ​ដូចជា​ផលិតភាព​ធ្លាក់ចុះ ដូចជា​ប្រកួត​ប្រជែង​ធ្លាក់ចុះ នាំចេញ​ធ្លាក់ចុះ ស្អីៗ​ជាច្រើន​ទៀត ដែល​មាន​ចំនួន​ដល់ទៅដក៩,១៥% ដែល​គណនាទៅ​គឺជាង​១៧ដុល្លារ។»

លោក អាត់ ធន់ បន្ត​ថា​ដោយសារ​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​នេះ​ហើយ ទើប​ការចរចា​នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។

សេចក្ដីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​ដែល​ចេញ​នៅ​ក្រោយ​ការចរចារ​នេះ​អោយ​ដឹង​ថា គ្រប់ភាគី​នឹង​បន្ត​ការចរចារគ្នា​បន្តទៅទៀត​នៅ​ថ្ងៃ​ទី១០ ខែកញ្ញា ស្អែកនេះ។

តាម​ច្បាប់​ស្ដីពី​ប្រាក់ឈ្នួលអប្បបរមា​មាត្រា១២ ចែង​ថា ក្នុង​ករណី​មិនមាន​ការឯកភាពគ្នា​ជា​ឯកឆន្ទ​លើ​ចំណុច​ណាមួយ​ក្នុង​កិច្ចប្រជុំ​ចំនួន​២ដង​ផ្សេងគ្នា គឺ​តម្រូវ​អោយ​មាន​ការបោះឆ្នោត​រក​សំឡេង​ភាគច្រើន។ ចំណែក​មាត្រា១៣ ចែង​ថា​តួលេខ​ដែល​បាន​ពី​កិច្ចប្រជុំ​អាច​ត្រូវ​បញ្ជូន​ទៅ​រដ្ឋាភិបាល​មុន​នឹង​ប្រកាស​អោយ​អនុវត្ត។

ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ក្នុង​ឆ្នាំ​២០២០ នេះ​គឺ ១៩០ដុល្លារ ក្នុង​នោះ​តួលេខ​បាន​ពី​ការចរចារ​គឺ​១៨៧ ដុល្លារ ចំណែក​៣​ដុល្លារទៀត​បាន​ពីប្រាក់ឧបត្ថម្ភ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល